​ប្រាសាទព្រះធាតុធំ


thom1

ស្រះ​ទឹក​បុរាណ រវាង​ប្រាសាទ​ខាង​ត្បូង និង​ប្រាសាទ​ខាង​ជើង (២០១០)

ជាទូទៅ ក្រុម​ប្រាសាទ​ឥដ្ឋ​ទាំងបី គឺ​ព្រះ​ធាតុ​ផ្នែក​កណ្តាល ខាងត្បូង​និង​ខាងកើត​នា​សម័យ​ចេនឡា ដែល​នៅ​សេសសល់​ក្នុង​បរិវេណ​វត្ត​ព្រៃនគរ ក្នុងភូមិ​ព្រៃនគរ ឃុំ​ដូនតី ស្រុក​ពញ្ញាក្រែក ខេត្តកំពង់ចាម​បច្ចុប្បន្ន ត្រូវបាន​អ្នកនិពន្ធ​មួយចំនួន​ចាត់ទុកថា​ជា​ស្នា​ព្រះ​ហ​ស្ថ​របស់​ស្តេច​កន ឬ​ព្រះបាទ​សម្តេចព្រះ​ស្រី​ជេដ្ឋា​រាមា​ធិបតី ក្នុងពេលដែល​ទ្រង់​ស្ថាបនា អតីត​រាជធានី​ស្រឡប់​ព្រៃនគរ នៅ​ឆ្នាំ​១៥១២ ។ ប៉ុន្តែ​អស់លោក​ទាំងនោះ​ពុំបាន​ផ្ទៀងផ្ទាត់ ឬ​បញ្ជាក់​ពី​អាយុកាល​ឬ​រចនាបថ នៃ​សំណង់​ស្ថាបត្យកម្ម​បុរាណ​ទាំងនោះ ឲ្យ​បាន​ច្បាស់​លាស់​ទេ​។

ទង្វើ​នេះ​បង្ហាញ​ឲ្យ​ឃើញថា រហូតដល់​សព្វថ្ងៃ ពុំមាន​ការចាប់អារម្មណ៍​លើ​បញ្ហា​នេះ​នៅឡើយ ។ នេះ​ជា​ទង្វើ​មួយ​ដែលជា​គោលដៅ នៃ​ការផ្តួចផ្តើម​គំនិត​សិក្សា​ស្រាវជ្រាវ​នេះ ដែល​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ប្រាកដនិយម​ឡើង ។​

ក្នុង​ដំណើរ​ស្រាវជ្រាវ​កន្លង​មកនេះ នៅ​ក្នុង​ទីតាំង​រាជធានី​ស្រឡប់​ព្រៃនគរ (២០០០) យើង​បាន​ប្រមូល​ឯកសារ​មួយ​ចំនួន ពាក់ព័ន្ធ​ទៅ​នឹង​សិល្បៈ​ស្ថាបត្យកម្ម ហើយ​បន្ទាប់ពី​ធ្វើការ​សិក្សា​វិភាគ ដោយ​ប្រៀបធៀប​ជាមួយ​ប្រាសាទ​ដទៃ​ៗ​ ឯទៀត យើង​អាច​បញ្ជាក់​ថា ប្រាង្គ​ប្រាសាទ​ទាំង​៣​ខាង​លើ​នេះ ស្ថិត​ក្នុង​​ ស​.​វ. ទី​៧ ដើម​ស​.​វ. ទី​៨ យ៉ាង​ប្រាកដ ។ តាម​ពិត​ទៅ​ប្រការ​ខាង​លើ​នេះ គឺ​គ្រាន់តែ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ ក្នុង​ដំណាក់កាល​ដំបូង​តែប៉ុណ្ណោះ ដោយហេតុថា នៅ​មាន​បញ្ហា​ផ្សេងៗ​ឯទៀត ដែល​យើង​មិន​យក​មក​រៀបរាប់ នៅ​ទីនេះ ដែល​ជា​ភស្តុតាង​យ៉ាង​ច្បាស់​លាស់​ទៅ​ហើយ​បញ្ជាក់​អំពី​ចំណាស់​រចនាបថ នៃ​ប្រាសាទ​ទាំងនោះ ។​

thom2

ទិដ្ឋភាព​ប្រាសាទ​ព្រះ​ធាតុ​មើល​ពី​ចំហៀង​ ប្រាសាទ​ខាង​ត្បូង និង ផ្ដែរ​ថ្ម រចនាបថ​​ព្រៃ​ក្មេង (២០១០)

ប្រភព​បុ​រេ​អង្គរ​នៃ​ប្រាសាទ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ក៏ដូចជា​បុរាណ​ភាព​នៃ​ទីក្រុង​ព្រៃនគរ ឬ​បន្ទាយ​ព្រៃនគរ អាច​ឆ្លុះបញ្ចាំង​តាមរយៈ​រចនាបថ​នៃ​ប្រាសាទ គួបផ្សំ​ជា​មួយ​នឹង​វត្តមាន របស់​សិលាចារឹក​បុ​រេ​អង្គ​ដូចជា​ផ្ទាំង​សិលាចារឹក K.98 ជាដើម ។​

​អាគារ​ស្ថាបត្យកម្ម​របស់​យើង មាន​អាយុកាល​ចាស់​ជាង​បន្តិច ព្រោះ​ស្ថិត​នៅក្នុង​ចុង​សម័យ​ចេនឡា ។ ម្យ៉ាង​ទៀត​ប្រាសាទ​នេះ​សាងសង់​អំពី​ឥដ្ឋ លើកលែងតែ​ទ្វារ​ចូល​ប្រាសាទ (​មួយ​ពីរ​និង​បី​ទៀត​ជា​ទ្វារ​បញ្ឆោត​) សសរ​ពេជ្រ ក្បាច់​ផ្ដែរ ថ្ម​កាំ​ជណ្តើរ ទម្រ​ជើង​ជណ្ដើរ ផ្នែក​ខាងក្រោម​នៃ​ស៊ុម​ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់ ដែល​នៅ​សេសសល់​រាយប៉ាយ ។​

thom3

ទិដ្ឋភាព​រួម​នៃ​ប្រាសាទ​ព្រះ​ធាតុ​ធំ ប្រាសាទ​កណ្ដាល និង​ខាង​ត្បូង, សម័យ​បុរេ​អង្គរ និង ជណ្ដើរ, ជញ្ជាំង​ឥដ្ឋ សោម​សូត្រ​បង្ហូរ​ទឹក​មន្ត ក្បាច់​ផ្ដែរ និង សសរ​ពេជ្រ​ធ្វើ​អំពី​ឥដ្ឋ តែ​ឆ្លាក់​មិន​ទាន់​រួច (២០១០)

សូម​កត់សម្គាល់​ផងដែរ​ថា បើ​យើង​ប្រៀបធៀប​សោម​សូត្រ ( ថ្ម​សម្រាប់​បង្ហូរ​ទឹកមន្ត ) បំណែក​ថ្ម​ទម្រ​កាំជណ្តើរ នាំទៅ​កាន់​ក្លោងទ្វារ​នៃ​ប្រាង្គ​ប្រធាន នៃ​ប្រាសាទ​និង​ស៊ុំទ្វារ និង​ផ្នែក​ខាងក្រោម​នៃ​ស៊ុំទ្វារ ព្រមទាំង​ក្បាច់​ផ្កា​ភ្ញី​លំអ​សរសរ​ពេជ្រ យើង​អាច​សន្និដ្ឋានថា ប្រាង្គ​ប្រាសាទ​ទាំងពីរ​ខាងលើនេះ ពិតជា​បូជនីយដ្ឋាន​បែប​ព្រហ្មញ្ញសាសនា​សិវ​និកាយ ពោល​ គឺ​មិនមែន​សម្រាប់​ការ​ធ្វើ​សក្ការ​បូជា​ព្រះពុទ្ធសាសនា​ទេ ។​

បើ​យើង​សង្កេត​រាងរៅ​នៃ​សំណង់​ស្ថាបត្យកម្ម​បុរាណ​ខាង​លើ​នេះ យើង​ឃើញ​ថា ប្រាសាទ​ព្រះ​ធាតុ​កណ្ដាល និង​ខាងត្បូង​ត្រូវ​បាន​សាង​សង់​ឡើង នៅ​លើ​ដី​ទួល​មួយ​ស្ថិត​​ក្នុង​ទីក្រុង​ស្រឡប់​ព្រៃនគរ ដែល​ស្ថិត​ក្នុង​រចនាបថ​កោះ​កេរ សាងសង់​ក្នុង​រាជ្យ​របស់ ​ព្រះបាទ​ជ័យវម៌ ទី៤ ។​

thom4

ប្រាសាទ​ព្រះ​ធាតុ​ខាង​ជើង និង​ផ្ទាំង​សិលា​នៅ​លើ​ដី (​២០១០)

​ប្រាសាទ​ព្រះ​ធាតុ​ខាងត្បូង មាន​កំពូល​បាក់បែក​ធ្លុះធ្លាយ តែ​បាន​រក្សា​នូវ​ក្បាច់​ផ្ដែរ​​មួយ​ចំនួន​ដ៏​រេចរឹល និង​បំណែក​សសរ​ពេជ្រ​ពីរ​ដុំ ដែល​សព្វថ្ងៃ​ត្រូវ​បាន​គេ​តម្កល់ ក្រោម​ជណ្ដើរ​មួយ​ក្នុង​បរិវេណ​វត្ត ។ ទីតាំង​ប្រាង្គ​ខាងលើ​វិញ ដែល​មាន​សភាព​ល្អ​ជាង គេ​ឃើញ​មាន​ចង្អូរ​ទឹក​មួយ​រាង​វែង ធ្វើ​អំពី​ថ្ម​ភក់​នៅ​លើ​ជញ្ជាំង​ទិស​ខាងត្បូង សម្រាប់​បង្ហូរ​ទឹកមន្ត​ចេញពី​ក្នុង​ប្រាសាទ​មក​ផ្នែក​ខាងក្រៅ ដែល​នៅ​ទីនោះ​សាសនិក​ជន​ស្រង់​យក​ទឹកមន្ត ដើម្បី​ជា​សិរី​មង្គល ជាពិសេស​ក្នុង​ពិធី​កម្ម​សិវរាត្រី​។ គួរ​ឲ្យ​យល់​ផង​ដែរ​ថា បរិបទ​វប្បធម៌​ក្នុង​សម័យ​កាលនោះ ខុសប្លែក​ពី​សម័យកាល​នៃ​រាជ្យ​​ ​ស្ដេច​កន ដែល​ប្រារព្ធ​លទ្ធិ​ព្រះពុទ្ធសាសនា​ថេរវាទ ។ នៅ​ខាងជើង​នៃ​ប្រាសាទ​ទាំងពីរ​នេះ នៅ​មាន​ប្រាសាទ​ឥដ្ឋ​មួយទៀត ដែល​អ្នកស្រុក​ហៅថា ព្រះ​ធាតុ​ខាងជើង តែ​សព្វថ្ងៃ​ស្ថិត​ក្រៅ​បរិវេណ​នៃ​ព្រះវិហារ ដែល​មាន​លក្ខណៈ​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ។​

ប្រាសាទ​ខាងជើង​នេះ ត្រូវ​បាន​គេ​ហៅថា ព្រះ​ធាតុ​ខាងជើង តាមពិត​គឺជា​ប្រាសាទ​ឧបសម្ពន្ធ នៃ​ប្រាសាទ​ព្រះ​ធាតុ​ធំ​ខាងត្បូង​និង​ខាងលិច​តែប៉ុណ្ណោះ ដែល​មាន​ហេតុផល​ជាច្រើន​ចង្អុល​បង្ហាញ​ថា ពី​ដើម​ពិត​ជា​មាន​ប្រាង្គ​ដល់​ទៅ​បី ។

thom5

សំណល់​ស្ថាបត្យកម្ម​ប្រាសាទ​បុរេ​អង្គរ​នៅ​ក្បែរ នៅ​ក្រោយ​ប្រាសាទ​ក្នុង​បរិវេណ​វត្ត​ព្រះ​ធាតុ​ធំ (២០១០)

​សរុប​សេចក្ដី​​មក ស្ដេច​កន ​មិនបាន​សាងសង់​ប្រាសាទ​ទាំង​នោះ​ទេ ក៏ប៉ុន្តែ​ទ្រង់​បាន​កាន់កាប់​តំបន់​ដូនតា​នេះ​ឡើងវិញ ដែល​ស្ថិតនៅ​ខ្ពង់រាប​ខ្ពស់​មួយ ហើយ​មាន​អំណោយផល​ធម្មជាតិ​ផង ។ គឺ​ក្នុង​បរិបទ​នេះ​ផង​ដែរ ដែល​ព្រះវិហារ​ថ្មី​ត្រូវ​បាន​សាងសង់​លើ​ព្រះវិហារ​ចាស់ ហើយ​នៅ​ក្បែរ​សំណង់​ប្រាសាទ​បុ​រេ​អង្គរ ។

សូម​បញ្ជាក់​​ផង​ដែរ​ថា ចំពោះ​ការ​កាន់​កាប់​ទីតាំង​ចាស់​ឡើងវិញ​ដោយ​ ស្ដេច​កន ដោយមាន​ការសាងសង់​នូវ​ព្រះ​រាជធានី​ថ្មី នៅ​ភូមិ​ព្រៃនគរ​ក្នុង ឃុំ​ដូនតី តាម​ឯកសារ​មហា​បុរស ដែល​បាន​ចងក្រង​ឡើង​ដោយ​លោក អេង សុ​ត មិនបាន​បញ្ជាក់​ថា ស្ដេច​អង្គ​នេះ បាន​សាងសង់​ប្រាសាទ​ទាំង​នោះ​ទេ នៅ​ក្នុង​​ឆ្នាំ​១៥១២ ដែល​ត្រូវជា​ឆ្នាំ​ដែល​ព្រះអង្គ​ឡើង​សោយរាជ្យ​សម្បត្តិ ៕

ដោយ ៖  ម. ត្រាណេ

***

ប្រភព​ដើម ៖ CEN : ​ប្រាសាទព្រះធាតុធំ នៅ​បន្ទាយ​ព្រៃនគរ​របស់​ស្តេច​កន​

Categories: រមណីយដ្ឋាន | Tags: , , , , , | មតិ 3

Post navigation

3 thoughts on “​ប្រាសាទព្រះធាតុធំ

  1. Pingback: ប្រាសាទព្រះធាតុធំ និង​ប្រាសាទព្រះធាតុតូច | កំពង់ចាម កំពង់​ចិត្ត

  2. chhai bunthat

    តើប្រាសាទព្រះធាតុធំនិងប្រាសាទព្រះធាតុតូចកសាងដោយព្រះអង្គណាអោយប្រាកដ?​ស

    • ពិបាកនឹង​ឆ្លើយ ដោយ​សារ​ជា​ប្រាសាទ​សាង​មុន​សម័យ​អង្គរ ហើយ​យើង​មិន​មាន​ឯកសារ​ច្បាស់​លាស់​ពី​ស្ដេច​ដែល​សោយរាជ្យ​នៅ​មុន​សម័យ​អង្គរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: