Monthly Archives: ខែ​ឧសភា 2013

ព័ត៌មាន៖ កុដិបុរាណនៅវត្តវិសុទ្ធវង្សា កណ្ដាលកោះសូទិន


ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១០

កុដិបុរាណ

កុដិបុរាណមួយសង់ពីឈើប្រក់ក្បឿង នៅក្នុងវត្ត «វិសុទ្ឋិវង្សាកណ្តាលកោះសូទិន» ដែលស្ថិតនៅភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងស្រុកនិងក្រៅស្រុកដែលបានមកធ្វើបុណ្យនៅទីនេះ ព្រោះកុដិនេះមានអាយុកាលយូរអង្វែងជិត ១០០ឆ្នាំទោះជាឥឡូវនេះចាស់ទ្រុឌទ្រោមបាក់បែកខ្លះក៏ដោយ។

លោកតា មិន យីន ដែលមានព្រះជន្ម៨០ឆ្នាំ ជាគណៈកម្មការ វត្តវិសុទ្ឋិវង្សា កណ្តាលកោះសូទិន បានបញ្ជាក់ឱ្យដឹងថាវត្តនេះបានត្រូវចុះក្នុងបញ្ជីធម្មការស្រុក កសាងនៅឆ្នាំ១៩១៨ ដែលរហូតមកដល់ពេលនេះ១០២ឆ្នាំហើយ (២០១០)។ ទាក់ទងនឹងកុដិបុរាណនៅក្នុងវត្តនេះ លោកតាបានប៉ាន់ប្រមាណថាមានអាយុប្រហែល១០០ឆ្នាំព្រោះពេលគាត់ចូលមកនៅវត្តនាឆ្នាំ១៩៦៨ គាត់ឃើញកុដិនោះសង់រួចស្រាប់ទៅហើយ។

លោកតា ភិន សៀត អាយុ៥៩ឆ្នាំ ប្រជាជនចំណុះជើងវត្ត បានមានប្រសាសន៍ថាគាត់បានមកធ្វើជាសិស្សលោកនៅឆ្នាំ១៩៥៩។ គាត់ធ្លាប់ជាសិស្សរបស់ចៅអធិការវត្តព្រះនាម វ៉ន តាមតែចាស់ៗតំណាលតគ្នាមកកុដិនេះគឹមានអាយុប្រហែល១០០ឆ្នាំ។

លោកយាយ យុទ្ឋ រ៉េត អាយុ៦០ឆ្នាំ ប្រជាជននៅភូមិ៣ កណ្តាលកោះ បានអះអាងថាកុដិបុរាណនេះមានអាយុយ៉ាងតិចក៏ជិត១០០ឆ្នាំដែរ ព្រោះតាំងពីដឹងក្តីមកគាត់បានឃើញកុដិនេះស្រាប់ទៅហើយ។ ម៉្យាងទៀតម្តាយរបស់គាត់ដែលឥឡូវអាយុ៨៧ឆ្នាំបានប្រាប់គាត់ថា វត្តនិងកុដិមានអាយុយ៉ាងតិច១០០ឆ្នាំ។

លោក ខៀវ វុត្ថា មេឃុំកោះសូទិន បានបញ្ជាក់ឱ្យដឹងថា នៅឃុំនេះមានវត្តចំនួនប្រាំ ហើយវត្ត «វិសុទ្ឋិវង្សាកណ្តាលកោះសូទិន» នេះមានចំណាស់ជាងគេ។ កាលសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ទាំងវត្ត កុដិ និង ព្រះវិហារ បានទទួលរងការខូចឃាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងរបបខ្មែរក្រហម ទីអារ៉ាមនេះបានត្រូវគេយកធ្វើជាកន្លែងចិញ្ចឹមជ្រូក។

តាមរយៈលោកតា មិនយីន គណៈកម្មការ វត្តវិសុទ្ឋវង្សាកណ្តាលកោះសូទិន បានឱ្យដឹងថាបច្ចុប្បន្នវត្តនេះមាន ព្រះសង្ឃគង់តែ៦អង្គប៉ុណ្ណោះហើយមានចៅអធិការវត្តព្រះនាម ប៊ុត គុត ព្រះជន្ម៨១ព្រះវស្សាដែលកំពុងមានអាពាធិ។ កាលពិសម័យសង្គមរាស្ត្រនិយម មានព្រះសង្ឃគង់ជាង៨០អង្គ។

ពាក់ព័ន្ឋនឹងការរស់នៅរបស់ប្រជាជននោះ លោក ខាត់ សាអែម មេភូមិទី១០ បាននិយាយថាប្រជាជនខ្លះលក់ដូរអីវ៉ាន់តាមកង់ ខ្លះដាំថ្នាំជក់ និងខ្លះទៀតធ្វើស្រែ។ អ្នកស្រុកមិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយទេ គឺមានតែប្រើអាគុយ និងខ្លះប្រើចង្កៀងប្រេងកាត។

លោក ផេន សុផល អភិបាលរងស្រុកកោះសូទិន បានឱ្យដឹងថា នៅឃុំកោះសូទិន មានប្រជាជន៣០០៩គ្រួសារ ប្រជាពលរដ្ឋ១២៤៣០នាក់ ភូមិចំនួន១៤ វត្ត៥ និងផ្ទៃដី២២២៣ហិកតា៕

ចម្លងចេញទាំងស្រុងពីវេបសាយ ភ្នំពេញដេលីញូវស៍៖ កុដិបុរាណនៅវត្តវិសុទ្ធវង្សា កណ្ដាលកោះសូទិន [dead link]

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

កំពង់ចាម កំពង់ចិត្ត


ខ្លឹម​សារ​នៃ​បទ​ចម្រៀង​នេះ ​គឺ​ជា​ប្រវត្តិ​ស្នេហា​មួយ​របស់ លោក ម៉ា ឡៅពី​ ក្នុង​ខណៈ​លោក​បំពេញ​ងារ​ជា​ចៅហ្វាយស្រុក​កំពង់សៀម ខែត្រ​កំពង់ចាម ទសវត្ស​​ឆ្នាំ​១៩៦៥ ក្នុង​​របប​សង្គម​រាស្ត្រ​និយម ។

ក្នុង​សៀវភៅ «ថ្ងៃ​លិច​ឯ​នាយ​សមុទ្ទ» ភាគ​១ របស់​ លោក សេង តារា បាន​បង្ហាញ​ត្រួស​ៗ​ថា ក្នុង​ងារ​ជា​ចៅហ្វាយ​ស្រុក និង​ទម្លាប់​របស់​កវី​ផង​នោះ លោក ម៉ា ឡៅពី តែងតែ​ដើរ​គ្រប់​​ច្រក​ល្ហក​​ទាំង​អស់​ក្នុង​កិច្ច​អង្កេត​មើល​ជីវភាព​ប្រជាជន​ផង និង​និស្ស័យ​ស្រឡាញ់​​ងប់ងុល​នឹង​​សម្រស់​ធម្មជាតិ​ផង​ ។

ក្នុង​ថ្ងៃ​មួយ វេលា​ដែល​​លោក​​ដើរ​​តាម​បណ្ដោយ​​ដង​ទន្លេ​មេគង្គ ស្រាប់​តែ​លោក​ប្រទះ​ឃើញ​នារី​ក្រមុំ​ម្នាក់​ចងពុង​​បង់​ក្រមា​​គ្រប​សាច់​ស្មា​ដ៏​​ទ្រលុក​ទ្រលន់​​របស់​​នាង​កំពុង​ដើរ​​ចុះ​​ច្រាំង​​ទន្លេ​ក្នុង​​បំណង​​ងូត​ទឹក​ ។ ភ្លាម​​នោះ កវី​យើង​​ទច់​​ដំណើរ​​ទៅ​មុខ​​លែង​​រួច ហើយ​ក៏​រលាស់​​ខ្លួន​ចូល​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​​ទន្លេ ចាំ​លួច​គយ​គន់​នាង​​ពី​ចម្ងាយ​​មិន​ឲ្យ​​ដឹង​ខ្លួន​ឡើយ ហើយ​ស្រមៃ​​វែង​ឆ្ងាយ​​តែ​​ម្នាក់​ឯង ។

នេះ​ជា​ប្រវត្តិ​​ដែល​​ចេញ​​ពី​ថ្លើម​ប្រមាត់​​របស់​កវី​សេក​មាស ម្ចាស់​ស្រុក​កំពង់សៀម​ ដែល​បាន​បង្ហើរ​សំឡេង​​ដំបូង​ដោយ ​លោក សុះ ម៉ាត់ ជា​ចង្វាក់ បូឡេរ៉ូ ក្នុង​ឆ្នាំ ១៩៦៥ ។ តែ​ដោយ​​បទ​នេះ​ចំណាស់​ពេក ហើយ​ឧបករណ៍​ថត​សម័យ​នោះ​មិន​សូ​វ​ទំនើប លោក ម៉ា ឡៅពី បាន​ប្រគល់​បទ​​នេះ​ឲ្យ លោក ស៊ីន ស៊ីសាមុត រៀប​រាប់​ជា​ថ្មី​ក្នុង​ឆ្នាំ ១៩៧២ ដែល​បន្សល់​ទុក​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​​ស្ដាប់​សព្វ​ថ្ងៃ​នេះ ។

បទ​នេះ​និពន្ធ​ទំនុក​ដោយ លោក ម៉ា ឡៅពី អ្នក​និពន្ធ​បទ​ភ្លេង​​ប្រហែល​ជា លោក សុះ ម៉ាត់ និង​ច្រៀង​នៅ​ឆ្នាំ ​១៩៦៥​ និង​ច្រៀង​ឡើង​វិញ​ដោយ​ លោក ស៊ីន ស៊ីសាមុត នៅ​ឆ្នាំ ១៩៧២ ។

I. ពេល​បង​ឃើញ​អូន​នាង​ចុះ​ងូតទឹក ស្មារតី​រៀម​ភ្លឹក​ព្រោះ​ចាញ់​សម្រស់ អូន​អ្ហើយ​អូន​ល្អ​លើស​គេ​ទាំង​អស់ បង​ចង់​ស្គាល់​ឈ្មោះ តើ​ពីរោះ​យ៉ាង​ណា ?

II. រាង​រាវ​ស្ទាវ​តូច​ដូច​កិន្នរី ឆោម​ឆើត​ពិសី​គន់​គាប់​នេត្រា ដំណើរ​ល្វត​ល្វន់​គន់​មាន​លក្ខណា រៀម​ស្លុត​ចិន្ដា​ឃើញ​ផ្កា​ល្អ​ឯក ។

R. ឱ! កំពង់ចាម​កំពង់​ចិត្ត​អើយ រៀម​សូម​កៀក​កើយ​កែវ​កុំ​ប្រកែក បើ​អូន​ប្រកាន់​ទ្រូង​បង​នឹង​បែក កែវ​កុំ​ប្រកែក​ទទួល​បង​ទៅ ។

III. បង​សូម​ផ្ញើ​ប្រាណ​នឹង​ស្ងួន​ពិសី បង​សូម​ថ្នម​បី​ស្រស់​ស្រី​ពាលពៅ ព្រលប់​អូន​គេង​ស្ដាប់​ភ្លេង​កើយ​ភ្លៅ បង​បំពេ​ពៅ​លុះ​សូន្យ​សង្ខារ ។

ទស្សនា​ ក៏​ដូច​ជា​ស្ដាប់​បទ​ចម្រៀង​នៅ​ខាង​ក្រោម ៖

បទ​នេះ​ក៏​បាន​ច្រៀង​ឡើង​វិញ​ដែរ​ដោយ​ លោក កែវ សារ៉ាត់

ថ្មីៗនេះ នាយខេម ក៏បានយកបទនេះមកច្រៀងឡើងវិញដែរ

ប្រភព​ដើម ៖ កំណាព្យ​ស្នេហ៍​មាស​ ៖ កំពង់ចាម​កំពង់​ចិត្ត​

Categories: ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | 6 មតិ

រឿង​ព្រេង ៖ ភ្នំ​ប្រុស​ភ្នំ​ស្រី


ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ បោះពុម្ព​ដោយ​ ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​​ ៖

បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ ខែត្រ​​កំពង់​ចាម តាម​ផ្លូវ​ជាតិ​លេខ​៧ ទៅ​ដល់​គោល​គីឡូ​ម៉ែត្រ​ទី ​១១៦ ហើយ​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ដែល​នៅ​ខាង​ឆ្វេង​ដៃ​ចម្ងាយ​ពី​ថ្នល់​ជាតិ​ទៅ​ប្រមាណ​ ១​គ.ម៉. យើង​និង​ឃើញ​ភ្នំ​ពីរ​នៅ​ទន្ទឹម​គ្នា មួយ​នៅ​ខាង​កើត​ខ្ពស់ មួយ​នៅ​ខាង​លិច​ទាប ។ ភ្នំ​ខ្ពស់​ឈ្មោះ​ភ្នំ​ស្រី ឯ​ភ្នំ​ទាប​ឈ្មោះ​ភ្នំ​ប្រុស។ រឿង​ព្រេង ប្រចាំ​ភ្នំ​នេះ​មាន​ដូច​តទៅ ៖

កាល​ពី​ព្រេង​នាយ មាន​ស្ដេច​ស្រី​មួយ​ព្រះ​អង្គ​ព្រះ​នាម “ស្រី​អយុធ្យា” សោយ​រាជ្យ​នៅ​នគរ​ខ្មែរ ។ ដោយ​ព្រះ​នាង​ជា​ស្ដេច​សោយ​រាជ្យ គ្មាន​បុរស​ណា​មួយ​ហ៊ាន​ដណ្ដឹង​យក​ជា​ភរិយា​ឡើយ ម៉្លោះ​ហើយ​ព្រះ​នាង​រក​ដណ្ដឹង​បុរស​ដ៏​មាន​រូប​ជាទី​គាប់​ព្រះ​ទ័យ​មក​ធ្វើ​ជា​ព្រះ​ស្វាមី​វិញ ហើយ​ដោយ​ហេតុ​ព្រះ​រាជិនី ស្រី​អយុ​ធ្យា​ ​ដណ្ដឹង​ប្រុស​ជា​ព្រះ​ស្វាមី​ដូច្នោះ ស្រី​ៗ​​ដែល​នៅ​ក្រោម​ព្រះ​រាជ​ឱវាទ​ក៏​ដណ្ដឹង​ប្រុសៗ​ធ្វើ​ជា​ស្វាមី​តាម​ដែរ ។

ក្នុង​រជ្ជកាល​នោះ​​គួរ​​ឲ្យ​វេទនា​នឹង​ស្រី​ខ្លះ ដែល​មាន​រូប​អន់​ៗ​ទៅ​រក​ដណ្ដឹង​ប្រុស​ៗ គេ​នាំ​គ្នា​ប្រកែក​មិន​យក គេ​រើស​តែ​ស្រី​ៗ​មាន​រូប​ល្អ​ៗ ទើប​យក​ធ្វើ​ជា​ភរិយា ។ ធ្វើ​ដូច្នេះ​អស់​មួយ​រាជ្យ​ស្ដេច​ស្រី​នេះ ។ លុះ​មក​ដល់​រាជ្យ​ស្ដេច​ក្រោយៗ​ទៀត ពួក​ស្រី​ៗ​ជំនុំ​គ្នា​ថា «ឥឡូវ​នេះ​ដូច​ជា​មិន​សម​សោះ ខ្លួន​យើង​ជា​ស្រី​ហើយ​ដើរ​ដណ្ដឹង​​ប្រុស​ៗ​ធ្វើ​ជា​ប្ដី ដូច្នេះ​យើង​នឹង​នាំ​គ្នា​លើក​ដី​ចាក់​ពូន​ជា​ភ្នំ​ភ្នាល់​ជាមួយ​និង​ពួក​ប្រុសៗ គឺ​ប្រុស​លើក​ដី​ធ្វើ​ជា​ភ្នំ​មួយ យើង​ស្រី​ធ្វើ​ជា​ភ្នំ​មួយ​ភ្នាល់​គ្នា ។ បើ​ប្រុសៗ​ចាញ់​យើង​ត្រូវ​ឱ្យ​ប្រុសៗ​ដណ្ដឹង​យើង​ជា​ស្រី​វិញ» ។

លុះ​គិត​ដូច្នេះ​ហើយ ក៏​នាំ​គ្នា​ទៅ​បបួល​ពួក​ប្រុសៗ​ធ្វើ​ភ្នំ ចុះ​ខ​សន្យា​ភ្នាល់​គ្នា​ដូច​ពោល​មក ហើយ​គេ​ក៏​បាន​ចាត់​មេ​កំណែន​កេណ្ឌ​មនុស្ស​ឲ្យ​បាន​ច្រើន ខាង​ប្រុស​មាន​មេ​កំណែន​ខាង​ប្រុស​ដើរ​កេណ្ឌ ខាង​ស្រី​មាន​មេ​កំណែន​ខាង​ស្រី​ដើរ​កេណ្ឌ ។ លុះ​កេណ្ឌ​បាន​គ្នា​ច្រើន គ្រប់​ចំនួន​ខាង​ប្រុស-ខាង​ស្រី​រួច​ហើយ ក៏​និយាយ​និង​គ្នា​ថា «យើង​ទាំង​អស់​ត្រូវ​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយ​ព្រឹក​រះ​ទើប​ឈប់​ទាំង​អស់​គ្នា បើ​ផ្កាយ​ព្រឹក​មិន​​រះ​មិន​ត្រូវ​ឈប់​ទេ ។ គិត​ព្រម​គ្នា​ដូច្នេះ​ហើយ ក៏​នាំ​គ្នា​ជញ្ជូន​ដី​រែក​ទូល​តាម​ថាមភាព​រៀង​ៗ​ខ្លួន​ទៅ» ។

ពេល​នោះ​ជា​ពេល​រាត្រី ពួក​ស្រី​ៗ​មាន​ប្រាជ្ញា​ជញ្ជូន​ដី​អស់​វេលា ​៣-​៤​ម៉ោង ក៏​នាំ​គ្នា​បង្ហូត​គោម​តូច​មួយ​យ៉ាង​ខ្ពស់​នៅ​ជ្រុង​ឦសាន​ភ្នំ ពួក​ប្រុសៗ​ក្រឡេក​មើល​ទៅ​លើ​ឃើញ​គោម​ដែល​ស្រី​បង្ហូត​និង​ឫស្សី​មួយ​ដើម​នោះ ស្មាន​ថា​ផ្កាយ​ព្រឹក​រះ​ក៏​បបួល​គ្នា​ឈប់​ធ្វើ​ការ​នាំ​គ្នា​និន្ទ្រា​លក់​អស់​ទៅ​គ្មាន​សល់​ម្នាក់ ពួក​ស្រី​ៗ​ក៏​នាំ​គ្នា​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយ​ព្រឹក​រះ​មែន​ទែន​ទើប​ឈប់ ។

ដល់​មាន់​រងាវ​កឺត​ ប្រុសៗ​ភ្ញាក់​ឡើង ឃើញ​ផ្កាយ​ព្រឹក​រះ​ក៏​លាន់​មាត់​ថា «យើង​ទាំង​អស់​គ្នា​ខុស​ហើយ ផ្កាយ​ព្រឹក​មែន​ទែន​ទើប​តែ​និង​រះ​សោះ» ។ ហើយ​​នាំ​គ្នា​ក្រឡេក​មើល​ទៅ​ភ្នំ​ស្រី​មាន​ទំហំ​ខ្ពស់​ជាង​ភ្នំ​របស់​ខ្លួន ក៏​មាន​សេចក្ដី​អៀន​អន់​ក្នុង​ចិត្ត​ដោយ​ចាញ់​កល​ស្រី​ៗ ។ តាំង​ពី​កាល​នោះ​មក​ប្រុសៗ​ក៏​ដណ្ដឹង​​ស្រី​ៗ​ធ្វើ​ជា​ភរិយា​ដរាប​ដល់​សព្វ​​ថ្ងៃ​នេះ ។

***

តាម​រូប​គំនូរ​នៅ​នឹង​ជញ្ជាំង​​សាលា​នៅ​ឯ​ជើង​ភ្នំ​ស្រី​បាន​បង្ហាញ​ថា​​មេកំណែន​ខាង​ស្រី​មាន ២​នាក់​ ឯ​ខាង​ប្រុស​ក៏​មាន​ ២​នាក់​ដែរ ។ ខាង​ស្រី​នោះ​គឺ​ «លោក​យាយ​ព្រេង​»​ និង «លោក​យាយ​ស​លក្ខណ៍​» ឯ​ខាង​ប្រុស​គឺ «លោក​តា​ព្រហ្ម​» និង «​លោក​តា​ដែក» ។

_______________

អត្ថបទ​ដែល​ទាក់​ទង ៖

  1. រូប​ថត​ ភ្នំ​ប្រុស ភ្នំ​ស្រី (1993)
Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

ព័ត៌មាន ៖ ប្រាសាទគុកយាយហម​ត្រូវជីកកកាយធ្ងន់ធ្ងរ


២៨ កក្កដា ២០១០ ៖ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ នេះ​របស់​សាស្រ្តាចារ្យ និង​និស្សិត​បុរាណ​វិទ្យា ប្រាសាទ​គុក​យាយ​ហម ត្រូវ​បាន​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​នា​សម័យ​អង្គរ​នៅ​ក្រោម រជ្ជកាល​ព្រះបាទ​ជ័យវរម៌​ទី៧ ប៉ុន្តែ​បើ​តាម​រយៈ​សំណល់​នៃ​ស្ថាបត្យកម្ម​ដូច​ជា ផ្តែរ​ទ្វារ សិលា​ចារឹក ទីនោះ​ប្រហែលជាមណ្ឌលសានាដែលជាទីសក្ការៈ​បួស​មួយ​តាំង​ពី​មុន​សម័យ​អង្គរ​ទៅ​ទៀត ។

គួរ​ឲ្យ​សោកស្តាយណាស់ បច្ចុប្បន្ន​ ប្រាសាទគុកយាយហម ដែល​មាន​អាយុ​ជិត​មួយពាន់​ឆ្នាំ​ហើយ នៅ​តែ​ខំ​ប្រឹង​ត្រដ​រស់យ៉ាង​វេទនា​កណ្តោចកណ្តែង​តែ​ម្នាក់​ឯង​កណ្តាល​ព្រៃវាល​រហោស្ថាន​ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ស្រះ ត្រពាំង​ទឹក ទន្លេអុំ និង​អូរខ្វាត់ខ្វែង ។ ប្រាសាទ​នេះត្រូវ​ទទួល​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ មិនត្រឹម​តែ​ថ្ម​កំពែង​ប្រាសាទ​ត្រូវ​អ្នក​ស្រុក​ជីក​គាស់​រំលើង​ដឹកយក​ទៅ​ធ្វើ​ស្ពាន​ប្រើ​ប្រាស់​ក្នុង​ភូមិ​ស្រុក​នោះទេ​  សូម្បី​តែ​ផ្តែរ​ទ្វារ​ប្រាសាទ​ដែល​មានក្បូរក្បាច់រចនា​យ៉ាងល្អប្រណិត​ក៏ត្រូវបានគេយក​ទៅធ្វើស្ពានដែរ។ នេះ​ដោយ​សារ​​តែ​​គាត់មិន​បាន​យល់​ពី​តម្លៃ​ប្រវត្តិសាស្រ្ត​របស់​ប្រាសាទ ពោល​គឺ​គាត់​យល់​តែ​មួយ​ផ្នែក​​តូច គឺ​ធ្វើ​បែប​នេះ​វាផ្តល់ផល​ប្រយោជន៍​សម្រាប់​អ្នកស្រុក​គាត់ ។

ផ្ទាំង​សិលា​ប្រាសាទ​ ដែល​ក្លាយ​ជា​ក្តារ​រែក​របស់​អ្នក​ស្រុក

សព្វថ្ងៃ​នេះ ​ប្រាសាទ​គុក​យាយហម ស្ថិតនៅក្នុងភូមិជ្រេស ស្រុកព្រៃឈរ ខែត្រកំពង់ចាម ។ បើ​ចង់ឃើញ និង​ទស្សនា​សិក្សា​ស្រាវជ្រាវ​ពី​ប្រាសាទ​ដ៏​ចំណាស់​មួយ​​នេះ​ គេ​គ្រាន់​តែធ្វើ​ដំ​ណើរ​​តាមផ្លូវជាតិលេខ 6A ដែល​​មាន​ចម្ងាយ​ប្រហែល​ជាង ៩០​គីឡូម៉ែត្រ​​ពីរាជធានី ភ្នំពេញ ។ នៅពេលទៅ​ដល់​ទី​ប្រជុំជន ស្គន់ មានផ្លូវបំបែកជាពីរ ដោយ​ផ្លូវមួយបត់​ឆ្វេង​ដៃ​​ជា​​ផ្លូវ​​​ទៅ​​កាន់​ខែត្រ​​កំពង់ធំ និងមួយទៀតបត់ទៅស្តាំ​ជាផ្លូវទៅកាន់ខែត្រ​កំពង់ចាម ។ គេ​ត្រូវ​បន្ត​ដំណើរ​ពី​ ស្គន់ ក្នុង​ចម្ងាយ​​ផ្លូវ ៨​គីឡូម៉ែត្រ​ទៀត បន្ទាប់​​មក​​បត់ឆ្វេងតាម​ខ្លោងទ្វារវត្ត​មួយ​​ឈ្មោះ​​ថា វត្តសង្កែ ។ បន្តពី​ខ្លោង​​ទ្វារ​វត្ត​​ទៅ​ដល់​វត្ត​មាន​ចម្ងាយ ៣គីឡូម៉ែត្រ និង​ពីវត្ត​ទៅ​កាន់ ប្រាសាទ​គុកយាយហម មានចម្ងាយ ១គីឡូម៉ែត្រទៀត ។

លោក ប្រាក់ សុវណ្ណារ៉ា ប្រធាន​ការិយាល័យរុករក​អង្កេត​នៃនាយកដ្ឋានបេតិកភណ្ឌជាតិ នៃ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​សាស្រ្តាចារ្យប្រវត្តិសាស្ត្រ​ខ្មែរ និង​អាស៊ីអាគ្នេយ៍​នៅ មហាវិទ្យាល័យបុរាណវិទ្យា ដែល​នៅ​ក្នុង​ដំណើរ​​ដឹកនាំ​​ពិនិត្យ​ចុះ​​ទៅ​សិក្សាស្រាវជ្រាវ​ដល់​កន្លែង​ប្រាសាទ​នោះ​បាន​មានប្រសាសន៍​ប្រាប់ថា ប្រវត្តិ​នៃ​ ប្រាសាទ​គុក​យាយ​ហម​ មាន​​រឿងរ៉ាវ​ជា​រឿង​ព្រេង​ផង និង​មាន​ប្រវត្តិ​ពិត​ទាក់ទង​ទៅ​និង​ការ​កសាងប្រាសាទ​នេះ​ផង ។

រឿងព្រេងនោះគឺគ្រាន់តែចាស់ទុំនិទានតៗគ្នាពីដូនចាស់ម្នាក់មានឈ្មោះថា «យាយហម» បាន​ស្ម័គ្រចិត្តបូជា​ជីវិត​ដើម្បី​នៅ​ចាំ​ថែរក្សា​ប្រាសាទ និង​សម្បត្តិទ្រព្យ​ប្រាសាទ​នៅក្នុងកាលៈទេសៈ ​មួយ​ដែល​ស្រុកទេស​កើត​មាន​សង្គ្រាម ។ ដូច្នេះ​ហើយ​ក្រោយ​ពី ​យាយហម​ស្លាប់ទៅ គេក៏បានហៅ​ប្រាសាទនេះ​ថា ប្រាសាទ​គុក​យាយហម ជាប់​រហូត​មក​ដល់​សព្វថ្ងៃ ហើយបច្ចុប្បន្ននេះ យើង​ឃើញ​មាន​រោងមួយ​ដែលបង​ប្អូនប្រជាជន​យើងបាន​សាងសង់​ដោយ​មាន​ការ​ធ្វើ​​ជា​រូប​​តំណាង​​ឲ្យ​​​រូប​ យាយហម តម្កល់​នៅក្នុងរោងនោះ​ដែល​ស្ថិតនៅ​ពីខាង​មុខ​ប្រាសាទ ។

រូប​តំណាង​ លោកយាយ​ហម នៅ​ទិស​ខាង​ជើង​ប្រាសាទ

ចំណែកតាម​ការសិក្សាពីប្រវត្តិពិតរបស់ប្រាសាទនេះត្រូវបានកសាងដោយបុព្វបុរសខ្មែរនា សម័យអង្គរក្រោម រជ្ជកាល​ព្រះបាទជ័យវម៌្ម​ទី៧ ។ ប្រាសាទនេះគឺជាមណ្ឌលសាសនាមួយនា សម័យបុរាណ ជាពិសេសសម័យអង្គរ ។ ក៏​ប៉ុន្តែ​តាម​រយៈ​ស្លាក​ស្នាម​នៃ​សំណង់ស្ថាបត្យកម្មនៅទីនោះ ជាទីសក្ការបូជាមួយតាំងពី​មុន​សម័យអង្គរ គឺប្រហែល​នៅ ស.វ. ទី៧ ឬ​ទី៨ នៃគ.ស. ហើយប្រហែលជា​ក្រោយមកសំណងនោះត្រូវបានខូចខាត ទើបនៅសម័យអង្គរ​ព្រះមហាក្សត្រ​ខ្មែរ​បាន​ស្ថាបនា​ជាសំណង់ប្រាសាទមួយថ្មីនៅទីនោះ តែមិនមែនសង់ពីលើគ្រឹះប្រាសាទចាស់ទេ គឺគ្រាន់​តែសង់​នៅ​លើ​បរិវេណ​នៃ​ប្រាសាទ​ពី​មុន ។

សព្វថ្ងៃ​នេះ អ្វី​ដែល​នៅ​សល់​ គឺ​តួ​ប្រាង្គប្រាសាទ​មួយ​ធ្វើ​ពី​ថ្មភក់​សុទ្ធសាធ ។ ប្រាសាទ​នេះ​មាន ទ្វារ​ចូល​ទាំង​បួន​ទិស តែ​ទ្វារ​ខាង​កើតជា​ច្រក​សំខាន់ ពោល​គឺ​ជា​ទិស​សំខាន់​របស់​ខ្មែរ ។ នៅ​ជាប់​ពី​​ខាង​លិច​នៃ​តួ​ប្រាង្គ​នេះ យើង​​​ឃើញ​​​នៅ​​មាន​​សល់​​​ទួល​​​បុរាណ​២ ជា​តួ​ប្រាសាទ​ឥដ្ឋ​​ដែល​​ទទួល​រង​​​នូវ​​ការ​​ជីក​​កកាយ​​យ៉ាង​​ធ្ងន់ធ្ងរ ។ ក្រៅ​ពីនេះ នៅ​មាន​​សំណង់​​​ផ្ទាំង​ថ្ម​​ជា​​មេទ្វារ​ប្រាសាទ ផ្តែរទ្វារ ចម្លាក់នៅកប់ដី ទម្រលិង្គ ចំណែកជើង ប្រអប់ជើង និង​ដង​ខ្លួន​ព្រះពុទ្ធ ថ្ម​កំពូល​ប្រាសាទ​ដែលធ្លាក់​មកដី ចម្លាក់​បដិមា ក្បាច់ស្លឹករកា និង​អំបែង​កុលាលភាជន៍​​ជាដើម ។ល។

នៅជុំវិញប្រាសាទយាយហម ក៏មានជាប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដូចជា ស្រះទឹក , ត្រពាំង ទឹក , ទន្លេអុំ និងអូរ ។ ក្រៅពីនេះនៅខាងក្រៅកំពែងប្រាសាទមានទួលជុំវិញដែលយើងប្រទះឃើញ មានអំបែងកុលាលភាជន៍ជាច្រើនដូចជា ក្អមគម្របពួចជាដើម ។ ដូចនេះ តាមរយៈសំណល់អំបែង កុលាលភាជន៍នេះអាចបញ្ជាក់បានថា ទីតាំង ប្រាសាទ​គុក​យាយហម ប្រាកដជាមានសហគមន៍មនុស្ស រស់នៅក្បែរប្រាសាទ និងយកប្រាសាទជាទីសក្ការបូជា ។

លោកសាស្រ្តាចារ្យ និង​ជា​ប្រធានការិយាល័យ​រុករកអង្កេត​រូបនេះ​បាន​មាន​ប្រសាសន៍​បន្ត​ថា បើពិនិត្យពី​ស្ថានភាព​ប្រាសាទ​នា​ពេលសព្វ​ថ្ងៃ ប្រាសាទ​គុក​យាយហម មាន​ការ​ខូចខាត​​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ដោយ​សារថ្ម​កំពូល​ប្រាសាទ​រលំ​បាក់​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​ថ្ម​បាក់​ចូល​តួ​ខាង​ក្នុង​ប្រាសាទពេ​ញ ដែល​មិន​អាច​ឲ្យ​យើង​ចូល​ទៅ​ខាង​ក្នុង​បាន ។

គួរបញ្ជាក់ផងដែរថា ដោយ​យល់ឃើញពីតម្លៃនៃប្រាសាទនេះ ក្រុម​អ្នកស្រាវជ្រាវ និង​ក្រុម​និស្សិត​បុរាណ​វិទ្យា​បាន​លើក​ជា​សំណើរ​ដោយ​សំណូមពរ និង​អំពាវ​នាវ​ដល់​គ្រប់ស្ថាប័ន​ពាក់ព័ទ្ធ​ទាំងឡាយ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មេត្តា​ជួយ​ថែរក្សា និង​ការពារ​បេតិភណ្ឌ​ប្រាសាទ​ដ៏​ចំណាស់​នេះឲ្យ​បានគង់វង្ស​រហូត​ផង ។

***

ប្រភពដើម ៖ ភ្នំពេញដេលី ៖ ប្រាសាទ​គុក​យាយ​ហម​ត្រូវ​ជីកកកាយ​ធ្ងន់ធ្ងរ

រូប​ថត​ទាំង​នេះ​​ជា​កម្មសិទ្ធិ​ផ្ទាល់​នៃ​ម្ចាស់​ប្លក​ដែល​បាន​ចុះ​ទៅ​ថត​ទិដ្ឋ​ភាព​ផ្ទាល់​នៃ​ប្រាសាទ​​នេះ​នៅ​កំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ ព.ស. ២៥៥៧ នេះ ។ ហាម​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | 5 មតិ

រូប​ថត ៖ ភ្នំប្រុស ភ្នំស្រី (១៩៩៣)


ខាង​ក្រោម​នេះ ជារូបថត​ពីរសន្លឹកបង្ហាញ​ពី​ទិដ្ឋភាព ក៏​ដូច​ជា​ទេសភាព ភ្នំ​ប្រុស​ភ្នំស្រី ដី​កំពង់ចាម​ កាល​ពី​​២០​​ឆ្នាំ​មុន ។

ភ្នំប្រុស

ភ្នំស្រី

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , | 4 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: