Monthly Archives: ខែកញ្ញា 2012

អំពីពាក្យ កំពង់ចាម


ខ្ញុំ​សូម​ជូន​សាវតារ​នៃ​ឈ្មោះ​ ខេត្ត​​កំពង់ចាម​​នេះ តាម​​សេចក្តី​​សៀវភៅ​ សាវតារ​ទាក់ទង​ភូមិសាស្ត្រ​ខ្មែរ ​របស់ លោក ឌឹក.គាម ដែល​​បោះពុម្ព​​នៅ​​ឆ្នាំ១៩៦៨ មាន​ដូច​ខាង​ក្រោម​ដោយ​​ចម្លង​ទាំង​ស្រុង​តាម​ច្បាប់​ដើម​ដូច​តទៅ ៖

ខ្ញុំ​សូម​ជូន​ប្រវត្តិ ខេត្ត​កំពង់ចាម នេះ តាម​សេចក្ដី​ស្រាវជ្រាវ​របស់​ខ្ញុំ ខ្ញុំ​មិនមែន​ចង់​សរសេរ​ពន្យល់​លោក​អ្នកអាន​ឲ្យ​សព្វគ្រប់ តាំង​ពី​កិច្ចការ​ទាក់ទង​នឹង​រាជការ​ទេ ខ្ញុំ​សូម​បញ្ជាក់​ត្រង់​តែ​ពាក្យ​ថា កំពង់ចាម​តែ​ប៉ុណ្ណោះ ។

តាម​ពាក្យបរម្បរា​ថា កំពង់ចាម​ ជា​កំពង់​របស់ ​ចាម តែ​យើង​មិន​ដឹង​ថា​តើ​កំពង់​របស់​ ចាម​ សម្រាប់​ងូត​ទឹក ឬ កំពង់​របស់​ចាម​សម្រាប់​នេសាទ ។ រឿង​នេះ​គួរ​ឲ្យ​យើង​ចង់​ដឹង​ដែរ ដើម្បី​ឲ្យ​ដឹង​ពិត​នូវ​ឈ្មោះ​ខេត្ត​នៃ ​ប្រទេស​កម្ពុជា ដូច​យ៉ាង ​កំពង់ចាម​ ជា​ដើម​នេះ ។ តើ ​ខេត្តកំពង់ចាម ជា​កំពង់​របស់​ ចាម​ មែន​ឬ​មិនមែន ? ចំពោះ​រឿង​​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដូច​ត​ទៅ​នេះ ៖

១- តាម​ផែនទី​ដែល លោក ម៉ារសេល នេរ (Marsel Ner) និយាយ​ពី ​ចាម ​នៅ​ក្នុង ​ប្រទេស​​ឥណ្ឌូចិន លោក​បាន​បង្ហាញ​ថា​នៅ​ប្រទេស​កម្ពុជា ចាម ច្រើន​នៅ​ក្នុង​ ភូមិទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម និង ​ជ្រោយចង្វា ។ កន្លែង ២​ នេះ​ហើយ​ ដែល​មាន​មណ្ឌល​សាសនា​ ម៊ុលស៊ុយម៉ង់​ (Mulsulman) ច្រើន ត្រង់​ទីតាំង​ ខេត្តកំពង់ចាម​ ក៏​មាន ​ចាម​​ ដែរ តែ​មិន​សូវ​ច្រើន​ទេ​​សម័យ​នេះ​ (១៩៦៨) ។ ដូច្នេះ​ពាក្យ​បរម្បរា​នេះ ក៏​អាច​សន្និដ្ឋាន​បាន​ព្រោះ​ថា​ភូមិ​ខ្លះ​ហៅ​ថា ភូមិ​ចាម​ ដែរ ព្រោះ​ចាម​ នៅ​ច្រើន ប៉ុន្តែ​ថា​ពាក្យ​បរម្បរា​ដូច​ជា​រក​លាយ​លក្ខណ៍​អក្សរ​គ្មាន ។ មុន​នឹង​លោក​អ្នក​អាច​សន្និដ្ឋាន​ថា​ត្រឹមត្រូវ យើង​សូម​សង្កេត​ន័យ​ខាង​ក្រោម​នេះ​សិន ។

២- តាម​​យោបល់ លោក បូដាំង (Baudoin) ក្នុង​សៀវភៅ Monographie de Kampong-Cham ថា ខេត្ត​កំពង់ចាម នេះ គឺ​កំពង់រង់ចាំ ។

៣- លោក ម៉ាដ្រូល (Madrolle) បាន​និយាយ​ថា​ លោក​បាន​ធ្វើ​ដំណើរ​មក​ ប្រទេស​កម្ពុជា​ ហើយ​គាត់​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ថា​ ខេត្ត​កំពង់ចាម​ ពី​ដើម​ កំពង់ចាំ ។ បើ​ឈ្មោះ​នេះ​ លោក​ ម៉ាដ្រូល ថា កំពង់ចាំ​ តើគេ​ចាំ​អ្វី ? ត្រង់​នេះ​លោក​ថា គេ​ចាំ​សាឡាង​ឆ្លង​ ទន្លេ​បិទ ​និង ​កំពង់​ចាម ។ កន្លែង​ដែល​គេ​ចាំ​សាឡាង​​ឆ្លង​សាឡាង គឺ​នៅ​ត្រង់ ​ជ្រោយ​ថ្ម ។ រឿង​នេះ​ដូច​ជា​សម​ព្រោះថា សព្វ​ថ្ងៃ​នេះ​ក្ដី​ (១៩៦៨) ពី​អតីតកាល​ក្ដី​ មនុស្ស​ជាច្រើន​រង់​ចាំ​ឆ្លង​សាឡាង​រវាង​ ក្រុងទន្លេបិទ និង​ កំពង់ចាម ។*

៤- តាម​ឯកសារ​របស់ លោក​ កែវ ហង្ស ចាង​ហ្វាង​រឺត្រែត​ សង្កាត់​សួង (ឆ្នាំ២០០៨ វា​បាន​ក្លាយ​ក្រុងសួង) ស្រុកត្បូង​ឃ្មុំ ដែល​​មាន​តម្កល់​នៅ​ ក្រុម​ទំនៀម​ទម្លាប់ ​ថា កំពង់ចាម​ ពី​ដើម​គេ​ហៅ​ថា​ កំពង់ចាំ។ តាម​សេចក្ដី​ដំណាល​នៃ​ឯកសារ​នេះ​ថា កំពង់​នេះ​គេ​មក​ចាំ​ដង្ហែ​ ស្ដេច​បក្សី​ចាំ​ក្រុង​ ឆ្លង​ទៅ​ត្រើយ​ខាង​កើត ។ **

បើ​យើង​យក​ឯកសារ​របស់​ លោក​ កែវ ហង្ស មក​ប្រៀប​ធៀប​គ្នា​នឹង​លោក​ ម៉ាដ្រូល ឃើញ​ថា​ស្រប​គ្នា​ មាន​ប្លែក​គ្នា​បន្តិច​បន្តួច​តែ​ត្រង់ ៖

  • លោក កែវ ហង្ស ថា​ចាំ​ដង្ហែ​ ស្ដេច​បក្សី​ចាំ​ក្រុង​ទៅ​ត្រើយ​ខាង​កើត ។
  •  សៀវភៅ Circonscription de Kampong Cham ថា​កំពង់​រង់​ចាំ ។
  •  លោក​ ម៉ាដ្រូល ថា​ចាំ​ឆ្លង​សាឡាង​ទៅ​វិញទៅ​មក​ ពាក្យ​ថា​ ចាំ​ឆ្លង​នេះ​ឃើញ​ថា​ស្រប​គ្នា ។ លោក​ទាំង​បី​នេះ​មិន​បាន​និយាយ​ពី​សាសន៍​ចាម​សោះ ឃើញ​តែ​និយាយ​ពី​ សាឡាង បក្សីចាំ​ក្រុង​ និង​ចាំ។

៥- នេះ​ជា​យោបល់​របស់​ខ្ញុំ ។ រឿង​ ខេត្ត​កំពង់ចាម​ នេះ យើង​បាន​ពិនិត្យ​ទៅ​តាម​​ផែន​ទី​ភូមិ​សាស្ត្រ​រួច​ហើយ យើង​បែរ​មក​ពិនិត្យ​តាម​អក្ខរាវិរុទ្ធ​ម្ដង ។ ខ្មែរ ​យើង​ពី​ដើម​សរសេរ​ច្រើន​តែ​ខ្ជីខ្ជា​បន្តិច​ ដូច​យ៉ាង​ សិលា​ចារឹក​​នគរវត្ត ខ្ញុំ​សូម​ជួន​ពាក្យ​ខ្លះ កុំ​បី​មាន​ សរសេរ​ កុំម្បីមាណ ។  ខ្ញុំ គេ​សរសេរ​ថា ខ្ញុំម ឃើញ​ថា​ គេ​ចូលចិត្ត​មាន​និគ្គហិត  ហើយ​​នៅ​ឆ្លៀត​ប្រកប​នឹង​ព្យញ្ជនៈ ទៀត។ ពាក្យ​ថា​ កំពង់ចាម​ នេះ​ក៏​មាន​ព្យញ្ជនៈ ម​​ ដែរ ហើយ​នៅ​សិលា​ចារិក​នគរវត្ត​មាន​ពាក្យ​មួយ ចាំ សរសេរ ចាំម្ម (ឧទាហរណ៍៖  ខ្ញុំមសូម​កុំល្លាំង អនុភាព្យបែក​ខ្លាំង​លើស សាសធុតចាំម្ម ដូច​ព្រះ​ហនុមាន***) ដូច្នេះ​ពាក្យ​នេះ​ ចាំ​ គេ​អាច​សរសេរ​បាន​ថា ចាំម្ម ចាំម ចាម់ (ឧទាហរណ៍៖ ចាម់​ នេះ​​ដែល​អាច​អាន​បាន​ថា ចាំ​ បាន​ដែរ ជា​ហេតុ​មួយ​នាំ​ឲ្យ​ច្រឡំ​នឹង​ពាក្យ​ថា​ សាសន៍ចាម បើ​សិន​ណា​ជា​គេ​សរសេរ​គ្មាន​បន្តក់ ។ តែ​ពាក្យ​ថា​ ចាំ ​គេ​សរសេរ​មិន​ឲ្យ​ប្រកប​នឹង​ ទេ (១៩៦៨) តែ​សម័យ​នោះ​គេ​សរសេរ​មាន​ទៅ​វិញ  ដូច្នេះ​បានជា​ពាក្យ​ថា​ កំពង់ចាំ​ ទៅជា​ កំពង់​ចាម​ ទៅវិញ ។

ការ​ត្រិះរិះ​ខាង​អក្ខរាវិរុទ្ធ​ឃើញ​​ថា ម៉ាដ្រូល ក្តី សៀវភៅ ​Circonscription de Kampong Cham ក្តី និង​ឯកសារ​របស់​ លោក​ កែវ ហង្ស​ ក្ដី​ឃើញ​មាន​ន័យ​ដូច​គ្នា ដូច្នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ កំពង់ចាំ

មតិ​ខ្ញុំ​មិន​ចង់​កែ​ប្រែ​​ឈ្មោះ​ កំពង់ចាម ទៅជា​ កំពង់​ចាំ​ ទេ ហេតុ​ដែល​ខ្ញុំ​យក​ឈ្មោះ​ខេត្ត​នេះ​មក​ជូន ព្រោះ​ខ្ញុំ​ចង់​ឲ្យ​លោក​អ្នក​អាន​ជ្រាប​​នូវ​ឈ្មោះ​ខេត្ត​នេះ​ឲ្យ​បាន​ ច្បាស់​​នូវ​សាវតារ​ដើម ។ បើ​លោក​អ្នក​អាន​ឃើញ​សាវតារ​ឈ្មោះ​ខេត្ត​នេះ​ច្បាស់​ ហើយ​មាន​ជា​លាយ​លក្ខណ៍​អក្សរ​ផង​ សូម​​សរសេរ​ជូន​ព័ត៌មាន​មក​​ ក្រុម​ទំនៀម​ទម្លាប់​ខ្មែរ នៅ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ

*****

*​ បច្ចុប្បន្ន​នេះ​លែង​មាន​សាឡាង​ហើយ​ ដោយ​សារ​គេ​សង់​ស្ពាន​ គីហ៊្សូណា ពីឆ្នាំ​២០០១

** អាច​រក​អាន​បន្ថែម​នៅ​សៀវភៅ ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​សិលាចារឹក និង​រឿង​ព្រេង ដោយ​ បណ្ឌិត រស់​ ចន្ត្រាបុត្រ

*** សិលា​ចារិក​នគរវត្ត​ ទំព័រ​ ១០៩

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | 6 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: