ដូចលោក ហៀង លាងហុង ដែលបានសិក្សាអំពីបំណែកកុលាលភាជន៍ ដែលលោកសាស្ត្រាចារ្យរបស់យើង គឺលោក Groslier បានមកពីកំណាយនៅភូមិមូល មេមត់ ក្នុងខែត្រកំពង់ចាមបច្ចុប្បន្ន កាលពីឆ្នាំ១៩៦២ ហើយដែលសព្វថ្ងៃតម្កល់នៅសារមន្ទីរជាតិភ្នំពេញ យើងជឿថាការស្រាវជ្រាវអំពីបុរេប្រវត្តិសាស្ត្រនៅកម្ពុជា នៅមានកម្រិតនៅឡើយបើប្រៀបធៀបទៅនឹងប្រទេសជិតខាង ។ ម្យ៉ាងវិញទៀត ជាអកុសលយើងក៏ត្រូវទទួលស្គាល់ផងដែរថា រាល់ការសិក្សាស្រាវជ្រាវរបស់និស្សិតនៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏មិនត្រូវបានផ្សព្វផ្សាយផងដែរ ។ សូម្បីតែនិក្ខេបបទបញ្ចប់បរិញ្ញាបត្របុរាណវិទ្យា របស់ លោក ហៀង លាងហុង ដែលមានចំណងជើងថា The pottery from the Groslier circular earthwork site stored in the National Museum, RUFA, 1999, Phnom Penh ក៏ដូច្នោះដែរ ។
លើសពីនេះទៀត អ្នកស្រាវជ្រាវបរទេសខាងវប្បធម៌អារ្យធម៌ខ្មែរ ក៏មិនសូវដឹងឮ ឬរវល់នឹងការខិតខំប្រឹងប្រែងរបស់និស្សិតខ្មែរដែរ ។ ផ្ទុយទៅវិញ ចំពោះយើងៗជឿថា ទោះបីជាមិនមានលក្ខណៈពេញលេញ ឬសំយោគក៏ដោយ ការស្រាវជ្រាវទាំងឡាយរបស់និស្សិតខ្មែរបានបង្ហាញពីចំណេះចេះដឹងថ្មីៗ ដែលគេពុំធ្លាប់ដឹងឮពីមុនមក។ នេះជាគុណសម្បត្តិដ៏កម្រ ដែលគេពុំអាចបដិសេធ ។
គឺប្រការនេះហើយ ដែលយើងសូមស្រង់ដោយបង្ខំចិត្តនូវគំនូសស្ដីពីកុលាលភាជន៍នាសម័យថ្មរំលីង ដែលជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ លោក ហៀង លាងហុង ដើម្បីយកមកផ្សាយជូនមតិមហាជនខ្មែរឲ្យជ្រាប ។ សូមជម្រាបថា ការពិនិត្យលើគំនូសកុលាលភាជន៍បុរាណទាំងនោះ បង្ហាញឲ្យយើងងដឹងអំពីសិល្បៈស្មូន ឆ្នាំ នាសម័យនោះ មានកម្រិតខ្ពស់ ហើយប្រកបដោយភាពសម្បូរបែបគួរឲ្យកត់សម្គាល់ ។ ដោយហេតុថា បុព្វការីជនខ្មែរមានទេពកោសល្យខ្ពស់ក្នុងវិស័យសិប្បកម្មរួចទៅហើយ ។
ម្យ៉ាងវិញទៀត លក្ខណៈប្រហាក់ប្រហែលនៃកុលាលភាជន៍ទាំងនោះ ក៏ត្រូវបានជួបប្រទះនៅតាមស្ថានីយមន-ខ្មែរ ឬខ្មែរដើមឯទៀតដែរ ក្នុងឧបទ្វីបឥណ្ឌូ-ចិន ដែលគេបានរកឃើញ ។ ដូច្នេះយើងសង្ឃឹមយ៉ាងមាំថា នៅពេលអនាគតខាងមុខនេះ យើងនឹងមានលទ្ធភាពសិក្សា ប្រៀបធៀប លក្ខណៈនៃប្រភេទ និងទម្រង់កុលាលភាជន៍នៅមេមត់ទៅនឹងកុលាលភាជន៍របស់សហគមន៍មន-ខ្មែរ ដែលបានរស់នៅក្នុងភូមិភាគឥណ្ឌូចិនយើងនេះ ជាពិសេសនៅលើខ្ពស់រាបនៃប្រទេសថៃបច្ចុប្បន្ន និងនៅភូមិភាគកណ្ដាលនៃប្រទេសវៀតណាមខាងត្បូង ៕
ដោយ ៖ ម. ត្រាណេ
***
អត្ថបទដើម ៖ CEN : កុលាលភាជន៍ សម័យបុរេប្រវត្តិសាស្ត្រ មកពីភូមិមូលនៅមេមត់