ជាទូទៅ ក្រុមប្រាសាទឥដ្ឋទាំងបី គឺព្រះធាតុផ្នែកកណ្តាល ខាងត្បូងនិងខាងកើតនាសម័យចេនឡា ដែលនៅសេសសល់ក្នុងបរិវេណវត្តព្រៃនគរ ក្នុងភូមិព្រៃនគរ ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តកំពង់ចាមបច្ចុប្បន្ន ត្រូវបានអ្នកនិពន្ធមួយចំនួនចាត់ទុកថាជាស្នាព្រះហស្ថរបស់ស្តេចកន ឬព្រះបាទសម្តេចព្រះស្រីជេដ្ឋារាមាធិបតី ក្នុងពេលដែលទ្រង់ស្ថាបនា អតីតរាជធានីស្រឡប់ព្រៃនគរ នៅឆ្នាំ១៥១២ ។ ប៉ុន្តែអស់លោកទាំងនោះពុំបានផ្ទៀងផ្ទាត់ ឬបញ្ជាក់ពីអាយុកាលឬរចនាបថ នៃសំណង់ស្ថាបត្យកម្មបុរាណទាំងនោះ ឲ្យបានច្បាស់លាស់ទេ។
ទង្វើនេះបង្ហាញឲ្យឃើញថា រហូតដល់សព្វថ្ងៃ ពុំមានការចាប់អារម្មណ៍លើបញ្ហានេះនៅឡើយ ។ នេះជាទង្វើមួយដែលជាគោលដៅ នៃការផ្តួចផ្តើមគំនិតសិក្សាស្រាវជ្រាវនេះ ដែលធ្វើឲ្យមានលក្ខណៈប្រាកដនិយមឡើង ។
ក្នុងដំណើរស្រាវជ្រាវកន្លងមកនេះ នៅក្នុងទីតាំងរាជធានីស្រឡប់ព្រៃនគរ (២០០០) យើងបានប្រមូលឯកសារមួយចំនួន ពាក់ព័ន្ធទៅនឹងសិល្បៈស្ថាបត្យកម្ម ហើយបន្ទាប់ពីធ្វើការសិក្សាវិភាគ ដោយប្រៀបធៀបជាមួយប្រាសាទដទៃៗ ឯទៀត យើងអាចបញ្ជាក់ថា ប្រាង្គប្រាសាទទាំង៣ខាងលើនេះ ស្ថិតក្នុង ស.វ. ទី៧ ដើមស.វ. ទី៨ យ៉ាងប្រាកដ ។ តាមពិតទៅប្រការខាងលើនេះ គឺគ្រាន់តែជាលទ្ធផលនៃការស្រាវជ្រាវ ក្នុងដំណាក់កាលដំបូងតែប៉ុណ្ណោះ ដោយហេតុថា នៅមានបញ្ហាផ្សេងៗឯទៀត ដែលយើងមិនយកមករៀបរាប់ នៅទីនេះ ដែលជាភស្តុតាងយ៉ាងច្បាស់លាស់ទៅហើយបញ្ជាក់អំពីចំណាស់រចនាបថ នៃប្រាសាទទាំងនោះ ។
ប្រភពបុរេអង្គរនៃប្រាសាទទាំងប៉ុន្មានខាងលើនេះ ក៏ដូចជាបុរាណភាពនៃទីក្រុងព្រៃនគរ ឬបន្ទាយព្រៃនគរ អាចឆ្លុះបញ្ចាំងតាមរយៈរចនាបថនៃប្រាសាទ គួបផ្សំជាមួយនឹងវត្តមាន របស់សិលាចារឹកបុរេអង្គដូចជាផ្ទាំងសិលាចារឹក K.98 ជាដើម ។
អាគារស្ថាបត្យកម្មរបស់យើង មានអាយុកាលចាស់ជាងបន្តិច ព្រោះស្ថិតនៅក្នុងចុងសម័យចេនឡា ។ ម្យ៉ាងទៀតប្រាសាទនេះសាងសង់អំពីឥដ្ឋ លើកលែងតែទ្វារចូលប្រាសាទ (មួយពីរនិងបីទៀតជាទ្វារបញ្ឆោត) សសរពេជ្រ ក្បាច់ផ្ដែរ ថ្មកាំជណ្តើរ ទម្រជើងជណ្ដើរ ផ្នែកខាងក្រោមនៃស៊ុមទ្វារធ្វើអំពីថ្មភក់ ដែលនៅសេសសល់រាយប៉ាយ ។

ទិដ្ឋភាពរួមនៃប្រាសាទព្រះធាតុធំ ប្រាសាទកណ្ដាល និងខាងត្បូង, សម័យបុរេអង្គរ និង ជណ្ដើរ, ជញ្ជាំងឥដ្ឋ សោមសូត្របង្ហូរទឹកមន្ត ក្បាច់ផ្ដែរ និង សសរពេជ្រធ្វើអំពីឥដ្ឋ តែឆ្លាក់មិនទាន់រួច (២០១០)
សូមកត់សម្គាល់ផងដែរថា បើយើងប្រៀបធៀបសោមសូត្រ ( ថ្មសម្រាប់បង្ហូរទឹកមន្ត ) បំណែកថ្មទម្រកាំជណ្តើរ នាំទៅកាន់ក្លោងទ្វារនៃប្រាង្គប្រធាន នៃប្រាសាទនិងស៊ុំទ្វារ និងផ្នែកខាងក្រោមនៃស៊ុំទ្វារ ព្រមទាំងក្បាច់ផ្កាភ្ញីលំអសរសរពេជ្រ យើងអាចសន្និដ្ឋានថា ប្រាង្គប្រាសាទទាំងពីរខាងលើនេះ ពិតជាបូជនីយដ្ឋានបែបព្រហ្មញ្ញសាសនាសិវនិកាយ ពោល គឺមិនមែនសម្រាប់ការធ្វើសក្ការបូជាព្រះពុទ្ធសាសនាទេ ។
បើយើងសង្កេតរាងរៅនៃសំណង់ស្ថាបត្យកម្មបុរាណខាងលើនេះ យើងឃើញថា ប្រាសាទព្រះធាតុកណ្ដាល និងខាងត្បូងត្រូវបានសាងសង់ឡើង នៅលើដីទួលមួយស្ថិតក្នុងទីក្រុងស្រឡប់ព្រៃនគរ ដែលស្ថិតក្នុងរចនាបថកោះកេរ សាងសង់ក្នុងរាជ្យរបស់ ព្រះបាទជ័យវម៌ ទី៤ ។
ប្រាសាទព្រះធាតុខាងត្បូង មានកំពូលបាក់បែកធ្លុះធ្លាយ តែបានរក្សានូវក្បាច់ផ្ដែរមួយចំនួនដ៏រេចរឹល និងបំណែកសសរពេជ្រពីរដុំ ដែលសព្វថ្ងៃត្រូវបានគេតម្កល់ ក្រោមជណ្ដើរមួយក្នុងបរិវេណវត្ត ។ ទីតាំងប្រាង្គខាងលើវិញ ដែលមានសភាពល្អជាង គេឃើញមានចង្អូរទឹកមួយរាងវែង ធ្វើអំពីថ្មភក់នៅលើជញ្ជាំងទិសខាងត្បូង សម្រាប់បង្ហូរទឹកមន្តចេញពីក្នុងប្រាសាទមកផ្នែកខាងក្រៅ ដែលនៅទីនោះសាសនិកជនស្រង់យកទឹកមន្ត ដើម្បីជាសិរីមង្គល ជាពិសេសក្នុងពិធីកម្មសិវរាត្រី។ គួរឲ្យយល់ផងដែរថា បរិបទវប្បធម៌ក្នុងសម័យកាលនោះ ខុសប្លែកពីសម័យកាលនៃរាជ្យ ស្ដេចកន ដែលប្រារព្ធលទ្ធិព្រះពុទ្ធសាសនាថេរវាទ ។ នៅខាងជើងនៃប្រាសាទទាំងពីរនេះ នៅមានប្រាសាទឥដ្ឋមួយទៀត ដែលអ្នកស្រុកហៅថា ព្រះធាតុខាងជើង តែសព្វថ្ងៃស្ថិតក្រៅបរិវេណនៃព្រះវិហារ ដែលមានលក្ខណៈទ្រុឌទ្រោមយ៉ាងខ្លាំង ។
ប្រាសាទខាងជើងនេះ ត្រូវបានគេហៅថា ព្រះធាតុខាងជើង តាមពិតគឺជាប្រាសាទឧបសម្ពន្ធ នៃប្រាសាទព្រះធាតុធំខាងត្បូងនិងខាងលិចតែប៉ុណ្ណោះ ដែលមានហេតុផលជាច្រើនចង្អុលបង្ហាញថា ពីដើមពិតជាមានប្រាង្គដល់ទៅបី ។

សំណល់ស្ថាបត្យកម្មប្រាសាទបុរេអង្គរនៅក្បែរ នៅក្រោយប្រាសាទក្នុងបរិវេណវត្តព្រះធាតុធំ (២០១០)
សរុបសេចក្ដីមក ស្ដេចកន មិនបានសាងសង់ប្រាសាទទាំងនោះទេ ក៏ប៉ុន្តែទ្រង់បានកាន់កាប់តំបន់ដូនតានេះឡើងវិញ ដែលស្ថិតនៅខ្ពង់រាបខ្ពស់មួយ ហើយមានអំណោយផលធម្មជាតិផង ។ គឺក្នុងបរិបទនេះផងដែរ ដែលព្រះវិហារថ្មីត្រូវបានសាងសង់លើព្រះវិហារចាស់ ហើយនៅក្បែរសំណង់ប្រាសាទបុរេអង្គរ ។
សូមបញ្ជាក់ផងដែរថា ចំពោះការកាន់កាប់ទីតាំងចាស់ឡើងវិញដោយ ស្ដេចកន ដោយមានការសាងសង់នូវព្រះរាជធានីថ្មី នៅភូមិព្រៃនគរក្នុង ឃុំដូនតី តាមឯកសារមហាបុរស ដែលបានចងក្រងឡើងដោយលោក អេង សុត មិនបានបញ្ជាក់ថា ស្ដេចអង្គនេះ បានសាងសង់ប្រាសាទទាំងនោះទេ នៅក្នុងឆ្នាំ១៥១២ ដែលត្រូវជាឆ្នាំដែលព្រះអង្គឡើងសោយរាជ្យសម្បត្តិ ៕
ដោយ ៖ ម. ត្រាណេ
***
ប្រភពដើម ៖ CEN : ប្រាសាទព្រះធាតុធំ នៅបន្ទាយព្រៃនគររបស់ស្តេចកន