ខ្ញុំសូមជូនសាវតារនៃឈ្មោះ ភូមិបឹងកេត នេះ តាមសេចក្តីសៀវភៅ សាវតារទាក់ទងភូមិសាស្ត្រខ្មែរ របស់ លោក ឌឹក.គាម ដែលបោះពុម្ពនៅឆ្នាំ១៩៦៨ មានដូចខាងក្រោមដោយចម្លងទាំងស្រុងតាមច្បាប់ដើមដូចតទៅ៖
ពាក្យនេះ បើឮហើយមិនបានឃើញជាក់នឹងភ្នែក មុខជាស្មានថាជាបឹងមួយ ដូចជាបឹងដែលលោកអ្នកធ្លាប់បានស្គាល់បានឃើញ តែតាមពិតនោះ បឹងកេត ជាភូមិមួយនៅតាមមាត់ទន្លេមេកុង ជាកន្លែងសម្រាប់ស្លកៅស៊ូ ។ បើលោកអ្នកធ្វើដំណើរតាមកប៉ាល់ពី ភ្នំពេញ ទៅ ក្រចេះ លោកអ្នកចេញពីផែ ស្ទឹងត្រង់ ពេលយប់មើលទៅមុខឃើញភ្លើងភ្លឺព្រោងព្រាតនោះ ទីនោះហើយគេហៅថា បឹងកេត ។
តាមឯកសាររបស់ លោក រ៉ាយ ប៉ុក ដែលលោកបានស៊ើបសួររកសាវតារភូមិតំបន់ជាដើមនេះ លោកបានព័ត៌មានពី លោក ប៉េង ហុង អ្នកដាំកៅស៊ូនៅ ចំការអណ្ដូង ថា ៖
ពីដើមមានខ្មែរលើម្នាក់ឈ្មោះ កើត បានមកតាំងភូមិលំនៅមុនគេនៅត្រង់កន្លែងនេះ ព្រោះងាយនឹងប្រកបរបរកសិកម្មហើយមានទឹកគ្រប់គ្រាន់ផង ។ លុះបានឃើញការកើតនៅសុខស្រួលបួលហើយ ទើបមាន យួន ខ្មែរ ជាច្រើនមកប្រកបរបរនេសាទ ម៉្លោះហើយទើបជនទាំងនោះមកនៅសង់ជាខ្ទម ឬផែក្បែរ តាកើត ។ ដល់ក្រោយមកកន្លែងនោះ ក៏ក្លាយជាភូមិឈ្មោះថា ភូមិតាកើត ។ ភូមិតាកើត នេះមិនបានយូរប៉ុន្មាន អ្នកភូមិចេះតែហៅក្លាយៗ មកថា ភូមិតាកេត ។ ភូមិតាកេត កាន់តែមាន ជនជាតិយួន មកនៅកុះករព្រោះងាយនឹងរកស៊ីនេសាទផង ងាយនឹងយកត្រីទៅលក់នៅ ផ្សារស្ទឹងត្រង់ ផង ផ្សារក្រូចឆ្មារ ផង ទីនោះក៏មានកំពង់មួយ សម្រាប់ឆ្លងទៅ ភូមិទ្រា ឬ ប៉ើសក្រូចឆ្មារ ផង ។ លោក រ៉ាយ ប៉ុក ថា ដល់មានកំពង់សម្រាប់ឆ្លងទៅ ទើបអ្នកស្រុកហៅក្លាយជា ភូមិបេនកេត ឈប់ហៅ ភូមិបឹងតាកេត ទៀត ។
ការហៅក្លាយនៃភូមិនីមួយៗ ចេះតែមានដូចនេះជាដរាប ព្រោះសម្ដីរបស់អ្នកស្រុកដែលរាជការមិនបានដាក់ឈ្មោះឲ្យមាននៅតាមជនបទឲ្យត្រឹមត្រូវ ម៉្លោះហើយអ្នកស្រុកចេះតែហៅតាមតែនឹកឃើញ ដូច្នេះ ភូមិបេនកេត ក៏ក្លាយមកម្ដងទៀតថា ភូមិបឹងកេត ឬ បឹងកេត រហូតមកដល់សព្វថ្ងៃនេះ ។
*****
បច្ចុប្បន្ននេះ បឹងកេត ជាភូមិ ២ គឺ ភូមិបឹងកេតលើ និង ភូមិបឹងកេតក្រោម ស្ថិតក្នុង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខែត្រកំពង់ចាម ។
Like this:
ចូលចិត្ត កំពុងផ្ទុក...