ព័ត៌មាន ៖ ប្រាសាទគុកយាយហម​ត្រូវជីកកកាយធ្ងន់ធ្ងរ


២៨ កក្កដា ២០១០ ៖ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ នេះ​របស់​សាស្រ្តាចារ្យ និង​និស្សិត​បុរាណ​វិទ្យា ប្រាសាទ​គុក​យាយ​ហម ត្រូវ​បាន​កសាង​ឡើង​ដោយ​បុព្វបុរស​ខ្មែរ​នា​សម័យ​អង្គរ​នៅ​ក្រោម រជ្ជកាល​ព្រះបាទ​ជ័យវរម៌​ទី៧ ប៉ុន្តែ​បើ​តាម​រយៈ​សំណល់​នៃ​ស្ថាបត្យកម្ម​ដូច​ជា ផ្តែរ​ទ្វារ សិលា​ចារឹក ទីនោះ​ប្រហែលជាមណ្ឌលសានាដែលជាទីសក្ការៈ​បួស​មួយ​តាំង​ពី​មុន​សម័យ​អង្គរ​ទៅ​ទៀត ។

គួរ​ឲ្យ​សោកស្តាយណាស់ បច្ចុប្បន្ន​ ប្រាសាទគុកយាយហម ដែល​មាន​អាយុ​ជិត​មួយពាន់​ឆ្នាំ​ហើយ នៅ​តែ​ខំ​ប្រឹង​ត្រដ​រស់យ៉ាង​វេទនា​កណ្តោចកណ្តែង​តែ​ម្នាក់​ឯង​កណ្តាល​ព្រៃវាល​រហោស្ថាន​ ដែល​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ស្រះ ត្រពាំង​ទឹក ទន្លេអុំ និង​អូរខ្វាត់ខ្វែង ។ ប្រាសាទ​នេះត្រូវ​ទទួល​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ មិនត្រឹម​តែ​ថ្ម​កំពែង​ប្រាសាទ​ត្រូវ​អ្នក​ស្រុក​ជីក​គាស់​រំលើង​ដឹកយក​ទៅ​ធ្វើ​ស្ពាន​ប្រើ​ប្រាស់​ក្នុង​ភូមិ​ស្រុក​នោះទេ​  សូម្បី​តែ​ផ្តែរ​ទ្វារ​ប្រាសាទ​ដែល​មានក្បូរក្បាច់រចនា​យ៉ាងល្អប្រណិត​ក៏ត្រូវបានគេយក​ទៅធ្វើស្ពានដែរ។ នេះ​ដោយ​សារ​​តែ​​គាត់មិន​បាន​យល់​ពី​តម្លៃ​ប្រវត្តិសាស្រ្ត​របស់​ប្រាសាទ ពោល​គឺ​គាត់​យល់​តែ​មួយ​ផ្នែក​​តូច គឺ​ធ្វើ​បែប​នេះ​វាផ្តល់ផល​ប្រយោជន៍​សម្រាប់​អ្នកស្រុក​គាត់ ។

ផ្ទាំង​សិលា​ប្រាសាទ​ ដែល​ក្លាយ​ជា​ក្តារ​រែក​របស់​អ្នក​ស្រុក

សព្វថ្ងៃ​នេះ ​ប្រាសាទ​គុក​យាយហម ស្ថិតនៅក្នុងភូមិជ្រេស ស្រុកព្រៃឈរ ខែត្រកំពង់ចាម ។ បើ​ចង់ឃើញ និង​ទស្សនា​សិក្សា​ស្រាវជ្រាវ​ពី​ប្រាសាទ​ដ៏​ចំណាស់​មួយ​​នេះ​ គេ​គ្រាន់​តែធ្វើ​ដំ​ណើរ​​តាមផ្លូវជាតិលេខ 6A ដែល​​មាន​ចម្ងាយ​ប្រហែល​ជាង ៩០​គីឡូម៉ែត្រ​​ពីរាជធានី ភ្នំពេញ ។ នៅពេលទៅ​ដល់​ទី​ប្រជុំជន ស្គន់ មានផ្លូវបំបែកជាពីរ ដោយ​ផ្លូវមួយបត់​ឆ្វេង​ដៃ​​ជា​​ផ្លូវ​​​ទៅ​​កាន់​ខែត្រ​​កំពង់ធំ និងមួយទៀតបត់ទៅស្តាំ​ជាផ្លូវទៅកាន់ខែត្រ​កំពង់ចាម ។ គេ​ត្រូវ​បន្ត​ដំណើរ​ពី​ ស្គន់ ក្នុង​ចម្ងាយ​​ផ្លូវ ៨​គីឡូម៉ែត្រ​ទៀត បន្ទាប់​​មក​​បត់ឆ្វេងតាម​ខ្លោងទ្វារវត្ត​មួយ​​ឈ្មោះ​​ថា វត្តសង្កែ ។ បន្តពី​ខ្លោង​​ទ្វារ​វត្ត​​ទៅ​ដល់​វត្ត​មាន​ចម្ងាយ ៣គីឡូម៉ែត្រ និង​ពីវត្ត​ទៅ​កាន់ ប្រាសាទ​គុកយាយហម មានចម្ងាយ ១គីឡូម៉ែត្រទៀត ។

លោក ប្រាក់ សុវណ្ណារ៉ា ប្រធាន​ការិយាល័យរុករក​អង្កេត​នៃនាយកដ្ឋានបេតិកភណ្ឌជាតិ នៃ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​សាស្រ្តាចារ្យប្រវត្តិសាស្ត្រ​ខ្មែរ និង​អាស៊ីអាគ្នេយ៍​នៅ មហាវិទ្យាល័យបុរាណវិទ្យា ដែល​នៅ​ក្នុង​ដំណើរ​​ដឹកនាំ​​ពិនិត្យ​ចុះ​​ទៅ​សិក្សាស្រាវជ្រាវ​ដល់​កន្លែង​ប្រាសាទ​នោះ​បាន​មានប្រសាសន៍​ប្រាប់ថា ប្រវត្តិ​នៃ​ ប្រាសាទ​គុក​យាយ​ហម​ មាន​​រឿងរ៉ាវ​ជា​រឿង​ព្រេង​ផង និង​មាន​ប្រវត្តិ​ពិត​ទាក់ទង​ទៅ​និង​ការ​កសាងប្រាសាទ​នេះ​ផង ។

រឿងព្រេងនោះគឺគ្រាន់តែចាស់ទុំនិទានតៗគ្នាពីដូនចាស់ម្នាក់មានឈ្មោះថា «យាយហម» បាន​ស្ម័គ្រចិត្តបូជា​ជីវិត​ដើម្បី​នៅ​ចាំ​ថែរក្សា​ប្រាសាទ និង​សម្បត្តិទ្រព្យ​ប្រាសាទ​នៅក្នុងកាលៈទេសៈ ​មួយ​ដែល​ស្រុកទេស​កើត​មាន​សង្គ្រាម ។ ដូច្នេះ​ហើយ​ក្រោយ​ពី ​យាយហម​ស្លាប់ទៅ គេក៏បានហៅ​ប្រាសាទនេះ​ថា ប្រាសាទ​គុក​យាយហម ជាប់​រហូត​មក​ដល់​សព្វថ្ងៃ ហើយបច្ចុប្បន្ននេះ យើង​ឃើញ​មាន​រោងមួយ​ដែលបង​ប្អូនប្រជាជន​យើងបាន​សាងសង់​ដោយ​មាន​ការ​ធ្វើ​​ជា​រូប​​តំណាង​​ឲ្យ​​​រូប​ យាយហម តម្កល់​នៅក្នុងរោងនោះ​ដែល​ស្ថិតនៅ​ពីខាង​មុខ​ប្រាសាទ ។

រូប​តំណាង​ លោកយាយ​ហម នៅ​ទិស​ខាង​ជើង​ប្រាសាទ

ចំណែកតាម​ការសិក្សាពីប្រវត្តិពិតរបស់ប្រាសាទនេះត្រូវបានកសាងដោយបុព្វបុរសខ្មែរនា សម័យអង្គរក្រោម រជ្ជកាល​ព្រះបាទជ័យវម៌្ម​ទី៧ ។ ប្រាសាទនេះគឺជាមណ្ឌលសាសនាមួយនា សម័យបុរាណ ជាពិសេសសម័យអង្គរ ។ ក៏​ប៉ុន្តែ​តាម​រយៈ​ស្លាក​ស្នាម​នៃ​សំណង់ស្ថាបត្យកម្មនៅទីនោះ ជាទីសក្ការបូជាមួយតាំងពី​មុន​សម័យអង្គរ គឺប្រហែល​នៅ ស.វ. ទី៧ ឬ​ទី៨ នៃគ.ស. ហើយប្រហែលជា​ក្រោយមកសំណងនោះត្រូវបានខូចខាត ទើបនៅសម័យអង្គរ​ព្រះមហាក្សត្រ​ខ្មែរ​បាន​ស្ថាបនា​ជាសំណង់ប្រាសាទមួយថ្មីនៅទីនោះ តែមិនមែនសង់ពីលើគ្រឹះប្រាសាទចាស់ទេ គឺគ្រាន់​តែសង់​នៅ​លើ​បរិវេណ​នៃ​ប្រាសាទ​ពី​មុន ។

សព្វថ្ងៃ​នេះ អ្វី​ដែល​នៅ​សល់​ គឺ​តួ​ប្រាង្គប្រាសាទ​មួយ​ធ្វើ​ពី​ថ្មភក់​សុទ្ធសាធ ។ ប្រាសាទ​នេះ​មាន ទ្វារ​ចូល​ទាំង​បួន​ទិស តែ​ទ្វារ​ខាង​កើតជា​ច្រក​សំខាន់ ពោល​គឺ​ជា​ទិស​សំខាន់​របស់​ខ្មែរ ។ នៅ​ជាប់​ពី​​ខាង​លិច​នៃ​តួ​ប្រាង្គ​នេះ យើង​​​ឃើញ​​​នៅ​​មាន​​សល់​​​ទួល​​​បុរាណ​២ ជា​តួ​ប្រាសាទ​ឥដ្ឋ​​ដែល​​ទទួល​រង​​​នូវ​​ការ​​ជីក​​កកាយ​​យ៉ាង​​ធ្ងន់ធ្ងរ ។ ក្រៅ​ពីនេះ នៅ​មាន​​សំណង់​​​ផ្ទាំង​ថ្ម​​ជា​​មេទ្វារ​ប្រាសាទ ផ្តែរទ្វារ ចម្លាក់នៅកប់ដី ទម្រលិង្គ ចំណែកជើង ប្រអប់ជើង និង​ដង​ខ្លួន​ព្រះពុទ្ធ ថ្ម​កំពូល​ប្រាសាទ​ដែលធ្លាក់​មកដី ចម្លាក់​បដិមា ក្បាច់ស្លឹករកា និង​អំបែង​កុលាលភាជន៍​​ជាដើម ។ល។

នៅជុំវិញប្រាសាទយាយហម ក៏មានជាប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែងដូចជា ស្រះទឹក , ត្រពាំង ទឹក , ទន្លេអុំ និងអូរ ។ ក្រៅពីនេះនៅខាងក្រៅកំពែងប្រាសាទមានទួលជុំវិញដែលយើងប្រទះឃើញ មានអំបែងកុលាលភាជន៍ជាច្រើនដូចជា ក្អមគម្របពួចជាដើម ។ ដូចនេះ តាមរយៈសំណល់អំបែង កុលាលភាជន៍នេះអាចបញ្ជាក់បានថា ទីតាំង ប្រាសាទ​គុក​យាយហម ប្រាកដជាមានសហគមន៍មនុស្ស រស់នៅក្បែរប្រាសាទ និងយកប្រាសាទជាទីសក្ការបូជា ។

លោកសាស្រ្តាចារ្យ និង​ជា​ប្រធានការិយាល័យ​រុករកអង្កេត​រូបនេះ​បាន​មាន​ប្រសាសន៍​បន្ត​ថា បើពិនិត្យពី​ស្ថានភាព​ប្រាសាទ​នា​ពេលសព្វ​ថ្ងៃ ប្រាសាទ​គុក​យាយហម មាន​ការ​ខូចខាត​​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ដោយ​សារថ្ម​កំពូល​ប្រាសាទ​រលំ​បាក់​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​ថ្ម​បាក់​ចូល​តួ​ខាង​ក្នុង​ប្រាសាទពេ​ញ ដែល​មិន​អាច​ឲ្យ​យើង​ចូល​ទៅ​ខាង​ក្នុង​បាន ។

គួរបញ្ជាក់ផងដែរថា ដោយ​យល់ឃើញពីតម្លៃនៃប្រាសាទនេះ ក្រុម​អ្នកស្រាវជ្រាវ និង​ក្រុម​និស្សិត​បុរាណ​វិទ្យា​បាន​លើក​ជា​សំណើរ​ដោយ​សំណូមពរ និង​អំពាវ​នាវ​ដល់​គ្រប់ស្ថាប័ន​ពាក់ព័ទ្ធ​ទាំងឡាយ ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ មេត្តា​ជួយ​ថែរក្សា និង​ការពារ​បេតិភណ្ឌ​ប្រាសាទ​ដ៏​ចំណាស់​នេះឲ្យ​បានគង់វង្ស​រហូត​ផង ។

***

ប្រភពដើម ៖ ភ្នំពេញដេលី ៖ ប្រាសាទ​គុក​យាយ​ហម​ត្រូវ​ជីកកកាយ​ធ្ងន់ធ្ងរ

រូប​ថត​ទាំង​នេះ​​ជា​កម្មសិទ្ធិ​ផ្ទាល់​នៃ​ម្ចាស់​ប្លក​ដែល​បាន​ចុះ​ទៅ​ថត​ទិដ្ឋ​ភាព​ផ្ទាល់​នៃ​ប្រាសាទ​​នេះ​នៅ​កំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ ព.ស. ២៥៥៧ នេះ ។ ហាម​ប្រើ​ប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , | មតិ 5

Post navigation

5 thoughts on “ព័ត៌មាន ៖ ប្រាសាទគុកយាយហម​ត្រូវជីកកកាយធ្ងន់ធ្ងរ

  1. ដាក់ហាមប្រើ តែបើគេប្រើក៏មិនដឹងធើអីកើតដែរ😦

  2. អរគុណជាអនេកចំពោះការចែករំលែកពីដំណឹងនេះ។ ក្នុងអត្ថបទខាងលើនេះ ខ្ញុំឃើញឃ្លាមួយសរសេរថា «ក៏​ប៉ុន្តែ​តាម​រយៈ​ស្លាក​ស្នាម​នៃ​សំណង់ស្ថាបត្យកម្មនៅទីនោះ ជាទីសក្ការបូជាមួយតាំងពីសម័យអង្គរ គឺប្រហែល​នៅ ស.វ. ទី៧ ឬ​ទី៨ នៃគ.ស. »។ ខ្ញុំធ្លាប់ដឹងថា ស.វ.ទី៧ឬ៨ គឺសម័យមុនអង្គរ, មែនទេ?

    • អរគុណ វី ដែល​បាន​បញ្ចេញ​មតិ​ត្រង់​ចំណុច​ខុស​នេះ ។ ខ្ញុំ​ក៏​យល់​ស្រប​អញ្ចឹង​ដែរ តែ​ដោយ​មិន​បាន​ពិនិត្យ​ឲ្យ​ជាក់​លាក់​បាន​ជា​ទៅ​ជា​អញ្ចឹង ។ ខ្ញុំ​នឹង​កែ​តម្រូវ​ ។

    • មិនអីទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: