ចម្លាក់​សត្វ​ជ្រូកព្រៃ​


​នៅ​ឆ្នាំ ១៩៩៨ គេ​បាន​រក​ឃើញ​រូប​ចម្លាក់​មួយ ជា​រូប​សត្វ​ជ្រូកព្រៃ នៅ​ភូមិ​មេមត់ ក្នុង ​ខែត្រ​កំពង់ចាម​ បច្ចុប្បន្ន​ដែល​សព្វ​ថ្ងៃ​នេះ​ត្រូវ បាន​យក​ទៅ​តាំង​ក្នុង​សារមន្ទីរ​បុរេ​ប្រវត្តិសាស្ត្រ ភូមិ​មូល នៅ​ស្រុក​មេមត់ ។​

ធ្វើ​អំពី​ដី​ដុត រូប​ចម្លាក់​បុរាណ​នេះ​មាន​កម្ពស់ ១១,៥ ស​.​ម ទទឹង ៨,៥ ស​.​ម និង​បណ្ដោយ ២១,៥ ស​.​ម ។ តែ​រហូតដល់​សព្វថ្ងៃ ការ​តាំង​កាលបរិច្ឆេទ​នៃ​ចម្លាក់​នេះ មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយ ។​

ដោយសារ​ការសិក្សា​ប្រៀបធៀប​ខាង​បដិមា​កម្ម យើង​អាច​កំណត់​អាយុ​នៃ​វត្ថុ​បុរាណ​នេះ​បានជា​ស្ថាពរ ។ ​អ្វីមួយ​ដែល​អាច​ពង្រីក ការចេះដឹង​របស់​យើង​ខាង​បុរាណ​វិទ្យា និង​ជាតិពន្ធុវិទ្យា ។​

ក្រឡ​ពាក់ ខ្មែរ​សម័យ​អង្គរ មកពី​បុរីរម្យ

ក្រឡ​ពាក់ ខ្មែរ​សម័យ​អង្គរ មកពី​បុរីរម្យ

បើ​យើង​មិន​ច្រឡំ​ទេ រូប​ជ្រូកព្រៃ​ខាង​លើ​នេះ គឺ​បាន​មកពី​ការ​ជីក​គាស់​ផ្នូរ​ខ្មោច​បុរាណ​ពី​សំណាក់​អ្នកស្រុក ដើម្បី​រក​​វត្ថុ​បុរាណ យក​ទៅ​លក់​​រាល់ថ្ងៃ​ឲ្យ​ពួក​ឈ្មួញ ​ពោល​គឺ​មិនមែន​បាន​មកពី​កំណាយ​តាម​​វិធីសាស្ត្រ​ណាមួយ​នោះ​ទេ​ ។ ​គឺ​ចំណុច​នេះ​ហើយ​ដែល​នាំមក​នូវ​ផលវិបាក ក្នុង​ការ​សិក្សា​ដើម្បី​ស្វែងរក​នូវ​ចំណាស់​របស់​វត្ថុ​សិល្បៈ​បុរាណ​នេះ ។ កុំ​ភ្លេច​ថា រាល់​ការសិក្សា​នូវ​វត្ថុ​អ្វីមួយ គប្បី​យើង​ស្គាល់​បរិស្ថាន ដែល​បាន​ឲ្យ​កំណើត​ឲ្យ​សមិទ្ធកម្ម​យ៉ាង​ជាក់ច្បាស់​ជា​មុន​សិន ។ បើ​ពុំ​ដូច្នោះ​ទេ គេ​នឹង​មិន​អាច​ស្វែងយល់​អំពី​អត្ថន័យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ។ ម្យ៉ាង​វិញ​ទៀត រហូតដល់​បច្ចុប្បន្នភាព​យើង​ក៏​ពុំ​ដែល​បាន​ប្រទះ​ចម្លាក់​ជ្រូកព្រៃ​បែប​នេះ​ ឡើយ​តាម​ស្ថានីយ​ផ្សេងៗ​ក្រៅពី​គ្រោងឆ្អឹង​តែប៉ុណ្ណោះ ។ ដូច្នេះ​នេះ​ជា​លើកដំបូង​ហើយ ដែល​ចម្លាក់​ជ្រូកព្រៃ​ត្រូវ​បាន​ចុះ​ក្នុង​​បញ្ជីសារពើភណ្ឌ​ជាតិ ។​

​បើ​ពិនិត្យ​លើ​ភិនភាគ​នៃ​ចម្លាក់ ដែល​មាន​លក្ខណៈ​ជឿនលឿន​ជាង​សមិទ្ធផល​សិល្បៈ​នា​សម័យ​បុរេ​ប្រវត្តិសាស្ត្រ និង​សង្គម​នគរ​ភ្នំ យើង​មិន​អាច​ចាត់ទុកថា ចម្លាក់​របស់​យើង​ស្ថិត​ក្នុង​សម័យ​បុរេ​ប្រវត្តិសាស្ត្រ​​បាន​ឡើយ ។ តែ​ផ្ទុយទៅវិញ គឺ​ក្នុង​សម័យ​វប្បធម៌​ចេនឡា ក្នុង​អំលុង​ស​.​វ​ទី​៦-៨ ដែល​រូប​ចម្លាក់​នេះ​ត្រូវ​បាន​ផលិត​ឡើង ​។​ តាម​​ភស្តុតាង​ទាំងនោះ​អាថ៌កំបាំង​ជុំវិញ​រូប​ចម្លាក់​ត្រូវ​បាន​បំភ្លឺ​ដូច​ពោល​ខាង​លើ​ ក្រោយ​ពី​ពេល​ដែល​យើង​បាន​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​សិន នូវ​លក្ខណៈ ឬ​រូបរាង​របស់​ចម្លាក់​ជ្រូកព្រៃ​ខាងលើ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់ ។ យ៉ាងណាមិញ​ការសិក្សា​ប្រៀបធៀប​វត្ថុ​សិល្បៈ​បុរាណ​ខាង​លើ​នេះ ទៅ​នឹង​ក្បាច់​ផ្ដែរ​ក៏​ជា​ពន្លឺ​មួយ​ដែរ ក្នុង​ការ​រក​អាយុកាល ឬ​ចំ​ណាស់​ដែរ ។​

ក្រៅ​ពី​នេះ យើង​ក៏បាន​ទិន្នន័យ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​វត្តមាន​របស់​សត្វ​ជ្រូកព្រៃ ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​នា​សម័យ​បុរាណ​ដែរ ។ ការសិក្សា​រួច​មក​ហើយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ក្នុង​សម័យ​ចេនឡា​ចម្លាក់​ផ្ដែរ​មានការ​វិវត្តន៍​ខាង​ក្បាច់រចនា​លំអ​យ៉ាង​ល្អ​ប្រណិត​ ហើយ​ប្រកបដោយ​ភាព​សម្បូរ​បែប​ ។​ មិនតែប៉ុណ្ណោះ​សោត ​សិល្បករ​ខ្មែរ​នា​ជំនាន់​នោះ​ក៏​ឆ្លាក់​ដោយ​ផ្ចិតផ្ចង់ ​ជាទីបំផុត​ដែរ​ ។​ ក៏​ប៉ុន្តែ​​អ្វី​ដែល​សំខាន់ ​គឺ​គប្បី​យើង​ត្រូវ​កត់ត្រា​ នៅ​ទី​នេះ គឺថា​ក្នុង​សម័យ​ចេនឡា ជាពិសេស​នៅ​ ខែត្រក្រចេះ សត្វ​ជ្រូកព្រៃ​ត្រូវ​បាន​ឆ្លាក់​លើ​ក្បាច់​ផ្ដែរ ជា​លើកដំបូង​បង្អស់ ។ ហើយ​និមិត្តសញ្ញា​នេះ​បាន​ធ្វើ​ឲ្យ​យើង​មានការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ព្រោះ​ហេតុការណ៍​នេះ​ពុំ​ធ្លាប់​បាន​ជួបប្រទះ ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​ឡើយ ។​

pig

សត្វ​ជ្រូក ជា​កុលាលភាជន៍ នៅ​មេមត់ ខែត្រ​កំពង់ចាម

​ចំពោះ​យើង យើង​ជឿ​ថា​ដោយសារ​ប្រជាជន​នៅ​ស្រុក​មេមត់ ក្នុង ​ខែត្រ​កំពង់ចាម​ ក៏​ដូច​នៅ ​ខែត្រ​ក្រចេះ ដែល​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប ពិតជា​រស់នៅ​ក្រោម​ឥទ្ធិពល​នៃ​ជំនឿ​បែប​ជីវចល​និយម​ដូនតា​ ទើប​គេ​និយម​ សត្វ​ជ្រូកព្រៃ​ផ្ទុយ​ពី​ទីតាំង​ផ្សេងៗ​ឯទៀត ​។​ ដូច​ប្រភព​ដើម​នៃ​រូប​ចម្លាក់​ ជ្រូកព្រៃ​នេះ នៅ​សម័យ​ចេនឡា ដែល​មិន​មែនមាន​លក្ខណៈ​ជា​ឥណ្ឌា​ទេ តែ​ជា​ខ្មែរ​សុទ្ធសាធ ដែល​បាន​បន្ត​ពី​មរតក​វប្បធម៌​នា​សម័យមុនៗ យ៉ាង​ប្រាកដ ។​

តើ​ជនជាតិ​ខ្មែរលើ នៅ​ក្នុង​ភូមិភាគ​ឦសាន បាន​រក្សា​ជំនឿ​លើ​សត្វ​ជ្រូក​ព្រៃ​នេះ​ទេ ?​ បញ្ហា​នេះ​មិន​មែន​ជា​មន្ទិល​សង្ស័យ​របស់​យើង ឡើយ ។ ប្រជាជន​ខ្មែរ​តាំង​ពី​ដើម​ស្ទើរតែ​គ្រប់គ្នា និយម​ជឿ​លើ​បារមី​របស់​សត្វ​នេះ ។ ហេតុ​ដូច​នេះ គួរ​យើង​រាវរក​ប្រភព​ជីវចល​និយម នៃ​ការ​សូន​រូប ឬ​ឆ្លាក់​រូប​នេះ​ដែរ ។ ចង់ ឬ​មិន​ចង់​រហូតដល់​សព្វថ្ងៃ​ការ​ជឿ​ថា សត្វ​ជ្រូកព្រៃ ឬ​ខ្នាយ​របស់​សត្វ​នេះ​មាន​មហិទ្ធិឫទ្ធិ​ នៅ​តែ​មាន​ក្នុង​សង្គម​ជាតិខ្មែរ​យើង ក៏​ដូច​តាម​សហគមន៍​ជនជាតិ​ខ្មែរ​ដើម​ភាគតិច ដូចដែល​ថ្លែង​រួច​ខាង​លើ​នេះ ។​

​រួម​សេចក្ដី​មក​ទោះជា​យើង​មិន​ដឹង​ថា ចម្លាក់​ជ្រូកព្រៃ​នៅ​មន្ទីរ​ស្រុក​មេមត់ ស្ថិត​ក្នុង​សម័យកាល​ពិត​ជាក់ច្បាស់ តែ​យោង​លើ​រូបរាង​លក្ខណៈ និង​បច្ចេកទេស យើង​អាច​និយាយ​បាន​ថា វត្ថុ​សិល្បៈ​នេះ​ស្ថិត​ក្នុង​សម័យ​ចេនឡា​យ៉ាង​ប្រាកដ ៕

ដោយ ៖ ម. ត្រាណេ

***

ប្រភព​ដើម ៖ CEN : ​ចម្លាក់​សត្វ​ជ្រូកព្រៃ​នៅ​សារមន្ទីរ​បុរេប្រវត្តិសាស្ត្រ ស្រុក​មេមត់​

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: