វត្តជ័យគីរី ឬហៅតាមទម្លាប់ថា វត្តភ្នំហាន់ជ័យ ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រខាងជើងក្រុងកំពង់ចាម។ ក្នុងប្លុកនេះ ធ្លាប់មានអត្ថបទមួយចំនួនអំពីភ្នំនេះដែរ ដោយដកស្រង់មកពីប្រភពនានា ដូច្នេះខ្ញុំមិននិយាយវែងឆ្ងាយអ្វីទាក់ទងនឹងរឿងនេះទៀតទេ។ ក្នុងប្រកាសនេះ ខ្ញុំសូមបង្ហាញពីចារឹកមួយនៅផ្នែកខាងលិចនៃខ្លោងទ្វារខាងកើត នៃវិហារវត្តជ័យគិរីនេះឯង។ រូបថត និងអត្ថបទជាសំណេរបុរាណ (សំណេរតាមនិយាយ) នេះ ថត និងចម្លងជាថ្មីដោយលោក ហ៊ុន ឈុនតេង។ ឯសំណេរបច្ចុប្បន្នដែលខ្ញុំសរសេរនេះ ក៏ទទួលបានការជួយតម្រែតម្រង់ពីលោកដែរ។

រូបថត និងអត្ថបទ៖ ហ៊ុន ឈុនតេង
សំណេរបច្ចុប្បន្ន
វត្តភ្នំមានជ័យគិរីមង្គលឧត្តម
៙ថ្ងៃអាទិត្យ ១១រោជ ខែជេស្ឋ នៅក្នុងវស្សានរដូវ ឆ្នាំជូត នក្សត្រ ឆស័ក សិរីសុភមស្តុវរៈមង្គលាជ័យាតិរេក ព្រះពុទ្ធសករាជព្រះសាសនាកន្លងបានហើយ ២៤៦៧ ព្រះវស្សា សល់ខាននៅ ២៥២៣ ព្រះវស្សាសិរី ក៏ជួបចប់គ្រប់គ្រាន់ជួនជា ៥ពាន់ព្រះវស្សា ស្រេចបរិបូណ៌ហោង៕៙៚ លោកគ្រូចៅអធិការ (កើត) និងភិក្ខុ សាមណេរ ឧបាសក ជើងវត្តឆ្ងាយជិត ខ្មែរចិន មានចិត្តសទ្ធាកសាង ព្រះចេតិយតម្កល់ព្រះពុទ្ធរូប និងព្រះធាតុព្រះឧប្បជ្ឈាព្រះនាមឈ្មោះ (ហង់) និងក្លោងទ្វារតាំងថ្វាយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រះរតនត្រៃ កែវទាំងបី ខ្ញុំសូមប្រាថ្នាឱ្យបានសេចក្ដីសុខសម្រេចមគ្គផលដល់សម្បត្តិសួគ៌ និព្វាន បច្ចយោ ហោន្តុ។៚
ពន្យល់ពាក្យ
- ថ្ងៃចាប់រាប់ពីថ្ងៃអាទិត្យ, ១ = អាទិត្យ, ២ = ចន្ទ…
- ᧡ គឺ ១កើត,᧢ គឺ ២កើត…
- ᧱ គឺ ១រោជ, ᧲ គឺ ២រោជ…
- ខែចាប់រាប់ពីខែមិគសិរ, ១ = មិគសិរ, ២ = បុស្ស…
- ពុទ្ធសករាជ ២៤៦៧ ត្រូវនឹងគ្រឹស្តសករាជ ១៩២៣
- សិរីសុភមស្តុវរៈមង្គលាជ័យាតិរេក ជាពាក្យប្រារព្ធដែលគេឃើញមានជាហូរហែនៅលើចារឹកនៅសម័យកណ្ដាល
- សួរ នេះជាសំណេរនៃពាក្យ «សួគ៌» ត្បិតថាសព្វថ្ងៃយើងសរសេរតាមសំណេរដើម (ស្វគ៌, ដូរ ្វ ទៅជា ួ) ក៏យើងនៅតែនិយាយ និងអានថា /សួ/ ដូច្នេះហើយទើបពេលនោះ គេសរសេរតាមនិយាយ។ ខ្មែរនៅសុរិន្ទ្រ គាត់នៅបញ្ចេញសំឡេង /រ/ នៅឡើយ។
- ន្យីពានអ្នក នេះជាសំណេរនៃពាក្យ «និព្វាន» នេះឯង តែថែម «អ្នក» ដើម្បីបញ្ចេញខ្យល់ដូចក្នុងភាសាបាលីដែលបញ្ចប់ដោយ «ន»។ តាមសំណេរ គេគួរអានជា /នី-ពាន-នៈ/ មិនមែន /និ-ពា-នៈ/ ទេ។ វាបង្ហាញឲ្យឃើញពីការប្រែប្រួលអំណាន «និព្វាន» ខុសពីបាលី បាលីអានជា /និព-ពា-នៈ/
- និព្វាន បច្ចយោ ហោន្តុ៖ ដោយអំណាចនៃធម្មទាននេះ សូមបានជាបច្ច័យសម្រេចដល់ព្រះនិព្វានទៅហោង!!!
***
អានបន្ថែម៖
Like this:
ចូលចិត្ត កំពុងផ្ទុក...