អាដោល គងជ័យ


សូម​ជូន​ប្រវត្តិ​នៃ​ឈ្មោះ អាដោល គងជ័យ តាម​សៀវភៅ​ឯកសារ​មហាបុរស​ខ្មែរ ៖

​តាំង​និយាយ​អំពី​ព្រះស្ដេច​កន កាល​តាំង​ខ្លួន​សោយរាជ្យ​ជា​ សម្ដេច​ព្រះ​ស្រី​​​ជេដ្ឋា ​ក្នុង​ ក្រុង​ស្រី​ស​ឈរ ​រួច​ហើយ ទ្រង់​ព្រះ​តម្រិះ​ថា «គួរ​គិត​រក​ជ័យ​ភូមិ សាង​នគរ​ជា​ថ្មី ដ្បិត​ផ្លាស់​វង្ស​ថ្មី ។» ទ្រង់​ព្រះ​តម្រិះ​តែ​ម្ល៉ោះ​ហើយ ក៏​លើក​ពួក​រាជ​​សេវកា​មហា​យោធា តាម​មាគ៌ា​រង្គាត់​គន់​រក​ទី​ជ័យ​ភូមិ ពុំ​ត្រូវ​ព្រះរាជ​ហឫទ័យ​ក្នុង ​ខែត្រ​​ស្រី​ស​ឈរ​ សោះ ។ ស្ដេច​ទៅ​ឯ ​ខែត្រ​ព្រៃវែង ក៏​ពុំ​ត្រូវ​ព្រះរាជ​ហឫទ័យ លុះ​ប្រាំ​បី​ថ្ងៃ​ដល់​ ស្ទឹងពាមមេ​ត្រេក ខែត្រ​បាភ្នំ ទើប​មាន​ទី​ទំនួល​ស្រួល​ល្អ ទ្រង់​ក៏​ឲ្យ​តាំង​បន្ទាយ​វាំង​នៅ​ទីនោះ បានជា​ជាប់​ឈ្មោះ​នៅ​ទីកន្លែង​បឹង​កំពង់​ចៅហ៊្វា​១ កំពង់​យមរាជ​១ កំពង់​ក្រឡាហោម​១ កំពង់​ចក្រី​១ នៅ​ទីនោះ ឯ​អ្នកស្រុក​អំពី ​ស្រុក​កណ្ដាល​ជ្រុំ១ ជើង​បាក់​ដែង​​១ រោងដំរី​១ ព្រៃនគរ​១ គ្រប់​ទិស​តែង​ត្រេក​មេត្រី មក​ចុះចូល​ទៅ​ថ្វាយ​បណ្ដា​ការ​ច្រើន​ជា​អនេក ទើប​ទ្រង់​ប្រែ​ឈ្មោះ​ទី​ភូមិ​នោះ​ថា មេ​ត្រេក​ វិញ ។

ទ្រង់​សាង​ព្រះ​នគរ​បាន ​៨​ខែ​ពុំ​ទាន់​សម្រេច ស្ដេច​ទ្រង់​ព្រះ​តម្រិះ​យល់​ជា​ថ្មី​ថា «តាំង​ព្រះ​នគរ​នេះ​ជិត​ដែន​យួន​ណាស់ បើ​យួន​លើក​មក​នឹង​ពិបាក​កេណ្ឌ​ពល​ត​ច្បាំង​ឲ្យ​រួសរាន់​មិន​ទាន់​ការណ៍ ។» ទ្រង់​ជំនុំ​ព្រះ​សេនាបតី​ហើយ ព្រមទាំង​រាជ​សេវកាមាត្យ មុខ​មន្ត្រី ព្រះ​ស្នំ ក្រមការ​សេនា​យោធា​ទៅ​រក​ទីទៃ​ភូមិ​ក្នុង ​ខែត្រ​​ត្បូងឃ្មុំ ។ លុះ​ដល់​ទី​មួយអន្លើ​វាយ​គង​ហៅ​គ្នា​វាស់​នាទី​ជីក​ដី​ជា​ស្នាមភ្លោះ ក​បន្ទាយ​តែ​ ៥​សិន(១) ​បួន​ជ្រុង ។ កន្លែង​នោះ​មាន​ខ្លះ​មិន​ពេញ​ចិត្ត​ថា ដ្បិត​តូច​ខ្លះ​ថា​ទីនោះ​មិន​មាន​ជ័យ​ភូមិ​ល្អ​ទេ តែ​វាយ​គង​ហៅ​ប្រជុំ​គ្នា​កាលណា​ស្ដី​ដោល​គ្នា​ថា ព្រោះ​គំនិត​អ្នក​នេះ​យ៉ាង​នេះ​ អ្នក​នោះ​យ៉ាង​នោះ​ កើតជា​ជម្លោះ​ឈ្លោះ​ចេញ​ដោល​គ្នា​វឹកវរ ។ លុះ​មាន​រាស្ត្រ​ទៅ​នៅ​ជាប់​ឈ្មោះ​ហៅ​ ភូមិ​អាដោល​គង​ជ័យ​បន្ទាយ​វរ​ តាម​ហេតុ​ដែល​ជេរ​ដោល​គ្នា និង​វាយ​គង​រៀង​មក ។

***

  1. ១ សិន = ៤០ ម៉ែត្រ

***

បច្ចុប្បន្ន​នេះ ភូមិ​គងជ័យ​ ស្ថិត​នៅ​ក្នុង​ ឃុំ​គងជ័យ​ ស្រុក​អូរាំង​ឪ ខែត្រ​កំពង់ចាម ចំណែក​ឯ​ង អាដោល វិញ ខ្ញុំ​មិន​ដឹង​ថា​ស្ថិត​នៅ​ក្នុង​​​ភូមិ​សាស្ត្រ​ ស្រុក​កញ្ជៀច​ ខែត្រ​ព្រៃវែង ឬ​យ៉ាង​ណា​​ទេ ដោយ​រក​មើល​​ឯកសារ​អំពី​ភូមិ​នៅ​ ស្រុក​អូរាំងឪ មិន​ឃើញ​មាន​ឈ្មោះ​ អាដោល នេះ​ទេ ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព វត្ត​គិរី​ឧត្ដម​អាដោល ​​និង​វត្ត​គងជ័យ​ ដែល​ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ 3 គ.ម៉. ពី​គ្នា ។

ardoal

វត្តគិរីឧត្តមអាដោល

korngchey

វត្តគងជ័យ

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , | បញ្ចេញមតិ

Post navigation

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: