Monthly Archives: ខែវិច្ឆិកា 2014

​សារសំខាន់​នៃ​ប្រាសាទ​ជើង​អង្គ


នៅ​ក្នុង ​រាជធានី​​ស្រឡប់​ដូន​តី​ពិជ័យ​ព្រៃនគរ​ នៅ​ខែត្រ​កំពង់ចាម​កន្លងមក យើង​បាន​កត់​សម្គាល់​​នូវ​​​វត្តមាន​នៃ​ប្រាង្គ​​ប្រាសាទ​​នា​​សម័យ​​បុ​រេ​អ​ង្គ​រ​ មួយ​ចំនួន ​។ ដោយ​សារ​តែ​វត្តមាន​​របស់​​បូជនីយដ្ឋាន​​បែប​​ព្រហ្មញ្ញសាសនា​ទាំងនោះ ទើប​យើង​បាន​ទទួល​ស្គាល់​ថា មុននឹង​ក្លាយទៅជា​ព្រះរាជា​ធានី​របស់​ស្តេច​កន នា​ដើម​ ស​.​វ​.ទី ​១៦ តំបន់​ខាងលើ​នេះ​ ធ្លាប់​ជា​មជ្ឈមណ្ឌល​វប្បធម៌​យ៉ាង​សំខាន់​មួយ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា ​រួច​ទៅ​ហើយ​ ។

មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​សន្និដ្ឋាន​ដូច្នេះ គឺ​បណ្ដាល​មកពី​បុព្វការី​ជន​បាន​ទុក​នូវ​កេរ្តិ៍​ដំណែល​​វប្បធម៌ គ្រប់​សម័យ​កាល​នៅ​ទីនោះ ដែល​បង្ហាញ​បញ្ជាក់​យើង​​អំពី​​ចំណាស់​​នៃ​ប្រវត្តិសាស្ត្រ​ក្នុង​ភូមិ​ភាគ​នេះ​ ។ ហើយ​ម្យ៉ាង​វិញ​ទៀត ស្ថានភាព​នេះ​ក៏​បង្ហាញ​ឲ្យ​ដឹង​ផង​ដែរ​ថា មិនមែន ​ស្ដេច​កន ស្ដេច​ជ្រែករាជ្យ​ទេ ដែល​បាន​ស្ថាបនា​ប្រាង្គ​ប្រាសាទ​​​ទាំង​នោះ​​ឡើង ដូច​ករណី​ ប្រាសាទ​ជើង​អង្គ ដែល​យើង​និង​ពិនិត្យ​នៅ​ខាងក្រោម​នេះ​ ។

រូបភាព ១-២ :​តួ​ប្រាសាទ និង​សិលាចារឹក K. 99/Ka 288 (​ម​.​ត ១៩៩៨)

ប្រាសាទ​ឥដ្ឋ​ទោល​នេះ ដែល​ស្ថិត​ក្នុង ភូមិ​ជើង​អង្គ នៅ​ខាងជើង​ឆៀង​​​ខាងកើត​នៃ ​បន្ទាយ​ព្រៃនគរ ស្រុក​​ត្បូងឃ្មុំ ខែត្រ​កំពង់ចាម ​បច្ចុប្បន្ន ត្រូវ​បាន​សាងសង់​ដោយ​ ព្រះបាទ​ជ័យ​វរ្ម័ន ទី​៤ (៩២៤-៩៤១) ដើម្បី​ឧទ្ទិស​ដល់ ​ព្រះ​សិវៈ ដូច​ខ្លឹមសារ​នៃ​ផ្ទាំង​សិលាចារឹក​មួយ​ផ្ទាំង (K.99/Ka 288) ជា​ភស្តុតាង​ស្រាប់​ ។ សូម​ជម្រាប​ថា តាម​ខ្លឹមសារ​នៃ​សិលាចារឹក ជា​ភាសា​ខ្មែរ​-សំស្ក្រឹត នៅ​ក្លោង​ទ្វារ​ខាងជើង​នៃ​ប្រាសាទ​ ។ ប្រាសាទ​ជើង​អង្គ ដែល​បែរមុខ​ទៅ​ទិស​ខាងកើត ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ ​ឆ្នាំ ៨៤៤​ ឝក ត្រូវ​​និង​គ​.​ស. ៩២៣​ ។ សូម​រំឭក​ថា បូជនីយដ្ឋាន​នេះ មាន​រាង​បួន​​ជ្រុង​ស្មើ និង​ទំហំ​ប្រមាណ​ជា ៤​ ម៉. x ៤​ ម៉. និង​កម្ពស់​ប្រមាណ​ជា ៦ ម៉. ស្ថិត​​នៅ​លើ​ទួល​មួយ​ខ្ពស់​ពី​ដី​ ។​

បូជនីយដ្ឋាន​សម័យ​អង្គ​រ​នេះ ស្ថិត​ក្នុង​រចនា​បថ​​កោះ​កេរ្តិ៍ ហើយ​បាន​បន្សល់​នូវ​សសរ​ពេជ្រ និង​ក្បាច់​ផ្ដែរ​មួយ​ដែល​​រេច​រិល គួរ​ឲ្យ​អាណិតអាសូរ​ណាស់ ​។ តាម​ពិត​​ទៅ​ភិនភាគ​នៃ​ប្រាសាទ​នេះ មិន​មាន​លក្ខណៈ​ខុសគ្នា​ប៉ុន្មាន​ទៅ​នឹង​ប្រាង្គ​ប្រាសាទ​ដទៃ​ៗ ឯទៀត ដែល​ត្រូវ​បាន​កសាង​ឡើង​ដោយ​វិចិត្រករ​ក្នុង​រាជ្យ​របស់​ ព្រះបាទ​ជ័យវរ្ម័ន​ ទី ​៤​នោះ​ទេ​ ។ វត្តមាន​របស់​ប្រាសាទ​នេះ ជា​ព័ត៌មាន​ពិត​ដែល​គេ​ពុំ​អាច​ប្រកែក​បាន ស្ដី​ពី​វិសាលភាព​នៃ​ភូមិសាស្ត្រ ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ព្រះរាជា​អង្គ​ខាង​លើ​នេះ​ ។​

តើ​ហេតុអ្វី​បានជា ​រចនា​បថ​​កោះ​កេរ្តិ៍ ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​តំបន់​នេះ ​?

ចម្លើយ​គឺ អំណាច​របស់​ព្រះមហាក្សត្រ​អង្គ​នេះ​បាន​លាតសន្ធឹង​ពី ​ខែត្រ​ព្រះវិហារ រួមមាន​ខែត្រ​មួយ​ចំនួន​នៅ​លើ​ខ្ពង់រាប​​នគររាជ​សីមា ដូច​ ​ខែត្រ​​បុរីរម្យ និង​នគររាជ​សីមា​ ជា​អាថ៌ ដល់​ភូមិភាគ​នេះ​យ៉ាង​ប្រាកដ​ ៕

ដោយ ៖ ​ម​.​ត្រា​ណេ

***

អត្ថបទ​ដើម ៖ CEN : សារសំខាន់​នៃ​ប្រាសាទ​ជើង​អង្គ នៅ​ខេត្តកំពង់ចាម​

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: