ការរកឃើញ​ព្រះ​ពុទ្ធរូប​សម័យ​ក្រោយ​អង្គរ ៥៦ អង្គ


វត្ត​វិហារ​ហ្លួង ដែល​ស្ថិត​ក្នុង​ ភូមិ​វិហារ​ហ្លួង ស្រុក​ត្បូងឃ្មុំ ខែត្រ​​កំពង់ចាម គឺជា​ទឹកដី​ពោរពេញ​ទៅ​ដោយ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ។ គឺ​នៅ​ទីនោះ​ហើយ​ដែល ​ព្រះបាទ​រាមា​ជើងព្រៃ បាន​តាំង​ព្រះ​រាជធានី​មួយ​នា​សម័យ​ក្រោយ​អង្គរ មានឈ្មោះ​ថា ក្រុង​ស្រឡប់​ពិជ័យព្រៃនគរ ស្ថិត​ក្នុង​ប៉ែក​ខាងកើត​ទន្លេ​មេគង្គ ។​

កាលពី​ចុងខែ​មេសា ឆ្នាំ​២០០០ កន្លង​មក​នេះ ព្រះពុទ្ធ​រូប​ចំនួន ៥៦ អង្គ​, ៥២ អង្គ ធ្វើ​អំពី​មាស​សន្លឹក ២ អង្គ​ធ្វើឡើង​អំពី​ប្រាក់​សន្លឹក ត្រូវ​បាន​ឃើញ​ដោយ​ចៃដន្យ ក្នុង​ខណៈ​ដែល​​ព្រះគ្រូចៅអធិការ​វត្ត​ជីក​កកាយ​ចាក់គ្រឹះ កសាង​ព្រះវិហារ​បុរាណ​ដែល​បាក់បែក​ឡើងវិញ ។​

​តាមពិត​ទៅ​រូប​ព្រះពុទ្ធ​អង្គ​ទាំងនោះ នៅ​ក្នុង​គ្រឹះ​សីមា​កិល​(​រណ្ដៅ​កណ្ដាល​) នៃ​វិហារ​ព្រះវិហារ​ហ្លួង ដែល​គេ​បាន​បញ្ចុះ​ក្នុង​សម័យ​បុរាណ ។ នៅ​ពេល​ប្រារព្ធ​ពិធី​ឆ្លង​ពុទ្ធរូប​ទាំងនោះ ដែល​ស្ថិត​ក្នុង​ឥរិយាបថ​ផ្សេងៗ​មាន​ទំហំ​ទទឹង​មធ្យម ៥ ស​.​ម និង​បណ្ដោយ​មធ្យម ១០ ស​.​ម ធ្វើ​អំពី​មាសសន្លឹក​សង្កត់​ពុម្ព ។ ខ្លះ​គង់​សមាធិ​ប្រក់​នាគ ខ្លះ​ទ្រង់​អភ័យ​សមុទ្រៈ ដោយ​ទ្រង់​ប្រថាប់​រា​ព្រះហស្ត ខ្លះ​ទៀត​ទ្រង់​គង់​យក​ព្រះធរណី​ជា​សាក្សី ។​

ដោយ​គ្មាន​លទ្ធភាព​ថែរក្សា​ឲ្យបាន​គង់វង្ស ព្រះគ្រូចៅអធិការ​វត្ត​ក៏​បាន​ប្រគល់​ឲ្យ​សម្ដេច ហេង សំរិន អនុប្រធាន​ទី​១ នៃ​រដ្ឋ​សភាជាតិ កាលពី​ពាក់កណ្ដាល​ខែ​ឧសភា ២០០០ ហើយ​លោក​ក៏​បាន​ប្រគល់​ព្រះ​បដិមា​បុរាណ​ទាំងនោះ នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០០០ ដើម្បី​ទុកជា​ទ្រព្យសម្បត្តិ​ជាតិ ។​

​ការ​រក​ឃើញ​កំណប់​ជា​បុរាណវត្ថុ ជា​ភស្តុតាង​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នូវ​ចំណាស់​របស់​ប្រពៃណី​បុណ្យបញ្ចុះសីមា ដែល​ត្រូវ​បាន​ធ្វើឡើង​ទាំង ៨ ទិស រួម​ទាំង​ឫស​សីមា​ព្រហ្ម​កិល នៅ​ចំ​កណ្ដាល​ដោយ​ពុទ្ធ​សាសនិក​ជន ដែល​តែងតែ​បញ្ចុះ​នូវ​របស់​មានតម្លៃ ដែល​វា​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ដោយ​ឧទ្ទិស​ផ្សង​ឲ្យបាន​សម្រេច​នូវ​សេចក្ដី​ប៉ងប្រាថ្នា ។ ហើយ​ការ​ដែល​យើង​ឃើញ​នូវ​ព្រះ​ពុទ្ធរូប​ទាំងនោះ​ធ្វើ​អំពី​មាស យើង​អាច​សន្និដ្ឋាន​ថា ព្រះពុទ្ធ​រូប​ទាំង​នោះ អាច​ជា​ទ្រព្យសម្បត្តិ របស់​ព្រះមហាក្សត្រ​អង្គ​ណាមួយ ដែល​ត្រូវ​បាន​បញ្ចុះ​ក្នុង​គ្រឹះ​សីមា​វត្ត​វិហារ​ហ្លួង នៅ​សម័យ​ក្រោយ​អង្គរ ៕

ដោយ ៖ ម. ត្រាណេ

***

ប្រភពដើម ៖ CEN : ​ការរកឃើញ​ព្រះ​ពុទ្ធរូប ៥៦ អង្គ នា​សម័យ​ក្រោយ​អង្គរ នៅ​ស្រុក​ត្បូងឃ្មុំ​

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , , , , | មតិ 4

Post navigation

4 thoughts on “ការរកឃើញ​ព្រះ​ពុទ្ធរូប​សម័យ​ក្រោយ​អង្គរ ៥៦ អង្គ

  1. ពិតជាធ្លាប់ឃើញ​រូបពុទ្ធដិមាមាសនេះ នៅក្នុងសារមន្ទីជាតិមែន។ ប៉ុន្តែឥតបានរាប់ទេ😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: