ព័ត៌មាន៖ ទន្លេតូច គោក


ទន្លេតូច (កែសម្រួល​ដោយ អ្នក​និពន្ធ)

ទន្លេតូច គឺជា​ប្រព័ន្ធ​​ផ្លូវ​ទឹកមួយ​ដែល​បែក​ចេញពី​ទន្លេមេគង្គ​ក្នុង​ខេត្តកំពង់ចាម ត្រង់​ពាមប្រធ្នោះ ហូរ​ឆ្លងកាត់ និង​ក្លាយជា​ព្រំប្រទល់​រវាង​ខេត្តកំពង់ចាម​-​ព្រៃវែង និង កណ្តាល​-​ព្រៃវែង​ ហើយ​ទៅ​ភ្ជាប់​នឹង​ទន្លេ​មេគង្គ​វិញ​នៅ ត្រង់ ពាម​ផ្កាយ​ម្រេច ​ស្រុកពាមរក៍ នៅជិត​អ្នក​លឿង។

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន មាន​ការផ្សព្វផ្សាយ​​ព័ត៌មាន​ចេញ​ពី​ ឃុំមេសរប្រចាន់ ស្រុក​ពារាំង ដោយ​សារ​អ្នក​ស្រុក​ដែល​រស់​នៅ​តាម​បណ្ដោយ​ដង​ទន្លេ​តូច​ ឃើញ​ទន្លេ​គោក​រីង​ស្ងួត​អស់​ទឹក​រលីង​តែម្ដង។ ក្រោយ​មក​ គេ​ក៏​ទទួល​បាន​ព័ត៌មាន​ថាមាន​ការកសាង​​ជា​ទំនប់​​កាត់​ទន្លេ​តូច​ដើម្បី​ប្រើ​ជា​ស្ពាន​ឆ្លង​ពី​ពាម​ចក មក​ពាមប្រធ្នោះ ក្រោម​ការ​ផ្ដួច​ផ្ដើម​នៃ​ព្រះគ្រូ​ចៅ​អធិការ​វត្ត​ពាមប្រធ្នោះ។ ដូច្នេះអ្នក​ស្រុកនៅ​ខ្សែទឹក​ខាង​ក្រោម ក៏​បាន​ប្រមែប្រមូល​គ្នា​ឡើង​ទៅដល់​ទីតាំង​ វត្ត​ពាម​ប្រធ្នោះ ហើយ​ស្នើ​សុំ​ឱ្យ​​បើក​ផ្លូវទឹក​វិញ ដើម្បី​ឱ្យ​មាន​ទឹក​ហូរ​ទៅ​ក្រោម។ នៅ​លើ​បណ្ដាញ​សង្គម​វិញ មាន​ការ​វែក​ញែក​គ្នា​ជា​ហូរ​ហែ រវាងអ្នកគាំទ្រ​ការ​ធ្វើ​ទំនប់​នេះ និង​អ្នក​ដែល​មិន​យល់​ស្រប។​

នេះ​ជា​រូបភាព​បើក​ផ្លូវទឹក​ឡើង​វិញ​នៅ​ថ្ងៃ​ទី១១ មេសា ដែល​ពលរដ្ឋ​នៅ​ក្រោម​ខ្សែ​ទឹក​នាំ​គ្នា​ឡើង​មក​តវ៉ា​ សុំ​ឱ្យ​កាយ​ផ្លូវចេញ​វិញ។

នៅថ្ងៃទី១៣ មេសា មុនថ្ងៃចូលឆ្នាំមួយថ្ងៃ យើងទទួលព័ត៌មានតាមបណ្ដាញ​សង្គម​ថា គេចាប់ផ្ដើម​សង់​កូនស្ពានឈើតូចមួយល្មម​សម្រាប់​ឆ្លង​ហើយ។ យើងសង្ឃឹមថា គេនឹងកាយដី​ដែល​ចាក់​ចូល​ទន្លេ​ចេញ ហើយ​កសាង​ស្ពាន​ដែល​ធំ និង​រឹងមាំ​ជាង​នេះ​ នៅពេល​ខាង​មុខ។

​អានព័ត៌មានបន្ថែម៖

មើល​ព័ត៌មាន​អំពីការសងសង់នេះ https://www.youtube.com/watch?v=ntzRCNqNo7k

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ព័ត៌មាន៖ ពលរដ្ឋ​នៅ​ឃុំ​ល្វេ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​រឿង​សំរាម​នៅ​តាម​មាត់​ទន្លេ


ដោយ​ សូត សុខប្រាថ្នា
2017.02.03

សំរាម​នៅ​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង ជាប់​នឹង​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៧។ RFA/Saut Sokprathna

ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​ទន្លេតូច ក្នុង​ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម មិន​ពេញ​ចិត្ត​ចំពោះ​បរិស្ថាន​ក្បែរ​ទីប្រជុំជន​ផ្សារ​ព្រែកសណ្តែក។ ពលរដ្ឋ​មិន​ពេញ​ចិត្ត​ដោយសារ​នៅ​តាម​មាត់​ទន្លេ​តូច​ក្បែរ​ផ្សារ​នេះ ម្ខាង​នៃ​ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង មាន​សំរាម​ជា​ច្រើន​ត្រូវ​បាន​គេ​យក​មក​បោះចោល ហើយ​ហូរ​ចូល​ទឹក​ទន្លេ​ថែម​ទៀត​ផង។ អភិបាល​ស្រុក​ស៊ីធរកណ្តាល បញ្ជាក់​ថា អាជ្ញាធរ​ធ្លាប់​ចាត់​វិធានការ​លើ​ករណី​នេះ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​លោក​ថា នឹង​រៀបចំ​តំបន់​នោះ​ឱ្យ​ប្រសើរ​ក្នុង​ពេល​ឆាប់ៗ​នេះ។

​បើទោះបី​ជា​មាន​ស្លាក​សញ្ញា​ដែល​សរសេ​ថា ហាម​ចោល​សំរាម​ក៏ដោយ ប៉ុន្តែ​សំរាម ពិសេស​ពពួក​ថង់​ប្លាស្ទិច គឺ​ព័ទ្ធ​ជុំវិញ​ស្លាក​សញ្ញា​នោះ​តែម្តង។ សំរាម​មិន​ត្រឹមតែ​ព័ទ្ធ​បង្គោល​ស្លាក​សញ្ញា​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ហូរហែ​តាំង​ពី​មាត់​ច្រាំង រហូត​ដល់​មាត់​ទឹក​ទន្លេ​តែម្តង។ ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ត្រើយ​ម្ខាង​នៃ​ទន្លេតូច គឺ​នៅ​ខាង​ឃុំ​ល្វេ ស្រុក​កោះសូទិន មិន​ពេញ​ចិត្ត​ចំពោះ​បញ្ហា​នេះ ត្បិត​មាន​ពលរដ្ឋ​មួយ​ចំនួន​ប្រើប្រាស់​ទឹក​ទន្លេ​នោះ​ដែរ ពិសេស​សម្រាប់​សត្វពាហនៈ​របស់​ពួកគាត់។ សំរាម​ទាំង​នោះ​មាន​ច្រើន គឺ​ស្ថិត​នៅ​ត្រើយម្ខាង​ក្នុង​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្តាល ខេត្ត​ព្រៃវែង ព្រោះ​ជាទី​ប្រជុំជន​ផ្សារ​ព្រែកសណ្តែក។

​ពលរដ្ឋ​នៅ​ឃុំ​ល្វេ មួយ​រូប លោក បូ រី មាន​ប្រសាសន៍​ថា សំរាម​ទាំង​នោះ​ភាគ​ច្រើន​ពលរដ្ឋ​អ្នក​លក់​ដូរ​នៅ​ផ្សារ​សណ្តែក ជា​អ្នក​យក​មក​ចោល។ លោក​យល់​ថា ត្បិតតែ​ពលរដ្ឋ​ខ្លះ​មាន​ប្រព័ន្ធ​ទឹកស្អាត​ប្រើប្រាស់​ក៏ដោយ ប៉ុន្តែ​ការ​បោះ​ចោល​សំរាម​ចូល​ទន្លេ​បែប​នេះ គឺ​ជា​រឿង​មិន​ល្អ​ទេ ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ឬ​សុខភាព មនុស្ស សត្វ ជាដើម៖ «យក​មក​បោះចោល​អ៊ីចឹង​វា​គោក​ទន្លេ គោក​អី​អស់​ហើយ។ អា​ហ្នឹង​មក​ពី​ផ្សារ​ហ្នឹង​គេ​មិន​ដោះស្រាយ»។

សំរាម​ជា​ច្រើន​បាន​រសាត់​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​តូច​ធ្វើឱ្យ​ទឹក​កខ្វក់ ហើយ​នៅ​ពេល​ធ្វើ​ដំណើរ​ឡើង​ចុះ​ស្ពាន​សមាគមន៍ ឬ​ស្ពាន​បណ្តោះអាសន្ន ដែល​ភ្ជាប់​ពី​ឃុំ​ល្វេ ស្រុក​កោះសូទិន មក​កាន់​ឃុំ​ព្រែកចង្ក្រាន ស្រុក​ស៊ីធរកណ្តាល នោះ ក្លិន​ស្អុយ​បាន​ភាយ​ចេញ​ពី​សំរាម។ យូរៗ​ម្តង ពលរដ្ឋ​នៅ​ឃុំ​ល្វេ បាន​យក​សត្វ​គោក្របី​មក​លាង​ទឹក​ទន្លេ​តូច​ថែម​ទៀត។

ពលរដ្ឋ​មួយ​រូប​ទៀត លោក ឡុង វណ្ណដា បញ្ជាក់​ថា បញ្ហា​សំរាម​នេះ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​វិធានការ​ដោះស្រាយ​ឡើយ។ លោក​ថា ប្រសិន​រាជរដ្ឋាភិបាល ឬ​អង្គការ​ជា​ដៃគូ​ជួយ​ដោះស្រាយ ទើប​អាច​មាន​ប្រសិទ្ធភាព​ជាង។

​ពលរដ្ឋ និង​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​ព្រែកសណ្តែក​ខ្លះ បាន​បដិសេធ​ថា ពួកគេ​មិន​បាន​ចោល​សំរាម​ទី​នោះ​ទេ ហើយ​បាន​ទំលាក់​ការ​ទទួល​ខុស​ត្រូវ​នេះ​ទៅ​លើ​អ្នក​លក់​ដូរ​តូច​តាច ឬ​អ្នក​លក់​ដូរ​បន្លែ​ផ្លែឈើ​ទៅ​វិញ។

អភិបាល​ស្រុក​ស៊ីធរកណ្តាល លោក មុនី បណ្ឌិត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ថា កន្លង​មក​អាជ្ញាធរ​តែង​ចាត់​វិធានការ​លើ​ករណី​នេះ​ជា​ច្រើន​លើក​ច្រើន​សា ដោយ​មាន​ទាំង​នាំ​សិស្ស​សាលា​វិទ្យាល័យ​មក​សំអាត​ទៀត​ផង។ បន្ថែម​ពី​នេះ អាជ្ញាធរ​ក៏​បាន​អប់រំ​ណែនាំ​ពលរដ្ឋ និង​អាជីវករ​នៅ​ផ្សារ​ព្រែកសណ្តែក មិន​ឱ្យ​បោះចោល​សំរាម​ទៅ​មាត់​ទន្លេ​តូច​នោះ​ឡើយ ប៉ុន្តែ​អាច​ដោយសារ​ទម្លាប់​របស់​ពលរដ្ឋ ទើប​បញ្ហា​នេះ​នៅ​តែ​កើត​ឡើង។

យ៉ាង​នេះ​ក្តី អភិបាល​ស្រុក​រូប​នេះ បញ្ជាក់​ថា អាជ្ញាធរ​បាន​រៀបចំ​គម្រោង​ច្បាស់លាស់​ហើយ គឺ​កែប្រែ និង​រៀបចំ​ផ្សារ​ព្រែកសណ្តែក ឱ្យ​បាន​ប្រសើរ​ឡើង ព្រម​ទាំង​ចាត់​វិធានការ​លើ​បញ្ហា​សំរាម និង​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ៖ «ព្រោះ​រឿង​នេះ​មិន​មែន​ជា​រឿង​តែ​អាជ្ញាធរ​មួយ​ទេ គឺ​ជា​រឿង​ទាំង​អស់​គ្នា។ រឿង​សំរាម​នេះ គឺ​ផ្តើម​ចេញ​ទាំង​អស់​គ្នា បើ​ផ្តើម​ចេញ​តែ​ពី​អាជ្ញាធរ​មួយ​ក៏​ធ្វើ​ការងារ​ហ្នឹង​មិ​នបាន​ល្អ​ទេ គឺ​ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​សមាសភាគី ពិសេស​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ហ្នុង​តែម្តង»។

ករណី​បោះចោល​សំរាម និង​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេ គឺ​រង​ការ​រិះគន់​ពី​ពលរដ្ឋ​នៅ​ឃុំ​ល្វេ ភាគ​ច្រើន ហើយ​ពួកគាត់​ក៏​ធ្លាប់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ថែម​ទៀត។ ជំទប់​ទី​១ ឃុំ​ល្វេ មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស លោក ឈន់ ឈឿន មាន​ប្រសាសន៍​ថា កន្លង​មក​ពលរដ្ឋ​ពិត​ជា​ធ្លាប់​ស្នើ​ឱ្យ​ចាត់​វិធានការ​លើ​ករណី​នេះ ប៉ុន្តែ​មិន​មាន​ប្រសិទ្ធិភាព​ទេ។ លោក​បន្ត​ថា ត្បិតតែ​ពលរដ្ឋ​មិន​បាន​ប្រើប្រាស់​ទឹក​ទន្លេ​ដោយផ្ទាល់​ក៏ដោយ ប៉ុន្តែ​ទឹក​ស្អាត​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់ គឺ​គេ​បូម​ទឹក​ពី​ទន្លេ​ដើម្បី​យក​ទៅ​ចម្រុះ​ដូច​គ្នា​ដែរ៖ «សំណូម​ប្រជាពលរដ្ឋ​ក្រុមប្រឹក្សា​ឃុំ​យើង​ក៏​បាន​លើក​ដែរ ស្តីពី​បរិស្ថាន ពីព្រោះ​ទី​មួយ​ទឹក​អី វា​ត្រូវ​ការ​ប្រើ​ទឹក​ហ្នឹង​ដែរ»។

ជំទប់​ឃុំ​រូប​នេះ​យល់​ថា ការ​ចោល​សំរាម និង​បង្ហូរ​ទឹក​ស្អុយ​ចូល​ទន្លេតូច គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​មនុស្ស​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​មច្ឆាជាតិ​ក្នុង​ទឹក​ទៀត​ផង៕

ចម្លងទាំងស្រុងពី វិទ្យុអាស៊ីសេរី៖ ពលរដ្ឋ​នៅ​ឃុំ​ល្វេ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​រឿង​សំរាម​នៅ​តាម​មាត់​ទន្លេ

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

ព័ត៌មាន៖ អ្នកភូមិស្រែ​ស្ពៃ​ចាប់​យក​អាជីព​លក់​​ត្រសក់​ចាវ​​ និង​ឆៃប៉ូវ


អ្នកស្រី ​វួ​ង សុភា

០៩ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ១៥:៥១

ខេត្ត​ត្បូងឃ្មុំ​ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ បាន​ចាប់​យក​អាជីព​ធ្វើ​ត្រសក់​ចាវ និងឆៃប៉ូវ​ផ្អែម​លក់​​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ​តាម​រយៈ​មុខរបរ​នេះ​ក៏​បាន​ជួយ​ឱ្យ​កូន​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ ​និង​បាន​ចេញ​ការងារ​ធ្វើ​សមរម្យ​ផង​ដែរ​។

អ្នកស្រី ​វួ​ង សុភា អាយុ​៥០ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ នា​ព្រឹក​ថ្ងៃ​ទី​០៨ ​មីនា ​ឆ្នាំ​២០២៣ ថា ដើមដំបូង​ កាលពី​ពេល​ដែល​គាត់​នៅ​តូច​ឪពុក​ម្ដាយ​ចេះ​ធ្វើ​ត្រសក់ចាវ​ និង​ឆៃប៉ូវ​ផ្អែម ដោយ​ធ្វើ​ម្ដង​ៗ​ប្រមាណ​ជា១០​គីឡូ​ទុក​សម្រាប់​ហូប​ក្នុង​គ្រួសារ​មិន​មានការ​លក់ដូ​អ្វី​នោះ​ទេ​។ អ្នកស្រី​ សុភា បាន​រៀបរាប់​ទាំង​ញញឹម​បន្ត​ទៀត​ថា ក្រោយមក​​គាត់​បាន​ទទួល​ការ​បង្ហាត់បង្រៀន​ពី​ឪពុក​ម្ដាយ​ឱ្យ​ចេះ​ធ្វើ​របស់​ទាំងនេះ​សម្រាប់​ទុក​ទទួលទាន។ មក​ដល់​សព្វថ្ងៃ​គាត់​ក៏​បាន​បែកគំនិត​ពង្រីក​មុខរបរ​នេះ​ឲ្យ​កាន់តែ​ធំ​ឡើង​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែល​មាន​គ្នា​ចំនួន​៧នាក់​។​ ចំពោះ​ត្រសក់​គឺ ​បាន​ប្រមូល​ទិញ​ពី​តាម​ចំការ​មួយ​ចំនួន​ដែល​គេ​ដាំ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ មួយ​គីឡូ​ក្រាម​តម្លៃ​១៣០០រៀល ហើយ​យក​មក​ត្រាំ​ទឹកអំបិល​នៅ​ក្នុង​អាង​រួច​ស្រង់​ហាលថ្ងៃ ពេល​ដែល​ស្រពោន​អាច​លក់​បាន​មួយ​គីឡូ​តម្លៃ​៣០០០ ទៅ ​៣៥០០រៀល​។​ ចំពោះ​អ្នក​ដែល​មក​ទិញ​គឺ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ និង​រថយន្ត​ឆ្លងកាត់​ផ្លូវថ្នល់​មុខ​ផ្ទះ​របស់​គាត់​។​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ តាម​រយៈ​អ្នក​ដែល​មក​ទិញ​យក​ទៅ​ទទួលទាន​ឃើញ​ថា ​មាន​រសជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​របស់​ដែល​គាត់​ផលិត​បាន​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ម៉ូយ​កម្ម​ង់​ទិញ​មក​ពី​តាម​បណ្ដា​ខេត្ត​រាជ​ធានី​ក្នុង​នោះ​ មាន​ដូច​ជា កំពង់សោម រាជធានី​ភ្នំពេញ ប៉ោយ​ប៉ែ​តជាប់​ព្រំដែន​ថៃ ​ព្រមទាំង​ខេត្ត​មួយ​ចំនួន​ទៀត​ពោល​គឺ​ស្ទើរ​គ្រប់​ខេត្ត​តែ​ម្ដង​។ សម្រាប់​ត្រសក់​ចាវ​ដាក់​ក្នុង​ក្រឡ​អាច​លក់​បាន​តម្លៃ​១​ម៉ឺន​រៀល ​ទៅ ១៥០០០​រៀល ឆៃប៉ូវ​ផ្អែម​អាច​លក់​បាន​មួយ​គីឡូ​តម្លៃ​៨០០០​រៀល ​តាម​ប្រភេទ​សើម ​ឬ​ស្ងួត​។

អ្នកស្រី ​វួ​ង សុភា បញ្ជាក់​ឲ្យ​ដឹង​ថា មុខរបរ​នេះ​គឺ​ពិតជា​ហត់​ដូច្នេះ​ត្រូវ​តែ​មានការ​អត់ធ្មត់​។ ​នៅ​ក្នុង​ឆ្នាំ​២០២៣​ អំបិល​ធ្លាប់​ទិញ​មួយ​កា​រ៉ុ​ង​តម្លៃ១៧០០០រៀល ឥឡូវ​ឡើង​ដល់​២៩០០០​រៀល ដោយសារ​តែ​កត្តា​អំបិល​ឡើងថ្លៃ​គាត់​ទទួល​ការ​ចំណេញ​តិច​។ ទោះជា​យ៉ាងណា​ក៏​ដោយ ​គឺ​មិន​ឱ្យ​បាត់បង់​មុខរបរ​នេះ​ទេ ពេល​អនាគត​ចាស់​ទៅ​គឺ​ ចង់​ផ្ទេរ​របស់​នេះ​ទៅ​ឲ្យ​កូន​ៗ​ មិនដឹង​ថា​ តើ​មានកូន​ណា​មួយ​ស្ម័គ្រចិត្ត​នឹង​បន្ត​របស់​នេះ​ដើម្បី​ដោះស្រាយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​គាត់​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​ជំរុញ​ឲ្យ​កូនប្រុស​ច្បង​ម្នាក់​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​អូរ​រាំង​ឪ​នឹង​បាន​បន្ត​ការ​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ មក​ដល់​សព្វថ្ងៃ​កូនប្រុស​រូប​នោះ​បាន​ចេញ​ធ្វើការ​ហើយ​ និង​បាន​ជួយ​សម្រាល​បន្ទុកគ្រួសារ​បាន​មួយ​កម្រិត​ផង​ដែរ​។

ចម្លងទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ អ្នកភូមិស្រែស្ពៃចាប់យកអាជីពលក់ត្រសក់ចាវ និងឆៃប៉ូវ

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ប្រកាស៖ ការបង្កើត និងលុបចោលភូមិ នៃខេត្តកំពង់​ចាម ​(២០២៣)


Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ព័ត៌មាន៖ អតីតជើងឯកប្រណាំងកង់ លុយ សុខុម


យឺន ពន្លក | Publication date 25 June 2010

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ការ​ប្រកួត​រត់​ប្រណាំង​ទិវា​អូឡាំពិក​អន្តរ​ជាតិ​ដែល ​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ គេ​បាន​សង្កេត​ឃើញ លោក​តា ​លុយ​ សុខុម អតីត​ម្ចាស់​មេ​ដាយ​មាស​កីឡា​ប្រណាំង​កង់​ទសវត្សរ៍ ៦០​ក៏​មាន​វត្ត​មាន​ដែរ ទោះ​បី​ជា​នៅ​ពេល​នេះ លោក​មាន​អាយុ​៧៥​ឆ្នាំ​ទៅ​ហើយ​ក្តី។ ក្នុង​វ័យ​ចំណាស់​ជាង​គេ លោក​តា លុយ សុខុម នៅ​តែ​អាច​រត់​ប្រណាំង​ប្រជែង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​ចំណោម​ កីឡា​ករ កីឡា​ការិនី​ចូល​រួម​ចំនួន​៥០០​នាក់ ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​៣០១៥​ម៉ែត្រ។

លោក លុយ សុខុម មាន​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​កំពង់ចាម ក្នុង​គ្រួសារ​មន្ត្រី​រាជ​ការ​នៅ​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​លោក​មាន​និស្ស័យ​ចូល​ចិត្ត​លេង​កីឡា​តាំង​ពី​ក្មេង​មក​ដូច​ជា កីឡា​រត់​ចម្ងាយ ហែល​ទឹក និង​ប្រណាំង​កង់​ជា​ដើម​។ លោក​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​កីឡា​តាំង​ពី​ឆ្នាំ​១៩៥៤​មក។ លោក​តា លុយ សុខុម បាន​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​កីឡា​ជិះ​កង់​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៣ ក្នុង​ខេត្ត​កំពង់ចាម​ជា​មួយ​លោក​គ្រូ​ឈ្មោះ ប៊ុន​នៅ។​ បន្ទាប់​មក ខ្ញុំ​បាន​ខិត​ខំប្រឹង​ប្រែង​រៀន និង​ហ្វឹកហាត់​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ហើយ​ខ្ញុំ​ក៏​បាន​ជាប់​ជា​កីឡា​ករ ​ប្រណាំង​កង់​ជម្រើស​ជាតិ​នៅ​ក្នុង​ឆ្នាំ​១៩៥៩​ហើយ​ខ្ញុំ​បាន​បន្ត​មក​ហ្វឹក​ហាត់ ​ប្រមូល​ផ្តុំ​គ្នា​ជា​មួយ​កីឡា​ករ​ជម្រើស​ជាតិ​ដទៃ​ទៀត​នៅ​ទី​ក្រុង​ភ្នំពេញ»។

លោក លុយ សុខុម បានមាន​ប្រសាសន៍​រំឭក​ថា នៅ​ឆ្នាំ​១៩៦០ លោក​បាន ចូល​រួម​ការ​ប្រកួត​កីឡា​ជិះ​កង់​ថ្នាក់​ជាតិ និង​បាន​ទទួល​មេ​ដាយ​មាស​ជា​លើក​ដំបូង​ក្នុង​ការ​ប្រណាំង​កង់​ចម្ងាយ​១៧៥​ គីឡូម៉ែត្រ ដោយ​នៅ​ពេល​នោះ សម្តេច​ព្រះ​ករុណា​នរោត្តម​សីហនុ ព្រះ​អង្គ​ប្រទាន​ដោយ​ផ្ទាល់​។

នៅ​ឆ្នាំ​១៩៦១​ លោក​បាន​ចូល​រួម​ការ​ប្រកួត​ប្រណាំង​កង់​ថ្នាក់​អាស៊ី​នៅ​ប្រទេស​ជប៉ុន​។ ក្នុង​ចំណោម​កីឡាករ​ជាង​១០០​នាក់​មក​ពី​គ្រប់​ប្រទេស​នៅ​អាស៊ី​ កីឡាករ​សុខុម ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ​វិញ្ញាសា​ឯកត្ត​ជន​ចម្ងាយ​១៧៤​គីឡូ​ម៉ែត្រ​។

នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​ប្រកួត​ប្រណាំង​កង់​លក្ខណៈ​ជា​ក្រុម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​ក្នុង​ចម្ងាយ​១៧០​គីឡូម៉ែត្រ​ជា​ក្រុម​ដោយ​ពេល​នោះ​ក្រុម​លោក ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤។

នៅ​ឆ្នាំ​១៩៧០​ ដល់​ចុង​ឆ្នាំ​១៩៧៤ ​លោក​ចូល​បម្រើ​ការងារ​នៅ​កង​រាជ​តម្រួត​មាន​តួនាទី​ជា​គ្រូ​បង្ហាត់ កីឡា​អត្ត​ពលកម្ម ​រហូត​ចូល​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ខ្មែរ​ក្រហម​។

ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ​ឆ្នាំ​១៩៧៩ ​លោក​បាន​ភៀស​ខ្លួន​ទៅ​ព្រំ​ដែន​ប្រទេស​កម្ពុជា​-ថៃ ​និង​មាន​វាសនា​បាន​ទៅ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​។ ​ការ​រស់​នៅ​លើ​ទឹក​ដី​អាមេរិក​មាន​សេរី​ភាព​គ្រប់​គ្រាន់​មែន​ ប៉ុន្តែ​ដោយ​ក្តី​នឹក​រឭក​ស្រុក​កំណើត​ និង​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​កីឡា ពិសេស​កីឡា​ប្រណាំង​កង់ លោក​ក៏​បាន​វិល​ត្រឡប់​មក​រស់​នៅ​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩៤​។

អតីត​ម្ចាស់​មេ​ដាយ​មាស​កីឡា​ប្រណាំង​កង់​រូប​នេះ​មាន​ប្រសាសន៍​ថា​៖ «សព្វ​ថ្ងៃ ​ខ្ញុំ​មាន​អាយុ​៧៥​ឆ្នាំ តែ​ខ្ញុំ​មាន​សុខ​ភាព​ល្អ អាច​ចូល​រួម​លេង​កីឡា​មហា​ជន​ដើម្បី​សុខភាព​បាន។ ក្នុង​មួយ​ថ្ងៃ​ ខ្ញុំ​ជិះ​កង់​ចម្ងាយ​ពី​៨០ ​ទៅ​១០០​គីឡូម៉ែត្រ​ជា​លក្ខណៈ​ហាត់​ប្រាណ​ ប៉ុន្តែ​បើ​ចង់​ជិះ​ប្រឡង​ប្រណាំង​វិញ លោក​អាច​ជិះ​បាន​ក្នុង​ល្បឿន​ពី​៣៨ ទៅ​៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង»​។ ទោះ​បី​ជា​លោក​មាន​អាយុ​ច្រើន​ដូច​នេះ​ក្តី ប៉ុន្តែ​រូប​លោក​នៅ​តែ​បន្ត​ការ​ប្រណាំង​របស់​លោក​ជានិច្ច។

ទាក់​ទង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​លោក ​លុយ សុខុម ​បាន​ប្រាប់​ថា ​លោក​មាន​ជីវភាព​ធម្មតា​ ដោយ​សារ​មាន​កូន​៤​នាក់​នៅ​ក្រៅ​ប្រទេស​ជួយ​ឧបត្ថម្ភ ហើយ​សព្វ​ថ្ងៃ​លោក​គឺ​ជា គ្រូ​បង្ហាត់​កីឡា​ប្រណាំង​កង់​ស្ម័គ្រ​ចិត្ត​នៅ​មន្ទីរ​អប់រំ យុវ​ជន និង​កីឡា​ខេត្ត​កំពង់ចាម និង​នៅ​ភ្នំពេញ​ផង​ដែរ​៕

ចម្លងទាំងស្រុងពី ភ្នំពេញប៉ុស្តិ៍៖ លុយ សុខុម ម្ចាស់មេដាយមាសប្រណាំងកង់ទសវត្ស​រ៍ឆ្នាំ១៩៦០

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ព័ត៌មាន៖ អតីតជើងឯកប្រណាំងកង់ យី យុង


ចុះផ្សាយ​នៅ​ថ្ងៃ៖ 21/04/2022 – ដោយ៖ អេង គីមហុង

រក្សាសិទ្ធ៖ ខៀវ សុភ័ក្រ (Kevin Cam)

អតីតកីឡាករជើងឯកប្រណាំងកង់នាទស្សវត្សឆ្នាំ១៩៦០ លោក យី យុង បានបង្ហាញអារម្មណ៍សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍បង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយដែលស្រឡាញ់វិស័យកីឡាផ្នែកប្រណាំងកង់។​ នៅក្នុងវ័យ៨១ឆ្នាំ លោក យី យុង បានអះអាងថា លោកគ្មានឱកាសព្រោះឱកាសមិនត្រូវបានគេផ្ដល់ឲ្យ គួបផ្សំបញ្ហាសុខភាពដែលបន្សល់ទុកកាលពីអតីតកាល។​ អាជីពរបស់លោកត្រូវបានកប់ទុកចោលតាំងពីឆ្នាំ១៩៧៥ដល់បច្ចុប្បន្ន។ បច្ចុប្បន្នលោកត្រឹមអង្គុយចង់ស្រមៃក្លាយជាគ្រូបង្វឹក តែការពិតនៅឆ្ងាយដោយសារជើងធ្លាប់តែធាក់កង់ ប្រែជាធាក់លែងបាន ដើរក៏លែងរួច ចុងក្រោយនៃជីវិតបានអង្គុយនៅមួយកន្លែង។

ស្ដាប់បទយកការណ៍ទាំងមូល៖ RFI: អតីតជើងឯកប្រណាំងកង់ទស្សវត្ស៦០ លោក យី យុង សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍ដល់យុវជនជំនាន់ក្រោយ

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

រូបថតដ្រូន កំពង់ចម្លងជីហែ


យូរណាស់ដែរហើយ ដែលខ្ញុំខានបានឆ្លងតាមកំពង់ចម្លងជីហែ-កោះសូទិន (អានប្រកាសកាលពី១០ឆ្នាំមុន)។ គិតៗទៅពេលវេលាពិតជាលឿនមែន! មួយរយៈនេះ ដោយសារទំនេរក៏រកមើល​រូប​ចាស់ៗ ទើប​ឃើញ​រូបថតពីលើអាកាសដែលខ្ញុំទើបថតកាលពីខែមិនា ឆ្នា២០២២ នេះ។ ខ្ញុំមានដាក់បង្ហាញ៥សន្លឹកដូចខាងក្រោម៖

កំពង់ចម្លងជីហែ

ផ្សារជីហែ

វត្តជីហែ

ផ្សារជីហែ

សាឡាង

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

ព័ត៌មាន៖ អតីតអ្នកចម្រៀងជំនាន់ខ្មែរក្រហម


អ្នកស្រី សាន យឿន អតីតអ្នកចម្រៀងជំនាន់ខ្មែរក្រហមដែលនៅមានជីវិត

ដោយ៖ ឃុត សុភចរិយា, 09 August 2022

កំពង់ចាម៖ អស់​រយៈពេល​ជាង​ ៤០​ ឆ្នាំ អ្នកចម្រៀង​ស្រី​នៃ​របប​ខ្មែរក្រហម​ដ៏​ល្បីល្បាញ​ម្នាក់ បានរស់នៅ​យ៉ាង​ស្ងប់​​ស្ងៀម​ជាមួយ​មុខរបរ​ធ្វើស្រែ​ចម្ការ​ផ្សំ​​គ្នា​ជាមួយ​ជំនាញ​ចាប់​សរសៃ​ដ៏​សា​ម​ញ្ញ ដោយ​លែង​នឹកនា​ពី​អាជីព​ជា​អ្នកចម្រៀង​ដែល​ជួយ​ឱ្យ​គាត់​រក្សា​ជីព​​ជន​ពី​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ក្រុម​អាវខ្មៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី ស្ត្រី​ដែលមាន​សម្បុរ​ខ្មៅ​ស្រអែម និង​ស្នាម​ជ្រីវជ្រួញ​នៅលើ​ផ្ទៃមុខ បាន​អង្គុយ​យោលអង្រឹង​​ ក្មេងប្រុស​ម្នាក់ ដែល​ចង​ពីលើ​គ្រែ​តូច​មួយ​នៅក្រោម​ផ្ទះ​របស់គាត់​ដែលមាន​ប្រក់​ក្បឿង​ ១ ​កំណាត់​មុខ និង​ប្រក់​ស័​ង្ក​សី​នៅ​កំណាត់​ក្រោយ បាន​បន្លឺ​សំនៀង​យ៉ាង​គ្រលួច​បំពេរ​ក្មេងប្រុស ​ដែល​កំពុង​ស្រែកយំ​នោះ​ឱ្យ​ស្ងប់ស្ងាត់ ហើយ​គេង​លង់លក់​យ៉ាង​ស្កប់ស្កល់​។

«​ឱ​កូន​មាសម្ដាយ កូនប្រុស​ចាំ​ស្ដាប់​ម្ដាយ​នឹង​រ៉ាយរ៉ាប់​សព្វ​ដល់​អ្នក​ថ្លៃ ពុក​ក៏​ផ្ដែផ្ដាំ​កូន​ចាំ​រាល់ថ្ងៃ ចាំ​ ១ ​ជីវី កុំបី​ភ្លេច​ឡើយ​។ កូនៗ​សព្វថ្ងៃ​បាន​ក្ដី​សុខា​ក្រោម​ទង់​កម្ពុ​ជាថ្មី​សន្លាង​ហើយ​…»​។ ម្ដង​ហើយ​ម្ដងទៀត ស្ត្រី​វ័យ​ ៦៧​ ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​ ៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម គឺ​​អ្នកស្រី សាន យឿន បានចៀ​ង​បំពេរ​ចៅប្រុស​របស់គាត់​ដែលមាន​អាយុ​ ២០ ​ខែ ខណៈ​ឪពុកម្ដាយ​របស់​វា កំពុង​ជាប់​កិច្ចការងារ​នៅឯ​រាជធានី​ភ្នំពេញ​។

​ចម្រៀង​ដែល​អ្នកស្រី យឿន ច្រៀង​​បំពេរ​ចៅប្រុស​របស់គាត់​នោះ​មាន​ចំ​​ណង​ជើង​ថា «​សូម​កូនៗ​កុំ​ភ្លេច​ឈាម​​ស្រស់​របស់​យុទ្ធ​មិត្ត​យើង​ឱ្យសោះ​!»​។ វា​គឺជា​ចម្រៀង​ ១​ ក្នុងចំណោម​ចម្រៀង​ជាង​ ៣០០ ​បទ ដែល​ត្រូវបាន​ប្រព័ន្ធ​ឃោសនាការ​នា​សម័យ​ប៉ុលពត (១៧ ​មេសា ១៩៧៥ ដល់​ ៧​ មករា ​១៩៧៩) បានរៀបចំ​និពន្ធ​ចងក្រង និង​ផលិត​ឡើងជា​កាសែត​ម៉ាញ៉េ សម្រាប់​យក​​ទៅ​ចាក់ផ្សាយ​នៅតាម​ការដ្ឋាន​ជីក​ប្រឡាយ លើក​ទំនប់ និង​នៅតាម​វាលស្រែ​​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុងសម័យ​​កាលនោះ ដែល​មនុស្ស​ក្មេង​ចាស់ ប្រុស​ស្រី ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការ​ដូចជា​សត្វ​ធាតុ​។

​បច្ចុប្បន្ន បទ​ចម្រៀង​ក្នុងសម័យ​ខ្មែរ​ក្រហម​ទាំងអស់ ជាពិសេស​បទ​ចម្រៀង​ខាងលើនេះ មាន​មនុស្ស​តិច​ណាស់ ដែល​បាន​ស្ដាប់ឮ និង​ឃើញ​ម្ចាស់​​សំនៀង​ដើម​របស់​វា​ដោយផ្ទាល់​ភ្នែក ហើយក៏​មិនដឹងថា អ្នក​ច្រៀង​បទ​ចម្រៀង​មួយ​នេះ​មានឈ្មោះ​អ្វី​នោះដែរ​។ មនុស្ស​មួយចំនួន​បាន​ស្ដាប់​វា​តាម​​រយៈ​ការ​ទស្សនា​ភាពយន្ត​ឯកសារ​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ ស្ដីពី​ការស្វែងយល់​ពីរ​បបក​ម្ពុ​ជា​ប្រជា​ធិ​ប​តេ​យ្យ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​​ឯកសារ​កម្ពុជា ហើយ​ខ្លះទៀត​បាន​ស្ដាប់​វា​តាម​ប្រព័ន្ធ YouTube ឬ​នៅតាម​ហាង​កាហ្វេ​មួយចំនួន​នៅក្នុង​រាជធានី​​ភ្នំពេញ​។

​ថ្វីបើ​អ្នកស្រី យឿន មាន​អាយុ​ ៦៧ ​ឆ្នាំ ប៉ុន្តែ​សំនៀង​របស់គាត់​នៅ​ពីរោះ ហើយ​ដូចគ្នា​ស្ទើរ​ទាំងស្រុង​ជាមួយនឹង​សំ​​នៀង​ដើម​របស់​អ្នកចម្រៀង​ស្រី ដែលមាន​វ័យ​ជាង ​២០ ​ឆ្នាំ​ម្នាក់ ​នៅក្នុង​សម័យ ​ប៉ុល ពត ដែល​ច្រៀង​បទ​ចម្រៀង​
«​សូម​កូនៗ​កុំ​ភ្លេច​ឈាម​ស្រស់​របស់​យុទ្ធ​មិត្ត​យើង​ឱ្យសោះ​!» រួមគ្នា​ជា​មួយ​អ្នកចម្រៀង​ប្រុស​ម្នាក់​ក្នុងសម័យ​​កាលនោះ​។

​អ្នកភូមិ​របស់គាត់​ជាច្រើន​មានការ​​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ខណៈ​បាន​ស្ដាប់ឮ​គាត់​ច្រៀង​បំពេរ​ចៅ​របស់គាត់​ម្ដងៗ ហើយ​នាំគ្នា​សរសើរ​គាត់​ថា «​ច្រៀង​បាន​​ពីរោះ ដូចជា​ម្ចាស់​ដើម​!»​។ ការពិត ម្ចាស់​សំនៀង​បទ​នេះ គឺជា​រូបគាត់​ផ្ទាល់​តែម្ដង​។

​ក្នុងជំនួប​ផ្ដល់​បទ​សម្ភាស​ផ្ទាល់​ជា​មួយ​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ខែ​មុន អ្នក​ស្រី សាន យឿន បាន​ទម្លាយ​អាថ៌​​កំបាំង​ជាច្រើន​អំពី​ជីវភាព​រស់នៅ​របស់គាត់​ក្នុងសម័យ​ខ្មែរក្រហម​ ដែល​ពោរ​​ពេញ​ដោយ​ការកាប់សម្លាប់ និង​ការធ្វើ​ទារុណកម្ម​ដ៏​សាហាវព្រៃផ្សៃ​បំផុត​ដែល​មនុស្ស​ប្រមាណ​ជាង ​៤ ​លាន​នាក់ ​ដែល​នៅ​រស់រានមានជីវិត​ពី​របប​ដ៏​យង់ឃ្នង​នេះ​ គឺជា​សាក្សី​រស់​សម្រាប់​បង្ហាញ ​ឬ​បរិយាយ​ពី​ការពិត​ប្រាប់​ដល់​កូនចៅ​របស់​ពួកគេ​នាពេល​បច្ចុប្បន្ន ក៏ដូចជា​មនុស្ស​ក្នុង​ពិភពលោក​ទាំង​​មូល​បានដឹង​។​

​អ្នកស្រី​បាន​និយាយថា​៖ «​នៅ​ចុងឆ្នាំ ​១៩៧៣ ខ្ញុំ​ត្រូវបាន​ថ្នាក់ដឹកនាំ​នៃ​ក្រុម​​ចលនា​ខ្មែរ​រំដោះជាតិ​ (​ក្រុម​ចលនា​ខ្មែរក្រហម​) ​ជ្រើសរើស​ឱ្យចូល​បម្រើ​ក្នុង​វិស័យ​សិល្បៈ ដែល​ពេលនោះ​ខ្ញុំ​ទើបតែ​អាយុ​ ១៧ ​ឆ្នាំ​ប៉ុណ្ណោះ​»​។​

​បើតាម​អ្នកស្រី យឿន នៅក្នុង​ចុងឆ្នាំ ​១៩៧៣ និង​ដើមឆ្នាំ ​១៩៧៤ ប្រទេស​​កម្ពុជា ១ ​ផ្នែក ត្រូវបាន​គ្រប់គ្រង​ដោយ​កងកម្លាំង​ចលនា​ខ្មែរ​រំដោះជាតិ​ ឬ​ខ្មែរក្រហម​ដែល​ប្រឆាំងនឹង​រដ្ឋា​ភិ​បាល​គ្រប់គ្រង​ដោយ​លោក​សេនា​​ប្រមុខ លន់ នល់។ ក្នុងនោះ​ទឹកដី​នៃ​ស្រុក​កោះសូទិន ដែលជា​ស្រុកកំណើត​របស់​អ្នកស្រី ក៏​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​កម្លាំង​ចលនា​ខ្មែរ​រំដោះ​​ជាតិ​នេះ​ផងដែរ​។

​ក្រោយពី​បានជ្រើសរើស​រួច​បាន​ប្រមាណ ​១ ​ខែ អ្នកស្រី​ត្រូវបាន​បញ្ជូន​ទៅកាន់​ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃ​វែង ដើម្បី​ចូលរួម​សិក្សា​បន្ថែម​ជាមួយ​ក្រុម​សិល្បករ និង​សិល្បការិនី​ជាច្រើន​នាក់​ទៀត​ ដែល​ត្រូវបាន​ជ្រើសរើស​មកពី​តំបន់​ភូមិភាគ​បូព៌ា​។ ​នៅ​ទីនោះ​អ្នកស្រី​ត្រូវបាន​គេ​ឱ្យឈ្មោះ​ថ្មី​ថា​សម​​មិត្ត​នារី ​«​ស៊ីម​»​។​

​មិនមែន​មានតែ​អ្នកស្រី​នោះទេ ដែល​ត្រូវបាន​កម្មាភិបាល​ខ្មែរក្រហម​នៃ​តំបន់​រំដោះ​នោះ​ប្ដូរ​ឈ្មោះ​ថ្មី​ឱ្យ ក្រុម​សិល្បៈ​ទាំងអស់ ដែល​ត្រូវបាន​បញ្ជូន​ទៅដល់​ជំរំ​ថ្មី​នោះ​សរុប​ជាង ​១០០ ​នាក់ ក្នុងនោះ​មាន​ស្រី ​៣០ ​នាក់ គឺ​ត្រូវបាន​គេ​ផ្ដល់​ឈ្មោះ​ថ្មី​ឱ្យ​ទាំងអស់​។ ​អ្នកស្រី យឿន​ បាន​និយាយថា នៅពេលនោះ «​ខ្ញុំ​ក៏​មិន​​ដឹង​ពី​មូលហេតុ ដែល​គេ​ប្ដូរ​ឈ្មោះ​របស់​ពួកយើង​បែប​នោះដែរ​?»​។ ​ប៉ុន្តែ​ក្រោយពី​ថ្ងៃ​រំដោះ​ ៧​ មករា ១៩៧៩​ ទើប​អ្នកស្រីបានដឹង​ពី​មូលហេតុ​នេះ គឺ​ក្រោយពី​ឪពុកម្ដាយ​របស់គាត់​បា​ន​ប្រាប់ថា នៅក្នុង​ឆ្នាំ​ ១៩៧៥ ឪពុកម្ដាយ​របស់គាត់​បាន​សួរ​កម្មាភិបាល​ខ្មែរក្រហម​មួយចំនួន​ពី​ដំណឹង​របស់គាត់ ប៉ុន្តែ​គ្មាន​នរណាម្នាក់​បាន​ស្គាល់​នោះទេ​។

​អ្នកស្រី​និយាយថា​៖ «​ការពិត​គេ​ប្ដូរ​ឈ្មោះ​យើង គឺ​ដើម្បី​កុំឱ្យ​ឪពុកម្ដាយ​ឬ​សាច់ញាតិ​របស់​យើង​បាន​ស្គាល់ និង​ដឹង​ពី​ស្ថានភាព​ដ៏​អាក្រក់ ដែល​ពួក​យើង​កំពុង​ប្រឈម​នាពេលនោះ​។ ព្រោះ​ក្រៅពី​ហាត់​ច្រៀង និង​សម្ដែង​សិល្បៈ​នៅពេល​ថ្ងៃ ពួកយើង​ត្រូវបាន​គេ​ឱ្យទៅជួយ​ជញ្ជូន​គ្រាប់​ឱ្យ​កង​កម្លាំង​ចលនា​រំដោះជាតិ​ខ្មែរ នៅ​ពេលយប់​ដើម្បី​ប្រយុទ្ធ​តតាំង​ជាមួយ​ពួក​​ទាហាន លន់ នល់​»​។​

​អ្នកស្រី​បន្តទៀតថា ក្រោយពី​រដ្ឋា​ភិ​​បាល លន់ នល់ ត្រូវបាន​ផ្ដួលរំលំ​នៅក្នុង​ថ្ងៃ ​១៧ ​មេសា ឆ្នាំ​ ១៩៧៥ ក្រុម​របស់​អ្នកស្រី ត្រូវបាន​គេ​បំបែក​ទៅតាម​តំបន់​ភូមិភាគ​ផ្សេងៗ​គ្នា​។ សំណាងល្អ អ្នកស្រី​មិនត្រូវ​បាន​ផ្លាស់​ទៅ​កន្លែង​ថ្មី​ទៀត​នោះទេ គឺ​បន្ត​ហ្វឹក​​ហ្វឺ​ន​ការសម្ដែង និង​ច្រៀង​ចម្រៀង​​ប្រពៃណី និង​សម័យ​។

​នៅក្នុង​រដូវរំហើយ​នា​ឆ្នាំ ​១៩៧៧ ពេល​អ្នកស្រីត្រូវបាន​កម្មាភិបាល​ខែ្មរ​​ក្រហម បញ្ជូនទៅ​សម្ដែង​ល្ខោន​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម អ្នកស្រី​បាន​ប្រទះ​ឪពុកមា​របស់​អ្នកស្រី ដែលជា​គ្រូ​ល្ខោន និង​ជាជាង​គំនូរ​ដ៏​ល្បី​ប្រចាំ​ស្រុក​កោះសូទិន​កាលពី​សម័យ​​សង្គមរាស្ត្រនិយម​។ ប៉ុន្តែ​ថ្ងៃនោះ វា​ជា​ថ្ងៃ​រីករាយ​លាយឡំ​នឹង​ក្ដី​រន្ធត់​ជា​ពន់​​ពេក​នៅក្នុង​ជីវិត​របស់​អ្នកស្រី ដែល​មិនអាច​បំភ្លេចបាន​។​

«​ពេល​ប្រទះឃើញ​ឪពុកមា​ខ្ញុំ​ដំបូង ខ្ញុំ​មាន​អារម្មណ៍​រំភើបចិត្ត​ណាស់ ខ្ញុំ​បាន​ស្ទុះ​រត់ទៅរក​គាត់ ប៉ុន្តែ​មិនទាន់​ទៅដល់​គាត់​ផង ស្រាប់​តែមាន​ឈ្លប​ ២-៣​ នាក់ បាន​ចាប់​អូស​គាត់​ហើយ​វាយ​ទាត់​ធាក់​រហូត​ធ្លាក់ឈាម​តាម​មាត់​។ បន្ទាប់មក​ពួកគេ​ក៏បាន​ចាប់គាត់​ដាក់​លើ​រទេះគោ​ហើយ​ដឹកចេញទៅ​បាត់​»​។​អ្នកស្រី​យឿន​បាន​និយាយ​បន្តថា​៖ «​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​តក់​ស្លុត​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​មិនដែល​ឃើញ​​ក្រុម​កងឈ្លប​បដិវត្ត​ន៍​ធ្វើបែបនេះ​ទៅលើ​ប្រជាជន​ឡើយ ចាប់តាំងពី​ឆ្នាំ​ ១៩៧៣ ​មក​»​។​

​ក្រោយពី​ជួប​រឿង​បែប​នោះ​ផ្ទាល់​​ភ្នែក អ្នកស្រី យឿន ដែល​កាលនោះ​ពួក​ខ្មែរក្រហម​ហៅថា សម​មិត្ត​នារី «​ស៊ីម​» បាន​ព្យាយាម​រក​មធ្យោបាយ ដើម្បី​គេចចេញ​ពី​ក្រុម​សិល្បៈ ហើយ​ដើរ​ស្វែងរក​ឪពុកម្ដាយ​បងប្អូន​របស់ខ្លួន​។ ទីបំផុត​នៅ​យប់​ ១ ខណៈ​មេឃ​កំពុងមាន​ភ្លៀងខ្យល់​យ៉ាងខ្លាំង អ្នក​ស្រី​បាន​រត់​ចេញពី​ជំរំ​សិល្បៈ ហើយ​​ធ្វើដំណើរ​ទៅ​ភូមិកំណើត​ក្នុងស្រុក​​កោះសូទិន ខេត្តកំពង់ចាម ដោយ​បន្លំ​ខ្លួន​ជា​កសិករ​។​

​អ្នកស្រី​បន្ថែមថា​៖ «​ខ្ញុំ​ធ្វើដំណើរ​៣​ថ្ងៃ ទើប​ដល់ផ្ទះ​ឪពុកម្ដាយ​ខ្ញុំ​នាពេល​​ព្រលប់ ពួកគាត់​មានការ​ត្រេកអរ​​ណាស់ ហើយ​ប្រាប់​ខ្ញុំ​ថា កុំ​ចេញ​ទៅណា​ទៀត ហើយ​ថា ក្រុមគ្រួសារ​របស់​ឪពុកមា​របស់ខ្ញុំ ត្រូវ​ពួក​កងឈ្លប​នាំយកទៅ​សម្លាប់​អស់ហើយ​»​។​

​ចាប់តាំងពី​ថ្ងៃ​នោះមក អ្នកស្រី យឿន បាន​សម្ងំ​រស់នៅ​ដោយ​លួចលាក់​នៅក្នុង​ផ្ទះ​ជាមួយ​ជីដូន​ចាស់​រហូតដល់​ថ្ងៃ​​រំដោះ​ ៧​ មករា ឆ្នាំ​ ១៩៧៩ ទើប​ចេញមក​បង្ហាញមុខ​ជាថ្មី ប៉ុន្តែ​មិន​ចូលរួម​បម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​ឡើយ​។ នៅក្នុង​ឆ្នាំ​ដដែល​នោះ អ្នកស្រី​ក៏បាន​សម្រេចចិត្ត​រៀបការ​ជាមួយ បុរស​ជា​យោធា​ម្នាក់ ឈ្មោះ សុខ ម៉ៅ ជា​អ្នក​​រស់នៅ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ហើយ​បាន​បង្កើត​ក្រុមគ្រួសារ​ដ៏​ធំ​មួយ ដោយមាន​កូន​ ៩ ​នាក់​ (​ប្រុស​ ៣ ស្រី​ ៦​នាក់​)​។ នៅក្នុង​ឆ្នាំ ​២០០៣ អ្នកស្រី យឿន បានសម្រេច​ចិត្ត​លែងលះ​ជា​​មួយ លោក សុខ ម៉ៅ ហើយ​ទ្រាំ​រស់​ចិញ្ចឹម​កូន​ទាំង ​៩ ​នាក់​តែម្នាក់ឯង ជា​មួយ​ការប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ និង​ការចាប់​សរសៃ​។

​ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី អ្នកស្រី​ពុំដែល​អប់រំ​កូនៗ​ឱ្យ​ស្អប់​ប្ដី​របស់គាត់ ដែល​ត្រូវជា​ឪពុក​របស់​កូនៗ​គាត់​ឡើយ​។ បច្ចុប្បន្ន កូនៗ​របស់គាត់​បាន​រៀបការ ប្រពន្ធ​-​ប្ដី ចំនួន ​៨ ​នាក់​ហើយ​។ ប៉ុន្តែ​គ្មាន​នរណាម្នាក់ មាន​អាជីព​ជា​អ្នក​ចម្រៀង​នោះទេ​។

​បើតាម​អ្នកស្រី យឿន ក្នុង​របប​ខ្មែរ​​ក្រហម អ្នកស្រី​បាន​ច្រៀង​ចម្រៀង ដែល​ខាង​កម្មាភិបាល​នៃ​ក្រសួង​ឃោស​​នា​ការ និង​សិល្បៈ និពន្ធ​យកមក​ឱ្យ​គាត់​ច្រៀង​សរុប​ប្រមាណ​ ២០០​ បទ​។ ក្នុងនោះ​បទ​ខ្លះ​គាត់​ច្រៀង​ម្នាក់ឯង បទ​ខ្លះទៀត​ច្រៀង​ជា​ពួក និង​បទ​ខ្លះទៀត ច្រៀង​ជាមួយ​អ្នកចម្រៀង​ជា​បុរស ដូចជា​បទ «​សូម​កូនៗ​កុំ​ភ្លេច​ឈាម​ស្រស់​របស់​យុទ្ធ​មិត្ត​យើង​ឱ្យ​​សោះ​! អក្ខរា​កូនៗ ប្ដេជ្ញា​រៀនសូត្រ​វីរភាព​របស់​ប្រជាជន​កម្ពុជា ដ៏​មហា​​អស្ចារ្យ​…​និង​បទ​សូម​កូនៗ​ចងចាំ​ប្រ​ពៃ​ណី​បដិវត្តន៍​យើង​ជា​រៀងរហូត​»​។ ក្រៅពី​ច្រៀង​ចម្រៀង​ថត​ដាក់​នៅក្នុង​កាសែត​ម៉ាញ៉េ​ហើយ​នោះ គាត់​បានចេញ​សម្ដែង​តាម​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​ភូមិភាគ​បូព៌ា​ចំនួន​ជាង​ ៣០០​ កន្លែង ដោយមាន​ទាំង​ការសម្ដែង​ជា​ល្ខោន​យីកេ និង​អា​យ៉ៃ ផងដែរ​។​

«​អារម្មណ៍​របស់ខ្ញុំ​នៅពេលនោះ​ គឺ​សប្បាយចិត្ត​ខ្លាំងណាស់​ដោយ​គិតថា​ការ​ទះដៃ និង​យំ​ស្រែក​របស់​ប្រជាជន​ដែល​បានមក​ទស្សនា​ការសម្ដែង​របស់ខ្ញុំ ពួកគាត់​រំភើប និង​រំជួលចិត្ត ទៅលើ​សាច់រឿង​ដែល​ខ្ញុំ​បាន​សម្ដែង​»​។​

​អ្នកស្រី យឿន បាន​និយាយថា​៖ «​ប៉ុន្តែ​ដល់ពេល​ឥឡូវនេះ ខ្ញុំ​គិតថា ពួក​​គាត់​ទះដៃ និង​យំ​ស្រែក​នាពេលនោះ​គឺ​ចង់​ចំអក​មកឱ្យ​ខ្ញុំ​តែប៉ុណ្ណោះ ព្រោះ​ជីវភាព​អ្នកមូលដ្ឋាន គឺ​លំបាក​ខ្លាំងណាស់ ថែមទាំង​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ដូចជា ពួកយើងខ្ញុំ​ជា​សិល្បៈ​នោះឡើយ​»​។

​នេះ​ជា​អ្វីដែល​អ្នកស្រី យឿន និយាយថា គាត់​សុខចិត្ត​រស់នៅក្នុង​អាជីព​ថ្មី ជា​កសិករ និង​ជា​អ្នក​ចាប់​សរសៃ ប្រសើរ​ជាង​ធ្វើជា​អ្នកសិល្បៈ​ដែល​បម្រើ​មនោ​​គម​ន៍​វិជ្ជា​នយោបាយ​របស់​ក្រុម​បដិវត្តន៍​ណាមួយ​ផ្សេងទៀត​ទាំង​ងងឹតភ្នែក​ស្រស់ ដូច​កាលពី​អតីតកាល​៕

ចម្លង​ចេញទាំងស្រុងពី ភ្នំពេញប៉ុស្តិ៍៖ អតីត​អ្នកចម្រៀង​ខ្មែរក្រហម​រំឭក​រឿង​ដើម ខណៈ​បច្ចុប្បន្ន​ជា​កសិករ​ថែមរ​បរចាប់​សរសៃ​

*** តាមការសាកសួរអ្នកដែលធ្វើការទាក់ទងនឹងរឿងខ្មែរក្រហម គេបានបញ្ជាក់ថា គាត់មិនមែនជាម្ចាស់ដើមនៃបទចម្រៀងខាងលើនោះទេ ពីព្រោះមិនមែនមានតែគាត់ម្នាក់ដែលគេឱ្យច្រៀង គឺមានអ្នកចម្រៀងតាមតំបន់រំដោះផ្សេងៗគ្នា។

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

រូបថតហ្វីលនៅប្រាសាទនគរបាជ័យ


រូបមួយចំនួនដែលលោកអ្នកឃើញនេះ មិនមែនជារូបចាស់ៗថត​តាំងពី​២០ឆ្នាំមុននោះអ្វីទេ គឺជារូបថតដែលខ្ញុំ​ថតនៅឆ្នាំ២០២២នេះឯង ដោយប្រើកាម៉េរ៉ា​ដែល​ប្រើហ្វីល។ ប្រសិនបើ​លោកអ្នកតាម​ដាន ប្លុកខ្ញុំ​មួយ​ទៀត លោកអ្នកនឹងឃើញ​ថាប្រមាណជាមួយឆ្នាំមកនេះ ខ្ញុំបាន​ងាក​មក​ថត​រូប​ហ្វីល​វិញ​ម្ដង (ខ្ញុំនៅតែប្រើ digital អញ្ចឹងពេល​ដែលត្រូវថតរូប​ច្រើន)។

រូបថតទាំងនេះថតដោយប្រើកាម៉េរ៉ាហ្វីលផលិតនៅទសវត្សរ៍ឆ្នាំ១៩៨០ ដោយក្រុមហ៊ុនជប៉ុន Yashica ដែលក្រុមហ៊ុនកំណត់ហៅថា Yashica FX-3 Super 2000 និងប្រើ lens ដែលផលិតដោយក្រុមហ៊ុនដែរគឺ YUS 135 mm f/2.8។ ចំពោះហ្វីលវិញ ប្រើជាប្រភេទហ្វីលដែលគេយកទុកថតកុន (motion picture film) ដែលមានតម្លៃថោកជាងតម្លៃហ្វីលរូបថតធម្មតា តែបែរជាថ្លៃនៅពេលលាង និងស្កេនវិញ (សព្វថ្ងៃ គេមិនមានផ្ដិតទៀតទេ កន្លែងទទួលគេលាងហ្វីលបន្ទាប់មកស្កេនជា file ផ្ញើមកយើងវិញ)។ ហ្វីលនេះជាប្រភេទហ្វីលសម្រាប់ថតពេលយប់ (200T) តែដល់ពេលយកមក​ថតពេលថ្ងៃអញ្ចឹង វាចេញរូបទៅជាបែកខៀវ ស្អាតច្បាស់ប្លែកភ្នែកម៉្យាងដែរ។

ចេតិយ និងតួវិហារនៃប្រាសាទនគរបាជ័យមើលពីខាងលិច

ចេតិយ និងតួវិហារនៃប្រាសាទនគរបាជ័យមើលពីខាងជើង

ផ្នែកនៃខ្លោងទ្វារខាងកើតដែលធ្វើពីថ្មភក់ និងថ្មបាយក្រៀម

ចម្លាក់នៅលើផ្ដែរ និងហោជាងផ្នែកខាងលិចនៃតួចេតិយថតតាមចន្លោះទ្វារនៃខ្លោងទ្វារចំនួន២នៅខាងលិច និងរូបចម្លាក់អប្សរនៅលើ​ជញ្ជាំងខ្លោងទ្វារខាងលិច។

ចម្លាក់រូបព្រះលោកេសូរ (តាមគម្ពីរហៅថា អវលោកិតេស្វរ) ជាព្រះពោធិសត្វតំណាងករុណាធម៌ ឆ្លាក់នៅលើហោជាងចំហៀងខាងជើង នៃខ្លោងទ្វារខាងលិច។ ព្រះភក្ត្រនេះទើបតែត្រូវជួសជុលនៅពេលថ្មីៗនេះដោយក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ព្រះលោកេសូរ

រូបថតទាំងអស់នេះថតនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២!

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , | 1 មតិ

រូបថតដ្រូន ក្រុង​កំពង់ចាម


កាល​ពី​ពីរ​ខែ​មុន បាន​ទៅស្រុក​ហើយ​បង្ហោះ​ដ្រូន​ម្ដង​ដែរ (អាច​អាននៅទីនេះ​បាន)។ ខែ​នេះ​ទៅម្ដង​ទៀត ប្លង់​ក៏​មិន​ខុស​គ្នា​ដែរ គ្រាន់តែ​ហ៊ាន​បង្ហោះ​ខ្ពស់​ជាង​មុន (ឡើងជិត​ដល់​កម្ពស់​៥០០​ម៉ែត្រ) និង​ហោះ​លើ​ផ្ទៃ​ទន្លេ​តែម្ដង។

ស្ពានគីហ្ស៊ូណា និងក្រុងកំពង់ចាម

ស្ពានកោះប៉ែន

វត្តដីដុះ ផ្សារ៧មករា និងភូមិរកា

ក្រោយផ្សារ៧មករា

វីដេអូបិទឆាក៖

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: