Monthly Archives: ខែ​មីនា 2013

លោក ហង្ស ធុនហាក់


hang thun hakលោក ​ហង្ស ធុនហាក់ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩២៦ នៅ​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខែត្រ​​កំពង់ចាម ។ កាល​​នៅ​​យុវវ័យ​​ គាត់​បាន​​ទៅ​សិក្សា​វិជ្ជា​ល្ខោន​នៅ​ សាលា​នាដកម្ម Sarah Bernard នៅ​ទី​ក្រុង​ប៉ារីស ។ នៅ​ទីនោះ​គាត់​បាន​ចូល​ជា​មួយ​ក្រុម​និស្សិត​មួយ​ក្រុម​ដែល​​គាំ​ទ្រ​ លោក​ កេង​ វ៉ាន់​សាក់ ។ ​គាត់​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​​នៅ​ឆ្នាំ ១៩៥១ ដោយ​ចូល​រួម​ជា​មួយ​ លោក សឹង ង៉ុកថាញ់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​អាណានិគម ។ នៅ​ឆ្នាំ ១៩៥៣ គាត់​​បាន​ផ្ដាច់​ខ្លួន​មក​រស់​នៅ​ក្នុង​សង្គម​វិញ ។

គាត់​បាន​និពន្ធ​រឿង​ល្ខោន​ជា​ច្រើន​ដូច​ រឿង​ថ្ម​រាំ និង​​រឿង​កញ្ញា​ចរិយា (កំឡុង​ឆ្នាំ ៥០) ដែល​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​រដ្ឋាភិបាល​ពុក​រលួយ​នៅ​សម័យ​នោះ ។ ដោយ​គាត់​មាន​​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​នឹង ម្ចាស់​ក្សត្រិយានី កុសុមៈ រឿង​ល្ខោន​ទាំង​​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​សម្ដែង​ដោយ​គ្មាន​ការ​រារាំង ។

គាត់​​បាន​ទទួល​មេដាយ​អស្សឫទ្ធិ​មុនី​សារភណ្ឌ​ នៅ​ពេល​ដែល​គាត់​​ជា​សមាជិក​ក្រុម​មេ​ប្រយោគ​ ក្នុង​ការ​ប្រលង​ប្រជែង​លើក​ទី ១ ​នៃ​សមាគម​​អ្នក​និពន្ធ​ខ្មែរ ដែល​បាន​ដាក់​នាម​ថា ការ​ប្រលង​ប្រជែង​អក្សរសាស្ត្រ​រង្វាន់ ឥន្ទ្រ​ទេវី សម្រាប់​ឆ្នាំ ១៩៦០ – ១៩៦១ ។

គាត់​បាន​​បង្រៀន​នៅ​ សាលា​ល្ខោន​ជាតិ ហើយ​បាន​ធ្វើ​ជា​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ចាប់​ពី​ឆ្នាំ ១៩៦៥  ។ គាត់​​បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សហគមន៍ ហើយ​ក្រោយ​មក​បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ ថ្ងៃទី១៧ តុលា ១៩៧២ ដល់​ថ្ងៃ​ទី ១៧ មេសា ១៩៧៣ ។

នៅ​ក្រោយ​ឆ្នាំ​១៩៧០ គាត់​បាន​ដឹក​នាំ​ គណបក្ស​ប្រជាជន (គណបក្ស​សង្គម​និយម) ប៉ុន្តែ​បាន​ទៅ​ចូល​រួម​ជា​មាន​ គណបក្ស​សង្គម​សាធារណរដ្ឋ​ របស់ លោក​ លន់ ណុន វិញ ។ នៅ​ពេល​ដែល​សង្គ្រាម​ស៊ីវិល​កំពុង​ឆាប​ឆេះ គាត់​បាន​ព្យាយាម​ទាក់ទង​ជា​មួយ​នឹង​ សម្ដេច​សីហនុ ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ហើយ​ក៏​បាន​ទាក់ទង​ជា​មួយ​នឹង​ពួក​ខ្មែរ​ក្រហម​​តាម​រយៈ​ លោក ហ៊ូ យន់ ផង​ដែរ ។ គាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ក្រោយ​ពេល​ដែល​គាត់​​ព្យាយាម​ការពារ ម្ចាស់​ក្សត្រិយានី កុសុមៈ និង​ដង្ហែ​ទ្រង់​ទៅ​កាន់ ក្រុង​ប៉េកាំង នៅ​ឆ្នាំ១៩៧៣ ។

គាត់​​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ ថ្ងៃ​ទី១៨ មេសា ១៩៧៥ ក្រោយ​បដិសេធ​មិន​ព្រម​រត់​ចេញ​​ទៅ​ក្រៅ​ប្រទេស ទោះ​ជា​យ៉ាង​ណា​ ភរិយា និង​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ជម្លៀស​ទៅ​ប្រទេស​បារាំង​ដោយ​សុវត្ថិភាព ។

ស្នាដៃ​របស់​គាត់​​រួម​មាន ៖

 ឈ្មោះ  ប្រភេទ កាលបរិច្ឆេទ ផ្សេងៗ
រឿង​ ថ្ម​រាំ ល្ខោន ១៩៥៤ (ភ្នំពេញ)
រឿង​ កញ្ញា​ចរិយា ល្ខោន ១៩៥ ? (ភ្នំពេញ)
រឿង​ ពិសោធន៍​ស្នេហា ល្ខោន ១៩៦៤ (ភ្នំពេញ)
រឿង​ ចោល​សំបុក​ឥត​មេបា ល្ខោន ១៩៦៥ (ភ្នំពេញ)
រឿង ព្រះអាទិត្យ​រះ​ហើយ ល្ខោន ១៩៦៦ (ភ្នំពេញ)
រឿង ចិញ្ចៀន​បញ្ចាំ​ចិត្ត ល្ខោន ១៩៦៩ (ភ្នំពេញ)
រឿង បង​ពុក​ឲ្យ​ហៅ ភាព​យន្ត ១៩៦៦ (ភ្នំពេញ)
រឿង វាសនា ឬ​ការ​កសាង ភាព​យន្ត ១៩៦៦ (ភ្នំពេញ)
រឿង រាត្រី​និម្មិត​នៃ​វស្សាន​រដូវ (A Midsummer Night’s Dream)​ ប្រលោម​លោក​​បក​ប្រែ ១៩៦៨ និពន្ធ​ដោយ William Shakespeare
រឿង អម្ចាស់ (Le Cid) ប្រលោម​លោក​​បក​ប្រែ ១៩៦៩ និពន្ធ​ដោយ​ Pierre Corneille
រឿង ប៉ូលវីហ្សានី (Paul et Virginie) ប្រលោម​លោក​​បក​ប្រែ ??? និពន្ធ​ដោយ Jacques-Henri Bernardin de Saint-Pierre
រឿង រ៉ូមីអូ និងស៊ូលីយែត (Romeo and Juliette) ប្រលោម​លោក​​បក​ប្រែ ១៩៧១ និពន្ធ​ដោយ William Shakespeare
Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

អ្នក​និពន្ធ ជុត ខៃ


​លោក ផ្ជិត ខៃ្យ (អាន​សព្វ​ថ្ងៃ​ថា​ ជុត ខៃ) កើត​នៅ​ថ្ងៃ​ ៣០ តុលា ១៩៤០ នៅ កោះ​សំរោង ​ក្នុង​ខែត្រ​កំពង់ចាម ។ លោក​បាន​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ និង មធ្យម​សិក្សា​នៅ​ទី​រួម​ខែត្រ​កំណើត (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ ក្មេង​វត្ត​សម័យ​បារាំង​ និង ក្មេង​សាលា​បារាំង) ។

នៅ​​ឆ្នាំ ១៩៦៦ លោក​បាន​ចេញ​ពី​វិទ្យាស្ថាន​គរុ​កោសល្យ​ហើយ​បាន​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​​នៅ​អនុវិទ្យាល័យ​ឈូក ក្នុង​ខែត្រ​កំពត ។ ទន្ទឹម​នឹង​មុខ​ងារ​ជា​សាស្ត្រាចារ្យ​ លោក​បាន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ រហូត​ដល់​ទទួល​បរិញ្ញាបត្រ​​នៅ​ឆ្នាំ​ ១៩៦៨ ។​ ក្នុង​ឆ្នាំ​ដដែល​នេះ លោក​បាន​​ផ្លាស់​ទៅ​វិទ្យាល័យ​សន្តិភាព​ ក្នុង​ខែត្រ​កំពង់​ស្ពឺ ។ លោក​ក៏​ជា​គ្រូ​បង្រៀន​ភាសា​បារាំង និង ច្បាប់ ហើយ​ក៏​ជា​អ្នក​សរសេរ​អត្ថបទ​​កាសែត​ផង​ដែរ ។

ក្រោយ​ស្ថានការណ៍​ ១៨ មិនា ១៩៧០ លោក​បាន​ជាប់​កំណែន​ក្នុង​កងទ័ព​ផ្នែក​កង​អាវុធហត្ថ​មាន​ងារ​ជា​អនុសេនីយ៍​ឯក​ ហើយ​នៅ​ឆ្នាំ ១៩៧១ លោក​មាន​តួនាទី​ជា​ប្រធាន​ក្រសួង​រដ្ឋបាល​នៃ​តុលាការ​សឹក ។

លោក​បាន​ទទួល​ការ​តែង​តាំង​ជា​ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​នីតិសាស្ត្រ​ និង សេដ្ឋកិច្ច ​នៅ​​ក្នុង​ឆ្នាំ​សិក្សា ១៩៧៣ ទៅ ១៩៧៤ ។ លោក​រស់​នៅ​យ៉ាង​វេទនា​ក្នុង​របប​ខ្មែរ​ក្រហម​ (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ កូន​ក្របី​មនោសញ្ចេតនា) ហើយ​បាន​ភៀស​ខ្លួន​ជា​មួយ​គ្រួសារ​មក​ដល់ ​ខៅអ៊ីដាង​ ប្រទេស​ថៃ​ នៅ​ឆ្នាំ ១៩៧៩ ។ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នយោបាយ​ នៅ​ប្រទេស​បារាំង​ ក្នុង​ឆ្នាំ ១៩៨០ ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ជាយ​ក្រុង​ប៉ារីស៍ ។

លោក​ជា​អតីត​អ្នក​និពន្ធ​កាសែត «​នគរ​ធំ» ហើយ​លោក​បាន​ទុក​ស្នាដៃ​នានា​ជា​ប្រលោម​លោក​ផ្ទាល់ខ្លួន​ និង​ ប្រលោម​លោក​បកប្រែ ។

  • ខ្មោច​ព្រាយ​អសុរកាយ (ប្រលោម​លោក, ភ្នំពេញ, ១៩៧៣) ជា​បណ្ដុំ​រឿង​ខ្លី​ៗ អំពី​ជំនឿ​លើ​ខ្មោច​ព្រាយ​បិសាច​របស់​អ្នក​និពន្ធ​ផ្ទាល់ ដែល​សព្វ​ថ្ងៃ​ខ្ញុំ​បាន​ប្រទះ​ឃើញត្រូវ​បាន​បោះពុម្ព​ជា​ផ្នែក​តូច​ហើយ​ដាក់​លក់​ជា​រឿង​​សម្រាប់​កុមារ​ទៅ​វិញ​ ដោយ​អ្នក​បោះ​ពុម្ព​ខ្លះ​មិន​បាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ (លោក ជុត​ ខៃ) ទាល់​តែ​សោះ ។
  • មេម៉ាយ​​ប្ដី ៥ (ប្រលោម​លោក​, ភ្នំពេញ​, ១៩៧៣)
  • អស្ដង្គត​​នៃ​ប្រជាជាតិ (ជីវប្រវត្តិ​ផ្ទាល់​ខ្លួន, បម្រុង​បោះពុម្ព)
  • បុត្រ​ឆ្នើម​នៃ​សង្គ្រាម​ (Les Centurions de Jean Lartéguy) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
  • ជញ្ជាំង (Le Mur de Jean-Paul Sartre) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
  • លោក​ឯកអគ្គរដ្ឋទូត (L’Ambassadeur de Morris West) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)

ក្រោយ​សតវត្ស​ទី ២០ លោក​បាន​បោះពុម្ព​រឿង​ ក្មេង​វត្ត​សម័យ​បារាំង, សិស្ស​សាលា​បារាំង និង កូន​ក្របី​មនោសញ្ចេតនា (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ SIPAR) រឿង ​វិប្បដិសារី (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​អង្គរ) និង រឿង​ តើ​ខ្ញុំ​ភូត​ពួក​ខ្មែរ​ក្រហម​យ៉ាង​ម៉េច ជា​ភាសា​បារាំង(Comment J’ai Menti au x Khmers Rouges, Paris, Edition de l’Harmattan, 2004, 309p) ។

រឿង​ ២​ ខ្ញុំ​មិន​ទាន់​ស្គាល់​ការ​បរិច្ឆេទ ៖ រឿង​ ក្រុម​បេរេ​បៃតង (បកប្រែ, គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​នគរធំ) និង រឿង ខ្មោច​កណ្ដាល​ក្រុង​ភ្នំពេញ ជា​ភាសា​បារាំង (Un Fantome au Coeur de Phnom Penh, Edition Serpent a Plumes) ។

«​លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​​មួយ​រូប​ដែល​ចេះ​បញ្ចេញ​គំនិត​ ដោយ​បញ្ចូល​កេរមរតក​ខ្មែរ និង ឥទ្ធិពល​ពី​បស្ចិម​ប្រទេស» [SIPAR]

«លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ទី​ ១ ក្នុង​ដួង​ចិត្ត​ខ្ញុំ ដោយ​សារ​តែ​លោក​បាន​ពិពណ៌នា​អំពី​ខែត្រ​កំពង់​ចាម​​ ស្រុក​កំណើត​នៃ​ខ្ញុំ​ កាល​ពី​អតីតកាល ដោយ​ខ្ញុំ​ចាត់​ទុក​ថា​ជា​ឯកសារ​មួយ​ដ៏​កម្រ» [តា ម៉ាប់]

ទាញ​យក​សៀវភៅ ២ ក្បាល​របស់​លោក ជុត ខៃ ដោយ​គ្រាន់​តែ​ចុច​​លើ​រូប ៖

Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , | 2 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: