Monthly Archives: ខែវិច្ឆិកា 2013

ការដង្ហែរ​សព​ជនជាតិ​ចាម្ប


ទោះ​ជា​បាន​រស់​នៅ​ភូមិ​នេះ​ជា​​មួយ​ជនជាតិ​ចាម្ប ឬ​ខ្មែរ​អ៊ីស្លាម អស់​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​ហើយ​ក្ដី ខ្ញុំ​មិន​ដែល​ធ្លាប់​ឃើញ​ការ​ហែ​សព ឬ​ការ​កប់​​សព​នៃ​ជនជាតិ​នេះ​ទេ ។ នេះ​ជា​លើក​ទី​មួយ ដែល​ខ្ញុំ​បាន​ឃើញ​ ហើយ​ក៏​បាន​ថត​ផ្ដិត​យក​រូប​ភាព​មួយ​សន្លឹក​នេះ​មក​ទុកជា​ឯកសារ ។ ការ​ហែ​សព​នេះ​មាន​ភាព​សាមញ្ញ​ណាស់ មិន​គគ្រឹក​គគ្រេង​ដូច​ជនជាតិ​ខ្មែរ ឬ​ខ្មែរ​កាត់​ចិន​ឡើយ ។ ខ្ញុំ​មិន​ដឹង​ថា​ គេ​ចំអាស​សព​ឬ​ឥត​នោះ​ទេ ដឹង​ត្រឹម​ថា​គេ​យក​សំឡី​ទៅ​រុំ​ បន្ទាប់​មក​រុំ​​និង​កន្ទេល​មួយ​ជាន់​ទៀត ។ គេ​លើក​សព​ដាក់​លើ​គ្រែ​សែង ដោយ​សែង​ដោយ​មនុស្ស 6 ទៅ 8 នាក់ ។ ទាំង​អ្នក​សែង និង​អ្នក​ហែហម​ សុទ្ធ​តែ​ជា​មនុស្ស​ប្រុស​ដែល​តម្រូវ​​ឲ្យ​ស្លៀក​ពាក់​របៀប​សាសនា (យ៉ាង​ហោច​ណាស់​ត្រូវ​ពាក់ កាតឹប) ។ បច្ចុប្បន្ន​នៅ​ភូមិ​ដែល​ខ្ញុំ​រស់​នៅ​នេះ មាន​វិហារ​សាសនា​អ៊ីស្លាម​ 2 ដែល​មួយ​ទើប​នឹង​ធ្វើ​ពិធី​សម្ពោធ​ថ្មី​ៗ ។

funeral-4618

ជាទូទៅ មិន​មាន​មនុស្ស​ចូល​រួម​ហែ​ច្រើន​នោះ​ទេ

តាម​ដែល​ឪពុក​ខ្ញុំ​បាន​បញ្ជាក់​អំពី​ការ​កប់​សព គឺ​ពួក​គេ​កប់​នៅ​ដី​វាល​មួយ​​កន្លែង​ក្រោយ​វិហារ​សាសនា​របស់​ពួក​គេ ។ ការ​កប់​នេះ​ គឺ​ជីក​លុង​ដី​ទៅ​ក្រោម​ឲ្យ​ជ្រៅ បន្ទាប់​មក​ជីក​ទៅ​ឆ្វេង​ ឬ​ស្ដាំ​​ទៀត​ឲ្យ​ល្មម​នឹង​ដាក់​សព​ចូល​ទើប​គេ​កប់​ទៅ​ក្នុង​រណ្ដៅ​ចំហៀង​នោះ​វិញ ។ ការ​ធ្វើ​បែប​នេះ បើ​តាម​ខ្ញុំ​គិត​ក៏​ព្រោះ​តែ ជនជាតិ​ចាម្ប មាន​គ្នា​ច្រើន ឯ​ដី​កប់​សព​ទំហំ​តូច ដូច្នេះ​ត្រូវ​ជីក​ឲ្យ​ជ្រៅ កុំ​ឲ្យ​ជាន់​គ្នា ។ ម៉្យាង​ទៀត ជនជាតិ​ចាម្ប មិន​មាន​ការ​បន់​ស្រន់​ ឬ​ធ្វើ​ខួប​រំលឹក​នៅ​​ផ្នូរ​សព​ ឬ​ចេតិយ​ ដូច​ជនជាតិ​ខ្មែរ ឬ​ខ្មែរ​កាត់​ចិន​ ឡើយ គ្រាន់​តែ​ដោត​បង្គោល​ចំណាំ​នៅ​តាម​ផ្នូរ​និមួយៗ ជៀសវាង​ការ​កប់​ជាន់​តែ​ប៉ុណ្ណោះ ។

***

ចំណាំ ៖ នេះ​ជា​ការ​សង្កេត​ឃើញ​ផ្ទាល់​របស់​ខ្ញុំ និង​តាម​ពាក្យ​សម្ដី​ដែល​ឪពុក​ខ្ញុំ​បាន​ប្រាប់​មក​តែ​ប៉ុណ្ណោះ បើ​បង​ប្អូន​ចាម្ប​សង្កេត​ទៅ​មាន​ការ​ទាស់​ខុស​ចំណុច​ណា សូម​កុំ​ប្រកែ​ប្រកាន់ ហើយ​សុំ​ជួយ​កែ​តម្រូវ​​តាម​ការ​គួរ ៕

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , | 6 មតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: