Monthly Archives: ខែមិថុនា 2014

​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ពី​ទន្លេមេគង្គ


ក្រៅ​ពី​អត្ថបទ​ រក​ឃើញ​កាំភ្លើងធំ​បុរាណ​នៅ​មេមត់ ដែល​ខ្ញុំ​បាន​ចម្លង​ទាំង​ស្រុង​ពី​ គេហ​ទំព័រ Cambodia Research ខ្ញុំ​បាន​ប្រទះ​ឃើញ​ មតិ​មួយ​នៃ លោកគ្រូ​ខ្ញុំ គឺ​លោក​សាស្ត្រាចារ្យ​ វង់.សុធារ៉ា ដែល​បង្រៀន​​ផ្នែក​ប្រវត្តិសាស្ត្រ​​​នៅ​មហាវិទ្យាល័យ ។ លោក​បាន​មាន​មតិ​ក្នុង​អត្ថបទ ៖ ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ? ថា ៖

ខ្ញុំ​ទើប​តែ​រក​ឃើញ​សំណៅ​ដើម ​កាសែត​កម្ពុជា​ ​ឆ្នាំ​ទី​១៩​​ លេខ​៤០០៥​ ចេញ​ផ្សាយ ​ថ្ងៃ​សុក្រ​ ទី​២៧​ ខែ​មីនា​ ឆ្នាំ​១៩៥៩​ ​ទំព័រ​១​ច និង​​ទី៤​ច​ ​និង​កាសែត​មាតុភូមិ​ ​ឆ្នាំ​ទី​៧​ ​លេខ​៦៥៦​ ចេញ​ផ្សាយ​ ថ្ងៃ​សៅរ៍​ ទី​២៨​​ ខែ​មីនា ​ឆ្នាំ​១៩៥៩​ ទំព័រ​ទី​១គ​ ​និង​ទី២គ​ ​មាន​ចុះ​ផ្សាយ​ពី​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ចំនួន​ ៣​ដើម​ ​​ពី​បាត​ទន្លេ​មេគង្គ​​ក្នុង​ខេត្ត​កំពង់​ចាម​ ​គឺ​តូច​១​ដើម​ ​និង​ធំ​២​ដើម​ដែល​មាន​ចារឹក​អក្សរ​នៅ​លើ​​កាណុង​នោះ​ ។​ ​កាណុង​ធំ​ទី​១​ ​មាន​ចារ​អក្សរ​ថា​ «ចៅ​ស្រី​រាជនុកូល​ ​ចាសុបតាស​»​ ​ឱកហ្លួង​​បាន​នរាជ ​ព.ស.​២២៣៩​ ​និង​កាណុង​ទី២​ ​មាន​អក្សរ​ថា​ ​«ចៅស្រី​រាជនុកូល​ ​ចាតុបតាស»​ ​ឱកសែន​រាជ​ ព.ស.​២២៣៩​ ។ ​បើ​តាម​​​កាល​បរិច្ឆេទ​នេះ​ ​គួរ​តែ​កាណុង​កាំភ្លើង​ទាំង​ពីរ​ត្រូវ​គេ​ផលិត​នៅ​ឆ្នាំ​១៦៩៦​ ​ក្នុង​រាជ្យ​ព្រះបាទ​ជយជេដ្ឋាទី៣​ ។​ ​ប៉ុន្តែ​ ​ខ្ញុំ​នៅ​តែ​សង្ស័យ​ចំពោះ​ការ​អាន​តួលេខ​កាល​បរិច្ឆេទ​នេះ​ ​ដោយ​សារ​​មាន​បញ្ហា​ពីរ​ដែល​ត្រូវ​ពិចារណា​។​ ​ទី១​ ​កាល​បរិច្ឆេទ​លើ​កាណុង​នេះ​ ​គួរ​តែ​ចារឹក​ជា​​មហាសករាជ​ ​មិន​មែន​ជា​ពុទ្ធ​សករាជ​ទេ​,​ ​ទី​២​ ​បើ​គេ​ប្រើ​មហាសករាជ​​មែន​ ​គឺ​ឆ្នាំ​១៦១៨ ហើយ​ជា​ទូទៅ​អ្នក​អាន​​សម្រាប់​យក​មក​ចុះ​កាសែត​អាច​​អាន​ច្រឡំ​ ​ដោយសារ​​លេខ​៧​ ​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​លេខ​៦​ ។ ​បើ​ដូច្នោះ​មែន​ ​កាណុង​កាំភ្លើង​ធំ​ទាំង ​២​នេះ​ ​គួរ​តែ​កសាង​ក្នុង​ជំនាន់​កាំភ្លើង​ធំ​​​ដែល​ លោក​ ធុយ​.ចាន់​ធួន​ ​និង​ លោក អ៊ុំ​.​វុន​ ​បាន​លើក​យក​មក​បង្ហាញ​នេះ​​ដែរ​។ ​គួរ​ឲ្យ​ស្ដាយ​​ ​ដែល​សព្វ​ថ្ងៃ​ ​យើង​មិន​ដឹង​ថា​ កាំភ្លើង​នោះ​នៅ​ទី​ណា​​។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | 2 មតិ

ប្រាសាទ​ព្រះធាតុ​ទឹក​ឆា


ដក​ស្រង់​ចេញ​ពី​សៀវភៅ​ប្រជុំ​រឿង​ព្រេង​ខ្មែរ បោះពុម្ព​ដោយ​ ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​​ ៖

ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ បាន​ប្រមែប្រមូល​ឯកសារ ដែល​មាន​តម្កល់​ទុក​យូរ​មក​ហើយ​ផង ហើយ​ចាត់​ឲ្យ​សមាជិក​ទៅ​ពិនិត្យ​សង្កេត​ដល់​ទី​កន្លែង​ផង ក៏​រៀបចំ​ធ្វើជា​សេចក្ដី​រាយការណ៍ អំពី​ទីកន្លែង​នេះ​ឡើង ដាក់​ចំណង​ជើង​ថា «ប្រាសាទ​ព្រះធាតុ ឬ វត្ត​ព្រះធាតុ» តាម​ឈ្មោះ​បុរាណ​នៃ​ប្រាសាទ​ដែល​ហៅ​ថា «គុក​ព្រះធាតុ ឬ វត្ត​ព្រះធាតុ» នៅ​ត្រង់​កន្លែង​ទឹកឆា​នេះ ។ ពាក្យ «ទឹកឆា» នេះ​ទៀត ក៏​ពុំ​មែន​ជា​ពាក្យ​ទើប​តែ​បង្កើត​ថ្មី​ដែរ គឺ​មាន​តាំង​ពី​យូរ​ណាស់​ហើយ ទើបបាន​ជា​មាន​ជាប់​ហៅ​នៅ​ក្នុង​សៀវភៅ «សិលា​ចារឹក​នៅ​ប្រទេស​កម្ពុជា» របស់​​លោក ហ្ស-សឺដែស (Inscription du Cambodge par G. Cœdès) សរសេរ​កំណត់​ឈ្មោះ​កន្លែង​នេះ​ថា «វត្ត​ព្រះ​ធាតុ​នៅ​ទឹកឆា» (Vat Parh That de Tuk-C’a) ។

ដើម្បី​នឹង​យក​ជា​សំអាង យើង​តោង​តែង​និយាយ​តាម​សិលាចារឹក​មួយ ដែល​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ ហើយ​នាំ​មក​តម្កល់​ទុក​នៅ​សារមន្ទីរជាតិ នា​ក្រុងភ្នំពេញ​សព្វថ្ងៃ ។ សិលាចារឹក​នេះ នៅ​មាន​រួប​រាង​​ល្អ​ស្អាត អក្សរ​នៅ​ច្បាស់ ជា​បន្ទះ​ក្រាស់ កម្ពស់ ១ ម៉ែត្រ (មិន​គិត​ជើង​តម្កល់) ទទឹងមុខ ០ម៥០, ខាង​កំពូល​លើ មាន​ឆ្លាក់​ជា​រូប ព្រះ​គណេស ។ អក្សរ​ចារឹក​មាន​ទាំងសងខាង គឺ​ម្ខាង​មាន ២៣ បន្ទាត់ ជា​ភាសា​សំស្ក្រឹត នឹង​ម្ខាង​ទៀត​មាន ១៦ បន្ទាត់ ជា​ភាសា​ខ្មែរ ។ សេចក្ដី​ក្នុង​សិលាចារឹក​នេះ​ហើយ ជា​ទ្វារ​បើក​ចំហ ឲ្យ​យើង​មើល​ផ្លូវ​ឃើញ​នូវ​ប្រវត្តិសាស្ត្រ​ដ៏​វែងឆ្ងាយ នៃ​ទីកន្លែង​នេះ ។

សិលា​ចារឹក​ឲ្យ​ការណ៍​ថា ទី​កន្លែង​នេះ​កសាង​ឡើង​តាំងពី ៩៤៧ ស័ក (គ.ស. ១០២៥) ក្នុង​រជ្ជកាល​ ព្រះបាទ​សូរ្យរម៌្មទី ១ ។ កាល​នោះ​ព្រះរាជា ទ្រង់​ទទួល​ប្រោស​ព្រះ​រាជទាន​តាម​សេចក្ដី​ក្រាប​បង្គំ​ទូល​ស្នើ​អំពី អ្នកប្រាជ្ញ​ម្នាក់​ឈ្មោះ «ជង្ឃាល» ហើយ​ដែល​មាន​សន្មត​នាម​មួយ​ទៀ​ត​ថា លក្ស្មិន្ទ្រ​បណ្ឌិត ។ លោក ជង្ឃាល បាន​រក​ឃើញ​ទី​ដី​មួយ​កន្លែង​ក្នុង​តំបន់​មួយ​ហៅ​ថា សិទ្ធិបុរ (ត្រង់​កន្លែង​ទឹកឆា​សព្វ​ថ្ងៃ) មាន​ទំនង​ស្រឡះ​ស្រឡំ​ល្អ ក៏​ទូល​ស្នើ​ចំពោះ​ព្រះរាជា​សុំ​ទីនេះ​ធ្វើ​ជា​អារាម​សម្រាប់​ធ្វើ​សក្ការបូជា​ចំពោះ​សាសនាព្រាហ្មណ៍ ដោយ​ថ្វាយ​ទាំង​សេចក្ដី​ព្រាង​សព្វគ្រប់ សម្រាប់​រៀបចំ​កន្លែង​នេះ​ទុក​ជា​ស្នាដៃ​ដ៏​សំខាន់​ផង ។ គ្រានោះ ព្រះបាទ​សូរ្យរម៌្មទី ១ ព្រះអង្គ​ទ្រង់​ប្រោស​ព្រះ​រាជានុញ្ញាត តាម​សេចក្ដី​សុំ​ព្រម​ទាំង​ប្រទាន​នូវ​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការ​កសាង​នេះ​ផង ។ បណ្ឌិត​ជង្ឃាល ឬ លក្ស្មិន្ទ្រ​បណ្ឌិត ចាប់​ធ្វើ​កិច្ចការ​ស្ថាបនា​នេះ​ឡើង តាម​កម្លាំង​ព្រះរាជទ្រព្យ និង​តាម​ប្រាជ្ញា​របស់​លោក​ក្នុង​ការ​បញ្ចុះបញ្ចូល​រក​ជំនួយ​អំពី​អ្នកស្រុក លុះត្រាតែ​បាន​ហើយ​ស្រេច​សព្វ​គ្រប់​តាម​គម្រោង​ដែល​ដាក់ថ្វាយ​ព្រះរាជា​ទ្រង់ទត ។

នៅក្នុង​​ប្រាសាទ​ធំ មាន​តម្កល់សិវលិង្គ​មួយ​នៅកណ្ដាល​សន្មតនាម​លិង្គនោះថា «ស្រីភទ្រេស្វរៈ» និង​ទេវរូប​ពីរ​អម​សង​ខាង, មួយ​មាន​នាម​ថា «បរមេស្វរៈ» មួយទៀត​ថា«សរស្វតិ» ។ ចំពី​មុខ, ទិសខាងកើត មាន​គុហា​មួយទៀត​ជា​ទេវស្ថាន​មាន​ទំហំ​តូច ដែល​សព្វថ្ងៃ​យើង​ឃើញ​បាក់​ធ្លាក់​ថ្ម​គរ​ជា​គំនរ​កប់​ក្នុង​ព្រៃ​ក្បែរ​ប្រឡាយ​ទឹកជ្រោះ មាន​​តែ​ស៊ុម​ទ្វារ​​មួយ​នៅសល់​គ្រាន់​ជា​ការ​បង្ហាញ​ហេតុ តែ​ប៉ុណ្ណោះ ។ ស្ថាបត្យករ​បាន​ចាត់ការ​ជីកស្រះ​មួយ​យ៉ាង​ធំទូលាយ នៅ​ចំហៀង​ខាង​ស្ដាំនៃ​ប្រាសាទ​ឲ្យឈ្មោះ​ថា «លក្ស្មិន្ទ្រដាក» ហើយ​ប្រតិស្ឋាន​លិង្គមាសមួយ តម្កល់​នៅកណ្ដាល​​ស្រះផង ។ ព័ទ្ធជុំវិញ​នៃ​ទីបរិវេណ​នេះ​មាន​ការរៀបចំ​បានជា​ស្រុក​ភូមិ​មួយ យ៉ាង​ស្ដុកស្ដម្ភ ដោយ​ប្រជុំអ្នក​ស្រុក​ជិតខាង​ឲ្យ​មករស់​នៅ​ជួបជុំ​កុះកុំ​គ្នាឡើង​ក្នុងសម័យ​នោះ ។ ដូច្នេះ បរិយាកាស​ក្រុងថ្មី​នេះឯង ក៏​បានជា​សភាព​អ៊ឹកធឹក​ឡើង ។

ក្រោយ​ដែល​រៀបចំ​រួចស្រេច លក្ស្មិន្ទ្រ​បណ្ឌិត បាន​នាំ​​​ព័ត៌មាន​ចូល​​ក្រាប​បង្គំ​ទូល ព្រះបាទ​សូរ្យរម៌្មទី ១, ព្រះអង្គ​ក៏​ទ្រង់​ស្ដេចយាង​ប្រារព្ធ​ពិធី​សម្ពោធ​ទីកន្លែង​នេះ​យ៉ាង​មហោឡារិក នៅ​ក្នុង​ឆ្នាំ ៩៤៧ ស័ក (គ. ស. ១០២៥) ដែល​យើង​ចង្អុល​ម្ដង​មក​ហើយពី​ខាងលើ ។ ក្នុង​ព្រះរាជ​ពិធី​សម្ពោធ​នេះ ព្រះរាជា​ទ្រង់​ប្រោស​​​ប្រទាន​នូវ​ធនធាន​ជា ប្រដាប់​ប្រើប្រាស់, ពួក​ពល​ព្រះ ២៩ នាក់, ដីស្រែ​នៅ​ជុំវិញ​ប្រាសាទ និង​ស្រះ​​ទឹក​នេះ​ទាំងអស់ ព្រមទាំង​ទីលាន​ធំ​ៗ សម្រាប់​ប្រកប​ពិធី ឬ​ជា​គ្រឿង​លំអ, ទុក​ជា​ទ្រព្យ​ផ្ទាល់​​នៃ​គុហា​នេះ​ផង ។ មិនតែប៉ុណ្ណោះ ព្រះអង្គ​បាន​ប្រោស​ព្រះ​រាជទាន​នាម​ទីកន្លែង​នេះ​ថា «លក្ស្មិន្ទ្របថ» ដោយ​និយម​តាម​នាម​បណ្ឌិត​អ្នក​កសាង ។ សេចក្ដី​ហូរហែ​ដូច​អធិប្បាយ​មក​នេះ​ហើយ ជា​ប្រវត្តិ​ដើម​នៃ​ប្រាសាទ និង​ទី​កន្លែង​ទឹកឆា ។

***

អត្ថបទ​ពេញ ៖ ប្រជុំ​រឿង​ព្រេង​ខ្មែរ​​ភាគ ៦ ៖ ប្រាសាទ​ព្រះ​ធាតុ​ទឹក​ឆា

អាន​បន្ថែម ៖

  1. ក្បាល​ទឹក​ និង​ប្រាសាទ​ទឹក​ឆា​
  2. ពុទ្ធីរម្យ ៖ រឿងរ៉ាវស្តីអំពី រមណីដ្ឋានព្រះធាតុទឹកឆា​ដែលខ្ញុំបានទៅទស្សនាលើកមុន
Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: