Daily Archives: 30 ខែកញ្ញា 2013

វត្ត​ពោធិរង្សី មាត់ឃ្មង់


វត្ត​ពោធិរង្សី មាត់ឃ្មង់ ស្ថិត​នៅ​ក្នុង​ភូមិ​មាត់​ឃ្មង់ (សំនៀង​អ្នក​ស្រុក ៖ មាត់ឃ្មួង) ឃុំ​ជី​រោទ៍​​ទី​ ២ ស្រុក​ត្បូង​ឃ្មុំ​ ខែត្រ​កំពង់ចាម ។ វត្ត​នេះ​ស្ថិត​នៅ​ទិស​ខាង​កើត ស្ពាន​មាត់​ឃ្មង់ ចម្ងាយ​ប្រហែល​ជា ១០០ ម៉ែត្រ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា តំបន់​មាត់ឃ្មង់ នេះ​ជា​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក ក៏​ដូច​ជា​រមណីយដ្ឋាន​រដូវ​វស្សា សម្រាប់​អ្នក​កំពង់ចាម​ទៅ​អង្គុយ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស ក៏​ដូច​ជា​ស្ទូច​ត្រី​លេង ។

ជា​រៀង​រាល់​ឆ្នាំ នៅ​ថ្ងៃ​បិណ្ឌ​ទី ៦ អ្នក​ភូមិ​ខ្ញុំ​ (ភូមិ​រកា​លើ ឃុំ​សំបួរ​មាស ក្រុង​កំពង់ចាម ខែត្រ​កំពង់ចាម) តែង​តែ​នាំ​គ្នា​ទាំង​ក្មេង​ ទាំង​ចាស់​ នាំ​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ ក៏​ដូច​ជា​រាប់​បាត​ឧទ្ទិស​កុសល​ដល់​ជីដូនជីតា​​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរលោក​ខាង​មុខ ។

ក្រោយ​ពី​រាប់​បាត​នៅ​លើ​សាលា​ឆាន់​ដែល​បាន​សាង​សង់​ឡើង​​​ក្រោម​ការ​ជួយ​ជា​ថវិកា​របស់​​ លោក យូ​ ហុកគ្រី (យ៉ាង​តិច ១៥ ឆ្នាំ​មុន) ខ្ញុំ​បាន​ដើរ​ក្រវែល​មួយ​ជុំ​ព្រះ​វិហារ ដោយ​ប្រទះ​ឃើញ​ ចេតិយ​ចំណាស់​មួយ​ នៅ​ខាង​ត្បូង​ព្រះ​វិហារ​ដែល​គ្មាន​ការ​បរិច្ឆេទ​​ច្បាស់​លាស់ ។ ខ្ញុំ​​ក៏​បាន​ប្រទះ​ឃើញ​ ចេតិយ​ចំណាស់​មួយ​ទៀត​នៅ​ខាង​កើត​ព្រះ​វិហារ​ដែល​ជា​ចេតិយ​របស់​ អតីត​ព្រះ​ចៅអធិការ ព្រះ​នាម ឌុក សែត ដែល​អនិច្ចធម្ម​​​​​យូរ​ណាស់​ហើយ (មាន​ស្នាម​ចារ ១៩៥​… ហើយ​រលុប​បាត់​ ដោយ​មិន​អាច​រមិល​មើល​​ឲ្យ​យល់​សេចក្ដី​បាន) ។

ក្រោយ​ពី​ចេញ​ពី​វត្ត​វិញ ខ្ញុំ​ក៏​មិន​ភ្លេច​ទៅ​ថត​រូប​ ឈ្នក់ (សូម​អាន​នៅ ប្លក​ស្រុក​ស្រែ) និង​ឃើញ​មាន​ភោជនីយដ្ឋាន​ថ្មី​មួយ​ដែល​ទើប​សម្ពោធ​ផង​ដែរ ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | 10 មតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: