​សារសំខាន់​នៃ​ប្រាសាទ​ជើង​អង្គ


នៅ​ក្នុង ​រាជធានី​​ស្រឡប់​ដូន​តី​ពិជ័យ​ព្រៃនគរ​ នៅ​ខែត្រ​កំពង់ចាម​កន្លងមក យើង​បាន​កត់​សម្គាល់​​នូវ​​​វត្តមាន​នៃ​ប្រាង្គ​​ប្រាសាទ​​នា​​សម័យ​​បុ​រេ​អ​ង្គ​រ​ មួយ​ចំនួន ​។ ដោយ​សារ​តែ​វត្តមាន​​របស់​​បូជនីយដ្ឋាន​​បែប​​ព្រហ្មញ្ញសាសនា​ទាំងនោះ ទើប​យើង​បាន​ទទួល​ស្គាល់​ថា មុននឹង​ក្លាយទៅជា​ព្រះរាជា​ធានី​របស់​ស្តេច​កន នា​ដើម​ ស​.​វ​.ទី ​១៦ តំបន់​ខាងលើ​នេះ​ ធ្លាប់​ជា​មជ្ឈមណ្ឌល​វប្បធម៌​យ៉ាង​សំខាន់​មួយ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា ​រួច​ទៅ​ហើយ​ ។

មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​សន្និដ្ឋាន​ដូច្នេះ គឺ​បណ្ដាល​មកពី​បុព្វការី​ជន​បាន​ទុក​នូវ​កេរ្តិ៍​ដំណែល​​វប្បធម៌ គ្រប់​សម័យ​កាល​នៅ​ទីនោះ ដែល​បង្ហាញ​បញ្ជាក់​យើង​​អំពី​​ចំណាស់​​នៃ​ប្រវត្តិសាស្ត្រ​ក្នុង​ភូមិ​ភាគ​នេះ​ ។ ហើយ​ម្យ៉ាង​វិញ​ទៀត ស្ថានភាព​នេះ​ក៏​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា មិនមែន ​ស្ដេច​កន ស្ដេច​ជ្រែករាជ្យ​ទេ ដែល​បាន​ស្ថាបនា​ប្រាង្គ​ប្រាសាទ​​​ទាំង​នោះ​​ឡើង ដូច​ករណី​ ប្រាសាទ​ជើង​អង្គ ដែល​យើង​និង​ពិនិត្យ​នៅ​ខាងក្រោម​នេះ​ ។

រូបភាព ១-២ :​តួ​ប្រាសាទ និង​សិលាចារឹក K. 99/Ka 288 (​ម​.​ត ១៩៩៨)

ប្រាសាទ​ឥដ្ឋ​ទោល​នេះ ដែល​ស្ថិត​ក្នុង ភូមិ​ជើង​អង្គ នៅ​ខាងជើង​ឆៀង​​​ខាងកើត​នៃ ​បន្ទាយ​ព្រៃនគរ ស្រុក​​ត្បូងឃ្មុំ ខែត្រ​កំពង់ចាម ​បច្ចុប្បន្ន ត្រូវ​បាន​សាងសង់​ដោយ​ ព្រះបាទ​ជ័យ​វរ្ម័ន ទី​៤ (៩២៤-៩៤១) ដើម្បី​ឧទ្ទិស​ដល់ ​ព្រះ​សិវៈ ដូច​ខ្លឹមសារ​នៃ​ផ្ទាំង​សិលាចារឹក​មួយ​ផ្ទាំង (K.99/Ka 288) ជា​ភស្តុតាង​ស្រាប់​ ។ សូម​ជម្រាប​ថា តាម​ខ្លឹមសារ​នៃ​សិលាចារឹក ជា​ភាសា​ខ្មែរ​-សំស្ក្រឹត នៅ​ក្លោង​ទ្វារ​ខាងជើង​នៃ​ប្រាសាទ​ ។ ប្រាសាទ​ជើង​អង្គ ដែល​បែរមុខ​ទៅ​ទិស​ខាងកើត ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ ​ឆ្នាំ ៨៤៤​ ឝក ត្រូវ​​និង​គ​.​ស. ៩២៣​ ។ សូម​រំឭក​ថា បូជនីយដ្ឋាន​នេះ មាន​រាង​បួន​​ជ្រុង​ស្មើ និង​ទំហំ​ប្រមាណ​ជា ៤​ ម៉. x ៤​ ម៉. និង​កម្ពស់​ប្រមាណ​ជា ៦ ម៉. ស្ថិត​​នៅ​លើ​ទួល​មួយ​ខ្ពស់​ពី​ដី​ ។​

បូជនីយដ្ឋាន​សម័យ​អង្គ​រ​នេះ ស្ថិត​ក្នុង​រចនា​បថ​​កោះ​កេរ្តិ៍ ហើយ​បាន​បន្សល់​នូវ​សសរ​ពេជ្រ និង​ក្បាច់​ផ្ដែរ​មួយ​ដែល​​រេច​រិល គួរ​ឲ្យ​អាណិតអាសូរ​ណាស់ ​។ តាម​ពិត​​ទៅ​ភិនភាគ​នៃ​ប្រាសាទ​នេះ មិន​មាន​លក្ខណៈ​ខុសគ្នា​ប៉ុន្មាន​ទៅ​នឹង​ប្រាង្គ​ប្រាសាទ​ដទៃ​ៗ ឯទៀត ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​វិចិត្រករ​ក្នុង​រាជ្យ​របស់​ ព្រះបាទ​ជ័យវរ្ម័ន​ ទី ​៤​នោះ​ទេ​ ។ វត្តមាន​របស់​ប្រាសាទ​នេះ ជា​ព័ត៌មាន​ពិត​ដែល​គេ​ពុំ​អាច​ប្រកែក​បាន ស្ដី​ពី​វិសាលភាព​នៃ​ភូមិសាស្ត្រ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ព្រះរាជា​អង្គ​ខាង​លើ​នេះ​ ។​

តើ​ហេតុអ្វី​បានជា ​រចនា​បថ​​កោះ​កេរ្តិ៍ ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​តំបន់​នេះ ​?

ចម្លើយ​គឺ អំណាច​របស់​ព្រះមហាក្សត្រ​អង្គ​នេះ​បាន​លាតសន្ធឹង​ពី ​ខែត្រ​ព្រះវិហារ រួមមាន​ខែត្រ​មួយ​ចំនួន​នៅ​លើ​ខ្ពង់រាប​​នគររាជ​សីមា ដូច​ ​ខែត្រ​​បុរីរម្យ និង​នគររាជ​សីមា​ ជា​អាថ៌ ដល់​ភូមិភាគ​នេះ​យ៉ាង​ប្រាកដ​ ៕

ដោយ ៖ ​ម​.​ត្រា​ណេ

***

អត្ថបទ​ដើម ៖ CEN : សារសំខាន់​នៃ​ប្រាសាទ​ជើង​អង្គ នៅ​ខេត្តកំពង់ចាម​

Categories: រមណីយដ្ឋាន | Tags: , , , | បញ្ចេញមតិ

ព្រះធាតុតូច ឬ ចេតិយ


ព្រះ​ធាតុ​តូច ឬ​ចេតិយ​ តាម​ការ​ហៅ​របស់​អ្នក​ស្រុក ជា​ប្រាសាទ​ថ្ម​បាយ​ក្រៀម​ នៅ​ជាប់​ផ្លូវ​លំ​ដី​ក្រហម​មួយ​ខ្សែ​ដែល​រត់​កាត់​​វាល​ស្រែ នៅ​ប្រមាណ ១ គ.ម៉. ទិស​ពាយ័ព្យ​ ភូមិ​ខ្សាក ឃុំ​ពពេល ស្រុក​ពញាក្រែក បច្ចុប្បន្ន​ខែត្រ​ត្បូង​ឃ្មុំ ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​មួយ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ បែរ​មុខ​ទៅ​កើត ​មាន​យ៉​មួយ​​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម ។
  2. កសិណ​មួយ​ព័ទ្ធ​ជុំវិញ និង​ត្រពាំង​ហាវ (អ្នក​ស្រុក​ហៅ​ថា​ ហួច) ទំហំ ២៥ ម៉. x ៥០ ម៉. នៅ​ខាង​កើត​ចម្ងាយ ៥០ ម៉. ។

នៅ​ឆ្នាំ ២០០៤ ជញ្ជាំង​ខាង​លិច​របស់​ប្រាសាទ​រលំ​បាក់បែក តែ​នៅ​រក្សា​យ៉​ និង​ផ្នែក​ខាង​កើត ។ ខឿន​សំណង់​ថ្មី​មួយ​សង់​ជាប់​ខាង​កើត​តួ​ប្រាសាទ ។ (CISARK : 02-April-2008)

ខ្ញុំ និង​សម្លាញ់​ខ្ញុំ​បាន​ទៅ​ដល់​ទីតាំង ព្រះ​ធាតុ​តូច​កាល​ពី​បិណ្ឌ​ទី ១៤ ថ្មីៗនេះ ។ ប្រាសាទ​មាន​ទីតាំង​ល្អ នៅ​កណ្ដាល​វាល​ស្រែ មាន​ខ្យល់​អាកាស​បរិសុទ្ធ មាន​រោង​សម្រាប់​ជ្រក និង​សម្រាក​បាន​សម្រាប់​ប្រជាកសិករ​យើង ។ ទោះ​ជា​យ៉ាង​ណា ទីតាំង​នេះ​មិន​អាច​យក​ទៅ​កែ​ប្រែ​បាន​ជា​ រមណីយដ្ឋាន បាន​នោះ​ទេ ដោយ​សារ​សំណង់​បុរាណ​នេះ​តូច មិន​មាន​ក្បាច់រចនា​ ឬ​មាន​លក្ខណៈ​ពិសេស​ ​គឺ​ត្រឹម​តែ​ជា​ទី​សក្ការ​របស់​អ្នក​ស្រុក ។

Categories: រមណីយដ្ឋាន | Tags: , , , , | បញ្ចេញមតិ

ព្រះធាតុពណ្ណរាយ


គោក​ព្រះ​ធាតុ​ពណ្ណរាយ ជា​ប្រាសាទ​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​បួន​ជ្រុង​ស្មើ សង់​លើ​ខឿន​ថ្ម​បាយ​ក្រៀម បែរ​មុខ​ទៅ​លិច​ជា​មួយ​យ៉​ខាង​មុខ ។ មាន​ត្រពាំង​ ២ នៅ​អម​សង​ខាង​ផ្លូវ​ចូល​ពី​ខាង​លិច ។ ផ្លូវ​នេះ​ឆ្ពោះ​ទោ​ត្រពាំង​មួយ​ទៀត មាន​ចម្ងាយ ៣០០ ម៉. ខាង​លិច​ប្រាសាទ ។ នៅ​ឆ្នាំ ២០០៣ ប្រាសាទ​នេះ​មាន​ភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ។ ប្រាសាទ​នេះ​មាន​ទីតាំង​នៅ ភូមិ​ពណ្ណរាយ ឃុំ​សួង ក្រុង​សួង បច្ចុប្បន្ន​ខែត្រ​ត្បូងឃ្មុំ ចម្ងាយ​ប្រមាណ ១៥០០ ម៉. ខាង​ត្បូង​វត្ត​សារពេជ្ញ​ពណ្ណរាយ ។ (CISARK : 21-Nov-2006)

ខ្ញុំ និង​សម្លាញ់​ខ្ញុំ​បាន​ទៅ​ដល់​ទីតាំង គោក​ព្រះ​ធាតុ​ពណ្ណរាយ កាល​ពី​បិណ្ឌ​ទី ១៤ ថ្មីៗនេះ ។ ទីតាំង​ប្រាសាទ​ស្ថិត​នៅ​កណ្ដាល​ចម្ការ​ដំឡូង​មី និង​គ្រប​ដណ្ដប់​ដោយ​វល្លិ​ដោយ​មិន​មាន​ការ​សម្អាត​សោះ បើ​ទោះ​ជា​មាន​សំណែន​ក្ដី ។ ជា​រួម ទីតាំង​នេះ​មិន​អាច​យក​ទៅ​កែ​ប្រែ​បាន​ជា​ រមណីយដ្ឋាន បាន​នោះ​ទេ ដោយ​សារ​សំណង់​បុរាណ​នេះ​តូច មិន​មាន​ក្បាច់រចនា​ ឬ​មាន​លក្ខណៈ​ពិសេស​ ​។

Categories: រមណីយដ្ឋាន | Tags: , , , | បញ្ចេញមតិ

វាលសម្ដី


វាល១១

វាលសម្ដី

វាលសម្ដី ជា​វាល​ស្រែ​ដ៏​ធំ​ល្វឹងល្វើយ ស្ថិត​នៅ ភូមិ​អណ្ដូងពក ឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ បច្ចុប្បន្ន​ខែត្រ​ត្បូងឃ្មុំ ។ នៅ​កណ្ដាល​វាល​នេះ​ មាន​ប្រាសាទ​បុរាណ​មួយ​ធ្វើ​ពី​ឥដ្ឋ ដែល​គេ​ហៅថា ព្រះ​ធាតុ​សម្ដី ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​មួយ​រាង​បួន​ជ្រុង​ស្មើ​ធ្វើ​ពី​ឥដ្ឋ សង់​លើ​ខឿន​មួយ​រាង​បួន​ជ្រុង ។
  2. កសិណ​មួយ និង​ត្រពាំង​មួយ​ផង​ដែរ ។

នៅ​ឆ្នាំ ២០០៣, ជញ្ជាំង​ខាង​កើត​ និង​ខាង​ជើង​បាន​រលំ នៅ​សល់​ថ្ម​ទ្រនាប់​​ជណ្ដើរ និង​ថ្ម​បាយ​ក្រៀម ។ (CISARK : 21-Nov-2006)

កាល​ពី​ថ្ងៃ​​បិណ្ឌ​​ទី ១៤ ថ្មី​ៗនេះ​ ខ្ញុំ និង​សម្លាញ់​ខ្ញុំ​បាន​ទៅ​ដល់ វាលសម្ដី នេះ ។ វា​ជា​ដំណើរ​មួយ​ដ៏​ពិបាក ដោយ​ពួក​យើង​ត្រូវ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ដី​ភក់ និង​បន្ទាប់​មក​ត្រូវ​ដើរ​លុយ​ទឹក​ជម្រៅ​ស្ទើរ​ដល់​ចង្កេះ តាម​វាល​ស្រែ លើស​ពី​នេះ​ទៅ​ទៀត ត្រូវ​ដើរ​កាត់​បន្លា​មុន​ទៅ​ដល់​ ​ប្រាសាទ ដែល​មិន​មាន​ការ​ថែទាំ បោស​សម្អាត កាប់ឆ្ការ​ អ្វី​សោះ​ឡើយ ។ ខាង​ក្រោម​នេះ ជា​វីដេអូ​ ដែល​ខ្ញុំ​បាន​ថត​ពី​ការ​ជិះ​ម៉ូតូ​ រហូត​ដល់​ផ្លូវ​ដែល​ម៉ូតូ​បរ​លែង​កើត ។

Categories: រមណីយដ្ឋាន | Tags: , , , | បញ្ចេញមតិ

ការ៉េម ល្ខោនបាសាក់


លោក មិន លឹមហៃ សព្វ​ថ្ងៃ​រស់​នៅ​ ភូមិស្វាយពិន ឃុំគរ ស្រុកព្រៃឈរ ខែត្រ​កំពង់ចាម ។ លោក​បាន​ប្រកប​របរ​លក់​ការ៉េម​តាំង​ពី​ដាច់​សង្គ្រាម​មក​ម្ល៉េះ តែ​ទើប​តែ​រយៈពេល​ប្រមាណ​ ៤ ឆ្នាំ​នេះ​ដែល​លោក​បាន​បញ្ចូល​ការ​ច្រៀង​​ និង​​ការ​សម្ដែង​ល្ខោនបាសាក់​​​ទៅ​ក្នុង​អាជីព​របស់​លោក នេះ​ក៏​ដោយ​សារ​លោក​មាន​ទេពកោសល្យ​ពី​កំណើត​ផ្នែក​ចម្រៀង​ល្ខោន​បាសាក់​ ។

ស្ដាប់ និង​ទស្សនា​ វីដេអូ​ទាំង​ស្រុង​ដែល​ផលិត​ដោយ វិទ្យុអាស៊ី​សេរី ៖

***

ខ្ញុំ​សង្ឃឹម​ថា​បាន​ជួប​គាត់​នៅ​ពេល​ទៅ​ស្រុក​លើក​ក្រោយ និង​បាន​ជួយ​គាត់​បន្តិច​បន្តួច ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , , , | បញ្ចេញមតិ

ប្រាសាទ​វត្តប្រើសមាស


ប្រាសាទ​វត្ត​ប្រើស​មាស មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល ភ្នំ​​ត្រប់ (មាន​ ៧ កំពូល) ក្នុង​ភូមិ​តា​ព្រង ឃុំ​ត្រប់ ស្រុក​បាធាយ​ ខែត្រ​កំពង់ចាម ។ នៅ​ជើង​ភ្នំ​មាន​ អារាម​ពុទ្ធ​សាសនា​មួយ​ហៅ​ថា​វត្ត​ប្រើស​មាស, ដូច្នេះ​ឈ្មោះ​ប្រាសាទ គឺ​យក​តាម​ឈ្មោះ​វត្ត​នៅ​នឹង​ជើង​ភ្នំ​នោះ​ឯង ។ ក្រុម​ប្រាសាទ​ដែល​មាន​ប៉ម​ចំនួន ៤ រាង​បួន​ជ្រុង​ស្មើ សង់​លើ​ខឿន​រួម​មួយ​ ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​រត់​ជួរ​ ជើង​-ត្បូង បែរ​មុខ​ទៅ​កើត ។ ប៉ម ៣ ធ្វើ​ពី​ឥដ្ឋ​ មាន​ស៊ុម​ទ្វា​ធ្វើ​ពី​ថ្ម​ភក់ និង​មាន​ទ្វារ​បញ្ឆោត​នៅ​មុខ ៣ ផ្សេង​ទៀត ។ ប៉ម​មួយ​ទៀត​មាន​តែ​គ្រឹះ ។ ពី​ខាង​ជើង​ទៅ​ត្បូង​មាន ៖

  1. បដិមា​ភេទ​ប្រុស​មាន​ដៃ ៤ ឆ្លាក់​ក្នុង​អង្កែ​(1) មួយ ។
  2. បដិមា​ភេទប្រុស​មួយ​មាន​ដៃ ៤ និង​បដិមា​ភេទ​ស្រី​ ២ ។
  3. បដិមា​ភេទ​ប្រុស​មួយ​មាន​ដៃ ៨ និង​បដិមា​ភេទ​ស្រី ២ ។

នៅ​បរិវេណ​​ខាង​លើ​​ក៏​ដូច​ជា​ជុំ​វិញ​ភ្នំ​មាន​សេសសល់​ស្លាក​ស្នាម​ប្រាសាទ​បុរាណ​ជា​ច្រើន​ដែល​បាក់​បែក​អស់​ស្ទើរ​រក​មើល​មិន​យល់ ដូចជា ៖

  1. នៅ​លើ​កំពូល​ភ្នំ ៖ ប្រាសាទ​ស្រះ​ត្រប់ (A), ភ្នំ​ត្រប់ (C), ភ្នំ​កំណប់ ។
  2. នៅ​ជុំវិញ (រាប់​តាម​ទិស​ទ្រនិច​នាឡិកា) ៖ ពោធិ៍​ប្រាសាទ, គោកភូមិ​បា​ប្រុស, ទួល, ទួល​ប្រាសាទ, ទួល​យាយ​ទេព, ទួល​ខ្ពស់, និង​ទួល​ក្អែក ។
  3. ​ភ្នំចន្លោះ​ (រាប់​តាម​ទិស​ទ្រនិច​នាឡិកា) ៖ ព្រះ​បួន​មុខ, ទួល​ពោធិ៍ហ៊ី, និង​ភ្នំ​ចុងតាពាន ។ (CISARK : 14-Dec-2009)

យើង​ងាក​មក​មើល​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​​មួយ ដែល​មិន​ទាន់​ទទួល​​ការ​ដឹង​ឮ​ច្រើន​នៅ​ឡើយ ។ ចម្លាក់​នៅ​​នឹង​ជញ្ជាំង​ខាង​ក្នុង​នៃ ប្រាសាទ​​វត្តប្រើសមាស ​នេះ ប្រើ​វិធី​ឆ្លាក់​តែ​មួយ​ដូច​គ្នា​ទៅ​នឹង​ចម្លាក់​នៅ​នឹង​ជញ្ជាំង​ខាង​ក្នុង​នៃ ​ប្រាសាទ​ក្រវាន់​ នៅ​ឯ​ ខែត្រ​សៀមរាប ថ្វី​បើ​ទឹក​ដៃ​ចម្លាក់​មិន​ល្អ​វិសេស​ដូច​ចម្លាក់​នៅ ប្រាសាទ​ក្រវាន់ យ៉ាង​ណា​ក្ដី ។ ដូច្នេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​វត្ត​ប្រើស​មាស​ នេះ​ត្រូវ​បាន​កសាង​នៅ​កំឡុង​ពេល​​ជា​មួយ ប្រាសាទ​ក្រវាន់ ក្នុង​រវាង​អន្តរកាល ​រចនា​បថ​បាខែង-កោះ​កេរ្តិ៍ ។ ម៉្យាង​វិញ​ទៀត យើង​ក៏​អាច​បដិសេធ​ការ​លើក​ឡើង​របស់​អ្នក​ប្រាជ្ញ​បារាំង​​ លោក Claude Jaques ដែល​បាន​សរសេរ​ក្នុង​សៀវភៅ Ancient Angkor(2) ថា ៖ […]The five brick sanctuaries of Prasat Kravan are not, at first glance, very prepossessing. However, they contain very fine interior brick bas-reliefs, the only known exemple of their type in Khmer art. […] ដែល​យើង​អាច​បក​ប្រែ​មក​ថា ៖ «ប្រាង្គ​ទាំង ៥ នៃ​ប្រាសាទ​ក្រវាន់ បើ​មើល​តែ​បន្តិច​ ហាក់​មិន​មាន​អ្វី​គួរ​ឲ្យ​ទាក់ទាញ​នោះ​ទេ ។ ក៏ប៉ុន្តែ ប្រាសាទ​នេះ​មាន​ក្បាច់​ចម្លាក់​ខាង​ក្នុង​ពី​ឥដ្ឋ​យ៉ាង​ល្អ​វិចិត្រ, ដែល​ជា​ទម្រង់​តែ​មួយ​គត់​ដែល​គេ​ស្គាល់​នៅ​​ក្នុង​សិល្បៈ​ខ្មែរ » ។ បញ្ហា​នេះ គឺ​ប្រហែល​ដោយ​សារ​ លោក Claude Jacques គាត់​មិន​បាន​ស្គាល់​ ប្រាសាទ​វត្ត​ប្រើស​មាស ។

***

អាន​បន្ថែម ៖

  1. អង្កែ (អង់-កែ) ៖ លុង​ក្នុង​ជញ្ជាំង, ភាសា​អង់គ្លេស​ហៅ​ថា niche
  2. Freeman, M. and Jacques, C. (2003) Ancient Angkor. Bangkok: River Books Ltd, (p. 152)
  3. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ភ្នំត្រប់
  4. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ លំអ​ឆ្លាក់​លើ​ឥដ្ឋ​នៅ​សម័យ​បុរាណ
  5. ប្រាសាទ​តាព្រង (ឯកសារ​ពី CEN)
  6. តាម៉ាប់ & យាយម៉ាប់ ៖ ប្រៀបធៀបចម្លាក់ជញ្ជាំង​នៅ​ប្រាសាទ​នាង​ខ្មៅ និង​ប្រាសាទ​ក្រវាន់
  7. តាម៉ាប់ & យាយម៉ាប់ ៖ ប្រាសាទក្រវាន់
  8. តាម៉ាប់ & យាយម៉ាប់ ៖ ប្រាសាទនាងខ្មៅ
Categories: រមណីយដ្ឋាន | Tags: , , , , | បញ្ចេញមតិ

ប្រាសាទ​គោកខ្វិត


ប្រាសាទ​គោក​ខ្វិត មាន​ទីតាំង​​ស្ថិត​នៅ​ទីធ្លា វត្ត​ប្រាសាទ នៅ​ក្រោយ​សាលា​បឋម​សិក្សា​ស្រះ​បឹង​ ភូមិ​កកោះ ឃុំ​តាំង​ក្រសាំង ស្រុក​បាធាយ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​រាង​បួន​ជ្រុង​ស្មើ​ ធ្វើ​ពី​ថ្មបាយក្រៀម​ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ នៅ​តាម​មុខ​ផ្សេងៗ ទៀត មាន​ទ្វា​បញ្ឆោត ។
  2. ផ្លូវ​ពី​ខាង​កើត និង​ត្រពាំង​មួយ ។

នៅ​ឆ្នាំ​២០០៣ ដំបូល​តួ​ប៉ម​បាក់​បែក ។ ប៉ុន្តែ​ តួ​ប៉ម​នៅ​មាន​លម្អ​​ដោយ​ សសរ​ស្ដម្ភ​ ៨ ជ្រុង ​និង​ផ្ដែរ​ដែល​គ្មាន​ចម្លាក់ (CISARK : 17-June-2007) ។

កាល​ពី​ខ្ញុំ​ទៅ​ដល់​ ប្រាសាទ​គោក​ខ្វិត នេះ នៅ​ខែ​ធ្នូ​ ឆ្នាំ ២០១៣ ខ្ញុំ​ឃើញ​មាន​ការ​កសាង​ជា​វត្ត​ ប៉ុន្តែ​មើល​ទៅ អត្តខាត់ ណាស់ ដោយ​វិហារ​ជញ្ជាំង​ក្ដារ​រនាប នៅ​ទាប​ជាប់​ផ្ទាល់​នឹង​ដី​តែ​ម្ដង ហើយ​ក៏​ដូច​ជា​ខ្សត់​មនុស្ស​ដែរ រក​តែ​នរណា​ម្នាក់​សួរ​នាំ​ឲ្យ​ដឹង​រឿង​បន្តិច​ក៏​មិន​ឃើញ ។ ប្រាសាទ​នេះ​​ស្ថិត​នៅ​ខាង​ជើង​ ផ្សារ​ផ្អាវ ក្នុង​ចម្ងាយ​ដី​ប្រហែល​ជា ១០ គ.ម៉. ក៏​ប៉ុន្តែ អ្នក​នៅ​ម្ដុំ​ ផ្សារ​ផ្អាវ ខ្លះ​មិនទាំង​ស្គាល់ ប្រាសាទ​នេះ និង​ ភ្នំ​ត្រប់ ផង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជិះ​ទៅ​រក​ទាំង​​ដោយ​មិន​មាន​ព័ត៌មាន​ ត្បិត​អាង​ក្នុង​ដៃ​មាន​ ផែនទី​​បុរាណ​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ស្រាប់ ។

តួ​ប្រាសាទ​ទាំង​មូល​ធ្វើ​ពី​ថ្មបាយក្រៀម (ជា​កម្រ​ណាស់​ដែល​គេ​ធ្វើ​ប្រាសាទ​ពី​ថ្មបាយក្រៀម) ហើយ​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​ ប្រាសាទ​ភ្នំដា នៅ​ខែត្រ​តាកែវ ដែល​អាច​ឲ្យ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រាជ្យ ព្រះបាទ​សូរ្យវម៌្ម ទី ១ (១០០២ – ១០៥០) ក្នុង​រចនាបថ ឃ្លាំង? ។

នៅ​ទ្វា​ខាង​កើត មាន​ផ្ដែរ​ចម្លាក់​ល្អល្អះ​មួយ បង្ហាញ​ឈុត​រឿង​រាម​កេរ្តិ៍ ត្រង់​ព្រះ​រាម និង​ព្រះ​លក្ស្មណ៍ ត្រូវ​ព្រួញ​នាគបាស (1) របស់​ឥន្ទ្រជិត ឯ​ទ័ព​ស្វា​ ក៏​យំ​សោក បួងសួង សុំ​ឲ្យ គ្រុឌ មក​ជួយ​បណ្ដេញ​នាគ​ទៅវិញ ។

ខ្វិត០៦

ក្បាច់ចម្លាក់​ល្អ​ប្រណិត

 

***

  1. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ព្រះ​លក្ស្មណ៍​ត្រូវ​សរ​នាគបាស
Categories: រមណីយដ្ឋាន | Tags: , , , , | បញ្ចេញមតិ

ប្រាសាទ​គុក​អំពិលទ្វារ


ប្រាសាទ​គុក​អំពិល​ទ្វារ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីធ្លា​ វត្ត​ប្រាសាទ​មង្គល ភូមិ​ស្ល​ក្រាម ឬ​ភូមិ​កកោះ ឃុំ​សំពង​ជ័យ ស្រុក​ជើង​ព្រៃ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦០ ចម្ងាយ​ប្រមាណ ១៧ គ.ម៉. ខាង​ជើង​​ផ្សារ​ព្រៃ​ទទឹង ​ ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​ ៣ រាង​បួន​ជ្រុង​ស្មើ ធ្វើ​ពី​ឥដ្ឋ​ សង់​លើ​ខឿន​តែ​មួយ បែរ​មុខ​ទៅ​កើត​ រត់​ជួរ​ជើង-ត្បូង ។ តួ​ប៉ម​កណ្ដាល​ធំ​ជាង​គេ មាន​ទ្វារ​បញ្ឆោត​ធ្វើ​អំពី​ឥដ្ឋ​នៅ​ទិស​សំខាន់​ផ្សេងៗ ទៀត ។ នៅ​ជុំវិញ​មាន​កំពែង​​ថ្ម​បាយ​ក្រៀម​ មាន​ខ្លោង​ទ្វារ​នៅ​ខាង​កើត ។
  2. កំពែង​ថ្ម​បាយ​ក្រៀម ។
  3. ខ្លោង​ទ្វារ​កំពែង​ពី​ខាង​កើត ។ (CISARK : 27-Aug-2009)

កាល​ពី​ខ្ញុំ​បាន​ទៅ​ដល់​ទីតាំង​ ប្រាសាទ​គុក​អំពិល​ទ្វារ នេះ​ នៅ​ខែ​ធ្នូ ឆ្នាំ ២០១៣ ខ្ញុំ​បាន​ប្រទះ​ឃើញ​នៅ​សល់​ប្រាង្គ​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​ប្រាង្គ​កណ្ដាល​ មិន​ដូច​អ្វី​​ដែល​ឯកសារ​បាន​អះអាង​នោះ​ឡើយ ក៏​ប៉ុន្តែ​​ខ្ញុំ​មិន​បាន​ដឹង​ថា​ប្រាង្គ​ឆ្វេង​ ស្ដាំ​ដួល​រលំ​តាំង​ពី​ពេល​ណា​នោះ​ទេ ។ ម៉្យាង​វិញ​ទៀត ខ្ញុំ​ឃើញ​មាន​ការ​កែកុន​ជា​ច្រើន​ ដូច​ជា​ការ​សាង​សង់​​រោង​ស៊ីម៉ង់​មាន​ដំបូល​ស្រួច​គ្រប​ពី​លើ, ការ​សាងសង់​​សត្វ​តំណាង​ឆ្នាំ​ទាំង ១២ នៅ​ជុំ​វិញ​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ និង ការ​ចាក់​ដី​បំពេញ​​ក្នុង​​បរិវេណ​កំពែង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ជា​ខ្លាំង ។ ថ្វី​ត្បិត​តែ​ជា​ទី​សក្ការ​បូជា ដែល​គួរ​ថែ​រក្សា ក៏​ប៉ុន្តែ​មិន​គួរ​ឲ្យ​មាន​ការ​កែ​កុន​ ឬ​សាង​សង់​បន្ថែម​ពី​លើ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​បាត់​បង់​សភាព​ដើម ដែល​កំពុង​តែ​ខូច​ខាត​ស្រាប់​នោះ​ទេ ។

ប្រាង្គ​ដែល​នៅ​សល់​តែ ១ មាន​ចម្លាក់​ផ្ដែរ​​ដែល​នៅ​ល្អ​ស្អាត ជា​រូប​មនុស្ស​ជិះ​ដំរី (ប្រហែល​ជា​ព្រះ​ឥន្ទ) ដែល​ជួយ​ឲ្យ​យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រចនាបថ​ កោះកេរ្តិ៍ ។

អំពិល០៨

Categories: រមណីយដ្ឋាន | Tags: , , , , | បញ្ចេញមតិ

ប្រាសាទ​គុកយាយ​ហម


ប្រាសាទ​គុក​យាយ​ហម មាន​ទី​តាំង​ស្ថិត​នៅ​ ភូមិ​សង្កែ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខែត្រ​កំពង់ចាម ។ យើង​អាច​ចូល​ទៅ​ប្រាសាទ​នេះ​បាន​តាម​ខ្លោង​ទ្វារ​ វត្ត​សង្កែ បន្ទាប់​មក​ជិះ​ហួស​ទៅ​ខាង​ជើង​វត្ត​ប្រមាណ​ ១ គ.ម៉ នឹង​ឃើញ​កំពូល​ប្រាសាទ​ពី​ថ្ម​ភក់​លេច​ឡើង​នៅ​ខាង​ស្ដាំ​ដៃ នៅ​លើ​ទួល​​មួយ​មិន​លិច​ទឹក ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​មួយ​រាង​បួន​ជ្រុង​ស្មើ ធ្វើ​ពី​ថ្ម​ភក់​ សង់​លើ​ខឿន​ថ្មបាយក្រៀម មាន​ទ្វារ​ចូល​តាម​ទិស​សំខាន់​ទាំង ៤ តាម​យ៉​មួយៗ ។
  2. ប៉ម​ ២ ទៀត​ធ្វើ​ពី​ឥដ្ឋ ស្ថិត​នៅ​ខាង​លិច​ដោយ​សង់​លើ​ខឿន​ជា​មួយ​ប៉ម​ទី ១ (បាក់​បែក​តាំង​ពី​ដើម​ ស.វ. ទី ២០) ។
  3. កំពែង​ទី ១ ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ និង​មាន​កសិណ​ទី ១ ព័ទ្ធ​ពី​ខាង​ក្រៅ ។
  4. កំពែង​ទី ២ ធ្វើ​​ពី​ដី និង​មាន​កសិណ​ទី ២ ព័ទ្ធ​ពី​ខាង​ក្រៅ ។
  5. ស្រះ​ទឹក​បុរាណ​ ២ អម​សង​ខាង​ផ្លូវ​ចូល និង​ស្រះ​ទឹក​បុរាណ​មួយ​ទៀត​ ស្ថិត​នៅ​ខាង​ត្បូង ។
  6. នៅ​លើ​ផ្លូវ​ចូល​មាន​ខ្លោង​ទ្វារ​បាក់​បែក​មួយ ។
  7. ទន្លេ​អុំ​ ស្ថិត​នៅ​ខាង​កើត​ឆៀង​ខាង​ជើង​បន្តិច ។

ទី​នេះ​មាន​ រូប​ចម្លាក់​ជា​ច្រើន​ធ្វើ​ពី​ថ្ម​ភក់, សសរស្ដម្ភ​ ៨ ជ្រុង, ផ្ដែរ​ជា​ផ្ទាំង, បល្ល័ង្ក​ជា​ច្រើន, និង​សិលា​ចារឹក​ K. ៨៦ ត្រូវ​បាន​គេ​យក​ទៅ​ទុក​នៅ​ វត្ត​សង្កែ ដែល​ស្ថិត​នៅ​ក្បែរ​នោះ ។ នៅ​ឆ្នាំ​ ២០០៤ ទីនេះ​ គេ​រក​ឃើញ​សិលាចារឹក​មួយ​ចំនួន​ទៀត ដែល​ភាគ​ច្រើន​ចារ​ជា​រូប​សញ្ញា (CISARK: 21-Nov-2006) ។

លោក​សាស្ត្រាចារ្យ​ វង់​.សុធារ៉ា បាន​ប្រាប់​ខ្ញុំ​ថា «លោក George Cœdès សង្ស័យ​ថា​ទីតាំង​នេះ ជា​ភូមិ​កំណើត​នៃ​ ព្រះ​នាង​ជ័យរាជទេវី និង​ព្រះ​នាង​ឥន្ទ្រទេវី អគ្គ​មហេសី​នៃ ព្រះ​បាទ​ជ័យវម៌្ម ទី ៧ ។» លោក​បាន​បន្ត​ទៀត​ថា «ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​រចនាបថ​បាយ័ន​ ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធ​សាសនា​មហាយាន»  ។ ចំពោះ​សិលាចារឹក K. ៨៦ វិញ​ ជា​អត្ថបទ​និយាយ​សរសើរ​ពី​ស្ត្រី​​អភិជន​ម្នាក់​ដែល​​​​យក​ឈ្មោះ លក្ស្មី មក​ដាក់​ជា​ឈ្មោះ​ខ្លួន ។ ឈ្មោះ​ លក្ស្មី នេះ​ ត្រូវ​បាន​ប្រើ​ជា​ញឹកញយ​​ជា​ព្រះនាម​មហេសី​ស្ដេច​ក្នុង​រាជវង្ស មហីធបុរៈ រាប់​តាំង​ពី រាជ្យ​ព្រះបាទ ជ័យវម្ម៌ ទី ៦ មក ។

***

អាន​បន្ថែម ៖

  1. ព័ត៌មាន ៖ ប្រាសាទ​គុក​យាយ​ហម​ត្រូវ​ជីកកកាយ​ធ្ងន់ធ្ងរ
Categories: រមណីយដ្ឋាន | Tags: , , , , , , | បញ្ចេញមតិ

ទួល​ព្រះធាតុ​ជ្រោល


ទួល​ព្រះ​ធាតុ​ជ្រោល មាន​ទីតាំង​ស្ថិត​នៅ​ ភូមិ​ជ្រោល ឃុំ​ចក ស្រុក​អូ​រាំង​ឪ ខែត្រ​កំពង់ចាម ។ ទួល​នេះ ស្ថិត​នៅ​ខាង​កើត​ បឹង​ព្រះ​ពិត (បឹង​កំពិត?) ប្រមាណ ២០០ ម៉. (1) និង​ស្ថិត​នៅ​ខាង​ជើង វត្ត​ភូមិ​ជ្រោល ។ ​ប្រាសាទ​ឥដ្ឋ​ រាង​បួន​ជ្រុង​ស្មើ បែកបាក់​នៅ​សល់​តែ​ជញ្ជាំង​ខាង​ជើង​ និង​ខាង​លិច ។ ប្រាសាទ​នេះ​​​បែរ​មុខ​ទៅ​កើត និង​មាន​​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ ។ ដល់​មក​ឆ្នាំ ២០០៣ ជញ្ជាំង​ប្រាសាទ​ក៏​បាក់បែក​អស់​ នៅ​សល់​តែ​សំណល់​ឥដ្ឋ, ថ្ម​បាយ​ក្រៀម, បល្ល័ង្ក​ពីរ និង​ផ្ទាំង​ថ្ម​ភក់ (CISARK:  21-Nov-2006) ។

កាល​ពី​ខ្ញុំ​បាន​ទៅ​ដល់​ ទី​ទួល​ព្រះ​ធាតុ​ជ្រោល នេះ កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ព.ស. ២៥៥៨ (គ.ស. ២០១៤) ទួល​នេះ​បាន​ក្លាយ​ជា​ ទី​កប់​ខ្មោច ដល់​មាន​ផ្នូរ​ប្រហែលជា​ ១០ នៅ​ជុំវិញ​នេះ ។

***

  1. ចំពោះ​ទី​តាំង​ទួល​ដែល​ដាក់​ថា​ ចម្ងាយ​​ប្រមាណ ២០០ ម៉. ខាង​កើត​ បឹង​ព្រះពិត (អ្នក​ស្រុក​ហៅ​ថា បឹង​កំពិត) គឺ​ មិន​ត្រឹមត្រូវ​នោះ​ទេ ។ ចម្ងាយ​ត្រឹម​ត្រូវ​ គឺ​ប្រហែលជា ២០.០០០ ម៉ (២០ គ.ម៉. ) ។

ជ្រោល០៨

 

Categories: រមណីយដ្ឋាន | Tags: , , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com. The Adventure Journal Theme.

តាមដាន

Get every new post delivered to your Inbox.

Join 729 other followers

%d bloggers like this: