​ក្រុម​ប្រាសាទ​ហាន់ជ័យ (១)


សេចក្ដី​​​ផ្ដើម

មាន​ព្រំប្រទល់​ជាប់​និង​ស្រុក​ស្ទឹងត្រែង និង​​ស្រុក​កំពង់សៀម ខែត្រ​កំពង់ចាម ក្រុម​ប្រាសាទហាន់ជ័យ ស្ថិតនៅ​ខាងលិច​ ទន្លេ​មេគង្គ នៅ​ក្នុង​ ភូមិ​ហាន់ជ័យ ស្រុក​កំពង់សៀម ខែត្រ​កំពង់ចាម មាន​ចម្ងាយ​ប្រហែល ៣០ គ​.​ម ខាងជើង​នៃ​ទី​រួម​ខេត្ត ។ ​ជា​ប្រាសាទ​ដែល​បាន​ទទួល​ឥទ្ធិពល​វប្បធម៌​ពី​ទីក្រុង​អង្គ​រ​បុរី ។ ឥទ្ធិពល​វប្បធម៌​បុរី​អាច​គូស​បញ្ជាក់​តាមរយៈ​វិស័យ​សិល្បៈ​ស្ថាបត្យកម្ម ដែល​មាន​នៅ​ ក្រុម​ប្រាសាទ​ហាន់ជ័យ​ នេះ ដែល​ជា​ភស្តុតាង​ដ៏​ជាក់ច្បាស់ ។​

ទិដ្ឋភាពរូបនៃប្រាសាទគុកព្រះធាតុ មុនការជួសជុល (ថត២០០០)

ទិដ្ឋភាពរូបនៃប្រាសាទគុកព្រះធាតុ មុនការជួសជុល (ថត២០០០)

​ក្រុម​ប្រាសាទ​ហាន់ជ័យ ត្រូវ​បាន​កសាង​ឡើង​នៅ​លើ​កូន ភ្នំ​ហាន់ជ័យ មាន​កម្ពស់​ប្រមាណ​ជា ១៣០ ម៉ែត្រ ត្រើយ​ខាងលិច​នៃ​ដង​ ទន្លេមេគង្គ​ ហើយ​មាន​កាលបរិច្ឆេទ​ផ្សេងៗ​គ្នា ។​ ក្នុងចំណោម​ប្រាសាទ​ឥដ្ឋ​និង​ថ្ម​ជាច្រើន​ដែល​មិន​អាច​កំណត់​ ចំនួន​ឲ្យបាន​ប្រាកដ មាន​ប្រាសាទ​តែ ៣ ទេ​ដែល នៅ​រក្សា​រូបរាង​ស្ថិត​ក្នុង​បរិវេណ​នៃ ​វត្ត​ហាន់ជ័យ ​បច្ចុប្បន្ន ។ ក្រៅ​ពី​នេះ​គេ​ឃើញ​តែ​តួ​និង​គ្រឹះ​ឥដ្ឋ នៃ​សំណង់​ប្រាសាទ​បុរាណ​តែប៉ុណ្ណោះ ។​ ​ក្រុម​ប្រាសាទ​ទាំងនោះ ត្រូវ​បាន​កសាង​ឡើង​ក្នុង​អន្តរកាល​សម័យ​នគរ​ភ្នំ​និង​ចេនឡា ។​

hanchey2

ក្បាច់ប្រាសាទ (ថត ២០០០)

យើង​អាច​ទៅ​មក​កាន់​ ក្រុម​ប្រាសាទ​ហាន់ជ័យ តាមរយៈ​ផ្លូវ​ទឹក​ដោយ​ជិះ​ទូក​និង​តាម​ផ្លូវគោក​ចេញពី​ទី​រួម​ខេត្ត​កំពង់ចាម ។​​ ​ថ្មីៗ​នេះ រដ្ឋាភិបាល​ខ្មែរ បាន​ជួសជុល​ ប្រាសាទ​ហាន់ជ័យ ខាងជើង​ហៅ​ ប្រាសាទ​គុក​ព្រះធាតុ តាម​សំណូមពរ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ។ នេះ​ជោគ​ជ័យ​មួយ គួរឲ្យ​កត់សម្គាល់​ដែល​មាន​រូប​យើង​ជា​អ្នក​ស្នើ​នៅ​ឆ្នាំ ១៩៩៤ ។

១. ប្រាសាទ​ហាន់ជ័យ ខាងជើង ​(​ប្រាង្គ​ទី​១) ហៅ​ប្រាសាទ​គុកព្រះធាតុ​

hanchey3

គោ​នន្ទិន រកឃើញថ្មីៗ

ប្រាសាទ​ហាន់ជ័យ ហៅ​ថា​គុក​ខាងជើង​ឬ​គុក​ព្រះ​ធាតុ និង​អ្នកខ្លះ​ហៅ​ថា​ប្រាសាទ​នាងខ្មៅ ត្រូវ​បាន​សាងសង់​ឡើង នៅ​ក្បែរ​ដង​ ទន្លេ​មេគង្គ នៅ​លើ​ចង្កេះ ភ្នំ​ហាន់ជ័យ ។ ដោយសារ​បូជនីយដ្ឋាន ដ៏​សំខាន់​នេះ​មាន​លក្ខណៈ​ស្រដៀង នឹង​អាស្រម​មហា​ឥសី នៅ​ ស្រុក​អង្គរបុរី ​ទើប​បានជា​យើង​ចូល​បញ្ចូល​ប្រាសាទ​នេះ ក្នុង​សម័យកាល​នគរ​ភ្នំ ។

មាន​ប្លង់​ការ៉េ​​ហើយ​សាង​សង់​ឡើង ដោយ​ថ្មពពុះ​ពណ៌​ប្រផេះ ប្រាសាទ​នេះ មាន​ទំហំ ៧ ម៉ែត្រ ៤ ជ្រុង នី​មួយៗ​ប្រវែង ៤.៥ ម៉ែត្រ និង​កម្ពស់ ៥ ម៉ែត្រ ស្ថិត​ក្នុង​សភាព​ទ្រុឌទ្រោម ។ សព្វ​ថ្ងៃ​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ កំពុង​ជួសជុល​វិមាន​ប្រវត្តិសាស្ត្រ​នេះ តាមរបៀប Anaslylose ដោយ​ចុះ​លេខ​រៀង​ថ្ម​នីមួយៗ នៃ​ប្រាសាទ​ហើយ​ផ្ដុំ​រៀប​ឡើង​វិញ​ឲ្យ​ដូចដើម ។ ថវិកា​ជួសជុល​ គឺ​​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក ។

ប្រាសាទ​ដ៏​ល្អ​វិចិត្រ​នេះ បែរមុខ​ទៅ​ទិស​ខាងកើត​ហើយ​មាន​ទ្រង់ទ្រាយ​ដូច​ប្រាសាទ​អាស្រម​មហាឥសី ដែល​ស្ថិត​លើ​ភ្នំ​ដា ក្នុង​ខេត្ត​តាកែវ សាងសង់​ឡើង​ក្នុង​សម័យ​អន្តរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា ពោល​គឺ​ស​.​វ ទី ៦ នៃ​គ​.​ស ។​ កាល​បើ​ឈរ​លើ​ទីតាំង​ប្រាសាទ​ដ៏​ចំណាស់​នេះ គេ​ពិតជា​បាន​ឃើញ​ទេសភាព​ដ៏​ស្រស់បំព្រង​គួរ​ឲ្យ​រំភើបចិត្ត​យ៉ាង​ក្រៃ​លែង​​ពុំខាន ។​

កាលពី​ថ្ងៃ ២៨ ខែ​សីហា ឆ្នាំ ២០០៧ កម្មករ​បាន​ជីក​រក​ឃើញ​រូប​ចម្លាក់​ ព្រះ​គោ​​នន្ទិន​ មួយ​អម​ទ្វារ​ប្រាសាទ ។ គោ​​នន្ទិន​នេះ ដែល​ជា​យាន​ជំនិះ​របស់​ព្រះ​ឥសូរ​ដ៏​មាន​មហិទ្ធិឫទ្ធិ គង់​លើ​ភ្នំ​កៃលាស ក្នុង​ជំនឿ​ខ្មែរ​បុរាណ​នោះ មាន​បណ្ដោយ ៩១ ស​.​ម កម្ពស់ ៤ ស​.​ម និង​ទទឹង ២៧ ស​.​ម ។​ សព្វថ្ងៃ​ពាហនៈ របស់​ព្រះ​ឥសូរ​នេះ ត្រូវ​បាន​យក​ទៅ​តម្កល់​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ ខេត្ត​កំពង់ចាម ។​

​តាម​ការ​ដំណាល​របស់​អ្នកភូមិ ប្រាសាទ​គុកព្រះធាតុ ដើមឡើយ​មាន​តម្កល់​នូវ​ចម្លាក់​របស់​ព្រះអាទិទេព​ស្រី​មួយ​ព្រះអង្គ ដែល​គេ​ឲ្យ​ឈ្មោះ​​ថា ​នាង​ខ្មៅ ។ ចម្លាក់​បុរាណ​នេះ ធ្វើ​អំពី​ថ្លើម​ថ្ម​ខ្មៅ ត្រូវ​ពួក​ចោរ​លួច​យក​ទៅ​លក់​ឲ្យ​បរទេស​បាត់​ទៅ មុន​ឆ្នាំ ១៩៦០ ។ រូប​ចម្លាក់​នេះ​បើ​ដំណាល​នេះ​ជា​ការពិត​នោះ គឺ​ពិតជា​តំណាង​ឲ្យ​ ព្រះ​នាង​ឧមា ​យ៉ាង​ប្រាកដ ។

ប្រាសាទ​ហាន់ជ័យ ខាងជើង​ទី ១ ហៅ ​ប្រាសាទ​គុកព្រះធាតុ ស្ថិត​នៅ​ចង្កេះភ្នំ​ចម្ងាយ​ប្រមាណ ៦០០​ម ស្ថិតនៅ​ខាងជើង​ប្រាសាទ​ហាន់ជ័យ​ ខាងជើង​ទី​២ ។​ បើ​តាម​ការ​អះអាង​របស់​ចាស់​ទុំ​នៅ​ស្រុក​នេះ ផ្ទៃ​ខាងក្នុង​គ្មាន​ការ​តុបតែង​អ្វី​ឡើយ ក្រៅពី​រូប​ចម្លាក់​តំណាង​ព្រះ​នាង​ឧ​មា ឬ​នាង​ខ្មៅ នឹង​សោម​សូត្រ​សម្រាប់​បង្ហូរ​ទឹកមន្ត ។​ ទ្រង់ទ្រាយ​ដំបូល​រាង​កោង​ជា​ថ្នាក់​ៗ ​តួ​ប្រាសាទ​ត្រូវ​បាន​​សាងសង់​លើ​ខឿន​មួយ​ដ៏​រឹងមាំ ដែល​មាន ៣ ថ្នាក់​ដោយ​ថ្នាក់​នីមួយ​ៗ មាន​រចនា​ជា​ក្បាច់​អង្កែ ព័ន្ធ​ជុំវិញ​ទម្រង់​មុខ​មនុស្ស មាន​ពាក់​ក្រវិល​ធំ​ៗ​ ដូច​នៅ​ប្រាសាទ​​អាស្រម​មហាឥសី​នៅ​សម្បូរ​ព្រៃ​គុក​លេខ N17 ។​

នៅ​គ្រប់​ជាន់​ថ្នាក់​នីមួយៗ នៃ​ដំបូល​ប្រាសាទ​មាន​ឆ្លាក់​ក្បាច់​សសៀរ​នៅ​ខាងចុង​និង​ក្បាច់​អង្កែ​នៅ​ ខាង​ចុង​ក្បាល​ ។​ ចំណុច​សម្គាល់​មួយទៀត គឺ​មាន​ក្បាច់​ផ្ដែរ​ជា​ក្បាច់​រំលេច ដោយ​រំយោល​កម្រងផ្កា​និង ចំ​កណ្ដាល​មាន​ឆ្លាក់​ជា​មេដាយ ដែល​មាន​រូប​ជា​ផ្កា ។ រីឯ​នៅ​ខាងចុង​ផ្ដែរ​វិញ លំអ​ដោយ​សត្វ ម្ករ បែរមុខ​ចូល​ក្នុង ។​ ចំពោះ​សសរ​ពេជ្រ​ដែល​មាន​រាង មូល​ឆ្លាក់​មូល​ដោយ​មាន​ដុំ​នៅ​ផ្នែក​ខាងលើ​បង្កើត​ជា​​ក្បាល​សសរ​រំលេច ដោយ​ត្របកឈូក​និង​មាន​កង​វ័ណ្ឌ​បី​ព្រមទាំង​ក្បាច់​ភ្ញី ។ នៅ​ចំ​កណ្ដាល​សសរ​ពេជ្រ មាន​ក្បាច់​ជា​កង​ឬ​ចិញ្ចៀន​នៅ​ចន្លោះ​ក្បាច់​ជា​រាង​ធ្មេញ​រណារ ។​

កំពូលប្រាសាទជាផ្កាឈូក រកឃើញថ្មីៗ (ថត ២០០៨)

កំពូលប្រាសាទជាផ្កាឈូក រកឃើញថ្មីៗ (ថត ២០០៨)

 

​រមណីយដ្ឋាន ភ្នំ​ហាន់​ជ័យ មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មក​ហើយ ដោយហេតុ​ថា​ទីតាំង​នេះ​ជា​ទី​ប្រតិស្ឋាន​ប្រាសាទ​បុរាណ​ខ្មែរ នា​សម័យ​បុរេ​អង្គរ​ជា​ច្រើន ដូច្នេះ​ការ​រក​ឃើញ​ចម្លាក់​ព្រះ​គោ​ធ្វើឲ្យ​អ្នកស្រុក​ជឿ​ថា​គោ​ផុស ហើយ​ពួកគាត់​ក៏​ម្នីម្នា​រក​ទឹកមន្ត ដើម្បី​លាប​មុខ​លាប​ប្រាណ ឲ្យ​មាន​សិរីមង្គល​សិរី​សួស្ដី ។​

គោ​នេះ​ជា​ពាហនៈ ឬ​យានជំនិះ​របស់​ព្រះ​ឥសូរ​ដ៏​មហិ​ទិ្ធ​រិទ្ធ​ដែល​គង់​លើ​ភ្នំ​កៃលាស ក្នុង​ជំនឿ​ខ្មែរ​បុរាណ​គេ​ជឿ​ថា គោ​នេះ​ប្រកប​ដោយ​ឫទ្ធានុភាព បានជា​គេ​គោរព​សក្ការៈ ។ ធម្មតា​គេ​ឆ្លាក់ គោ​នន្ទិន ដាក់​អម​ទ្វារ​ប្រាសាទ (Cf: ព្រះ​គោ​, បាគង​) ទូ​ទាំង​ប្រទេស តាម​បុរាណ​ស្ថាន​នានា​បែប​សិវ​និយម ដែល​ធ្វើ​អំពី ​ថ្ម​ភក់, ​សំរឹទ្ធ, ​មាស ។

កាលពី​ថ្ងៃ​ទី ២៨ ខែ​សីហា ២០០៧ កម្មករ​ជួសជុល​ ប្រាសាទ​ភ្នំ​ហាន់ជ័យ បាន​ជីក​ប្រទះ​ឃើញ​រូបចម្លាក់​នេះ ។​ ចំពោះ​អ្នកស្រុក ការរកឃើញ​នូវ​ចម្លាក់​បុរាណ​នេះ គឺ​ជាប្រ​ថ្នូល​នៃ ស្រុកទេស​បាន​សុខ សន្តិភាព ពេញលេញ​បរិបូរណ៍​ហើយ ខ្លះ​ជឿ​ថា បង​ព្រះ​កែវ​ដែល​សៀម​ចាប់​យក​ទៅ​ឃុំ​ទុក​នៅ​សៀម​ឥឡូវ​ផុស​មក​ស្រុក​វិញ នៅ​ប្រាសាទ​គុកព្រះធាតុ ។

តាមពិត​ប្រាសាទ​​គុកព្រះធាតុ ជា​ក្រុម​ប្រាសាទ​មាន​ប្រាង្គ​ពីរ​ដាច់ឡែក​ពី​គ្នា ។ តែ​​​សព្វ​ថ្ងៃ​ត្រូវ​រលំ​រាប​ដល់​ដី​ទៅ​ហើយ ។ ការ​សន្និដ្ឋាន​បែប​នេះ បណ្ដាល​មកពី​សំណង់​ស្ថាបត្យកម្ម​មួយ​ចំនួន ដែល​គេ​បាន​ជួបប្រទះ​នៅ​លើ​ទីតាំង ក្បែរ​ប្រាសាទ​ទី​១ មាន​ក្បាច់​ផ្កាឈូក​លំអ​កំពូល​ប្រាសាទ​ដូចគ្នា ដូចដែល​មាន​នៅ​ប្រាសាទ​អាស្រម​មហាឥសី​នៅ​ខេត្ត​កែវ ។

***

(នៅមានត)

Categories: រមណីយដ្ឋាន | Tags: , , , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: