ផ្ដែរ​រចនាបថ​សម្បូរ​ព្រៃគុក នៅភ្នំប្រុស


​ដើម្បី​បង្កើន​នូវ​ការចេះដឹង​ទូទៅ​បន្ថែម​ដល់​អ្នក​ស្រាវជ្រាវ ឬ​មគ្គទេសក៍ និង​ដើម្បី​បង្ហាញ​ឥទ្ធិពល​របស់​ ទីក្រុង​ឥសាន​​​បុរៈ ឬ​សម្បូរ​ព្រៃ​គុក​ នៅ​លើ​ទឹកដី​នៃ​ខែត្រ​កំពង់ចាម​បច្ចុប្បន្ន ក្នុង​សម័យ​ចេនឡា​ផង ពោល​គឺ​ដើម ​ស​.​វ​. ទី​៧ ដល់ ​ស​.​វ. ​ទី​៨ យើង​សូម​បង្ហាញ​ក្បាច់​ផ្ដែរ​មួយ ដែល​ស្ថិត​នៅ​លើ​ភ្នំ​ប្រុស ខែត្រ​កំពង់ចាម ។​

រូបភាព​ក្បាច់​ផ្ដែរ​នៅ​លើ​ទីតាំង​ភ្នំ​ប្រុស (១៩៩៣)

កាលពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៣ យើង​បាន​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវ នៅ​ខែត្រ​​កំពង់ចាម ជាពិសេស​នៅ​លើ​កំពូលភ្នំ​តូច​មួយ គឺ​កំពូលភ្នំ​ប្រុស​បច្ចុប្បន្ន ។ នៅ​លើ​កំពូលភ្នំ​នេះ ដែល​ជា​ទីតាំង​នៃ​វត្ត​ទំនើប​មួយ​ដ៏​ស្កឹមស្កៃ យើង​បាន​ឃើញ​សំណល់​វត្ថុ​បុរាណ​មួយ​ចំនួន​ដែល​សេសសល់​ដូចជា ចម្លាក់​ប្រអប់ទ្វារ​ធ្វើ​អំពី​ថ្ម​ភក់​, ឥដ្ឋ​ធំ​ៗ និង​ផ្ដែរ​បុរាណ​មួយ​ផង ដែល​ក្បាច់ចម្លាក់​ត្រូវ​បាន​រលុប​​ជាច្រើន​អន្លើ ។ ថ្វី​ត្បិត​តែ​ប្រវត្តិ​នៃ​ប្រាសាទ​នេះ ពុំ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ជាក់ច្បាស់​ក្ដី ក៏​ប៉ុន្តែ​បើ​យោង​តាម​ការ​សិក្សា​វិភាគ​យើង​អាច​សន្និដ្ឋាន​បាន​ថា ក្បាច់ចម្លាក់​នេះ​ស្ថិត​ក្នុង​រចនាបថ​សម្បូរ​ព្រៃ​គុក ។​

​ចម្លាក់​ផ្ដែរ​នេះ លំអ​ដោយ​សត្វ​ម្ករ​ពីរ មុខ​បែរ​ចូល​ក្នុង​ដោយ​មាត់​ខ្ជាក់​ភួងមាលា​មួយ​វែង ដែល​មាន​រង្វង់​មូល​បី ។ ក្នុង​រង្វង់​មូល​កណ្ដាល គេ​ឃើញ​មាន​វត្តមាន​របស់​ស្ដេច​គ្រុឌ រីឯ​នៅ​រង្វង់​អម​ទាំងសងខាង ទាំង​ពីរ​គឺជា​រូប​ទេព​ប្រណម​យ៉ាង​រស់​រវើក គួរ​ឲ្យ​គយគន់​ណាស់ ។ ដោយ​មាន​សំណល់​ប្រាសាទ​បុរាណ នៅលើ​កំពូលភ្នំ​ប្រុស​នេះហើយ ទើប​មាន​រឿងព្រង​មួយចំនួន​ដូចជា ការប្រណាំង​រវាង​បុរស និង​ស្ត្រី​ដើម្បី​ពូន​ភ្នំ​ប្រុស និង​ភ្នំ​ស្រី​ជា​ដើម ដែល​អ្នកស្រុក​បាន​រក្សា​រហូត​ដល់​សព្វថ្ងៃ ។​

រូបភាព​ក្បាច់​ផ្ដែរ​នៅ​ឃ្លាំង​នៃ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ខេត្ត​ កំពង់ចាម (២០០៥)

ដោយសារ​ស្ថានភាព​នៅ​ឆ្នាំ​១៩៩៣ ដែល​កំពុង​ប្រឈមមុខ​ខ្ពស់​បំផុត​នៅ​ឡើយ នឹង​អំពើ​ជួញដូរ​វត្ថុ​បុរាណ យើង​ក៏​បាន​ស្នើ​ទៅ​លោក​ប្រធាន​នាយកដ្ឋាន​វិចិត្រ​សិល្បៈ ខែត្រ​កំពង់ចាម​ ឲ្យ​ដឹក​ក្បាច់​ផ្ដែរ​ដ៏​កម្រ​នេះ​ទៅ​ថែរក្សា​ទុក ដើម្បី​បង្ការ​នឹង​ចោរកម្ម​អប្រិយ ។ ដូច្នេះ​ហើយ​បានជា​សព្វ​ថ្ងៃ​នេះ ក្បាច់​ផ្ដែរ​ដ៏​ចំណាស់​នេះ​បាន​ផុត​ពី​ការបាត់បង់​ជាយថាហេតុ ។​

​ ​សូម​ជម្រាប​ថា ដូច​ខែត្រ​​ផ្សេងៗ​ឯ​ទៀត​ដូចជា ខែត្រ​កំពង់ចាម ខែត្រ​ស្ទឹងត្រែង ខែត្រ​តាកែវ (​នៅ​កម្ពុជា​) និង​ខែត្រ​​ចម្ប៉ា​សាក់ ​(​ឡាវ​) ដែល​គ្របដណ្ដប់​ដោយ​មណ្ឌល​វប្បធម៌​ដ៏​រុងរឿង​នា​ សម័យ​ចេនឡា សុទ្ធសឹងតែ​មាន​ទំនាក់ទំនង​វប្បធម៌​នយោបាយ សាសនា និង​រាជធានី​ឥសាន​បុរៈ ។ បើ​និយាយ​ម្យ៉ាង​ទៀត ខាង​ភូមិសាស្ត្រ​ក៏​ដូចជា​ខាង​វប្បធម៌ និង​សាសនា ទឹកដី​នៃ​ខែត្រ​​កំពង់ចាម​របស់​យើង ត្រូវ​ផ្សា​ភ្ជាប់​ជាមួយ​ប្រវត្តិ​ដ៏​រុងរឿង​នៅ​ខែត្រ​កំពង់ធំ ។​

វត្តភ្នំ​ប្រុស ខេត្ត​កំពង់ចាម (១៩៩៣)​

​គួរ​បញ្ជាក់​ថា កន្លងមក​យើង​ធ្លាប់​ឃើញ​មាន​ក្បាច់​ផ្ដែ​រ រចនាបថ​សម្បូរ​ព្រៃ​គុក​នៅ ខែត្រ​​ក្រចេះ និង​ខែត្រ​ស្ទឹងត្រែង តែ​ពុំ​ធ្លាប់​ឃើញ​នៅ ​ខែត្រ​កំពង់ចាម​នោះ​ទេ ដូចនេះ​វត្តមាន​របស់​រចនាបថ​នេះ នៅ​ខែត្រ​កំពង់ចាម គឺ​ពិតជា​ទិន្នន័យ​ខាង​បុរាណ​វិទ្យា​មួយ​យ៉ាង​សំខាន់ គួរឲ្យ​ចាប់អារម្មណ៍ ៕

ដោយ ៖ ​ម​.​ត្រា​ណេ

***

អត្ថបទដើម ៖ CEN : ​ ក្បាច់​ផ្ដែរ​រចនាបថ​សម្បូរ​ព្រៃ​គុក​ស​.​វ​ទី​៧ នៅ​លើ​ភ្នំ​ប្រុស

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , | មតិ 4

Post navigation

4 thoughts on “ផ្ដែរ​រចនាបថ​សម្បូរ​ព្រៃគុក នៅភ្នំប្រុស

  1. ដូច្នេះយើងអាចដឹងបានថា មិនមែនតែនៅរាជធានីទេ ដែលស្តេចខ្មែរបញ្ជាឱយគេសាងប្រាសាទ គេយកចិត្តទុកដាក់នៅកន្លែងពិសេសផងដែរ។

    • បាទ នៅខែត្រកំពង់ចាមតែមួយ មានប្រាសាទដែលនៅឈរល្អលើសពី ១០ និងទួលដែលអាចជាគ្រិះប្រាសាទមិនតិចជាង​ ៥០ នៅរាយប៉ាយពាសពេញខែត្រ ។

  2. ចាស ខ្ញុំគិតថា ប្រហែលទីទាំងនោះមានអ្វីពិសេសហើយ បានជាគេទៅកសាងប្រាសាទនៅឆ្ងាយពីរាជធានី ចឹង។

    • កំពង់ធំ កំពង់ចាម មិនទៅឆ្ងាយអ្វីប៉ុន្មាន ។ ហេតុផលចម្បង គឺកន្លែងនេះជាតំបន់ភ្នំ ដែលគេគិតថាសក្តិសិទ្ធិ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: