ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨ ដោយ៖ យ៉ាន់ ចាត់ថេត
ខេត្តកំពង់ចាម ៖ ភ្នំបែកពាងនៅជាប់នឹងផ្លូវជាតិលេខ៦ ក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ដែលមានថ្មមួយផ្ទាំងធំនៅលើភ្នំ ដែលមានសណ្ឋានដូចក្បាលដំរី ។ ហើយជារៀងរាល់ថ្ងៃពុទ្ធបរិស័ទចំណុះជើងវត្តដិល រួមនឹងចៅអធិការវត្តបានរៀបចំបុណ្យដារភ្នំ បានធ្វើឡើងរាល់ឆ្នាំមិនដែលអាក់ខាននោះទេ ដើម្បីបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ។
លោកតាដែលជាចាស់ទុំម្នាក់ឈ្មោះ គង់ ងួន អាយុ៨២ឆ្នាំ មានផ្ទះនៅជិតជើងភ្នំខាងលើ មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ឧសភា ២០១៨ ថា គាត់បានកើតនៅក្នុងភូមិភ្នំបែកពាងនេះតែម្តង កាលគាត់នៅពីកុមារភាពលំនៅឋានមានតែចំនួន២ខ្នងប៉ុណ្ណោះគឺផ្ទះឪពុកម្តាយរបស់គាត់ និងផ្ទះម្តាយមីង ដែលពីសម័យមុនមានសំបូរទៅដោយដើមឈើធំៗ ហើយខ្ពស់មានម្លប់ត្រឈឹងត្រឈៃដុះនៅជុំវិញភ្នំ ជាមួយនោះថែមទាំងសំបូរសត្វព្រៃមានខ្លា ដំរី និងប្រភេទសត្វផ្សេងៗទៀតជាច្រើន។ នៅពេលព្រលប់ ត្រូវដុតភ្លើងគប់នៅក្បែរផ្ទះមួយយប់ទល់ភ្លឺ ដើម្បីការពារកុំឲ្យសត្វខ្លាចូលមក។
លោកតាបានរំលឹកថា កាលពីជំនាន់ស្តេចមុនៗពេលដែលមកកសាងសមិទ្ធផលនៅលើភ្នំដិល លុះពេលទំនេរ ស្តេចទ្រង់បានយាងមកភ្នំបែកពាងនេះ ជាមួយនឹងពលបរិវារដើម្បីបរបាញ់សត្វព្រៃជាការកំសាន្តផងដែរ។ បើតាមប្រវត្តិភ្នំបែកបែកពាងនេះ ឫហៅភ្នំតាកៅ ដោយមានដំរីដេញជល់គ្នារត់ទៅរត់មកត្រង់ចំណុចភ្នំជាលា ហើយរត់មកដល់ខាងកើតភ្នំក៏ជាន់ពាងចាមបែកអស់ ក៏គេហៅថាភ្នំបែកពាងមកដល់សព្វថ្ងៃនេះ។
ដោយសារតែប្រទេសកម្ពុជាឆ្លងកាត់ភ្លើងសង្គ្រាមក្នុងសម័យលន់ នល់ ព្រៃឈើនៅជុំវិញភ្នំត្រូវបានកាប់បំផ្លាញ និងមកដល់របបប្រល័យពូជសាសន៍ប៉ុលពត អស់ទាំងព្រៃ និងសត្វ ហើយសត្វបានរត់ចេញទៅឆ្ងាយៗអស់ ។ នៅលើភ្នំមិនមានការកសាងអ្វីនោះទេ តែកាលពីដើមឲ្យតែដល់ពេលរដូវបុណ្យដារភ្នំ ចាស់ៗតែងតែនាំគ្នាប្រឹងដើរឡើងទៅលើភ្នំទាំងលំបាកដើម្បីបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ពេលដែលត្រូវធ្វើបុណ្យដារភ្នំ ដោយមានការដឹកនាំពីព្រះចៅអធិការវត្តភ្នំដិល រួមនឹងពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើតែនៅជើងភ្នំរាល់ឆ្នាំមិនដែលអាក់ខានម្តងណាទេ ។ ហើយមូលហេតុដែលមិនឡើងទៅលើភ្នំនោះ ដោយសារតែពិបាកឡើង មិនមានជណ្តើរឡើង អ្នកភូមិចង់បានជណ្តើរថ្មឡើងទៅលើភ្នំណាស់ តែមិនមានបច្ច័យសម្រាប់សាងសង់ ។ តាមការសង្កេតនៅថ្ងៃចុងសប្តាហ៍គាត់តែងតែឃើញមានជនជាតិបារាំងជាច្រើននាក់នាំគ្នាមកដាក់ខ្សែពួឡើងទៅលើភ្នំកំសាន្តលេងផងដែរ ។
លោកជួន សុផាត ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថា ទាក់ទងទៅនឹងរឿងប្រវត្តិភ្នំបែកពាង ខាងលើ មន្ទីរមិនទាន់មានឯកសារណាមួយច្បាស់លាស់នៅឡើយ ។ តែលោកគ្រោងនឹងចាត់ឲ្យមន្ត្រីវប្បធម៌ចុះស្រាវជ្រាវ ដោយសួរចាស់ទុំនៅទីនោះដើម្បីចងក្រងជាសៀវភៅសម្រាប់ទុកជាឯកសារផងដែរ ៕
ចម្លងចេញទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ ភាពអស្ចារ្យនៃភ្នំបែកពាងទាក់ទាញរហូតដល់ភ្ញៀវបរទេសមកទស្សនាយ៉ាងច្រើន