សេចក្ដីផ្ដើម
មានព្រំប្រទល់ជាប់និងស្រុកស្ទឹងត្រែង និងស្រុកកំពង់សៀម ខែត្រកំពង់ចាម ក្រុមប្រាសាទហាន់ជ័យ ស្ថិតនៅខាងលិច ទន្លេមេគង្គ នៅក្នុង ភូមិហាន់ជ័យ ស្រុកកំពង់សៀម ខែត្រកំពង់ចាម មានចម្ងាយប្រហែល ៣០ គ.ម ខាងជើងនៃទីរួមខេត្ត ។ ជាប្រាសាទដែលបានទទួលឥទ្ធិពលវប្បធម៌ពីទីក្រុងអង្គរបុរី ។ ឥទ្ធិពលវប្បធម៌បុរីអាចគូសបញ្ជាក់តាមរយៈវិស័យសិល្បៈស្ថាបត្យកម្ម ដែលមាននៅ ក្រុមប្រាសាទហាន់ជ័យ នេះ ដែលជាភស្តុតាងដ៏ជាក់ច្បាស់ ។

ទិដ្ឋភាពរូបនៃប្រាសាទគុកព្រះធាតុ មុនការជួសជុល (ថត២០០០)
ក្រុមប្រាសាទហាន់ជ័យ ត្រូវបានកសាងឡើងនៅលើកូន ភ្នំហាន់ជ័យ មានកម្ពស់ប្រមាណជា ១៣០ ម៉ែត្រ ត្រើយខាងលិចនៃដង ទន្លេមេគង្គ ហើយមានកាលបរិច្ឆេទផ្សេងៗគ្នា ។ ក្នុងចំណោមប្រាសាទឥដ្ឋនិងថ្មជាច្រើនដែលមិនអាចកំណត់ ចំនួនឲ្យបានប្រាកដ មានប្រាសាទតែ ៣ ទេដែល នៅរក្សារូបរាងស្ថិតក្នុងបរិវេណនៃ វត្តហាន់ជ័យ បច្ចុប្បន្ន ។ ក្រៅពីនេះគេឃើញតែតួនិងគ្រឹះឥដ្ឋ នៃសំណង់ប្រាសាទបុរាណតែប៉ុណ្ណោះ ។ ក្រុមប្រាសាទទាំងនោះ ត្រូវបានកសាងឡើងក្នុងអន្តរកាលសម័យនគរភ្នំនិងចេនឡា ។

ក្បាច់ប្រាសាទ (ថត ២០០០)
យើងអាចទៅមកកាន់ ក្រុមប្រាសាទហាន់ជ័យ តាមរយៈផ្លូវទឹកដោយជិះទូកនិងតាមផ្លូវគោកចេញពីទីរួមខេត្តកំពង់ចាម ។ ថ្មីៗនេះ រដ្ឋាភិបាលខ្មែរ បានជួសជុល ប្រាសាទហាន់ជ័យ ខាងជើងហៅ ប្រាសាទគុកព្រះធាតុ តាមសំណូមពររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។ នេះជោគជ័យមួយ គួរឲ្យកត់សម្គាល់ដែលមានរូបយើងជាអ្នកស្នើនៅឆ្នាំ ១៩៩៤ ។
១. ប្រាសាទហាន់ជ័យ ខាងជើង (ប្រាង្គទី១) ហៅប្រាសាទគុកព្រះធាតុ

គោនន្ទិន រកឃើញថ្មីៗ
ប្រាសាទហាន់ជ័យ ហៅថាគុកខាងជើងឬគុកព្រះធាតុ និងអ្នកខ្លះហៅថាប្រាសាទនាងខ្មៅ ត្រូវបានសាងសង់ឡើង នៅក្បែរដង ទន្លេមេគង្គ នៅលើចង្កេះ ភ្នំហាន់ជ័យ ។ ដោយសារបូជនីយដ្ឋាន ដ៏សំខាន់នេះមានលក្ខណៈស្រដៀង នឹងអាស្រមមហាឥសី នៅ ស្រុកអង្គរបុរី ទើបបានជាយើងចូលបញ្ចូលប្រាសាទនេះ ក្នុងសម័យកាលនគរភ្នំ ។
មានប្លង់ការ៉េហើយសាងសង់ឡើង ដោយថ្មពពុះពណ៌ប្រផេះ ប្រាសាទនេះ មានទំហំ ៧ ម៉ែត្រ ៤ ជ្រុង នីមួយៗប្រវែង ៤.៥ ម៉ែត្រ និងកម្ពស់ ៥ ម៉ែត្រ ស្ថិតក្នុងសភាពទ្រុឌទ្រោម ។ សព្វថ្ងៃនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងជួសជុលវិមានប្រវត្តិសាស្ត្រនេះ តាមរបៀប Anaslylose ដោយចុះលេខរៀងថ្មនីមួយៗ នៃប្រាសាទហើយផ្ដុំរៀបឡើងវិញឲ្យដូចដើម ។ ថវិកាជួសជុល គឺឧបត្ថម្ភដោយសហរដ្ឋអាមេរិក ។
ប្រាសាទដ៏ល្អវិចិត្រនេះ បែរមុខទៅទិសខាងកើតហើយមានទ្រង់ទ្រាយដូចប្រាសាទអាស្រមមហាឥសី ដែលស្ថិតលើភ្នំដា ក្នុងខេត្តតាកែវ សាងសង់ឡើងក្នុងសម័យអន្តរកាលរវាងនគរភ្នំ និងចេនឡា ពោលគឺស.វ ទី ៦ នៃគ.ស ។ កាលបើឈរលើទីតាំងប្រាសាទដ៏ចំណាស់នេះ គេពិតជាបានឃើញទេសភាពដ៏ស្រស់បំព្រងគួរឲ្យរំភើបចិត្តយ៉ាងក្រៃលែងពុំខាន ។
កាលពីថ្ងៃ ២៨ ខែសីហា ឆ្នាំ ២០០៧ កម្មករបានជីករកឃើញរូបចម្លាក់ ព្រះគោនន្ទិន មួយអមទ្វារប្រាសាទ ។ គោនន្ទិននេះ ដែលជាយានជំនិះរបស់ព្រះឥសូរដ៏មានមហិទ្ធិឫទ្ធិ គង់លើភ្នំកៃលាស ក្នុងជំនឿខ្មែរបុរាណនោះ មានបណ្ដោយ ៩១ ស.ម កម្ពស់ ៤ ស.ម និងទទឹង ២៧ ស.ម ។ សព្វថ្ងៃពាហនៈ របស់ព្រះឥសូរនេះ ត្រូវបានយកទៅតម្កល់នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម ។
តាមការដំណាលរបស់អ្នកភូមិ ប្រាសាទគុកព្រះធាតុ ដើមឡើយមានតម្កល់នូវចម្លាក់របស់ព្រះអាទិទេពស្រីមួយព្រះអង្គ ដែលគេឲ្យឈ្មោះថា នាងខ្មៅ ។ ចម្លាក់បុរាណនេះ ធ្វើអំពីថ្លើមថ្មខ្មៅ ត្រូវពួកចោរលួចយកទៅលក់ឲ្យបរទេសបាត់ទៅ មុនឆ្នាំ ១៩៦០ ។ រូបចម្លាក់នេះបើដំណាលនេះជាការពិតនោះ គឺពិតជាតំណាងឲ្យ ព្រះនាងឧមា យ៉ាងប្រាកដ ។
ប្រាសាទហាន់ជ័យ ខាងជើងទី ១ ហៅ ប្រាសាទគុកព្រះធាតុ ស្ថិតនៅចង្កេះភ្នំចម្ងាយប្រមាណ ៦០០ម ស្ថិតនៅខាងជើងប្រាសាទហាន់ជ័យ ខាងជើងទី២ ។ បើតាមការអះអាងរបស់ចាស់ទុំនៅស្រុកនេះ ផ្ទៃខាងក្នុងគ្មានការតុបតែងអ្វីឡើយ ក្រៅពីរូបចម្លាក់តំណាងព្រះនាងឧមា ឬនាងខ្មៅ នឹងសោមសូត្រសម្រាប់បង្ហូរទឹកមន្ត ។ ទ្រង់ទ្រាយដំបូលរាងកោងជាថ្នាក់ៗ តួប្រាសាទត្រូវបានសាងសង់លើខឿនមួយដ៏រឹងមាំ ដែលមាន ៣ ថ្នាក់ដោយថ្នាក់នីមួយៗ មានរចនាជាក្បាច់អង្កែ ព័ន្ធជុំវិញទម្រង់មុខមនុស្ស មានពាក់ក្រវិលធំៗ ដូចនៅប្រាសាទអាស្រមមហាឥសីនៅសម្បូរព្រៃគុកលេខ N17 ។
នៅគ្រប់ជាន់ថ្នាក់នីមួយៗ នៃដំបូលប្រាសាទមានឆ្លាក់ក្បាច់សសៀរនៅខាងចុងនិងក្បាច់អង្កែនៅ ខាងចុងក្បាល ។ ចំណុចសម្គាល់មួយទៀត គឺមានក្បាច់ផ្ដែរជាក្បាច់រំលេច ដោយរំយោលកម្រងផ្កានិង ចំកណ្ដាលមានឆ្លាក់ជាមេដាយ ដែលមានរូបជាផ្កា ។ រីឯនៅខាងចុងផ្ដែរវិញ លំអដោយសត្វ ម្ករ បែរមុខចូលក្នុង ។ ចំពោះសសរពេជ្រដែលមានរាង មូលឆ្លាក់មូលដោយមានដុំនៅផ្នែកខាងលើបង្កើតជាក្បាលសសររំលេច ដោយត្របកឈូកនិងមានកងវ័ណ្ឌបីព្រមទាំងក្បាច់ភ្ញី ។ នៅចំកណ្ដាលសសរពេជ្រ មានក្បាច់ជាកងឬចិញ្ចៀននៅចន្លោះក្បាច់ជារាងធ្មេញរណារ ។

កំពូលប្រាសាទជាផ្កាឈូក រកឃើញថ្មីៗ (ថត ២០០៨)
រមណីយដ្ឋាន ភ្នំហាន់ជ័យ មានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដោយហេតុថាទីតាំងនេះជាទីប្រតិស្ឋានប្រាសាទបុរាណខ្មែរ នាសម័យបុរេអង្គរជាច្រើន ដូច្នេះការរកឃើញចម្លាក់ព្រះគោធ្វើឲ្យអ្នកស្រុកជឿថាគោផុស ហើយពួកគាត់ក៏ម្នីម្នារកទឹកមន្ត ដើម្បីលាបមុខលាបប្រាណ ឲ្យមានសិរីមង្គលសិរីសួស្ដី ។
គោនេះជាពាហនៈ ឬយានជំនិះរបស់ព្រះឥសូរដ៏មហិទិ្ធរិទ្ធដែលគង់លើភ្នំកៃលាស ក្នុងជំនឿខ្មែរបុរាណគេជឿថា គោនេះប្រកបដោយឫទ្ធានុភាព បានជាគេគោរពសក្ការៈ ។ ធម្មតាគេឆ្លាក់ គោនន្ទិន ដាក់អមទ្វារប្រាសាទ (Cf: ព្រះគោ, បាគង) ទូទាំងប្រទេស តាមបុរាណស្ថាននានាបែបសិវនិយម ដែលធ្វើអំពី ថ្មភក់, សំរឹទ្ធ, មាស ។
កាលពីថ្ងៃទី ២៨ ខែសីហា ២០០៧ កម្មករជួសជុល ប្រាសាទភ្នំហាន់ជ័យ បានជីកប្រទះឃើញរូបចម្លាក់នេះ ។ ចំពោះអ្នកស្រុក ការរកឃើញនូវចម្លាក់បុរាណនេះ គឺជាប្រថ្នូលនៃ ស្រុកទេសបានសុខ សន្តិភាព ពេញលេញបរិបូរណ៍ហើយ ខ្លះជឿថា បងព្រះកែវដែលសៀមចាប់យកទៅឃុំទុកនៅសៀមឥឡូវផុសមកស្រុកវិញ នៅប្រាសាទគុកព្រះធាតុ ។
តាមពិតប្រាសាទគុកព្រះធាតុ ជាក្រុមប្រាសាទមានប្រាង្គពីរដាច់ឡែកពីគ្នា ។ តែសព្វថ្ងៃត្រូវរលំរាបដល់ដីទៅហើយ ។ ការសន្និដ្ឋានបែបនេះ បណ្ដាលមកពីសំណង់ស្ថាបត្យកម្មមួយចំនួន ដែលគេបានជួបប្រទះនៅលើទីតាំង ក្បែរប្រាសាទទី១ មានក្បាច់ផ្កាឈូកលំអកំពូលប្រាសាទដូចគ្នា ដូចដែលមាននៅប្រាសាទអាស្រមមហាឥសីនៅខេត្តកែវ ។
***
(នៅមានត)
Like this:
ចូលចិត្ត កំពុងផ្ទុក...