រឿង​ព្រេង ៖ ភ្នំ​ប្រុស​ភ្នំ​ស្រី


ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ បោះពុម្ព​ដោយ​ ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​​ ៖

បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​ភ្នំពេញ​ទៅ ខែត្រ​​កំពង់​ចាម តាម​ផ្លូវ​ជាតិ​លេខ​៧ ទៅ​ដល់​គោល​គីឡូ​ម៉ែត្រ​ទី ​១១៦ ហើយ​ចោល​ភ្នែក​ទៅ​ទិស​ឦសាន ដែល​នៅ​ខាង​ឆ្វេង​ដៃ​ចម្ងាយ​ពី​ថ្នល់​ជាតិ​ទៅ​ប្រមាណ​ ១​គ.ម៉. យើង​និង​ឃើញ​ភ្នំ​ពីរ​នៅ​ទន្ទឹម​គ្នា មួយ​នៅ​ខាង​កើត​ខ្ពស់ មួយ​នៅ​ខាង​លិច​ទាប ។ ភ្នំ​ខ្ពស់​ឈ្មោះ​ភ្នំ​ស្រី ឯ​ភ្នំ​ទាប​ឈ្មោះ​ភ្នំ​ប្រុស។ រឿង​ព្រេង ប្រចាំ​ភ្នំ​នេះ​មាន​ដូច​តទៅ ៖

កាល​ពី​ព្រេង​នាយ មាន​ស្ដេច​ស្រី​មួយ​ព្រះ​អង្គ​ព្រះ​នាម “ស្រី​អយុធ្យា” សោយ​រាជ្យ​នៅ​នគរ​ខ្មែរ ។ ដោយ​ព្រះ​នាង​ជា​ស្ដេច​សោយ​រាជ្យ គ្មាន​បុរស​ណា​មួយ​ហ៊ាន​ដណ្ដឹង​យក​ជា​ភរិយា​ឡើយ ម៉្លោះ​ហើយ​ព្រះ​នាង​រក​ដណ្ដឹង​បុរស​ដ៏​មាន​រូប​ជាទី​គាប់​ព្រះ​ទ័យ​មក​ធ្វើ​ជា​ព្រះ​ស្វាមី​វិញ ហើយ​ដោយ​ហេតុ​ព្រះ​រាជិនី ស្រី​អយុ​ធ្យា​ ​ដណ្ដឹង​ប្រុស​ជា​ព្រះ​ស្វាមី​ដូច្នោះ ស្រី​ៗ​​ដែល​នៅ​ក្រោម​ព្រះ​រាជ​ឱវាទ​ក៏​ដណ្ដឹង​ប្រុសៗ​ធ្វើ​ជា​ស្វាមី​តាម​ដែរ ។

ក្នុង​រជ្ជកាល​នោះ​​គួរ​​ឲ្យ​វេទនា​នឹង​ស្រី​ខ្លះ ដែល​មាន​រូប​អន់​ៗ​ទៅ​រក​ដណ្ដឹង​ប្រុស​ៗ គេ​នាំ​គ្នា​ប្រកែក​មិន​យក គេ​រើស​តែ​ស្រី​ៗ​មាន​រូប​ល្អ​ៗ ទើប​យក​ធ្វើ​ជា​ភរិយា ។ ធ្វើ​ដូច្នេះ​អស់​មួយ​រាជ្យ​ស្ដេច​ស្រី​នេះ ។ លុះ​មក​ដល់​រាជ្យ​ស្ដេច​ក្រោយៗ​ទៀត ពួក​ស្រី​ៗ​ជំនុំ​គ្នា​ថា «ឥឡូវ​នេះ​ដូច​ជា​មិន​សម​សោះ ខ្លួន​យើង​ជា​ស្រី​ហើយ​ដើរ​ដណ្ដឹង​​ប្រុស​ៗ​ធ្វើ​ជា​ប្ដី ដូច្នេះ​យើង​នឹង​នាំ​គ្នា​លើក​ដី​ចាក់​ពូន​ជា​ភ្នំ​ភ្នាល់​ជាមួយ​និង​ពួក​ប្រុសៗ គឺ​ប្រុស​លើក​ដី​ធ្វើ​ជា​ភ្នំ​មួយ យើង​ស្រី​ធ្វើ​ជា​ភ្នំ​មួយ​ភ្នាល់​គ្នា ។ បើ​ប្រុសៗ​ចាញ់​យើង​ត្រូវ​ឱ្យ​ប្រុសៗ​ដណ្ដឹង​យើង​ជា​ស្រី​វិញ» ។

លុះ​គិត​ដូច្នេះ​ហើយ ក៏​នាំ​គ្នា​ទៅ​បបួល​ពួក​ប្រុសៗ​ធ្វើ​ភ្នំ ចុះ​ខ​សន្យា​ភ្នាល់​គ្នា​ដូច​ពោល​មក ហើយ​គេ​ក៏​បាន​ចាត់​មេ​កំណែន​កេណ្ឌ​មនុស្ស​ឲ្យ​បាន​ច្រើន ខាង​ប្រុស​មាន​មេ​កំណែន​ខាង​ប្រុស​ដើរ​កេណ្ឌ ខាង​ស្រី​មាន​មេ​កំណែន​ខាង​ស្រី​ដើរ​កេណ្ឌ ។ លុះ​កេណ្ឌ​បាន​គ្នា​ច្រើន គ្រប់​ចំនួន​ខាង​ប្រុស-ខាង​ស្រី​រួច​ហើយ ក៏​និយាយ​និង​គ្នា​ថា «យើង​ទាំង​អស់​ត្រូវ​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយ​ព្រឹក​រះ​ទើប​ឈប់​ទាំង​អស់​គ្នា បើ​ផ្កាយ​ព្រឹក​មិន​​រះ​មិន​ត្រូវ​ឈប់​ទេ ។ គិត​ព្រម​គ្នា​ដូច្នេះ​ហើយ ក៏​នាំ​គ្នា​ជញ្ជូន​ដី​រែក​ទូល​តាម​ថាមភាព​រៀង​ៗ​ខ្លួន​ទៅ» ។

ពេល​នោះ​ជា​ពេល​រាត្រី ពួក​ស្រី​ៗ​មាន​ប្រាជ្ញា​ជញ្ជូន​ដី​អស់​វេលា ​៣-​៤​ម៉ោង ក៏​នាំ​គ្នា​បង្ហូត​គោម​តូច​មួយ​យ៉ាង​ខ្ពស់​នៅ​ជ្រុង​ឦសាន​ភ្នំ ពួក​ប្រុសៗ​ក្រឡេក​មើល​ទៅ​លើ​ឃើញ​គោម​ដែល​ស្រី​បង្ហូត​និង​ឫស្សី​មួយ​ដើម​នោះ ស្មាន​ថា​ផ្កាយ​ព្រឹក​រះ​ក៏​បបួល​គ្នា​ឈប់​ធ្វើ​ការ​នាំ​គ្នា​និន្ទ្រា​លក់​អស់​ទៅ​គ្មាន​សល់​ម្នាក់ ពួក​ស្រី​ៗ​ក៏​នាំ​គ្នា​ជញ្ជូន​ដី​ដរាប​ដល់​ផ្កាយ​ព្រឹក​រះ​មែន​ទែន​ទើប​ឈប់ ។

ដល់​មាន់​រងាវ​កឺត​ ប្រុសៗ​ភ្ញាក់​ឡើង ឃើញ​ផ្កាយ​ព្រឹក​រះ​ក៏​លាន់​មាត់​ថា «យើង​ទាំង​អស់​គ្នា​ខុស​ហើយ ផ្កាយ​ព្រឹក​មែន​ទែន​ទើប​តែ​និង​រះ​សោះ» ។ ហើយ​​នាំ​គ្នា​ក្រឡេក​មើល​ទៅ​ភ្នំ​ស្រី​មាន​ទំហំ​ខ្ពស់​ជាង​ភ្នំ​របស់​ខ្លួន ក៏​មាន​សេចក្ដី​អៀន​អន់​ក្នុង​ចិត្ត​ដោយ​ចាញ់​កល​ស្រី​ៗ ។ តាំង​ពី​កាល​នោះ​មក​ប្រុសៗ​ក៏​ដណ្ដឹង​​ស្រី​ៗ​ធ្វើ​ជា​ភរិយា​ដរាប​ដល់​សព្វ​​ថ្ងៃ​នេះ ។

***

តាម​រូប​គំនូរ​នៅ​នឹង​ជញ្ជាំង​​សាលា​នៅ​ឯ​ជើង​ភ្នំ​ស្រី​បាន​បង្ហាញ​ថា​​មេកំណែន​ខាង​ស្រី​មាន ២​នាក់​ ឯ​ខាង​ប្រុស​ក៏​មាន​ ២​នាក់​ដែរ ។ ខាង​ស្រី​នោះ​គឺ​ «លោក​យាយ​ព្រេង​»​ និង «លោក​យាយ​ស​លក្ខណ៍​» ឯ​ខាង​ប្រុស​គឺ «លោក​តា​ព្រហ្ម​» និង «​លោក​តា​ដែក» ។

_______________

អត្ថបទ​ដែល​ទាក់​ទង ៖

  1. រូប​ថត​ ភ្នំ​ប្រុស ភ្នំ​ស្រី (1993)
Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: