ការធ្វើដំណើរ

វត្តតាមដងទន្លេធំ ត្រើយខាងលិច


ខ្ញុំ​សាកល្បងរាប់វត្តតាមដងទន្លេធំពីកោះរកា (ខ្សែទឹកខាងលើ) មកដល់ត្រឹមស្ដៅ (ខ្សែទឹកខាងក្រោម)។ វត្តនៅកោះរកាមាន៥ គឺ៖ វត្តទិពសិម្ពលីវនារាម កោះរកា, វត្តរតនៈសន្សំកុសល កោះប្រាក់, វត្តកោះកុកគង់វង្ស វត្តកោះមិត្ត និងវត្តកោះគល់។
យើងចាប់រាប់ពី៖
១. វត្តបភាវត្យារាម គគរ
២. វត្តសិម្ពលីវនារាម ហៅ វត្តរកាគយ
៣. វត្តភូមិថ្មី
៤. វត្តអម្ពវត្យារាម ហៅ ស្វាយតាហែន
៥. វត្តនទីមង្គលារាម ពាមជីកង
៦. វត្តមុនីសាលវ័ន អូរត្រកួន
៧. វត្តសិរីបទុម អន្ទង់ស
៨. វត្តសុវណ្ណរង្សី អង្គរបាន
៩. វត្តកែវមុនីថ្មី (វត្តអនុគណ) វត្តកែវមុនីចាស់ បាក់ចូលទន្លេ
១០. វត្តសុភ័ណ្ឌបុន្យារាម កោះតាង៉ោ
១១. វត្តតេជោរាម អន្លង់អក
១២. វត្តកងចក្រ ហៅ វត្តបឹងត្រាវ
១៣. វត្តមុនីកែវសូរ្យកាន្ត ហៅ ថ្លុកជ្រៅ
១៤. វត្តមុនីរតនារាម ស្វាយព័ន្ធ
១៥. វត្តមុនីសាគរ ខ្ចៅ
១៦. វត្តវ៉ារិន្ទ មង្គល
១៧. វត្តសាគរបុរី ព្រែកលីវ
១៨. វត្តមុនីវ័ន ស្វាយស្រណោះ
១៩. វត្តរកាអារ
២០. វត្តកងត្រង់ណឹង
២១. វត្តសែនមនោរម្យ ហៅ វត្តចាស់
២២. វត្តបទុមមុនីវ័ន ស្ដៅលើ
២៣. វត្តជេនពន ជាចុងបំផុតទល់មុខស្ពានស្ដៅ
ឆ្លងព្រែកកុយមកដល់ខាងរការកោង មានវត្ត៥នៅជិតៗគ្នា ដូចជា៖ ១*. វត្តមជ្ឈិមសរារាម ហៅ វត្តជ្រឹង, ២*. វត្តពាមមង្គល, ៣*. វត្តកែវមណីជោតិ រកាកោងក្រៅ, ៤*. វត្តចតុម្មុខារាម រកាកោងក្នុង ហៅ វត្តចុងព្រែក និង ៥*. វត្តសិរីមង្គល។

វត្តនៅខាងរកាកោង៖

Categories: កម្រង​រូបភាព, ការធ្វើដំណើរ | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

​​ក្បាលទឹក និង​ប្រាសាទ​ទឹកឆា


kbal tek

នៅ​ពេល​ថ្មីៗ​ នេះ​មាន​ការ​បង្កើត​រមណីយដ្ឋាន​ថ្មី​តូច​មួយ​នៅ​តំបន់​ទឹក​ឆា អ្នក​ផង​គេ​ហៅ​តំបន់​នោះ​ថា ក្បាល​ទឹក ។ តំបន់ ក្បាល​ទឹក​ នេះ​គឺ​ជា​ចំណុច​ប្រភព​ទឹក​ចេញ​ធម្មជាតិ​ដែល​ហូរ​ពី​កើត​ទៅ​លិច​ចាក់​ទៅ​តំបន់​ទឹក​ឆា ។ ដោយ​សារ​តែ​តំបន់​នេះ​ជា​ចំណុច​ទឹក​ចេញ ដូច្នេះ​គេ​ក៏​ហៅ​តំបន់​នេះ​ថា ក្បាល​ទឹក​ៗ តែ​​ម្ដង​ទៅ ។

កាល​ពី​ដើម​មក​ហើយ អ្នក​ផង​ដែល​និយម​ហែល​ទឹក​លេង តែង​តែ​ទៅ​លេង​ទឹក​នៅ​តំបន់​ទឹក​ឆា នៅ​វេលា​ចូល​ឆ្នាំ ឬ​បុណ្យ​ប្រពៃណី​ផ្សេងៗ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទឹក​ឆា​នេះ​ជា​អាង​ទឹក​ដែល​ធ្វើ​ដោយ​មនុស្ស​ផ្ទាល់ (បារាយណ៍) ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​មក​ហើយ ហើយ​ទទួល​បាន​ការ​ជួល​ជុល​ច្រើន​លើក​ច្រើន​សា​ផង​ដែរ ដែល​ចុង​ក្រោយ​នេះ​មាន​ការ​ធ្វើ និង​លើក​ជើង​ទំនប់​ពី​ស៊ីម៉ង់​តែ​ម្ដង ។

កាលពី​សប្ដាហ៍​មុន ខ្ញុំ​បាន​ឆៀង​ទៅ​លេង​តំបន់​ក្បាល​ទឹក​ដោយ​បាន​ហូប​បាយ​ថ្ងៃត្រង់​នៅ​ទីនេះ​ទៀត​ផង (តម្លៃ​ថ្លៃ​ល្មម​ – ពិបាក​នឹង​ត​ដែរ ព្រោះ​ជា​តំបន់​ដាច់​ស្រយាល) បន្ទាប់មក​ខ្ញុំ​បាន​ចូល​អើត​ប្រាសាទ​ទឹក​ឆា​ធំ (មាន​ប្រាសាទ​តូច) ជា​លើក​ទី ២ ។ អត្ថបទ​លម្អិត​អំពី​ប្រាសាទ​នឹង​មាន​ផ្សាយ​នៅ​ប្រកាស​ក្រោយ ។

tek chhar lintel

ផ្ដែរ​ក្នុង​រចនាបថ ???

ដើម្បី​ចុច​មើល​ទីតាំង​រមណីយដ្ឋាន​ទឹកឆា និង​ក្បាលទឹក ចុច​ត្រង់​នេះ !

Categories: កម្រង​រូបភាព, ការធ្វើដំណើរ, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | 5 មតិ

ឡើង​​ភ្នំ​ចរចា​ មិន​បាន​សម្រេច​


វត្ត​នៅ​លើ​ភ្នំ​ជីលា

ខ្ញុំ​បាន​ចេញ​ដំណើរ​ពី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី ១១ ដើម្បី​មក​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ព.ស. ២៥៥៧ នៅ​ឯ​ស្រុក​កំណើត ។ ខ្ញុំ​ចាប់​ចេញ​ដំណើរ​​នៅ​ម៉ោង ១១ ព្រឹក ដោយ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ ៥ ។ ប្រហែល​ជា​ម៉ោង ១២ និង​៣០​នាទី​ ថ្ងៃត្រង់​ខ្ញុំ​បាន​​មក​ដល់​ស្ពាន​ព្រែក​ក្ដាម (Made in China) ដែល​កំពុង​ឃើញ​មាន​ជួល​ជុល​ជា​បណ្ដើរៗ ។

ម៉ោង​ប្រហែល​ជា​ ១​ ខ្ញុំ​បាន​មក​ដល់​​​​ ភ្នំ​ជីលា​ចរចា ។ ខ្ញុំ​បាន​សួរ​អ្នក​ស្រុក​ជិត​នោះ​រក​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា តែ​គាត់​​​មិន​បាន​ដឹង​នោះ​ទេ ។ គាត់​បាន​ប្រាប់​ឲ្យ​ខ្ញុំ​សាក​ឡើង​លើ​ភ្នំ​ជីលា ដែល​មាន​វត្ត​មួយ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ (ភ្លេច​ឈ្មោះ​វត្ត​ដូច​គេ​លុប) ។

ភ្នំ​ជីលា មាន​កម្ពស់​ប្រហែល​ជា ៣០ ទៅ ៤០ ម៉ែត្រ​ ប៉ុណ្ណោះ ដោយ​ឡើង​តាម​ជណ្ដើរ ក៏​ប៉ុន្តែ​ក៏​មាន​ផ្លូវ​ជិះ​វាង​ឡើង​ដល់​លើ​កំពូល​​ភ្នំ​ដែរ​ដោយ​ឆ្វែល​តាម​ចង្កេះ​ភ្នំ​ចម្ងាយ​ប្រហែល​ជា ១ គ.ម៉. ។ ភ្នំ​នេះ​មា​ន​ផ្ទៃ​រាប​ស្មើ​ ដែល​​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​ដើម្បី​និង​ពិនិត្យ​ទេសភាព​តំបន់​នៅ​ជុំ​វិញ​នោះ ។ ទេស​ភាព​​​មើល​ពី​លើ​ភ្នំ​ជីលា​នេះ​ពិត​ជា​ស្រស់​ត្រកាល​ណាស់ បើ​ទោះ​ជា​ផ្ទៃ​មេឃ​មាន​សភាព​ក្ដៅ​ហែង បូក​រួម​នឹង​វាល​ស្រែ​ដែល​សល់​តែ​គល់​ជញ្ជ្រាំង​ក្ដី ។

បន្ទាប់​ពី​សាក​សួរ​ព្រះ​សង្ឃ​រក​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា​ ​និង​ទទួល​បាន​ព័ត៌មាន​លម្អិត​រួច​មក​ ខ្ញុំ​ក៏​បាន​ថ្វាយ​បង្គំ​លា​ព្រះ​អង្គ​ដើម្បី​ទៅ​មើល​ប្រាសាទ​នៅ​ឲ្យ​ជាក់​នឹង​ភ្នែក​តែ​ម្ដង ។ ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​នោះ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ (ទិស​ដៅ​ ភ្នំ​ពេញ – កំពង់ចាម) ដោយ​ត្រូវ​ជិះ​ក្រោម​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​នៅ​ជើង​ ភ្នំ​បែក​ពាង ដែល​ជា​ភ្នំ​ថ្ម​​​ដុះ ។ ខ្ញុំ​បាន​ជិះ​ចូល​ដោយ​សន្សឹម​ៗ និង​បាន​ចូល​ទៅ​សួរ​រក​ផ្លូវ​ទៅ​កាន់​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា ពី​បង​ៗ​ ទាហាន​មួយ​ក្រុម​ដែល​កំពុង​​ពិសា​សុរា ។ បង​ៗ ទាំង​​នោះ​ដែល​មាន​សន្ដាន​ចិត្ត​ល្អ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​ ពិត​ជា​មាន ​ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា​ មែន ក៏​ប៉ុន្តែ​ត្រូវ​សុំ​អនុញ្ញាត​ពី​មេបញ្ជាការ​កងវរសេនាតូច​ដែល​ឈរ​ជើង​នៅ​ទី​នោះ​សិន ។ ខ្ញុំ​ក៏​បាន​ជិះ​បន្ត​ចូល​ទៅ​ទៀត ដោយ​ចូល​ទៅ​ដល់​ក្នុង​បន្ទាយ​តែ​ម្ដង និង​មើល​ឃើញ​ប្រាសាទ​ដែល​ស្ថិត​នៅ​លើ​កូន​ភ្នំ​កម្ពស់​ប្រហែល​ជា ២០ ម៉. ប៉ុណ្ណោះ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​​គេ​មិន​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឡើង​ទៅ​មើល​ប្រាសាទ​នោះ​ទេ ដោយ​មូលហេតុ​ មាន​ការ​សំខាន់ ។

ខ្ញុំ​ចាកចេញ​​មក​វិញ​ទាំង​សោកស្ដាយ​ព្រោះ​បាន​ឃើញ​ប្រាសាទ​នៅ​នឹង​មុខ​ទៅ​ហើយ ។ ខ្ញុំ​បាន​ឆៀង​​ចូល​លា​បង​ៗ ទាហាន​ដែល​​បាន​ប្រាប់​ផ្លូវ​ខ្ញុំ​នោះ​ មុន​នឹង​​បន្ត​ដំណើរ​​ទៅ​កាន់​ស្រុក​កំណើត ។ ដោយ​នឹក​ស្ដាយ​ពេក ក្រោយ​ពី​ជិះ​មក​តាម​ផ្លូវ​ជាតិ​បាន​ប្រហែល​ជា​ ១ គ.ម៉. ខ្ញុំ​ព្យាយាម​រក​មើល​ប្រាសាទ​នោះ​ពី​ចម្ងាយ​ ជា​ភព្វ​ល្អ​ប្រាសាទ​នោះ​​ស្ថិត​នៅ​ចម្ងាយ​ល្មម​និង​​អាច​មើល​ឃើញ​បាន (ខ្ញុំ​ធ្លាប់​ជិះ​តាម​ផ្លូវ​ជាតិ​នេះ​រាប់​សិប​ដង​ហើយ ក៏​ប៉ុន្តែ​មិន​ដែល​ចាប់​ភ្លឹក​នឹក​ដល់​ថា​មាន​ប្រាសាទ​នេះ​សោះ) ។

ខ្ញុំ​ក៏​បាន​ទាញ​យក​កាម៉េរ៉ា​សំណព្វ​ចិត្ត​ខ្ញុំ​ដើម្បី​ថត​រូប​ប្រាសាទ​នេះ​ពី​ចម្ងាយ ។ បើ​ទោះ​ជា​មិន​បាន​ឡើង​ទៅ​មើល​ដល់​ជិត​ជាក់​នឹង​ភ្នែក​ក្ដី ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​រីករាយ​ជា​អនេក​ដែល​ឃើញ​ប្រាសាទ​នេះ​នៅ​ឈរ​​ជ្រងោ​ៗ ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មាន​ភព្វ​បាន​ឡើង​ទៅ​ឃើញ​ប្រាសាទ​នេះ​ដោយ​ផ្ទាល់​ភ្នែក និង​បាន​ប៉ះ​កាន់​ថ្ម​បុរាណ​ដ៏​សក្ដិសិទ្ធិ​ទាំង​នេះ ។

រូប​បង្រួម ថត​ពី​ផ្លូវ​ជាតិ

អាន​បន្ថែម​មូល​ហេតុ​ដែល​ខ្ញុំ​ដឹង​ថា​មាន​ប្រាសាទ​នៅ​លើ​​ភ្នំ​ចរចា ៖ ប្រាសាទ​លើ​ភ្នំ​ចរចា

Categories: ការធ្វើដំណើរ | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

កំណាត់​ផ្លូវ កំពង់ចាម ភ្នំពេញ


កំណាត់ផ្លូវ កំពង់ចាម-ភ្នំពេញ មានរយៈចម្ងាយ 124 គ.ម ដែលក្នុងនោះ 42 គ.ម ត្រូវបើកបរក្នុងទឹកដី ខែត្រកណ្ដាល ឯ 82 គ.ម ទៀតក្នុងទឹកដី ខែត្រកំពង់ចាម ។ រួមជាមួយនោះផងដែរ យើង​​ត្រូវ​​ធ្វើ​​ដំណើរ​លើ​​ផ្លូវ​ជាតិ​ចំនួន 2 ខ្សែ ៖

  • ខ្សែទី 1 ផ្លូវជាតិលេខ 6A ពី ភ្នំពេញ ទៅដល់ ស្គន់ ស្រុកជើងព្រៃ មានរយៈចម្ងាយ 70 គ.ម ។
  • ខ្សែទី 2 ផ្លូវជាតិលេខ 7 ពី ស្គន់ ទៅដល់ ស្នូល ខែត្រក្រចេះ

ក្នុងប្រកាសនេះ ខ្ញុំលើកយកតែកំណាត់ផ្លូវពី កំពង់ចាម-ភ្នំពេញ ទេ ដោយចាប់ផ្ដើមចេញដំណើរពី នាគព័ន្ធ មុខ វត្តនគរបាជ័យ

គិតចាប់ពីចំណុច នាគព័ន្ធ នេះ យើងស្ថិតនៅ ស្រុកកំពង់សៀម យើងបន្តដំណើរប្រហែលជាបាន 2 គ.ម យើង​នឹង​ឃើញ រោងចក្រវាយនភណ្ឌ នៅខាងឆ្វេងដៃ និង ផ្លូវទៅកាន់ ទំនប់ជ្រោយចេក នៅខាងស្កាំដៃ ។ បន្ត​ទៅ​ប្រហែល​ជា 3 គ.ម ទៀត​យើង​និង​បាន​ឃើញ​ស្លាក​សម្គាល់​បញ្ជាក់ថាមកដល់រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី

យើងធ្វើដំណើរបន្តទៅទៀត បានប្រហែលជា 8 គ.ម យើងនឹងទៅដល់ផ្លូវបំបែក ត្រើង ដែល​បត់​ស្ដាំ​យើង​នឹង​​ទៅ​ដល់ ស្រុកចម្ការលើ ក្នុងរយៈចម្ងាយប្រមាណ 35 គ.ម ។ បើយើងបន្តដំណើរទៅត្រង់ យើងនឹងចូលមកដល់ទឹកដី ស្រុកព្រៃឈរ ។ នៅតាមដងផ្លូវយើងនឹងឃើញអ្នកស្រុកអ្នកភូមិ ព្យួរនំជាច្រើនប្រភេទ (ស្គាល់តែ នំខ្ញី មួយ​មុខ​គត់) រណែងរណោងសម្រាប់លក់ ។ បន្តដំណើរបាន 15 គ.ម យើងនឹងមកដល់ទីប្រជុំជន ព្រៃទទឹង ស្រុកព្រៃឈរ ដែលមានផ្លូវបំបែកជា ៤ ។ បើបត់ស្ដាំហើយបន្តដំណើររយៈចម្ងាយ 18 គ.ម ទៀត យើងនឹងទៅដល់រមណីយដ្ឋាន ព្រះធាតុទឹកឆា ។ បើបត់ឆ្វេង យើងទៅដល់ ស្រុកកងមាស

យើងបន្តធ្វើដំណើរមកត្រង់ប្រហែលជា 20 គ.ម យើងនឹងមកដល់ទីប្រជុំជន ស្គន់ ស្រុកជើងព្រៃ ។ បើយើងបត់ស្ដាំ យើងនឹងឡើងតាមផ្លូវជាតិលេខ 6 ដែលអាចនាំយើងទៅកាន់ ខែត្រកំពង់ធំ ខែត្រសៀមរាប ។ បើ​យើង​ធ្វើ​ដំណើរ​ទៅ​ត្រង់ យើងនឹងឡើងតាមផ្លូវជាតិលេខ 6A ។ ទៅហួសពីទីប្រជុំជនប្រហែល 2 គ.ម យើង​អាច​ឃើញ​អាហារដ្ឋាន​តូច​ធំ​ជា​ច្រើន​អម​សង​ខាង​ផ្លូវ​សម្រាប់​ទទួលភ្ញៀវដែលត្រូវការឈប់សម្រាកមុននឹងបន្តដំណើរទៅមុខទៀត ។ កន្លែង​នេះ​ជា​កន្លែង​តែ​មួយ​គត់​ដែល​យើង​អាច​រក​ទិញ អាពីង យក​ទៅ​ញ៉ាំ​បាន ។ ជាមួយនេះផងដែរ ក៏មានតូបតូចៗ ដាក់​លក់​នូវ​នំ​ចំណី​ផ្លែឈើ​នានា​ ជាពិសេស ម្នាស់ទឹកឃ្មុំ ។ បន្ត​ដំណើរទៅទៀត យើង​នឹង​ឃើញ​ស្លាក​បញ្ជាក់​ថា​ផ្លូវ​បត់​ស្កាំ​ចម្ងាយ 2,3 គ.ម នឹង​​នាំ​​យើង​​ទៅ​​ដល់​រមណីយដ្ឋាន ភ្នំជើងព្រៃ ។ បើ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​នៅ​តាម​ដង​ផ្លូវ យើង​នឹង​ឃើញ​អ្នក​ស្រុក​អ្នក​ភូមិ ដាក់​​លក់​​នូវ​ផ្លែ​​ឈើ​ជា​ច្រើន​ដូចជា ផ្លែទឹកដោះ ផ្លែសាវម៉ាវ ផ្លែស្វាយ តាម​រដូវ​កាល​ជាក់​ជា​មិន​ខាន ។

បន្តដំណើរប្រហែលជាជាង 10 គ.ម យើងនឹងមកដល់ទីប្រជុំជន ផ្អាវ ស្រុកបាធាយ ។ បន្ត​ចេញ​ពី​ទី​ប្រជុំជន​ប្រហែល 2 គ.ម យើង​នឹង​ឃើញ ភ្នំបាធាយ នៅ​ខាង​ឆ្វេង​ដៃ​អប​ជាប់​នឹង​ផ្លូវ​តែ​ម្ដង ។ បន្តដំណើរទៅទៀត យើង​នឹង​ឃើញ​នៅ​ខាង​ស្កាំដៃយើងសម្បូរទៅដោយទឹក ល្ហល្ហាច ជាមួយនោះផងដែរ មានអ្នកស្រុកអ្នកភូមិដាក់លក់ ផ្លែឈូក ត្រីអាំងត្រីឆ្អើរ ជាពិសេសគឺ ទាទឹក (ខ្ញុំមិនសូវស្គាល់ច្បាស់ដែរ) ដែលគេធ្វើរួចយ៉ាងស្អាតតែម្ដង ហើយដាក់ព្យួរបង្ហាញ ។ ឯ​នៅ​ខាង​ឆ្វេង​ដៃ​វិញ យើង​ឃើញ​ភ្នំ​មួយ​កំពុង​ត្រូវ​បាន​គេ​ដាក់​រំសេវ​ផ្ទុះ​ជា​រៀងរាល់ថ្ងៃដើម្បីយកថ្ម (ខ្ញុំឃើញជាង 10 ឆ្នាំហើយ មិនទាន់អស់មួយចំហៀងភ្នំទេ) ។

បន្តមកមុខប្រហែលជា 4 គ.ម យើងនឹងមកដល់ផ្លូវបំបែក ថ្នល់កែង ។ បើយើងបត់ឆ្វេង ហើយ​បន្ត​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ 6A ប្រហែលជា 8 គ.ម យើងនឹងមកដល់ព្រំប្រទល់រវាង ខែត្រកំពង់ចាម និង ខែត្រកណ្ដាល ហើយ​យើង​បន្ត​ធ្វើ​ដំណើរ​ត្រង់រហូតប្រហែលជា 40 គ.ម យើងនឹងមកដល់ ស្ពានជ្រោយចង្វា ដោយឆ្លងកាត់ស្ពានតូចៗ ចំនួន 20 (ស្ពានមួយចំនួនត្រូវបានកម្ទេច ដោយគម្រោងពង្រីកផ្លូវជាតិលេខ 6A) ។ បើយើងបត់ស្ដាំ យើង​នឹង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ 61 ដែល​​នាំ​យើង​​ទៅ​ដល់ ព្រែកក្ដាម ដែល​ត​ភ្ជាប់ជាមួយផ្លូវជាតិលេខ 5 ដែលយើងអាចធ្វើដំណើរទៅ ខែត្រកំពង់ឆ្នាំង ខែត្រពោធិ៍សាត់ និង ខែត្របាត់ដំបង

Categories: ការធ្វើដំណើរ | ពាក្យ​គន្លឹះ៖ , , , , | 18 មតិ

ប្លក់​នៅ WordPress.com.