***
អត្ថបទដើម ៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ភ្នំត្រប់
អានបន្ថែម ៖ ប្រាសាទវត្តប្រើសមាស
មុន ឥណ្ឌូរូបនីយកម្ម បុព្វការីជនខ្មែរបានស្គាល់វឌ្ឍនភាពគ្រប់វិស័យរួចទៅហើយ ដូចមាន វិស័យសិប្បកម្ម ស្ថាបត្យកម្ម ជាភស្តុតាងស្រាប់ ។ បន្ថែមជាមួយនេះដែរ ពួកគេក៏មានការប្រាស្រ័យទាក់ទងខាងពាណិជ្ជកម្មជាមួយប្រទេសជិតខាងខាង ជាពិសេស ប្រទេសចិន មុនការបង្កើត រដ្ឋហ្វូ-ណន នាដើមសតវត្សទី ១ នៃគ.ស ។
យោងតាមការសិក្សាស្រាវជ្រាវខាងបុរាណវិទ្យា យើងបានដឹងថា មានការនាំចូលពី ប្រទេសចិន នូវរបស់ប្រើប្រាស់មួយចំនួន ដូចជា ស្គរមហោរធឹក និងថ្មយក់ សម្រាប់ធ្វើគ្រឿងអលង្ការជាដើម ចូលមកក្នុងដែនដីសុវណ្ណភូមិ ។ សូមបញ្ជាក់ថា តាមភូមិសាស្ត្រជាប្រវត្តិសាស្ត្រ សុវណ្ណភូមិ នៅទីនេះ គឺសំដៅ ប្រទេសហ្វូ-ណន ឬអតីតទឹកដីកម្ពុជា ប្រទេសភូមា អតីតទឹកដីមន ប្រទេសចម្ប៉ា ជ្រោយម៉ាឡាយូ និងប្រទេសឥណ្ឌូណេស៊ី ដោយហេតុថាប្រទេសថៃ ឬ ឡាវ/លាវ និងប្រទេសវៀតណាមខាងត្បូង មិនទាន់ចាប់បដិសន្ធិក្នុងទឹកដីខ្មែរបុរាណនៅឡើយទេ ។
ថ្មីៗនេះ នៅលើទួលមួយ ចម្ងាយប្រហែលជាមួយគីឡូម៉ែត្រពី ភូមិពាម ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា គេបានរកឃើញនូវស្គរមហោរធឹកមួយ ។ សូមជម្រាបថា ស្គរនេះ ធ្វើពីសំរឹទ្ធ ដែលមានទម្ងន់ប្រមាណជា ៤គីឡូក្រាម (Cf. សូមមើល កោះសន្តិភាព ថ្ងៃទី ០៤-០៥ ខែធ្នូ ឆ្នាំ ២០១០) ជាភស្តុតាងជាក់ស្ដែងមួយបង្ហាញឲ្យដឹងនូវទំនាក់ទំនងខាងពាណិជ្ជកម្ម រវាងខ្មែរ និងចិនយ៉ាងប្រាកដ ។
សូមជម្រាបថា ពីមុនគេធ្លាប់រកឃើញនូវស្គរ ឬបំណែកស្គរមហោរធឹកមួយចំនួន នៅលើទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ដូចនៅ ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យជាដើម តែនេះជាលើកទីមួយហើយដែលស្គរប្រភេទនេះ ដែលមានរូបរាងពេញ ត្រូវបានជួបប្រទះនៅលើទឹកដី ខេត្តកំពង់ចាម ៕
ដោយ ៖ ម. ត្រាណេ
អត្ថបទដើម ៖ CEN : កំណត់ហេតុ ស្ដីពីស្គរមហោរធឹកមួយ នៅខេត្តកំពង់ចាម
អានបន្ថែម ៖