កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះ ក្រុមអ្នកជំនាញសិក្សាបុរាណវត្ថុវិទ្យាមួយក្រុម រួមមាន លោកសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា, លោកសាស្ត្រាចារ្យ ម៉ៅ ឈាងឡេង ព្រឹទ្ធបុរសរង មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងលោកសាស្ត្រាចារ្យ ថ្លាង សាឃឿន អនុប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិសាស្ត្រ ។ ក្រុមអ្នកជំនាញបានធ្វើដំណើរឆ្ពោះទៅស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីពិនិត្យមើលកាំភ្លើងធំបុរាណចំនួន ២ ដើម ដែលអ្នកស្រុកបានរកឃើញនៅក្នុងដីចម្ការដំឡូងខាងកើត វត្តឈូក ភូមិឈូក ឃុំកំពាន់ ស្រុកមេមត់ កាលពីដើមខែធ្នូ កន្លងទៅនេះ ។
ដោយមានការសហការជាមួយនឹងលោកអភិបាលស្រុក សមត្ថកិច្ចក្នុងតំបន់ និងដោយមានឆន្ទៈល្អ ពីម្ចាស់រក្សាកាំភ្លើង ក្រុមអ្នកជំនាញបានចុះពិនិត្យផ្ទាល់លើសំណាកកាំភ្លើងធំទាំង ២ ដើមនោះ ។ កាំភ្លើងបុរាណនោះមានទ្រង់ទ្រាយ និងលក្ខណៈរូបរាងដូចគ្នា មានជន្ទល់ទ្រទប់ និងជន្ទល់រា ដែលជាកន្ទុយសម្រាប់ជួយទប់លំនឹងពេលបាញ់ ធ្វើអំពីដែកដូចគ្នា ។ គល់កាំភ្លើងបុរាណទាំង ២ នោះ មានប្រឡោះចោះសម្រាប់ដាក់គ្រាប់ និងច្រករំសេវ ។ លក្ខណៈរូបខាងក្រៅមានសម្បុរពណ៌បៃតង ដោយសារប្រតិកម្មរវាងដីក្រហមនឹងសំលោហៈ (សារធាតុលោហៈផ្សំ) របស់កាំភ្លើងនេះ ។
មើលផ្ទាល់នឹងភ្នែក កាំភ្លើងទាំង ២ ដើម នេះមានប្រវែង និងទំហំប្រហាក់ប្រហែលគ្នា ធំតូចជាងគ្នាតិចតួចប៉ុណ្ណោះ ។ ដើមតូចមានបណ្ដោយប្រវែង ១,០៦ ម៉. កន្ទុយប្រវែង ០,៤៥ ម៉. អង្កត់ផ្ចិតចុងកាណុង ០,០៩ ម៉. អង្កត់ផ្ចិតចុងប្រហោងកាណុង ០,០៣ ម៉. និងទម្ងន់ ២៩,៥ គ.ក. ។ ដើមធំមានបណ្ដោយប្រវែង ១,៣៦ ម៉. កន្ទុយប្រវែង ០,៥៦ ម៉. អង្កត់ផ្ចិតចុងកាណុង ០,០៩ ម៉. អង្កត់ផ្ចិតចុងប្រហោងកាណុង ០,០៣ ម៉. ដូចនឹងដើមតូចដែរ តែមានទម្ងន់ ៣៩ គ.ក. ។ ស្លាកស្នាមឆូត និងចិតសាច់កាំភ្លើងបុរាណនោះមានពណ៌ក្រហម ជាសមាសធាតុសំលោហៈដែលមានសារធាតុស្ពាន់ច្រើន ។
នៅលើគល់កាំភ្លើងដើមធំមានចារឹកអក្សរខ្មែរបុរាណ «ចៅសុភាមភរាជ» ។ យោងទៅលើតួអក្សរបុរាណចារលើកាំភ្លើងនោះ ក្រុមអ្នកជំនាញបានសន្និដ្ឋានថា ជាប្រភេទអក្សរនៅសម័យក្រោយអង្គរ ម្យ៉ាងវិញទៀតកាំភ្លើងទាំង ២ នេះមានលក្ខណៈរូបរាង ដូចគ្នានឹងកាំភ្លើងបុរាណដែលដាក់តាំងនៅក្នុងសារមន្ទីរជាតិភ្នំពេញសព្វថ្ងៃ ដែលជាកាំភ្លើងផលិតនៅសម័យក្រោយអង្គរ ។ តាមការអានអក្សរចារឹកនេះដោយ លោកសាស្ត្រចារ្យ រង់ សុធារ៉ា ថា «ចៅសុភាមភរាជ» លោកបានបន្ថែមទៀតថា «មិនដឹងមានន័យយ៉ាងណានោះទេ លោកថាអាចជាឈ្មោះរបស់ជាស្មិត ? ឬអាចជាបរមងាររបស់មេទ័ពដែល កាន់កាំភ្លើងនេះ ?» ។
តាមបទពិសោធន៍ស្រាវជ្រាវ លោកសាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន និងលោកសាស្រ្ដាចារ្យ ម៉ៅ ឈាងឡេង ដែលកំពុងសិក្សាអំពីឧស្សាហកម្មដែកបុរាណ បានបញ្ជាក់ថា ៖ របកគំហើញ នេះជាសក្ខីកម្មបញ្ជាក់អំពីការរីកចម្រើន នៃការប្រើប្រាស់លោហធាតុនៅកម្ពុជា ដែលមានភស្ដុតាងការចេះផលិតដែក តាំងពីសម័យមុនអង្គរមកម៉្លេះ ។ ជាភស្តុតាងស្ថានីយទួលអាចម៌សំរឹទ្ធ នៅស្រុកជ័យសែន ក្នុងខេត្តព្រះវិហារ ដែលបន្សល់គំនរអាចម៌សំរឹទ្ធរាប់ម៉ឺនម៉ែត្រគូប បញ្ជាក់ថា ៖ កាំភ្លើងធំធ្វើអំពីសំលោហៈដែលរកឃើញនៅមេមត់នេះ អាចជាជំនាញរបស់បុព្វការីជនខ្មែរសម័យបុរាណ ។ គួរបញ្ជាក់ផងដែរថា បុព្វការីជនខ្មែរចេះផលិតសំរឹទ្ធតាំងពីដើមសម័យអង្គរ ដូចមានរូបព្រះវិស្ណុដ៏ធំដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញជាតឹកតាងស្រាប់ ។
របកគំហើញថ្មីនេះ ជាភស្ដុតាង ប្រវត្តិសាស្ត្រជាតិបញ្ជាក់ពីការ ការពារជាតិដ៏ស្វិតស្វាញរបស់ជាតិខ្មែរនៅសម័យក្រោយអង្គរ ។ មួយវិញទៀតអាចជាភស្ដុតាង នៃការផលិតលោហធាតុដ៏ស្ទាត់ជំនាញរបស់ជាតិខ្មែរសម័យបុរាណ ។
បច្ចុប្បន្ននេះកាំភ្លើងធំបុរាណទាំងពីរនេះ ត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅផ្ទះលោក ទេព សុភារៈ ប្រធានក្រុមជីវពលចម្ការកៅស៊ូ និងភរិយា សន សុភាវី គ្រូបង្រៀន សព្វថ្ងៃរស់នៅក្នុងភូមិអណ្ដូងទឹក ឃុំមេមត់ ទីរួមស្រុកមេមត់ រង់ចាំការរៀបចំលិខិតបទដ្ឋានពីអាជ្ញាធរដែនដី និងក្រុមអ្នកមានសមត្ថកិច្ចពាក់ពន្ធ័ នាំយកមកដាក់នៅសារមន្ទីរជាតិភ្នំពេញ ឬដាក់តាំងនៅសារមន្ទីរបុរាណវិទ្យាក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ។
អ្នកជំនាញការទាំងបីរូបខាងលើក៏បានអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច ឬអ្នកជំនាញ កាលណាជួបប្រទះបុរាណវត្ថុ និងសូមជនរួមជាតិ មេត្តាកុំជីកកកាយទីទួលបុរាណ ។
***
អត្ថបទដើម ៖ Cambodia Research : កាំភ្លើងធំបុរាណរកឃើញនៅស្រុកមេមត់