រកឃើញ​កាំភ្លើងធំ​បុរាណ​នៅ​មេមត់


សាស្ត្រាចារ្យ​បណ្ឌិត ធុយ ចាន់ធួន

កាលពីថ្ងៃទី២៩ ខែ​ធ្នូ ឆ្នាំ២០១២ កន្លង​ទៅ​ថ្មីៗនេះ ក្រុម​អ្នក​ជំនាញ​សិក្សា​បុរាណវត្ថុវិទ្យា​មួយ​ក្រុម​ រួមមាន លោក​សាស្រ្ដាចារ្យ​បណ្ឌិត ធុយ ចាន់ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រ​សិល្បៈ នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា, លោក​សាស្ត្រាចារ្យ ម៉ៅ ឈាងឡេង ព្រឹទ្ធបុរស​រង មហាវិទ្យាល័យ​បុរាណ​វិទ្យា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ និង​លោក​សាស្ត្រាចារ្យ ថ្លាង សាឃឿន អនុ​ប្រធាន​នាយកដ្ឋាន​បុរាណ​វិទ្យា និង​បុរេ​ប្រវត្តិសាស្ត្រ ។ ក្រុម​អ្នក​ជំនាញ​បាន​ធ្វើដំណើរ​ឆ្ពោះ​ទៅ​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដើម្បី​ពិនិត្យ​មើល​កាំភ្លើង​ធំ​បុរាណ​ចំនួន ២​ ដើម ដែល​អ្នក​ស្រុក​បាន​​រក​ឃើញ​នៅ​ក្នុង​ដី​ចម្ការ​ដំឡូង​ខាងកើត វត្តឈូក ភូមិឈូក ឃុំកំពាន់ ស្រុកមេមត់ កាល​ពី​ដើម​ខែ​ធ្នូ កន្លង​ទៅ​នេះ ។

ដោយ​មាន​ការ​សហការ​ជា​មួយ​នឹង​លោក​អភិបាល​ស្រុក សមត្ថកិច្ច​ក្នុង​តំបន់ និង​ដោយ​មាន​ឆន្ទៈ​​ល្អ ពី​ម្ចាស់​រក្សា​កាំភ្លើង ក្រុម​អ្នក​ជំនាញ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​សំណាក​កាំភ្លើង​ធំ​ទាំង ២ ដើម​នោះ ។ កាំភ្លើង​បុរាណ​នោះ​មាន​ទ្រង់ទ្រាយ និង​លក្ខណៈ​​រូបរាង​ដូចគ្នា មាន​ជន្ទល់​ទ្រ​ទប់ និង​ជន្ទល់​រា​ ដែល​ជា​កន្ទុយ​សម្រាប់​ជួយ​ទប់​លំនឹង​ពេល​បាញ់ ធ្វើ​អំពី​ដែក​ដូច​គ្នា ។ គល់​កាំភ្លើង​បុរាណ​ទាំង ២ នោះ មាន​ប្រឡោះ​ចោះ​សម្រាប់​ដាក់​គ្រាប់ និង​ច្រក​រំសេវ ។ លក្ខណៈ​រូប​ខាង​ក្រៅ​មាន​សម្បុរ​ពណ៌​បៃតង ដោយ​សារ​ប្រតិកម្ម​រវាង​ដី​ក្រហម​នឹង​សំលោហៈ (សារធាតុ​លោហៈ​ផ្សំ) របស់​កាំភ្លើង​នេះ ។

មើល​ផ្ទាល់​នឹង​ភ្នែក កាំភ្លើង​ទាំង ២ ដើម​ នេះ​មាន​ប្រវែង និង​ទំហំ​ប្រហាក់ប្រហែល​គ្នា ធំ​តូច​ជាង​គ្នា​តិចតួច​ប៉ុណ្ណោះ ។ ដើម​តូច​មាន​បណ្ដោយ​ប្រវែង ១,០៦ ម៉. កន្ទុយ​ប្រវែង ០,៤៥ ម៉. អង្កត់ផ្ចិត​ចុង​កាណុង ០,០៩ ម៉. អង្កត់ផ្ចិត​ចុង​ប្រហោង​កាណុង ០,០៣ ម៉​. និង​ទម្ងន់ ២៩,៥ គ.ក. ។ ដើមធំមានបណ្ដោយប្រវែង ១,៣៦ ម៉. កន្ទុយប្រវែង ០,៥៦ ម៉. អង្កត់ផ្ចិត​ចុង​កាណុង ០,០៩ ម៉. អង្កត់ផ្ចិត​ចុង​ប្រហោង​កាណុង ០,០៣ ម៉. ដូច​នឹង​ដើម​តូច​ដែរ តែមានទម្ងន់ ៣៩ គ.ក. ។ ស្លាកស្នាម​ឆូត និង​ចិត​សាច់​កាំភ្លើង​បុរាណ​នោះ​មានពណ៌​ក្រហម ជា​សមាសធាតុ​សំលោហៈ​ដែល​មាន​សារធាតុ​ស្ពាន់​ច្រើន ។

នៅ​លើ​គល់កាំភ្លើង​ដើម​ធំ​មានចារឹក​អក្សរ​ខ្មែរបុរាណ «ចៅសុភាមភរាជ» ។ យោង​ទៅលើតួអក្សរ​បុរាណ​ចារលើ​កាំភ្លើង​នោះ ក្រុម​អ្នកជំនាញ​បាន​សន្និដ្ឋានថា ជា​ប្រភេទ​អក្សរនៅ​សម័យ​ក្រោយអង្គរ ម្យ៉ាង​វិញទៀត​កាំភ្លើងទាំង ២ នេះមាន​លក្ខណៈ​រូបរាង ដូចគ្នានឹង​​កាំភ្លើង​បុរាណ​ដែល​ដាក់តាំង​នៅក្នុងសារមន្ទីរ​ជាតិភ្នំពេញសព្វថ្ងៃ ដែល​ជាកាំភ្លើង​ផលិត​នៅ​សម័យ​ក្រោយ​អង្គរ ។ តាមការ​អាន​អក្សរចារឹកនេះ​ដោយ លោកសាស្ត្រចារ្យ រង់ សុធារ៉ា ថា «ចៅសុភាមភរាជ» លោក​បាន​បន្ថែម​ទៀតថា «មិនដឹងមាន​ន័យយ៉ាងណា​នោះទេ លោក​ថាអាច​ជាឈ្មោះរបស់ជា​ស្មិត ? ឬអាចជា​​បរមងារ​របស់​មេទ័ពដែល កាន់​កាំភ្លើង​នេះ ?» ។

ចៅសុភាមភរាជ

តាមបទពិសោធន៍ស្រាវជ្រាវ លោក​សាស្រ្ដាចារ្យបណ្ឌិត ធុយ ចាន់ធួន និង​លោកសាស្រ្ដាចារ្យ ម៉ៅ ឈាងឡេង ដែល​កំពុង​សិក្សា​អំពី​ឧស្សាហកម្ម​ដែកបុរាណ បាន​ប​ញ្ជាក់ថា ៖ របក​គំហើញ នេះ​ជាសក្ខីកម្ម​បញ្ជាក់អំពីការរីក​ចម្រើន នៃការ​ប្រើប្រាស់​លោហធាតុ​នៅកម្ពុជា ដែលមាន​ភស្ដុតាង​ការចេះផលិតដែក តាំងពីសម័យ​មុនអង្គរមកម៉្លេះ ។ ជា​ភស្តុតាង​ស្ថានីយ​ទួល​អាចម៌​សំរឹទ្ធ នៅ​ស្រុក​ជ័យសែន ក្នុងខេត្ត​ព្រះវិហារ ដែល​បន្សល់​គំនរ​អាចម៌សំរឹទ្ធ​​រាប់ម៉ឺន​​ម៉ែត្រគូប បញ្ជាក់ថា ៖ កាំភ្លើងធំ​ធ្វើ​អំពី​សំលោហៈ​ដែលរក​ឃើញ​នៅ​មេមត់នេះ អាចជា​​ជំនាញ​របស់បុព្វការីជន​ខ្មែរ​សម័យបុរាណ ។ គួរបញ្ជាក់​ផង​ដែរថា បុព្វការីជន​​ខ្មែរ​ចេះ​ផលិត​សំរឹទ្ធ​តាំងពី​ដើមសម័យ​អង្គរ ដូច​មានរូប​​ព្រះវិស្ណុ​ដ៏ធំដាក់​តាំងនៅ​សារមន្ទីរជាតិ​ភ្នំពេញ​ជា​តឹកតាង​ស្រាប់ ។

របកគំហើញថ្មីនេះ ជាភស្ដុតាង ប្រវត្តិសាស្ត្រជាតិបញ្ជាក់ពីការ ការពារជាតិ​ដ៏ស្វិតស្វាញ​របស់ជាតិខ្មែរ​នៅសម័យ​ក្រោយ​អង្គរ ។ មួយវិញទៀតអាចជាភស្ដុតាង នៃការផលិតលោហធាតុដ៏ស្ទាត់ជំនាញរបស់ជាតិខ្មែរសម័យបុរាណ ។

បច្ចុប្បន្ននេះកាំភ្លើងធំបុរាណទាំងពីរនេះ ត្រូវបានយកមករក្សាទុកជាបណ្ដោះអាសន្ន នៅផ្ទះលោក ទេព សុភារៈ ប្រធាន​ក្រុម​ជីវពល​ចម្ការ​កៅស៊ូ និងភរិយា សន សុភាវី គ្រូបង្រៀន សព្វថ្ងៃរស់នៅក្នុងភូមិអណ្ដូងទឹក ឃុំមេមត់ ទីរួម​ស្រុកមេមត់ រង់ចាំការរៀបចំលិខិតបទដ្ឋានពីអាជ្ញាធរដែនដី និងក្រុមអ្នកមានសមត្ថកិច្ចពាក់ពន្ធ័ នាំយក​មកដាក់​នៅ​សារមន្ទីរជាតិ​ភ្នំពេញ ឬ​ដាក់តាំង​នៅ​សារមន្ទីរ​បុរាណវិទ្យាក្នុង​ស្រុកមេមត់ ខេត្ត​កំពង់ចាម ។

អ្នកជំនាញការ​ទាំងបីរូប​ខាងលើ​ក៏​បានអំពាវនាវដល់ជនរួមជាតិ​ទាំងអស់ សូម​រាយការណ៍​ជា​បន្ទាន់​ដល់​សមត្ថកិច្ច ឬ​អ្នកជំនាញ កាលណា​ជួប​ប្រទះបុរាណវត្ថុ និង​សូមជនរួមជាតិ មេត្តា​កុំជីកកកាយទីទួលបុរាណ ។

***

អត្ថបទ​ដើម ៖ Cambodia Research : កាំ​ភ្លើង​ធំ​បុរាណ​រក​ឃើញ​នៅ​ស្រុក​មេមត់

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | Tags: , , | មតិ 8

Post navigation

8 thoughts on “រកឃើញ​កាំភ្លើងធំ​បុរាណ​នៅ​មេមត់

  1. Pingback: ​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ពី​ទន្លេមេគង្គ | កំពង់ចាម កំពង់​ចិត្ត

  2. ខ្ញុំមិនយល់ហើយមិនដឹងធ្វើយ៉ាងមិចទៀតទេ
    សូមជួយពន្យល់ខ្ញុំផង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

ប្លក់​នៅ WordPress.com.

%d bloggers like this: