Monthly Archives: ខែ​មេសា 2013

រូបភាព ៖ ស្ត្រី​មក​ពី​ខែត្រ​កំពង់ចាម


2

*** គួរ​បញ្ជាក់​ផង​ដែរ​ថា លេខ​​ដែល​ស្ថិត​នៅ​មុខ​អក្សរ​នៅ​លើ​រូប​ថត​នោះ​ជា​ លេខ​រៀង​​នោះ​ទេ មិន​មែន​ជា​លេខ​​ឆ្នាំ​នោះ​ឡើយ ។

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

ប្រាសាទព្រះធាតុធំ និង​ប្រាសាទព្រះធាតុតូច


ដូច​យើង​បាន​ជម្រាប​មក​ហើយ​ថា អ្នកនិពន្ធ​មួយ​ចំនួន​បាន​ចាត់ទុកថា ប្រាសាទ​ព្រះ​ធាតុ​ធំ និង​ប្រាសាទ​ព្រះ​ធាតុ​តូច ជា​​សំណង់​ស្ថាបត្យកម្ម​របស់ ​ស្ដេច​កន តែ​មិនបាន​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​នៃ​ក្បាច់ក្បូរ ឬ​លក្ខណៈ​រចនាប័ទ្ម​នៃ​ប្រាសាទ​ទាំងនោះ ដើម្បី​ស្វែងរក​ឫសកែវ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ។ ដូច្នេះ​គោលបំណង​នៃ​អត្ថបទ​នេះ គឺ​បំពេញ​កង្វះខាត​របស់​អ្នកស្រាវជ្រាវ​ខ្មែរ និង បរទេស​មួយ​ចំនួន ។​

ការស្រាវជ្រាវ​របស់​យើង​កន្លងមក បាន​រក​ឃើញ​នូវ​ទិន្នន័យ​ខាង​បុរាណវត្ថុវិទ្យា​​មួយ​ចំនួន​ថ្មី​ទៀត ដូចជា ក្បាច់​ផ្ដែរ និង​សមាសភាព ស្ថាបត្យកម្ម​ខ្លះ ដែល​កប់​ក្នុង​ដី ឬ​ដក់​ជាប់​នឹង​ដើមឈើ ក្នុង​បរិវេណ​នៃ​វត្ត​ព្រៃនគរ បច្ចុប្បន្ន​ដូចជា​សសរ​ពេជ្រ ដែល​បាន​បាក់​ជាច្រើន​ចម្រៀក ប្រអប់ទ្វារ​ជាដើម ។​

ប្រាសាទ និង​ប្លង់​នៃ​ព្រះ​ធាតុ​តូច និង ប្រាសាទព្រះធាតុធំ (Cf. Jean Boisselier, Manuel d’Archeologie, Vol. I, 1966)​

ប្រាសាទ និង​ប្លង់​នៃ​ព្រះ​ធាតុ​តូច និង ប្រាសាទ​ព្រះ​ធាតុ​ធំ (Cf. Jean Boisselier, Manuel d’Archeologie, Vol. I, 1966)​

តាម​ឯកសារ​កត់ត្រា​ប្រ​វត្ថិ​សិល្បៈ​និង​ស្ថាបត្យកម្ម​ខ្មែរ​របស់​ លោក​ Boisselier  យើង​បាន​រក​ឃើញ​នូវ​ប្លង់​របស់​ទេ​វល័យ​ទាំងពីរ​ខាង​លើ​នេះ ដែល​លោក​ចាត់ទុកថា​ជា​​សំណង់​ស្ថាបត្យកម្ម​​នា​​សម័យ​បុរេ​អង្គរ ។ នៅ​ថ្ងៃ​ទី ២ ខែ​ឧសភា ឆ្នាំ ២០០០ កន្លង​​មក​នេះ យើង​បាន​ទៅដល់​ទីតាំង​ប្រាសាទ​នោះ​ម្ដង​ទៀត ហើយ​បាន​ពិនិត្យ​ប្រាសាទ​ព្រះ​ធាតុ​តូច ដែល​បែក​បាក់​​ម្ដង​ទៀត​ដោយ​ខិតខំ​ប្រមូល​ភស្តុតាង​ថ្មីៗ​ទៀត ។​

​យោង​តាម​ការសិក្សា​វិភាគ​អំពី​ក្បាច់​ផ្ដែ​​ខាង​លើ​នេះ យើង​អាច​បញ្ជាក់​នូវ​​ភាព​ត្រឹមត្រូវ នៃ​ការកំណត់​អាយុកាល​នៃ​ប្រាសាទ​​ទាំងនោះ ដែល​ធ្វើឡើង​ដោយ​ លោក​ Boisselier ដែល​យើង​បាន​ជួប​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ឆ្នាំ ១៩៩១ ។ ក៏ប៉ុន្តែ អ្វី​ដែល​ចង់​បង្ហាញ​បញ្ជាក់​នៅ​ទី​នេះ គឺ​ប្រាសាទ​ព្រះ​ធាតុ​ធំ​​ពិត​ជា​​ស្ថិត​ក្នុង​រចនាប័ទ្ម​សម្បូរ​ព្រៃ​គុក ដោយ​ឥត​ប្រកែក​បាន បើ​សំអាង​លើ​ការ​ប្រៀបធៀប​នៃ​លក្ខណៈ​ក្បាច់​ផ្ដែរ​នៃ​ប្រាសាទ​នេះ​ទៅ​នឹង​ក្បាច់​ផ្ដែរ​នៃ​ប្រាសាទ​តោ នៅ ​ឥសាន​បុ​រៈ ឬ​​សម្បូរ​ព្រៃ​គុក ។ ការ​សន្និដ្ឋាន​នេះ ផ្អែកលើ​របក​គំហើញ​ផ្ទាំង​ផ្ដែរ​​មួយ​ដែល​គេ​បាន​រក​ឃើញហើយ​បាន​បោះពុម្ព​​រួច​ដោយ​ លោក Dupont (Cf. P. Dupont, Les linteaux khmers du Vlle siecle, Artibus Asiae, Vol. XV, 1/2, MCMLII, Ascona) ។

lintel

ក្បាច់​ផ្ដែរ រចនាប័ទ្ម សម្បូរ​ព្រៃ​គុក មកពី​ប្រាសាទ​ព្រះ​ធាតុ​ធំ (​ឯកសារ​របស់ Dupont​ )

សូម​បញ្ជាក់​ផង​ដែរ​ថា សព្វ​ថ្ងៃ​នេះ​​ប្រាសាទ​ព្រះ​ធាតុ​តូច ស្ថិត​ក្នុង​​ភាព​ទ្រុឌទ្រោម​ជា​ដំណំ ខុស​ពី​ឆ្នាំ ​១៩៦០-១៩៦៥ ដោយហេតុថា កំពូល​ប្រាសាទ​នេះ​ត្រូវ​រ​លំ​បាក់​ទៅ​ហើយ ។

តាមពិត តំបន់​បន្ទាយ​ព្រៃនគរ មិនមែន​ត្រូវ​បាន​ស្ថាបនា​ឡើង​ដោយ ស្ដេច​កន ដូចដែល​គេ​តែងតែ​ជឿ​នោះ​ទេ យ៉ាង​ណា​មិញ ប្រាសាទ​បុរាណ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​តំបន់​នេះ ក៏​ដូច្នោះ​ដែរ ។ ព្រោះថា តំបន់​នេះ​មាន​ប្រវត្តិ​ដ៏​យូរលង់​ណាស់​មក​ហើយ ចាប់​តាំង​ពី​សម័យ​បុរេ​អង្គរ​ម​ក​ម្ល៉េះ ដូច​វត្តមាន​របស់​សំណង់​ស្ថាបត្យកម្ម​ប្រាសាទ​ដែល​យើង​បាន​លើក​មក​នៅ​ខាងលើ​ជា​តឹកតាង​ស្រាប់ ។​

​វត្តមាន​នៃ​ស្លាកស្នាម​វប្បធម៌​បុ​រេ​អង្គ​ក្នុង​តំបន់​នេះ ដែល​ជា​សមិទ្ធិផលសង្គម​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ខែត្រ​កំពង់ចាម​បច្ចុប្បន្ន ជាពិសេស​តំបន់​បន្ទាយ​ព្រៃនគរ​ មិនមែន​ស្ថិត​ក្នុង​ភាព​ឯកោ​នោះ​ទេ ។ ក៏ប៉ុន្តែ​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​ព្រះរាជ​ធានី​បុរាណ​ដ៏​ស្កឹមស្កៃ​​មួយ គឺ​ឥសាន​បុ​រៈ ឬ​សម្បូរ​ព្រៃ​គុក តាមរយៈ​យន្តការ​នគរោបនីយកម្ម ដែល​បាន​ផ្ដើម​ឡើង​យ៉ាង​ខ្លាំង​ក្លា ចាប់​តាំង​ពី​ចុង​ស​.​វ. ទី ៦ ដើម​ស​.​វ. ទី ៧ ហើយ​បាន​រីក​សុះសាយ​ទូទាំង​អាណាចក្រ​ចេនឡា ៕

ដោយ ៖  ម. ត្រាណេ

***

អត្ថបទ​ទាក់ទង ៖ ប្រាសាទ​ព្រះធាតុធំ

ប្រភព​ដើម ៖ CEN : ប្រាសាទព្រះធាតុធំ និង​ប្រាសាទព្រះធាតុតូច នៅ​បន្ទាយ​ព្រៃនគរ​

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 2 មតិ

នាម​នាយក​វិទ្យាល័យ​ព្រះ​សីហនុ


អតីតកាល​របស់​ខ្ញុំ​ធ្លាប់​ជា​សិស្ស​នៅ ​វិទ្យាល័យ​ព្រះ​សីហនុ​ ទី​រួម​ខែត្រ​កំពង់ចាម​​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០០៧ ។ ខ្ញុំ​ដឹង​ថា​វិទ្យាល័យ​​នេះ ជា​វិទ្យាល័យ​​ទី១ នៃ​ខែត្រ​កំពង់ចាម ដែល​​មាន​ប្រវត្តិ​​យ៉ាង​ហោច​ណាស់​ក៏ ៧០​ឆ្នាំ​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ ខ្ញុំ​មិន​ដែល​ដឹង​ថា​នាយក​វិទ្យាល័យ​នេះ​មាន​ប៉ុន្មាន​នាក់ ឈ្មោះ​អ្វី​ខ្លះ​នោះ​ទេ ក៏​ព្រោះ​តែ​ពេល​ដែល​ខ្ញុំ​ចូល​ជា​សិស្ស​វិទ្យាល័យ​នេះ លោក​នាយក​ដែល​ខ្ញុំ​ស្គាល់​គឺ​ មាន​តែ​ ២​នាក់​ប៉ុណ្ណោះ ។ ជា​ចៃដន្យ​ល្អ នៅ​ពេល​​ចូល​ឆ្នាំ​នេះ នៅ​ពេល​ដែល​កំពុង​រើ​អីវ៉ាន់​មក​ផ្ទះ​ថ្មី ខ្ញុំ​បាន​ឃើញ​ក្រដាស​មួយ​សន្លឹក​ដែល​មាន​ឈ្មោះ និង​អាណត្ត​​នៃ​នាយក​វិទ្យាល័យ​ព្រះសីហនុ​ទាំង​អស់ ដែល​ប្អូន​ខ្ញុំ​ថា​បាន​ពី​គ្រូ​វា​ទុក​ជា​ឯកសារ​កាល​ប្រឡង​សិស្ស​ពូកែ​ថ្នាក់​ទី ៩ ពី ២​ឆ្នាំ​មុន ។

អាណត្ត តួនាទី​សាលា នាម​នាយក​សាលា
១៩៤១ – ១៩៥៣ អនុវិទ្យាល័យ​ព្រះសីហនុ Monsieur. LAFONDE
១៩៥៣ – ១៩៥៥ វិទ្យាល័យ​ព្រះសីហនុ Monsieur. LACOTTE
១៩៥៥ – ១៩៥៧ វិទ្យាល័យ​ព្រះសីហនុ លោក អ៊ុំឈាង សាអូន
 ១៩៥៧ – ១៩៥៩ វិទ្យាល័យ​ព្រះសីហនុ លោក ខ្វាន់ ស៊ីផាន់
 ១៩៥៩ – ១៩៦៤ វិទ្យាល័យ​ព្រះសីហនុ លោក មាស ឌីម
 ១៩៦៤ – ១៩៧០ វិទ្យាល័យ​ព្រះសីហនុ លោក សួក បោន
 ១៩៧០ – ១៩៧១ វិទ្យាល័យ​ព្រះសីហនុ លោក នេត ឃុន
 ១៩៧១ – ១៩៧៣ វិទ្យាល័យ​ព្រះសីហនុ លោក អ៊ូវ ជូន
 ១៩៧៣ – ១៩៧៥ វិទ្យាល័យ​ព្រះសីហនុ លោក វ៉ាន់ សារុម
 ១៩៧៥ – ១៩៧៩ រោង​ជាង​ជួសជុល​រថយន្ត (សម័យ​ខ្មែរ​ក្រហម)
១៩៨០ – ១៩៨១ សាលា​កម្រិត ១-២ កំពង់ចាម លោក​ សិត អយ
១៩៨១​ – ១៩៨៧ សាលា​កម្រិត ១-២ កំពង់ចាម លោក ជួប ង៉ូវ
១៩៨៧ – ២០០៥ វិទ្យាល័យ​ព្រះសីហនុ លោក គីម គឹមអ៊ាង
២០០៥ – ២០១២ វិទ្យាល័យ​ព្រះសីហនុ លោក ទុំ លឹមយុន
២០១២ – បច្ចុប្បន្ន វិទ្យាល័យ​ព្រះសីហនុ លោក ថាវ សុផល

ទើប​តែ​ឃើញ​ក្រដាស​នេះ​បាន​ដឹង​ថា លោក គីម គឹមអ៊ាង ធ្វើ​ជា​នាយក​សាលា​តាំង​ពី​ឆ្នាំ១៩៨៧ មក​ម្ល៉េះ អញ្ចឹង​បាន​ជា​កាល​ខ្ញុំ​នៅ​រៀន ឃើញ​តែ​គាត់ 😀 ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | 6 មតិ

ឡើង​​ភ្នំ​ចរចា​ មិន​បាន​សម្រេច​


វត្ត​នៅ​លើ​ភ្នំ​ជីលា

ខ្ញុំ​បាន​ចេញ​ដំណើរ​ពី​ភ្នំ​ពេញ​នៅ​ថ្ងៃ​ទី ១១ ដើម្បី​មក​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ព.ស. ២៥៥៧ នៅ​ឯ​ស្រុក​កំណើត ។ ខ្ញុំ​ចាប់​ចេញ​ដំណើរ​​នៅ​ម៉ោង ១១ ព្រឹក ដោយ​ជិះ​តាម​ផ្លូវ​ជាតិ​លេខ ៥ ។ ប្រហែល​ជា​ម៉ោង ១២ និង​៣០​នាទី​ ថ្ងៃត្រង់​ខ្ញុំ​បាន​​មក​ដល់​ស្ពាន​ព្រែក​ក្ដាម (Made in China) ដែល​កំពុង​ឃើញ​មាន​ជួល​ជុល​ជា​បណ្ដើរៗ ។

ម៉ោង​ប្រហែល​ជា​ ១​ ខ្ញុំ​បាន​មក​ដល់​​​​ ភ្នំ​ជីលា​ចរចា ។ ខ្ញុំ​បាន​សួរ​អ្នក​ស្រុក​ជិត​នោះ​រក​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា តែ​គាត់​​​មិន​បាន​ដឹង​នោះ​ទេ ។ គាត់​បាន​ប្រាប់​ឲ្យ​ខ្ញុំ​សាក​ឡើង​លើ​ភ្នំ​ជីលា ដែល​មាន​វត្ត​មួយ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ (ភ្លេច​ឈ្មោះ​វត្ត​ដូច​គេ​លុប) ។

ភ្នំ​ជីលា មាន​កម្ពស់​ប្រហែល​ជា ៣០ ទៅ ៤០ ម៉ែត្រ​ ប៉ុណ្ណោះ ដោយ​ឡើង​តាម​ជណ្ដើរ ក៏​ប៉ុន្តែ​ក៏​មាន​ផ្លូវ​ជិះ​វាង​ឡើង​ដល់​លើ​កំពូល​​ភ្នំ​ដែរ​ដោយ​ឆ្វែល​តាម​ចង្កេះ​ភ្នំ​ចម្ងាយ​ប្រហែល​ជា ១ គ.ម៉. ។ ភ្នំ​នេះ​មា​ន​ផ្ទៃ​រាប​ស្មើ​ ដែល​​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ខ្ញុំ​ដើម្បី​និង​ពិនិត្យ​ទេសភាព​តំបន់​នៅ​ជុំ​វិញ​នោះ ។ ទេស​ភាព​​​មើល​ពី​លើ​ភ្នំ​ជីលា​នេះ​ពិត​ជា​ស្រស់​ត្រកាល​ណាស់ បើ​ទោះ​ជា​ផ្ទៃ​មេឃ​មាន​សភាព​ក្ដៅ​ហែង បូក​រួម​នឹង​វាល​ស្រែ​ដែល​សល់​តែ​គល់​ជញ្ជ្រាំង​ក្ដី ។

បន្ទាប់​ពី​សាក​សួរ​ព្រះ​សង្ឃ​រក​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា​ ​និង​ទទួល​បាន​ព័ត៌មាន​លម្អិត​រួច​មក​ ខ្ញុំ​ក៏​បាន​ថ្វាយ​បង្គំ​លា​ព្រះ​អង្គ​ដើម្បី​ទៅ​មើល​ប្រាសាទ​នៅ​ឲ្យ​ជាក់​នឹង​ភ្នែក​តែ​ម្ដង ។ ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​នោះ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ (ទិស​ដៅ​ ភ្នំ​ពេញ – កំពង់ចាម) ដោយ​ត្រូវ​ជិះ​ក្រោម​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​នៅ​ជើង​ ភ្នំ​បែក​ពាង ដែល​ជា​ភ្នំ​ថ្ម​​​ដុះ ។ ខ្ញុំ​បាន​ជិះ​ចូល​ដោយ​សន្សឹម​ៗ និង​បាន​ចូល​ទៅ​សួរ​រក​ផ្លូវ​ទៅ​កាន់​ ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា ពី​បង​ៗ​ ទាហាន​មួយ​ក្រុម​ដែល​កំពុង​​ពិសា​សុរា ។ បង​ៗ ទាំង​​នោះ​ដែល​មាន​សន្ដាន​ចិត្ត​ល្អ​បាន​បញ្ជាក់​ប្រាប់​ខ្ញុំ​ថា​ ពិត​ជា​មាន ​ប្រាសាទ​នៅ​លើ​ភ្នំ​ចរចា​ មែន ក៏​ប៉ុន្តែ​ត្រូវ​សុំ​អនុញ្ញាត​ពី​មេបញ្ជាការ​កងវរសេនាតូច​ដែល​ឈរ​ជើង​នៅ​ទី​នោះ​សិន ។ ខ្ញុំ​ក៏​បាន​ជិះ​បន្ត​ចូល​ទៅ​ទៀត ដោយ​ចូល​ទៅ​ដល់​ក្នុង​បន្ទាយ​តែ​ម្ដង និង​មើល​ឃើញ​ប្រាសាទ​ដែល​ស្ថិត​នៅ​លើ​កូន​ភ្នំ​កម្ពស់​ប្រហែល​ជា ២០ ម៉. ប៉ុណ្ណោះ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​​គេ​មិន​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឡើង​ទៅ​មើល​ប្រាសាទ​នោះ​ទេ ដោយ​មូលហេតុ​ មាន​ការ​សំខាន់ ។

ខ្ញុំ​ចាកចេញ​​មក​វិញ​ទាំង​សោកស្ដាយ​ព្រោះ​បាន​ឃើញ​ប្រាសាទ​នៅ​នឹង​មុខ​ទៅ​ហើយ ។ ខ្ញុំ​បាន​ឆៀង​​ចូល​លា​បង​ៗ ទាហាន​ដែល​​បាន​ប្រាប់​ផ្លូវ​ខ្ញុំ​នោះ​ មុន​នឹង​​បន្ត​ដំណើរ​​ទៅ​កាន់​ស្រុក​កំណើត ។ ដោយ​នឹក​ស្ដាយ​ពេក ក្រោយ​ពី​ជិះ​មក​តាម​ផ្លូវ​ជាតិ​បាន​ប្រហែល​ជា​ ១ គ.ម៉. ខ្ញុំ​ព្យាយាម​រក​មើល​ប្រាសាទ​នោះ​ពី​ចម្ងាយ​ ជា​ភព្វ​ល្អ​ប្រាសាទ​នោះ​​ស្ថិត​នៅ​ចម្ងាយ​ល្មម​និង​​អាច​មើល​ឃើញ​បាន (ខ្ញុំ​ធ្លាប់​ជិះ​តាម​ផ្លូវ​ជាតិ​នេះ​រាប់​សិប​ដង​ហើយ ក៏​ប៉ុន្តែ​មិន​ដែល​ចាប់​ភ្លឹក​នឹក​ដល់​ថា​មាន​ប្រាសាទ​នេះ​សោះ) ។

ខ្ញុំ​ក៏​បាន​ទាញ​យក​កាម៉េរ៉ា​សំណព្វ​ចិត្ត​ខ្ញុំ​ដើម្បី​ថត​រូប​ប្រាសាទ​នេះ​ពី​ចម្ងាយ ។ បើ​ទោះ​ជា​មិន​បាន​ឡើង​ទៅ​មើល​ដល់​ជិត​ជាក់​នឹង​ភ្នែក​ក្ដី ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​រីករាយ​ជា​អនេក​ដែល​ឃើញ​ប្រាសាទ​នេះ​នៅ​ឈរ​​ជ្រងោ​ៗ ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​មាន​ភព្វ​បាន​ឡើង​ទៅ​ឃើញ​ប្រាសាទ​នេះ​ដោយ​ផ្ទាល់​ភ្នែក និង​បាន​ប៉ះ​កាន់​ថ្ម​បុរាណ​ដ៏​សក្ដិសិទ្ធិ​ទាំង​នេះ ។

រូប​បង្រួម ថត​ពី​ផ្លូវ​ជាតិ

អាន​បន្ថែម​មូល​ហេតុ​ដែល​ខ្ញុំ​ដឹង​ថា​មាន​ប្រាសាទ​នៅ​លើ​​ភ្នំ​ចរចា ៖ ប្រាសាទ​លើ​ភ្នំ​ចរចា

Categories: ការធ្វើដំណើរ | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

បណ្ដាំ​ភ្នំបាធាយ (ចម្រៀងទាវឯក)


គម្រប​ឌីស​សម្លេង

គម្រប​​ថាស​​សំឡេង

ខែត្រ​​កំពង់ចាម ដែល​គេ​គ្រប់​គ្នា​តែង​តែ​និយាយ​ថា​ ជា​ទឹក​ដី​កំណើត​ស្នេហា​​ជូរចត់​របស់​ទុំទាវ ដែល​លេច​រូបរាង​ឡើង​ដោយ​ល្អ​ឯក​ក្រោម​ទឹក​ព្រះហស្ត ព្រះ​បុទុមត្ថេរ ងួន សោម ចៅអធិការ​វត្ត​កំព្រៅ ស្រុក​ស៊ីធរកណ្ដាល ខែត្រ​ព្រៃវែង ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ ក៏​មាន​បទ​ចម្រៀង​មួយ​ចំនួន​តែង​ឡើង​អំពី​ខែត្រ​នេះ​ដែរ តួ​យ៉ាង​ដូច​ជា​បទ​ចម្រៀង​ខាង​ក្រោម​​ដោយ​ច្រៀង​ដោយ លោក​ស្រី រស់ សេរីសុទ្ធា

បទ​នេះ​មាន​ចំណង​ជើង​ថា បណ្ដាំ​ភ្នំ​បាធាយ តែ​មនុស្ស​ម្នា​ភាគ​ច្រើន​ហៅ​បទ​នេះ​ថា ចម្រៀង​ទាវឯក​ ទៅវិញ ។ បទ​នេះ​និពន្ធ​ទំនុក​ដោយ លោក ម៉ា ឡៅពី និពន្ធ​បទភ្លេង​ដោយ លោក ស៊ីន ស៊ីសាមុត និង​សម្រួល​តន្ត្រី​ដោយ លោក ហាស សាឡន

I. ហូ….! ហូ……! ហូ…….! ហូ…..!ៗ ឱ​! ស្ពាន​ជីលា​(1) ណាត់​គ្នា​ថ្ងៃ​ស្អែក ចម្រៀង​ទា​វឯក​​ច្រៀង​ស្រែក​ផ្ដែផ្ដាំ​ត្រែង​ត្រស់(2) ឱ​! ភ្នំ​បាធាយ(3) ​រៀប​រាយ​ពី​ក្ដី​ស្រណោះ ធម្មជាតិ​ក្រៀមក្រោះ​រស់​បាន​ដោយ​ទឹក​សន្សើម ។

II. សារិកា​សួរ​មែក​​​សេក​សួរ​បង្គង ទាវ​សូម​ផ្ដាំ​ផង​បង​អើយ​កុំ​ភ្លេច​រឿង​ដើម ​ខ្ញុំ​នឹក​ប្រុស​ថ្លៃ​​រាល់​ថ្ងៃ​ស្ទើរ​ផុត​ដង្ហើម បើ​បង​ស្អប់​ខ្ពើម​សូម​ឆ្លើយ​តប​វិញ​កុំ​ខាន ។

R. យល់​ថ្នល់កែង(4) ថ្នល់​កំបែង​​(5) បែកពាង(6) យល់​សាឡាង​(7) រាយរៀង​ចាំ​ទទួល​ប្រាណ​ប្រៀប​ដូច​ជា​សត្វ​ដើរ​ខំ​គេច​ព្រាន ពុំ​ឃើញ​ដាន​ទុក​នៅ​ជា​សញ្ញា បង​កុំ​ស្មាន​ថា​អូន​បែរ​បែក​ចិន្ដា ប្រាថ្នា​ស្ម័គ្រ​ជំពាក់​ចិត្ត​ថ្មី​ណា​ស្នេហ៍ ។

III. ផាហ៊ុម​ទាវ​ឯក​ទុក​ចែក​ឲ្យ​បង គ្រាន់​ទុក​ទ្រាប់​ខ្នង​ជាប់​ខ្លួន​ទៅ​បាន​ជា​កេរ្តិ៍ បើ​បង​ភ្លេច​អូន​អូន​ស៊ូ​តែ​នៅ​ទំនេរ មិន​ហ៊ាន​ឲ្យ​គេ​ថែ​រ​ទេ​ព្រោះ​មិន​ដូច​បង ។

ទស្សនា​ ក៏​ដូច​ជា​ស្ដាប់​បទ​ចម្រៀង​នៅ​ខាង​ក្រោម ៖

***

  1. ជីលា ៖ ​បច្ចុប្បន្ន​ហៅ​ថា ជាលា ជា​ឃុំ​មួយ​នៃ​ស្រុក​បាធាយ​ដែល​មាន ៥ ភូមិ ។
  2. ត្រស់ ៖ ស្ពាន​ត្រស់​​ដែល​ជា​ «តំបន់​លិច​ទឹក ទន្លេ​មេគង្គ-ទន្លេ​សាប» ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ក្នុង​ការ​ប្រើប្រាស់​ហើយ​​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ស្ដី​​ពី​ការ​គ្រប់គ្រង​អាង​ទន្លេ ។ (ព័ត៌មាន​បន្ថែម​ដោយ លី កល្យាណ)
  3. ភ្នំ​បាធាយ ៖ ភ្នំ​មួយ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ខាង​ស្ដាំ​ដៃ​ ពី​ទិស​ដៅ ភ្នំពេញ-កំពង់ចាម ។ ភ្នំ​នេះ​​មាន​កម្ពស់​ប្រហែល​ជា ៥០ ទៅ ៦០ ម៉ែត្រ ។
  4. ថ្នល់កែង ៖ ចំណុច​​ផ្លូវ​​បំបែក​ជា​ ៣ មួយ​ទៅ​​ភ្នំពេញ​ មួយ​ទៅ​​ព្រែក​ក្ដាម និង​មួយ​ទៀត​ទៅ​​កំពង់ចាម ។
  5. ថ្នល់​កំ​បែង ៖ រក​មិនទាន់​ឃើញ ។
  6. បែកពាង ៖ ភូមិ​មួយ​នៃ​ ឃុំ​ជាលា ។
  7. សាឡាង ៖ សាឡាង​ព្រែក​ក្ដាម ។
Categories: ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , , , | 23 មតិ

ប្រាសាទ​លើ​ភ្នំចរចា បាធាយ


​ក្នុង​ការ​សាងសង់​ប្រាសាទ បុព្វការី​ជន​ខ្មែរ​រមែង​តែ​ជ្រើសរើស​ទីតាំង ដូចជា​កំពូលភ្នំ​, ទី​ទួល​ខ្ពស់​មិន​លិច​ទឹក ដើម្បី​ធ្វើ​ឲ្យ​សំណង់​ស្ថាបត្យកម្ម​​មាន​ភាព​សម​ស្រប​តាម​ទ្រឹស្ដី​នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​-​ខ្មែរ ដែល​ចាត់ទុកថា ភ្នំ គឺជា​ទេវស្ថាន​ដ៏​សក្ដិសិទ្ធិ ជា​ទី​គោរព​សក្ការ ។ យ៉ាងណាមិញ​ការសាងសង់​ប្រាសាទ​នៅ​លើ​កូនភ្នំ​មួយ ក៏​ស្ថិត​ក្នុង​ចក្ខុវិស័យ​នេះ​ដែរ ។​

ទិដ្ឋភាព​ទូទៅ ដែល​មើល​ពីលើ​កំពូលភ្នំ​ចរចា និង ភ្នំ​ចរចា ឋិត​នៅ​ផ្លូវ​ចូល​នៃ​ជួរ​ភ្នំ​ចរចា (​ថត ១៩៩៦)

ទិដ្ឋភាព​ទូទៅ ដែល​មើល​ពីលើ​កំពូលភ្នំ​ចរចា និង ភ្នំ​ចរចា ឋិត​នៅ​ផ្លូវ​ចូល​នៃ​ជួរ​ភ្នំ​ចរចា (​ថត ១៩៩៦)

​បំណែក​ផ្ដែរ​ដែល​ធ្លាក់​បាក់​ជា​ពី​កំណាត់ ស​ឲ្យ​ឃើញ​ថា​ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​នៅ​ ស​.​វ​. ទី​១០-១១ នៃ​គ​.​ស. ហើយ​មាន​ស្ថិត​ក្នុង​រចនាបថ​បាពួន ។ ហេតុ​ដែល​យើង​លើក​ប្រាសាទ​លើ​ភ្នំ​ចរចា​នេះ បណ្ដាល​មកពី​វត្តមាន​របស់​ប្រាសាទ​នា​សម័យ​អង្គរ​នេះ​ពុំ​សូវ​ត្រូវ​គេ​ស្គាល់ ឬ​ដឹងឮ​ទេ ។

ប្រាសាទ​ឥដ្ឋ​លើ​កំពូលភ្នំ​ចរចា និង រូប​នៃ​ប្រាសាទ​បាក់បែក​នេះ (ថ​ត ១៩៩៦)

ប្រាសាទ​ឥដ្ឋ​លើ​កំពូលភ្នំ​ចរចា និង រូប​នៃ​ប្រាសាទ​បាក់បែក​នេះ (ថ​ត ១៩៩៦)

​ពាក់ព័ន្ធ​ទៅ​នឹង​ចំណាស់​នៃ​ប្រាសាទ ថ្វីត្បិតតែ​យើង​ពុំបាន​ជួបប្រទះ​នូវ​សិលាចារឹក​ក្ដី ក៏ប៉ុន្តែ​វត្តមាន​របស់​ក្បាច់​ផ្ដែរ​បែកបាក់​ជា​ពីរ​បំណែក​នៅ​ខាង​មុខ​ប្រាសាទ អាច​ចង្អុលបង្ហាញ​នូវ​ចំណាស់​ពិតប្រាកដ​នៃ​សំណង់​ស្ថាបត្យកម្ម​ខាងលើ​នេះ​ដែរ ។ ជា​ព័ត៌មាន​បន្ថែម យើង​អាច​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​នៃ​ប្រាង្គ​ប្រាសាទ​ឥដ្ឋ​ខាង​លើ​នេះ ក្នុង​អតីតកាល​ដ៏​យូរលង់​មួយ​ដែល​គេ​ពិបាក​នឹង​កំណត់​សម័យកាល​បាន គឺជា​កន្លែង​ពិសិដ្ឋ​មួយ​យ៉ាង​សំខាន់​សម្រាប់​​ប្រជាជន​ដែល​រស់នៅ​ភូមិភាគ​នេះ ។

បំណែក​ផ្តែរ​ជា​ពីរ​កំណាត់ ដែល​ធ្លា​ក់បាក់ រចនា​ប័​ថ្ម​អង្គរ (ថត ១៩៩៦)

បំណែក​ផ្ដែរ​ជា​ពីរ​កំណាត់​ដែល​ធ្លាក់​បាក់ រចនាបថ​​​អង្គរ (ថត ១៩៩៦)

លក្ខណៈ​ដ៏​ពិសិដ្ឋ​នេះ ត្រូវ​បាន​សំដែង​ឡើង​តាមរយៈ​ស្លាកស្នាម​បុរាណវត្ថុវិទ្យា ដូចជា រន្ធ​តូច​-​ធំ​ទាំងឡាយ ដែល​បុព្វបុរស​ជន​បាន​ចោះ​នៅ​លើ​ថ្មភ្នំ​ដើម្បី​ទុក​ជា​ទី​គោរព​សក្ការ ។ នេះ​ជា​បញ្ហា​មួយ​ដែល​គប្បី​គេ​ត្រូវ​សិក្សា វិភាគ​ស៊ីជម្រៅ​នៅ​ពេល​អនាគត​ខាងមុខនេះ ៕

ដោយ ៖ ម​.​ត្រា​ណេ

***

ប្រភព​ដើម ៖ CEN : ប្រាសាទ​លើ​ភ្នំ​ចរចា បាធាយ​

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | 1 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: