កំពង់ចាម កំពង់ចិត្ត


ខ្លឹម​សារ​នៃ​បទ​ចម្រៀង​នេះ ​គឺ​ជា​ប្រវត្តិ​ស្នេហា​មួយ​របស់ លោក ម៉ា ឡៅពី​ ក្នុង​ខណៈ​លោក​បំពេញ​ងារ​ជា​ចៅហ្វាយស្រុក​កំពង់សៀម ខែត្រ​កំពង់ចាម ទសវត្ស​​ឆ្នាំ​១៩៦៥ ក្នុង​​របប​សង្គម​រាស្ត្រ​និយម ។

ក្នុង​សៀវភៅ «ថ្ងៃ​លិច​ឯ​នាយ​សមុទ្ទ» ភាគ​១ របស់​ លោក សេង តារា បាន​បង្ហាញ​ត្រួស​ៗ​ថា ក្នុង​ងារ​ជា​ចៅហ្វាយ​ស្រុក និង​ទម្លាប់​របស់​កវី​ផង​នោះ លោក ម៉ា ឡៅពី តែងតែ​ដើរ​គ្រប់​​ច្រក​ល្ហក​​ទាំង​អស់​ក្នុង​កិច្ច​អង្កេត​មើល​ជីវភាព​ប្រជាជន​ផង និង​និស្ស័យ​ស្រឡាញ់​​ងប់ងុល​នឹង​​សម្រស់​ធម្មជាតិ​ផង​ ។

ក្នុង​ថ្ងៃ​មួយ វេលា​ដែល​​លោក​​ដើរ​​តាម​បណ្ដោយ​​ដង​ទន្លេ​មេគង្គ ស្រាប់​តែ​លោក​ប្រទះ​ឃើញ​នារី​ក្រមុំ​ម្នាក់​ចងពុង​​បង់​ក្រមា​​គ្រប​សាច់​ស្មា​ដ៏​​ទ្រលុក​ទ្រលន់​​របស់​​នាង​កំពុង​ដើរ​​ចុះ​​ច្រាំង​​ទន្លេ​ក្នុង​​បំណង​​ងូត​ទឹក​ ។ ភ្លាម​​នោះ កវី​យើង​​ទច់​​ដំណើរ​​ទៅ​មុខ​​លែង​​រួច ហើយ​ក៏​រលាស់​​ខ្លួន​ចូល​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​​ទន្លេ ចាំ​លួច​គយ​គន់​នាង​​ពី​ចម្ងាយ​​មិន​ឲ្យ​​ដឹង​ខ្លួន​ឡើយ ហើយ​ស្រមៃ​​វែង​ឆ្ងាយ​​តែ​​ម្នាក់​ឯង ។

នេះ​ជា​ប្រវត្តិ​​ដែល​​ចេញ​​ពី​ថ្លើម​ប្រមាត់​​របស់​កវី​សេក​មាស ម្ចាស់​ស្រុក​កំពង់សៀម​ ដែល​បាន​បង្ហើរ​សំឡេង​​ដំបូង​ដោយ ​លោក សុះ ម៉ាត់ ជា​ចង្វាក់ បូឡេរ៉ូ ក្នុង​ឆ្នាំ ១៩៦៥ ។ តែ​ដោយ​​បទ​នេះ​ចំណាស់​ពេក ហើយ​ឧបករណ៍​ថត​សម័យ​នោះ​មិន​សូ​វ​ទំនើប លោក ម៉ា ឡៅពី បាន​ប្រគល់​បទ​​នេះ​ឲ្យ លោក ស៊ីន ស៊ីសាមុត រៀប​រាប់​ជា​ថ្មី​ក្នុង​ឆ្នាំ ១៩៧២ ដែល​បន្សល់​ទុក​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​​ស្ដាប់​សព្វ​ថ្ងៃ​នេះ ។

បទ​នេះ​និពន្ធ​ទំនុក​ដោយ លោក ម៉ា ឡៅពី អ្នក​និពន្ធ​បទ​ភ្លេង​​ប្រហែល​ជា លោក សុះ ម៉ាត់ និង​ច្រៀង​នៅ​ឆ្នាំ ​១៩៦៥​ និង​ច្រៀង​ឡើង​វិញ​ដោយ​ លោក ស៊ីន ស៊ីសាមុត នៅ​ឆ្នាំ ១៩៧២ ។

I. ពេល​បង​ឃើញ​អូន​នាង​ចុះ​ងូតទឹក ស្មារតី​រៀម​ភ្លឹក​ព្រោះ​ចាញ់​សម្រស់ អូន​អ្ហើយ​អូន​ល្អ​លើស​គេ​ទាំង​អស់ បង​ចង់​ស្គាល់​ឈ្មោះ តើ​ពីរោះ​យ៉ាង​ណា ?

II. រាង​រាវ​ស្ទាវ​តូច​ដូច​កិន្នរី ឆោម​ឆើត​ពិសី​គន់​គាប់​នេត្រា ដំណើរ​ល្វត​ល្វន់​គន់​មាន​លក្ខណា រៀម​ស្លុត​ចិន្ដា​ឃើញ​ផ្កា​ល្អ​ឯក ។

R. ឱ! កំពង់ចាម​កំពង់​ចិត្ត​អើយ រៀម​សូម​កៀក​កើយ​កែវ​កុំ​ប្រកែក បើ​អូន​ប្រកាន់​ទ្រូង​បង​នឹង​បែក កែវ​កុំ​ប្រកែក​ទទួល​បង​ទៅ ។

III. បង​សូម​ផ្ញើ​ប្រាណ​នឹង​ស្ងួន​ពិសី បង​សូម​ថ្នម​បី​ស្រស់​ស្រី​ពាលពៅ ព្រលប់​អូន​គេង​ស្ដាប់​ភ្លេង​កើយ​ភ្លៅ បង​បំពេ​ពៅ​លុះ​សូន្យ​សង្ខារ ។

ទស្សនា​ ក៏​ដូច​ជា​ស្ដាប់​បទ​ចម្រៀង​នៅ​ខាង​ក្រោម ៖

បទ​នេះ​ក៏​បាន​ច្រៀង​ឡើង​វិញ​ដែរ​ដោយ​ លោក កែវ សារ៉ាត់

ប្រភព​ដើម ៖ កំណាព្យ​ស្នេហ៍​មាស​ ៖ កំពង់ចាម​កំពង់​ចិត្ត​

Categories: ផ្សេងៗ | Tags: , , | មតិ 6

Post navigation

6 thoughts on “កំពង់ចាម កំពង់ចិត្ត

  1. ចាស់ៗពីដើម ចូល​ចិត្ត​លប​មើល​ក្រមុំៗ​ ងូត​ទឹក​ទន្លេ​តែ​បែប​នេះ​ឯង… បទនេះ​​បាន​​បង្ហាញ​ពី​និស្ស័យ​ខិល​​របស់​មនុស្ស​ប្រុស​ទួទៅ។ ដល់​សម័យ​យើង​នេះ​ បទ​មួយ​នេះ​ត្រូវ​បាន​អ្នក​និពន្ធ​កូពី កាឡៃ​ដូរ​ប៉ារ៉ូល​ពី​អូន​មក​បង និង​ពី​បង​មក​អូន ដើម្បី​អោយ​អ្នក​ចំរៀង​ស្រី​​ ច្រៀង​ឡើង​វិញ…។ ដល់​អោយ​អ្នក​ចំរៀង​ស្រី​ច្រៀង វា​ទៅ​ជា​៖ «ពេលអូនឃើញបងដើរចុះងូតទឹក ស្មារតីអូនភ្លឹកព្រោះចាញ់សំរស់ បងអើយបងល្អលើសគេទាំងអស់ អូនចង់ស្គាល់ឈ្មោះតើពីរោះយ៉ាងណា?…» គឺស្តាប់​ទៅ ដូចជា​អ្នកនិពន្ធកូពី​យើង បាន​អោយ​តំលៃ​ស្រីៗ​​សម័យ​ឥឡូវ​នេះ “អាស” ខ្លាំង​ណាស់ ព្រោះ​ដាច់​ដាប​​ដល់​ថ្នាក់​ទៅ​លប​មើល​ប្រុសៗ​ងូតទឹក ដែល​ផ្ទុយ​ពី​ប្រពៃណី​ស្រ្តី​​​ខ្មែរ​ជនបទ​​​ ប្រកប​ដោយ​ភាព​អៀន​ព្រៀន..!!..😀

    • ខ្ញុំមិនដែល​ឮ​ថា​បទ​នឹង​មាន​ស្រី​ច្រៀង​សោះ ។ ខ្ញុំ​រក​តែ​អញ្ចឹង​ តែ​រក​ឥត​បាន​សោះ ហាហាហា

    • បទហ្នុង កែវពេជ្រចិន្តា ច្រៀង​កាល​ពី​ជំនាន់​ពេញនិយម…

    • រំខាន អុងឆុកឆែ ជួយ​រក​ឲ្យ​ខ្ញុំ​ស្តាប់​កម្សាន្ត​ត្រចៀក​បន្តិច​បាន​ទេ​ ?

    • ចាំមើល​​ខ្ញុំ​កកាយ​​រក​មើល​ឌីស​ចាស់ៗ​ខ្ញុំ… ក្រែងលោ​ឃើញ ព្រោះ​មាន​បទ​របស់​លោក​ ស៊ីន ស៊ីសាមុត​ ច្រើន​គួរ​សម​ដែរ ដែល​អ្នក​និពន្ធ​កូពី បាន​ច្នៃ​អោយ​អ្នក​ចំរៀង​ស្រី​ច្រៀង​ឡើង​វិញ…។​​

    • អរគុណអុងទុកជាមុន ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: