Monthly Archives: ខែកញ្ញា 2014

ប្រាសាទ​វត្តប្រើសមាស


ប្រាសាទ​វត្ត​ប្រើស​មាស មាន​ទីតាំង​ស្ថិត​នៅ​លើ​កំពូល ភ្នំ​​ត្រប់ (មាន​ ៧ កំពូល) ក្នុង​ភូមិ​តា​ព្រង ឃុំ​ត្រប់ ស្រុក​បាធាយ​ ខែត្រ​កំពង់ចាម ។ នៅ​ជើង​ភ្នំ​មាន​ អារាម​ពុទ្ធ​សាសនា​មួយ​ហៅ​ថា​វត្ត​ប្រើស​មាស, ដូច្នេះ​ឈ្មោះ​ប្រាសាទ គឺ​យក​តាម​ឈ្មោះ​វត្ត​នៅ​នឹង​ជើង​ភ្នំ​នោះ​ឯង ។ ក្រុម​ប្រាសាទ​ដែល​មាន​ប៉ម​ចំនួន ៤ រាង​បួន​ជ្រុង​ស្មើ សង់​លើ​ខឿន​រួម​មួយ​ ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​រត់​ជួរ​ ជើង​-ត្បូង បែរ​មុខ​ទៅ​កើត ។ ប៉ម ៣ ធ្វើ​ពី​ឥដ្ឋ​ មាន​ស៊ុម​ទ្វា​ធ្វើ​ពី​ថ្ម​ភក់ និង​មាន​ទ្វារ​បញ្ឆោត​នៅ​មុខ ៣ ផ្សេង​ទៀត ។ ប៉ម​មួយ​ទៀត​មាន​តែ​គ្រឹះ ។ ពី​ខាង​ជើង​ទៅ​ត្បូង​មាន ៖

  1. បដិមា​ភេទ​ប្រុស​មាន​ដៃ ៤ ឆ្លាក់​ក្នុង​អង្កែ​(1) មួយ ។
  2. បដិមា​ភេទប្រុស​មួយ​មាន​ដៃ ៤ និង​បដិមា​ភេទ​ស្រី​ ២ ។
  3. បដិមា​ភេទ​ប្រុស​មួយ​មាន​ដៃ ៨ និង​បដិមា​ភេទ​ស្រី ២ ។

នៅ​បរិវេណ​​ខាង​លើ​​ក៏​ដូច​ជា​ជុំ​វិញ​ភ្នំ​មាន​សេសសល់​ស្លាក​ស្នាម​ប្រាសាទ​បុរាណ​ជា​ច្រើន​ដែល​បាក់​បែក​អស់​ស្ទើរ​រក​មើល​មិន​យល់ ដូចជា ៖

  1. នៅ​លើ​កំពូល​ភ្នំ ៖ ប្រាសាទ​ស្រះ​ត្រប់ (A), ភ្នំ​ត្រប់ (C), ភ្នំ​កំណប់ ។
  2. នៅ​ជុំវិញ (រាប់​តាម​ទិស​ទ្រនិច​នាឡិកា) ៖ ពោធិ៍​ប្រាសាទ, គោកភូមិ​បា​ប្រុស, ទួល, ទួល​ប្រាសាទ, ទួល​យាយ​ទេព, ទួល​ខ្ពស់, និង​ទួល​ក្អែក ។
  3. ​ភ្នំចន្លោះ​ (រាប់​តាម​ទិស​ទ្រនិច​នាឡិកា) ៖ ព្រះ​បួន​មុខ, ទួល​ពោធិ៍ហ៊ី, និង​ភ្នំ​ចុងតាពាន ។ (CISARK : 14-Dec-2009)

យើង​ងាក​មក​មើល​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​​មួយ ដែល​មិន​ទាន់​ទទួល​​ការ​ដឹង​ឮ​ច្រើន​នៅ​ឡើយ ។ ចម្លាក់​នៅ​​នឹង​ជញ្ជាំង​ខាង​ក្នុង​នៃ ប្រាសាទ​​វត្តប្រើសមាស ​នេះ ប្រើ​វិធី​ឆ្លាក់​តែ​មួយ​ដូច​គ្នា​ទៅ​នឹង​ចម្លាក់​នៅ​នឹង​ជញ្ជាំង​ខាង​ក្នុង​នៃ ​ប្រាសាទ​ក្រវាន់​ នៅ​ឯ​ ខែត្រ​សៀមរាប ថ្វី​បើ​ទឹក​ដៃ​ចម្លាក់​មិន​ល្អ​វិសេស​ដូច​ចម្លាក់​នៅ ប្រាសាទ​ក្រវាន់ យ៉ាង​ណា​ក្ដី ។ ដូច្នេះ​ យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​វត្ត​ប្រើស​មាស​ នេះ​ត្រូវ​បាន​កសាង​នៅ​កំឡុង​ពេល​​ជា​មួយ ប្រាសាទ​ក្រវាន់ ក្នុង​រវាង​អន្តរកាល ​រចនា​បថ​បាខែង-កោះ​កេរ្តិ៍ ។ ម៉្យាង​វិញ​ទៀត យើង​ក៏​អាច​បដិសេធ​ការ​លើក​ឡើង​របស់​អ្នក​ប្រាជ្ញ​បារាំង​​ លោក Claude Jaques ដែល​បាន​សរសេរ​ក្នុង​សៀវភៅ Ancient Angkor(2) ថា ៖ […]The five brick sanctuaries of Prasat Kravan are not, at first glance, very prepossessing. However, they contain very fine interior brick bas-reliefs, the only known exemple of their type in Khmer art. […] ដែល​យើង​អាច​បក​ប្រែ​មក​ថា ៖ «ប្រាង្គ​ទាំង ៥ នៃ​ប្រាសាទ​ក្រវាន់ បើ​មើល​តែ​បន្តិច​ ហាក់​មិន​មាន​អ្វី​គួរ​ឲ្យ​ទាក់ទាញ​នោះ​ទេ ។ ក៏ប៉ុន្តែ ប្រាសាទ​នេះ​មាន​ក្បាច់​ចម្លាក់​ខាង​ក្នុង​ពី​ឥដ្ឋ​យ៉ាង​ល្អ​វិចិត្រ, ដែល​ជា​ទម្រង់​តែ​មួយ​គត់​ដែល​គេ​ស្គាល់​នៅ​​ក្នុង​សិល្បៈ​ខ្មែរ » ។ បញ្ហា​នេះ គឺ​ប្រហែល​ដោយ​សារ​ លោក Claude Jacques គាត់​មិន​បាន​ស្គាល់​ ប្រាសាទ​វត្ត​ប្រើស​មាស ។

***

អាន​បន្ថែម ៖

  1. អង្កែ (អង់-កែ) ៖ លុង​ក្នុង​ជញ្ជាំង, ភាសា​អង់គ្លេស​ហៅ​ថា niche
  2. Freeman, M. and Jacques, C. (2003) Ancient Angkor. Bangkok: River Books Ltd, (p. 152)
  3. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ភ្នំត្រប់
  4. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ លំអ​ឆ្លាក់​លើ​ឥដ្ឋ​នៅ​សម័យ​បុរាណ
  5. ប្រាសាទ​តាព្រង (ឯកសារ​ពី CEN)
  6. តាម៉ាប់ & យាយម៉ាប់ ៖ ប្រៀបធៀបចម្លាក់ជញ្ជាំង​នៅ​ប្រាសាទ​នាង​ខ្មៅ និង​ប្រាសាទ​ក្រវាន់
  7. តាម៉ាប់ & យាយម៉ាប់ ៖ ប្រាសាទក្រវាន់
  8. តាម៉ាប់ & យាយម៉ាប់ ៖ ប្រាសាទនាងខ្មៅ
Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 3 មតិ

ប្រាសាទ​គោកខ្វិត


ប្រាសាទ​គោក​ខ្វិត មាន​ទីតាំង​​ស្ថិត​នៅ​ទីធ្លា វត្ត​ប្រាសាទ នៅ​ក្រោយ​សាលា​បឋម​សិក្សា​ស្រះ​បឹង​ ភូមិ​កកោះ ឃុំ​តាំង​ក្រសាំង ស្រុក​បាធាយ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​រាង​បួន​ជ្រុង​ស្មើ​ ធ្វើ​ពី​ថ្មបាយក្រៀម​ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ នៅ​តាម​មុខ​ផ្សេងៗ ទៀត មាន​ទ្វា​បញ្ឆោត ។
  2. ផ្លូវ​ពី​ខាង​កើត និង​ត្រពាំង​មួយ ។

នៅ​ឆ្នាំ​២០០៣ ដំបូល​តួ​ប៉ម​បាក់​បែក ។ ប៉ុន្តែ​ តួ​ប៉ម​នៅ​មាន​លម្អ​​ដោយ​ សសរ​ស្ដម្ភ​ ៨ ជ្រុង ​និង​ផ្ដែរ​ដែល​គ្មាន​ចម្លាក់ (CISARK : 17-June-2007) ។

កាល​ពី​ខ្ញុំ​ទៅ​ដល់​ ប្រាសាទ​គោក​ខ្វិត នេះ នៅ​ខែ​ធ្នូ​ ឆ្នាំ ២០១៣ ខ្ញុំ​ឃើញ​មាន​ការ​កសាង​ជា​វត្ត​ ប៉ុន្តែ​មើល​ទៅ អត្តខាត់ ណាស់ ដោយ​វិហារ​ជញ្ជាំង​ក្ដារ​រនាប នៅ​ទាប​ជាប់​ផ្ទាល់​នឹង​ដី​តែ​ម្ដង ហើយ​ក៏​ដូច​ជា​ខ្សត់​មនុស្ស​ដែរ រក​តែ​នរណា​ម្នាក់​សួរ​នាំ​ឲ្យ​ដឹង​រឿង​បន្តិច​ក៏​មិន​ឃើញ ។ ប្រាសាទ​នេះ​​ស្ថិត​នៅ​ខាង​ជើង​ ផ្សារ​ផ្អាវ ក្នុង​ចម្ងាយ​ដី​ប្រហែល​ជា ១០ គ.ម៉. ក៏​ប៉ុន្តែ អ្នក​នៅ​ម្ដុំ​ ផ្សារ​ផ្អាវ ខ្លះ​មិនទាំង​ស្គាល់ ប្រាសាទ​នេះ និង​ ភ្នំ​ត្រប់ ផង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ជិះ​ទៅ​រក​ទាំង​​ដោយ​មិន​មាន​ព័ត៌មាន​ ត្បិត​អាង​ក្នុង​ដៃ​មាន​ ផែនទី​​បុរាណ​ដ្ឋាន​នៅ​ប្រទេស​កម្ពុជា ស្រាប់ ។

តួ​ប្រាសាទ​ទាំង​មូល​ធ្វើ​ពី​ថ្មបាយក្រៀម (ជា​កម្រ​ណាស់​ដែល​គេ​ធ្វើ​ប្រាសាទ​ពី​ថ្មបាយក្រៀម) ហើយ​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​ ប្រាសាទ​ភ្នំដា នៅ​ខែត្រ​តាកែវ ដែល​អាច​ឲ្យ​ខ្ញុំ​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រាជ្យ ព្រះបាទ​សូរ្យវម៌្ម ទី ១ (១០០២ – ១០៥០) ក្នុង​រចនាបថ ឃ្លាំង? ។

នៅ​ទ្វា​ខាង​កើត មាន​ផ្ដែរ​ចម្លាក់​ល្អល្អះ​មួយ បង្ហាញ​ឈុត​រឿង​រាម​កេរ្តិ៍ ត្រង់​ព្រះ​រាម និង​ព្រះ​លក្ស្មណ៍ ត្រូវ​ព្រួញ​នាគបាស (1) របស់​ឥន្ទ្រជិត ឯ​ទ័ព​ស្វា​ ក៏​យំ​សោក បួងសួង សុំ​ឲ្យ គ្រុឌ មក​ជួយ​បណ្ដេញ​នាគ​ទៅវិញ ។

ខ្វិត០៦

ក្បាច់ចម្លាក់​ល្អ​ប្រណិត

 

***

  1. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ព្រះ​លក្ស្មណ៍​ត្រូវ​សរ​នាគបាស
Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | 3 មតិ

ប្រាសាទ​គុក​អំពិលទ្វារ


ប្រាសាទ​គុក​អំពិល​ទ្វារ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីធ្លា​ វត្ត​ប្រាសាទ​មង្គល ភូមិ​ស្ល​ក្រាម ឬ​ភូមិ​កកោះ ឃុំ​សំពង​ជ័យ ស្រុក​ជើង​ព្រៃ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦០ ចម្ងាយ​ប្រមាណ ១៧ គ.ម៉. ខាង​ជើង​​ផ្សារ​ព្រៃ​ទទឹង ​ ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​ ៣ រាង​បួន​ជ្រុង​ស្មើ ធ្វើ​ពី​ឥដ្ឋ​ សង់​លើ​ខឿន​តែ​មួយ បែរ​មុខ​ទៅ​កើត​ រត់​ជួរ​ជើង-ត្បូង ។ តួ​ប៉ម​កណ្ដាល​ធំ​ជាង​គេ មាន​ទ្វារ​បញ្ឆោត​ធ្វើ​អំពី​ឥដ្ឋ​នៅ​ទិស​សំខាន់​ផ្សេងៗ ទៀត ។ នៅ​ជុំវិញ​មាន​កំពែង​​ថ្ម​បាយ​ក្រៀម​ មាន​ខ្លោង​ទ្វារ​នៅ​ខាង​កើត ។
  2. កំពែង​ថ្ម​បាយ​ក្រៀម ។
  3. ខ្លោង​ទ្វារ​កំពែង​ពី​ខាង​កើត ។ (CISARK : 27-Aug-2009)

កាល​ពី​ខ្ញុំ​បាន​ទៅ​ដល់​ទីតាំង​ ប្រាសាទ​គុក​អំពិល​ទ្វារ នេះ​ នៅ​ខែ​ធ្នូ ឆ្នាំ ២០១៣ ខ្ញុំ​បាន​ប្រទះ​ឃើញ​នៅ​សល់​ប្រាង្គ​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​ប្រាង្គ​កណ្ដាល​ មិន​ដូច​អ្វី​​ដែល​ឯកសារ​បាន​អះអាង​នោះ​ឡើយ ក៏​ប៉ុន្តែ​​ខ្ញុំ​មិន​បាន​ដឹង​ថា​ប្រាង្គ​ឆ្វេង​ ស្ដាំ​ដួល​រលំ​តាំង​ពី​ពេល​ណា​នោះ​ទេ ។ ម៉្យាង​វិញ​ទៀត ខ្ញុំ​ឃើញ​មាន​ការ​កែកុន​ជា​ច្រើន​ ដូច​ជា​ការ​សាង​សង់​​រោង​ស៊ីម៉ង់​មាន​ដំបូល​ស្រួច​គ្រប​ពី​លើ, ការ​សាងសង់​​សត្វ​តំណាង​ឆ្នាំ​ទាំង ១២ នៅ​ជុំ​វិញ​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ និង ការ​ចាក់​ដី​បំពេញ​​ក្នុង​​បរិវេណ​កំពែង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ជា​ខ្លាំង ។ ថ្វី​ត្បិត​តែ​ជា​ទី​សក្ការ​បូជា ដែល​គួរ​ថែ​រក្សា ក៏​ប៉ុន្តែ​មិន​គួរ​ឲ្យ​មាន​ការ​កែ​កុន​ ឬ​សាង​សង់​បន្ថែម​ពី​លើ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​បាត់​បង់​សភាព​ដើម ដែល​កំពុង​តែ​ខូច​ខាត​ស្រាប់​នោះ​ទេ ។

ប្រាង្គ​ដែល​នៅ​សល់​តែ ១ មាន​ចម្លាក់​ផ្ដែរ​​ដែល​នៅ​ល្អ​ស្អាត ជា​រូប​មនុស្ស​ជិះ​ដំរី (ប្រហែល​ជា​ព្រះ​ឥន្ទ) ដែល​ជួយ​ឲ្យ​យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រចនាបថ​ កោះកេរ្តិ៍ ។

អំពិល០៨

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ប្រាសាទ​គុកយាយ​ហម


ប្រាសាទ​គុក​យាយ​ហម មាន​ទី​តាំង​ស្ថិត​នៅ​ ភូមិ​សង្កែ ឃុំ​ព្រៃឈរ ស្រុក​ព្រៃឈរ ខែត្រ​កំពង់ចាម ។ យើង​អាច​ចូល​ទៅ​ប្រាសាទ​នេះ​បាន​តាម​ខ្លោង​ទ្វារ​ វត្ត​សង្កែ បន្ទាប់​មក​ជិះ​ហួស​ទៅ​ខាង​ជើង​វត្ត​ប្រមាណ​ ១ គ.ម៉ នឹង​ឃើញ​កំពូល​ប្រាសាទ​ពី​ថ្ម​ភក់​លេច​ឡើង​នៅ​ខាង​ស្ដាំ​ដៃ នៅ​លើ​ទួល​​មួយ​មិន​លិច​ទឹក ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​មួយ​រាង​បួន​ជ្រុង​ស្មើ ធ្វើ​ពី​ថ្ម​ភក់​ សង់​លើ​ខឿន​ថ្មបាយក្រៀម មាន​ទ្វារ​ចូល​តាម​ទិស​សំខាន់​ទាំង ៤ តាម​យ៉​មួយៗ ។
  2. ប៉ម​ ២ ទៀត​ធ្វើ​ពី​ឥដ្ឋ ស្ថិត​នៅ​ខាង​លិច​ដោយ​សង់​លើ​ខឿន​ជា​មួយ​ប៉ម​ទី ១ (បាក់​បែក​តាំង​ពី​ដើម​ ស.វ. ទី ២០) ។
  3. កំពែង​ទី ១ ធ្វើ​ពី​ថ្ម​បាយ​ក្រៀម​ និង​មាន​កសិណ​ទី ១ ព័ទ្ធ​ពី​ខាង​ក្រៅ ។
  4. កំពែង​ទី ២ ធ្វើ​​ពី​ដី និង​មាន​កសិណ​ទី ២ ព័ទ្ធ​ពី​ខាង​ក្រៅ ។
  5. ស្រះ​ទឹក​បុរាណ​ ២ អម​សង​ខាង​ផ្លូវ​ចូល និង​ស្រះ​ទឹក​បុរាណ​មួយ​ទៀត​ ស្ថិត​នៅ​ខាង​ត្បូង ។
  6. នៅ​លើ​ផ្លូវ​ចូល​មាន​ខ្លោង​ទ្វារ​បាក់​បែក​មួយ ។
  7. ទន្លេ​អុំ​ ស្ថិត​នៅ​ខាង​កើត​ឆៀង​ខាង​ជើង​បន្តិច ។

ទី​នេះ​មាន​ រូប​ចម្លាក់​ជា​ច្រើន​ធ្វើ​ពី​ថ្ម​ភក់, សសរស្ដម្ភ​ ៨ ជ្រុង, ផ្ដែរ​ជា​ផ្ទាំង, បល្ល័ង្ក​ជា​ច្រើន, និង​សិលា​ចារឹក​ K. ៨៦ ត្រូវ​បាន​គេ​យក​ទៅ​ទុក​នៅ​ វត្ត​សង្កែ ដែល​ស្ថិត​នៅ​ក្បែរ​នោះ ។ នៅ​ឆ្នាំ​ ២០០៤ ទីនេះ​ គេ​រក​ឃើញ​សិលាចារឹក​មួយ​ចំនួន​ទៀត ដែល​ភាគ​ច្រើន​ចារ​ជា​រូប​សញ្ញា (CISARK: 21-Nov-2006) ។

លោក​សាស្ត្រាចារ្យ​ វង់​.សុធារ៉ា បាន​ប្រាប់​ខ្ញុំ​ថា «លោក George Cœdès សង្ស័យ​ថា​ទីតាំង​នេះ ជា​ភូមិ​កំណើត​នៃ​ ព្រះ​នាង​ជ័យរាជទេវី និង​ព្រះ​នាង​ឥន្ទ្រទេវី អគ្គ​មហេសី​នៃ ព្រះ​បាទ​ជ័យវម៌្ម ទី ៧ ។» លោក​បាន​បន្ត​ទៀត​ថា «ប្រាសាទ​នេះ​ត្រូវ​បាន​សាងសង់​ក្នុង​រចនាបថ​បាយ័ន​ ដើម្បី​ឧទ្ទិស​ដល់​ពុទ្ធ​សាសនា​មហាយាន»  ។ ចំពោះ​សិលាចារឹក K. ៨៦ វិញ​ ជា​អត្ថបទ​និយាយ​សរសើរ​ពី​ស្ត្រី​​អភិជន​ម្នាក់​ដែល​​​​យក​ឈ្មោះ លក្ស្មី មក​ដាក់​ជា​ឈ្មោះ​ខ្លួន ។ ឈ្មោះ​ លក្ស្មី នេះ​ ត្រូវ​បាន​ប្រើ​ជា​ញឹកញយ​​ជា​ព្រះនាម​មហេសី​ស្ដេច​ក្នុង​រាជវង្ស មហីធបុរៈ រាប់​តាំង​ពី រាជ្យ​ព្រះបាទ ជ័យវម្ម៌ ទី ៦ មក ។

***

អាន​បន្ថែម ៖

  1. ព័ត៌មាន ៖ ប្រាសាទ​គុក​យាយ​ហម​ត្រូវ​ជីកកកាយ​ធ្ងន់ធ្ងរ
Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

ទួល​ព្រះធាតុ​ជ្រួល


ទួលព្រះធាតុជ្រួល មានទីតាំងស្ថិតនៅ ភូមិជ្រួល ឃុំចក ស្រុកអូរាំងឪ ខែត្រកំពង់ចាម ។ ទួលនេះ ស្ថិតនៅខាងកើត បឹងព្រះពិត (បឹងកំពិត?) ប្រមាណ ២០០ ម៉. (1) និងស្ថិតនៅខាងជើង វត្តភូមិជ្រួល ។ ប្រាសាទឥដ្ឋ រាងបួនជ្រុងស្មើ បែកបាក់នៅសល់តែជញ្ជាំងខាងជើង និងខាងលិច ។ ប្រាសាទនេះបែរមុខទៅកើត និងមានព្រះពុទ្ធរូបមួយអង្គ ។ ដល់មកឆ្នាំ ២០០៣ ជញ្ជាំងប្រាសាទក៏បាក់បែកអស់ នៅសល់តែសំណល់ឥដ្ឋ, ថ្មបាយក្រៀម, បល្ល័ង្កពីរ និងផ្ទាំងថ្មភក់ (CISARK:  21-Nov-2006) ។

កាលពីខ្ញុំបានទៅដល់ ទីទួលព្រះធាតុជ្រួល នេះ កាលពីបុណ្យចូលឆ្នាំខ្មែរ ព.ស. ២៥៥៨ (គ.ស. ២០១៤) ទួលនេះបានក្លាយជា ទីកប់ខ្មោច ដល់មានផ្នូរប្រហែលជា ១០ នៅជុំវិញនេះ ។

***

  1. ចំពោះទីតាំងទួលដែលដាក់ថា ចម្ងាយប្រមាណ ២០០ ម៉. ខាងកើត បឹងព្រះពិត (អ្នកស្រុកហៅថា បឹងកំពិត) គឺ មិនត្រឹមត្រូវនោះទេ ។ ចម្ងាយត្រឹមត្រូវ គឺប្រហែលជា ២០.០០០ ម៉ (២០ គ.ម៉. ) ។

ជ្រោល០៨

 

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: