Monthly Archives: ខែតុលា 2018

ព័ត៌មាន៖ ប្រវត្តិ​ស្ពាន​ឫស្សី​នៅ​ខេត្ត​កំពង់ចាម


ថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖ សុខ សូត្រប្រាថ្នា

ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស នៅ​ខេត្ត​កំពង់ចាម ដែល​ធ្វើ​សម្រាប់​ឆ្លងកាត់​ទន្លេ​មេគង្គ ពី​ក្រុង​កំពង់ចាម ទៅ​កាន់​ទឹក​ដី​កោះ​មួយ​ចំនួន​រួមមាន​កោះ​ប៉ែន កោះ​មិត្ត កោះ​ព្រលូង កោះសូទិន ជាដើម។ ស្ពាន​មួយ​នេះ បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ដី​កោះ និង​ដី​គោក អាច​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក ម្យ៉ាង​ប្រយោជន៍​មួយ​ផ្នែក​ទៀត គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ទៀត​ផង។

តើ​ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស​នេះ មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ស្ពាន​ឫស្សី ដែល​មើល​ទៅ​មាន​ប្រវែង​ដាច់​កន្ទុយ​ភ្នែក សម្រាប់​ផ្សារភ្ជាប់​រវាង​ប្រជាពលរដ្ឋ​ដីគោក និង​ពលរដ្ឋ​រស់​នៅ​ដី​កោះ ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម។ ស្ពាន​នេះ មាន​ប្រវែង​ជិត ១​ពាន់​ម៉ែត្រ កសាង​ឡើង​សម្រាប់​ឆ្លង​កាត់​នៅ​រដូវប្រាំង ហើយ​រដូវវស្សា​ត្រូវ​ជំនួស​ដោយ​ទូកដ ឬ​សាឡាង។ ស្ពាន​ឫស្សី មិន​ត្រឹមតែ​សម្រាប់​ភ្ជាប់​ពី​ក្រុង​កំពង់ចាម ទៅកាន់​កោះ​ប៉ែន ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​រស់​នៅ​ទឹកដី​ស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជួយ​ដល់​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេ​មេគង្គ​នៅ​រដូវ​ប្រាំង ទៅ​លេង​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ទៀត​ផង។

ម្ចាស់​កំពង់ចម្លង​កោះ​ប៉ែន លោក យ៉ុង អូន មាន​ប្រសាសន៍​ថា ស្ពាន​ឫស្សី​នេះ ត្រូវ​បាន​អ្នក​ស្រុក​បង្កើត​ឡើង​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក។ លោក​បន្ត​ថា មូលហេតុ​នាំ​ឱ្យ​ខ្មែរ​ជំនាន់​នោះ​បង្កើត​ឡើង ព្រោះ​ទីតាំង​ឆ្លង​កាត់​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​ដី​កោះ គឺ​អាច​ឆ្លង​ទូក​បានតែ​នៅ​រដូវវស្សា​ប៉ុណ្ណោះ រី​ឯ​រដូវ​ប្រាំង មាន​ខ្សាច់​ដុះ​កាន់​តែ​ច្រើន ធ្វើ​ឱ្យ​ទូក​មិន​អាច​បើក​ឆ្លង​កាត់​បាន។ លោក​បន្ត​ថា មូលហេតុ​នេះ​ហើយ​ដែល​នាំ​ឱ្យ​ខ្មែរ​ជំនាន់​នោះ​បង្កើត​ជា​គំនិត​ច្នៃប្រឌិត ដោយ​ប្រើ​ឫស្សី​ធ្វើ​ជា​ស្ពាន​បែប​នេះ​ឡើង៖ «នៅ​ឆ្នាំ​១៩៦០ ប្លាយ​ហ្នឹង វា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ដោយសារ​ប្រដឹស​នេះ វា​ធ្វើ​ជំនួស​ទូក​ដ ព្រោះ​ថា ទឹក​ស្រក​ទៅ​វា​ចម្លង​ទូក​អត់​កើត»។ លោក​បន្ថែម​ទៀត​ថា ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស មិន​មាន​វត្តមាន​ឡើយ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ឬ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ហើយ​ស្ពាន​នេះ ចាប់​មាន​កំណើត​ឡើង​វិញ​នៅ​ក្រោយ​របប​នេះ​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩។

​ស្ពាន​ឫស្សី មាន​ប្រវែង​ប្រមាណ ៨០០ ទៅ ៩០០​ម៉ែត្រ។ ស្ពាន​នេះ ធ្វើ​ឡើង​អំពី​ឫស្សីក្រង ឬ​ត្បាញ​ភ្ជាប់​គ្នា ព្រមទាំង​មាន​ជន្ទល់ ឬ​ជើង​ស្ពាន​យ៉ាង​ញឹកស្អេក​ប្រៀប​ដូច​ជើង​សត្វ​ក្អែប ហើយ​ចង​ភ្ជាប់​គ្នា​ដោយ​ខ្សែលួស។ ស្ពាន​ប្រដឹស ត្រូវ​ចំណាយ​ឫស្សី​ប្រមាណ ៤​ម៉ឺន​ដើម ហើយ​ឫស្សី​ទាំង​នោះ​ជា​រៀងរាល់​ឆ្នាំ​ម្ចាស់​កំពង់​ចម្លង​ត្រូវ​ទិញ​ឫស្សីព្រៃ ពី​ខេត្ត​ក្រចេះ។ តាម​បណ្ដោយ​ស្ពាន​នៅ​ពេល​យប់ មាន​ដាក់​ជា​អំពូល​ភ្លើង​មួយៗ ដើម្បី​បំភ្លឺ​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ។

លោក យ៉ុង អូន បញ្ជាក់​ថា នៅ​ពេល​រដូវវស្សា​ចូល​មក​ដល់ ស្ពាន​ឫស្សី​នេះ ត្រូវ​បាន​លោក​រុះរើ​ទុក​សម្រាប់​ប្រើប្រាស់​ឆ្នាំ​ក្រោយ​ទៀត ប៉ុន្តែ​លោក​ត្រូវ​ទិញ​ឫស្សី​ថ្មី​ចំនួន ៣​ម៉ឺន​ដើម​បន្ថែម​ជា​រៀងរាល់​ឆ្នាំ។ លោក​ថា ស្ពាន​នេះ​ចាប់​ផ្ដើម​កសាង​នៅ​ខែ​វិច្ឆិកា និង​ខែ​​ធ្នូ ហើយ​ដាក់​ប្រើប្រាស់​នៅ​ខែ​មករា រហូត​ដល់​ខែ​មិថុនា ទើប​ត្រូវ​រុះរើ​ចេញ​វិញ ព្រោះ​ជា​រដូវ​ទឹក​ឡើង ហើយ​ត្រូវ​ជំនួស​ដោយ​ទូកដ​ដឹក​អ្នក​ដំណើរ​ឆ្លង​កាត់​ទន្លេ​មេគង្គ​វិញ។ ​លោក​ឱ្យ​ដឹង​ថា ទឹក​ប្រាក់​ចំណាយ​លើ​ការ​ទិញ​ឫស្សី និង​ការ​កសាង​ស្ពាន​ឡើង គឺ​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន ៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ លោក​បញ្ជាក់​អំពី​អត្ថប្រយោជន៍​ស្ពាន​ឫស្សី​ដូច្នេះ​ថា៖ «ឆ្លង​ទូក ខែ​ទូក​ឆ្លង​ទម្រាំ​បាន វា​យឺត ហើយ​វា​រតេតរតូត មាន​ការ​ធ្លាក់​ទឹក​ធ្លាក់​អ៊ីចឹង​ទៅ។ ចំណែក​ស្ពាន​ប្រដឹស​នេះ ឆ្លង​ទៅ​ដោយ​រហ័ស ទាន់​ចិត្ត ហើយ​ចង់​ទៅ​ថ្មើរ​ណា​ទៅ​ថ្មើរ​ហ្នឹង»។

ចំពោះ​តម្លៃ​ឆ្លង​កាត់​ស្ពាន​មួយ​លើក​សម្រាប់​មនុស្ស​ម្នាក់ ៤០០​រៀល កង់ ១​គ្រឿង ២០០​រៀល ម៉ូតូ ១​គ្រឿង ៥០០​រៀល រទេះ​សេះ និង​សេះ ២.០០០​រៀល រថយន្ត​ធុន​មធ្យម ១​ម៉ឺន​រៀល រថយន្ត​ធុន​តូច​តម្លៃ ៦.០០០​រៀល។ ចំណែក​មន្ត្រី​រាជការ និង​សិស្ស​សាលា​មិន​យក​តម្លៃ​មនុស្ស​ឆ្លង​កាត់​ទេ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​កង់ ឬ​ម៉ូតូ ក្នុង​ពេល​ធ្វើ​ដំណើរ​ម្តងៗ។

ទាក់ទង​ស្ពាន​ឫស្សី​នេះ​ដែរ គេហទំព័រ​បរទេស​មួយ​ឈ្មោះ ឌីស្ទីណេសិន ធិប (Destination Tips) ដែល​និយាយ​អំពី​ស្ពាន​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នៅ​លើ​ពិភពលោក​ទាំង ១៥ ក្នុង​នោះ ក៏​មាន​ស្ពាន​ឫស្សី​នៅ​ខេត្ត​កំពង់ចាម ផង​ដែរ ដោយ​ភ្ជាប់​ជាមួយ​រូបភាព។ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​យ៉ាង​ច្រើន​កុះករ អាច​ទំនង​ជា​រូបភាព​ពលរដ្ឋ​ឆ្លង​កាត់​នៅ​រដូវ​បុណ្យ​ឆ្នាំ​ខ្មែរ។

លោក យ៉ុង អូន បញ្ជាក់​ថា តាំង​ពី​ពេល​លោក​ទទួល​សិទ្ធិ​វិនិយោគ ព្រម​ទាំង​ជំនាន់​មុនៗ លោក​ទៅ​ទៀត​នោះ ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​ឫស្សី គឺ​មិន​ធ្លាប់​មាន​អ្នក​គ្រោះថ្នាក់​ឡើយ ហើយ​ខាង​លោក​តែង​ដើរ​ពិនិត្យ​ស្ថានភាព​ស្ពាន​រហូត។ ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​រូប​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​កាល​ពី​ឆ្នាំ​២០០៤ ហើយ​នឹង​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៩ ខាង​មុខ។ ស្ពាន​ប្រដឹស នឹង​មិន​សូវ​មាន​អ្នក​ឆ្លងកាត់​ដូច​មុន​ទៀត​ទេ បន្ទាប់​ពី​មាន​ស្ពានថ្ម​នៅ​ក្បែរ​នោះ​កសាង​រួច។

ជា​រៀងរាល់​ថ្ងៃ ប្រជាពលរដ្ឋ​រស់​នៅ​ដីគោក និង​ដី​កោះ តែង​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ឫស្សី ទៅ​មក រួម​មាន​សិស្ស​សាលា​មក​រៀន​នៅ​ក្រុង​កំពង់ចាម អ្នក​ភូមិ​ដឹក​កសិផល​កសិកម្ម​ដូចជា ថ្នាំជក់ ពោត ល្ង និង​ផ្លែឈើ​ហូប​ផ្លែ​មក​លក់​នៅ​ក្រុង​កំពង់ចាម ជាដើម។ ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​ដដែល​អះអាង​ថា តម្លៃ​មាន​ក្នុង​តារាង​កំណត់​ច្បាស់លាស់ ដោយ​មិន​អាច​យក​លើស​បាន​ទេ ប៉ុន្តែ​ពលរដ្ឋ​ធ្វើ​ដំណើរ​ខ្លះ​លើក​ឡើង​ថា តម្លៃ​ជាក់ស្ដែង​អាច​ខុស​គ្នា ១០០ ឬ ២០០​រៀល​ដែរ។ ទោះបីជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​មិត្ត មួយ​រូប លោក ហង្ស ស៊ីផាត មាន​ប្រសាសន៍​ថា ពួកគាត់​រស់​នៅ​លើ​ដី​កោះ មិន​សោកស្ដាយ​ឡើយ​នៅ​ពេល​ស្ពាន​នេះ ត្រូវ​បាន​បាត់បង់ ពីព្រោះ​អ្នក​ភូមិ​ចង់បាន​ស្ពាន​ថ្ម ដើម្បី​ធ្វើ​ដំណើរ ពីព្រោះ​វា​ងាយស្រួល​ជាង​ឆ្លង​ស្ពាន​ឫស្សី និង​មាន​សុវត្ថិភាព​ជាង។ លោក​ថា បើ​នៅ​រដូវវស្សា​ផង ការ​ធ្វើ​ដំណើរ​កាន់តែ​ពិបាក​សម្រាប់​ពលរដ្ឋ​ឆ្លងកាត់​ទៅមក​ថែមទៀត៖ «អ្នក​ស្រុក​អ្នកភូមិ​ចង់​បាន​ស្ពានថ្ម ព្រោះ​វា​ងាយ ហើយ​វា​ធូរ​ថវិកា ហើយ​វា​បើ​បាន​ផលិត​នៅ​ក្នុង​ស្រុក​គេ មក​ទិញ​ដល់​កន្លែង»។ ប្រភព​ដដែល​ចង់​ឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​កសាង​ស្ពានថ្ម ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​បង្ក​ភាព​ងាយស្រួល និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។ តាម​គម្រោង​ស្ពានថ្ម ដែល​ភ្ជាប់​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​កោះ​ប៉ែន ដែល​មាន​ប្រវែង​ជាង ១​ពាន់​ម៉ែត្រ នឹង​កសាង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។ ស្ពាន​ថ្ម​ថ្មី​នោះ គឺ​មានឈ្មោះ​ថា ស្ពាន​កំពង់​ឆៃវ៉ាត។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម លោក ស៊ាន សុគុន មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ស្ពានថ្ម​ថ្មី​នឹង​ជំនួស​ការ​ធ្វើ​ដំណើរ​លើ​ស្ពាន​ឫស្សី​ក៏ដោយ ប៉ុន្តែ​គម្រោង​ស្ពាន​ឫស្សី​នឹង​ត្រូវ​កសាង​ឡើង​នៅ​រដូវ​ប្រាំង​ដដែល ពីព្រោះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ធ្វើ​ដំណើរ​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន។

ជាមួយ​គ្នា​នេះ អភិបាល​រង​ខេត្ត​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ចាម លោក ជីម លាវ បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​កសាង​ស្ពាន​ឫស្សី​នេះ​ដដែល ពីព្រោះ​វា​ជា​ស្ពាន​ប្រពៃណី ម្យ៉ាង​ជា​ស្ពាន​ប្រវត្តិសាស្ត្រ​ប្រចាំ​ខេត្ត​មួយ​នេះ​ផង។ លោក​បន្ត​ថា ស្ពាន​ឫស្សី បាន​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដី​កោះ និង​ពលរដ្ឋ​ដី​គោក មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ហើយ​ស្ពាន​នេះ​មិន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ទេ ប៉ុន្តែ​ជា​ចំណែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង៖ «គេ​ទៅ​លេង​សមុទ្រ​កំពង់សោម គេ​មក​ងូត​ទឹក​សាប​ទៀត ប៉ុន្តែ​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នេះ គេ​ងូត​ទឹក​ហើយ មិន​បាច់​ងូតទឹក​សាប​ទៀត​ទេ ព្រោះ​ទឹក​ស្អាត​ល្អ​ណាស់»។ ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ប្រជាជន​ដី​កោះ អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា ខាង​អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឱ្យ​កង វិស្វកម្ម​ទាំង​នោះ ពន្លឿន​ការ​សាងសង់​ស្ពានថ្ម​ថ្មី ឱ្យ​បាន​ឆាប់​រហ័ស។ លោក​អះអាង​ថា តាម​គម្រោង​ស្ពានថ្ម​ថ្មី នឹង​អាច​ដាក់​សម្ពោធ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​២០១៧ ពីព្រោះ​បច្ចុប្បន្ន​ស្ពានថ្ម​នេះ កសាង​សម្រេច​បាន​ប្រមាណ ៧០​ភាគ​រយ​ហើយ៕

ចម្លងទាំង​ស្រុង​ពី​វេបសាយ​ វិទ្យុអាស៊ីសេរី៖ ប្រវត្តិ​ស្ពាន​ឫស្សី​នៅ​ខេត្ត​កំពង់ចាម

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

សម្តេច​ព្រះ​ឧត្តម​បញ្ញា ដូង ផង់


សម្តេច​ព្រះ​ឧត្តម​បញ្ញា ដូង ផង់

សម្ដេច​ព្រះ​ឧត្តម​បញ្ញា ដូង ផង់ ប្រសូត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៨កើត​ ខែទុតិយាសាធ សំរិទ្ធិស័ក ព.ស.២៤៧១ គ.ស.១៩៣២ នៅ​ភូមិ​ខ្ពបក្រោម ឃុំ​ស្វាយ​ឃ្លាំង ស្រុកក្រូចឆ្មារ ខេត្ត​កំពង់ចាម។ ជាបុត្រ​របស់​ឧបាសក ជូ ដូង និងឧបាសិកា ញ៉េប នាង ដែល​ជា​ត្រកូលសមាទិដ្ឋិកសិករ​សុទ្ធសាធ។ ព្រះ​អង្គ​មាន​បងប្អូន​បង្កើត​ ៧នាក់ (ប្រុស៤ ស្រី៣) ព្រះអង្គ​ជា​បុត្រ​ច្បង​គេ​បង្អស់។

អាយុ៧ឆ្នាំ បាន​ចូល​ទៅ​សិក្សា​នៅ​វត្ត​បទុមវតី ខ្ពបក្រោម។ អាយុ១២ឆ្នាំ​ បាន​សាង​ព្រះ​ផ្នួស​ក្នុង​សំណាក់​ព្រះ​គ្រូ​ឧបជ្ឈាព្រះនាម ហៀង មោគ ដើម្បី​សិក្សា​រៀន​សូត្រ​ធម៌​អាថ៌​សិក្ខា​វិន័យ។ ព្រះ​ជន្មាយុ​១៧​វស្សា បាន​សិក្សា​ធម្មវិន័យ​ និង​វិបស្សនាធុរៈ​ក្នុង​សំណាក់​ព្រះគ្រូ ហៀង មោគ។ រហូត​ដល់​ជា​ភិក្ខុ​ភាវៈ​នៅ​វត្ត​បទុម​វតី​ ព្រះឧបជ្ឈា​ឱ្យ​នាម​បញ្ញត្ត​ថា ធម្មថេរោ បន្ទាប់​មក​ព្រះ​ភិក្ខុ ដូង ផង់ បាន​បន្ត​សិក្សា​នូវ​វិបស្សនាធុរៈ​រហូត​ធ្វើ​ជា​គ្រូ​ប្រដៅ​ធម៌ (ព្រះគ្រូ​ធម្មាចារ្យ) បង្ហាត់​បង្រៀន​ធម៌​ដល់​ឧបាសក ឧបាសិកា។ ឆ្នាំ១៩៧០ ត្រូវ​ពួកទមិឡ​ឥតសាសនា​ផ្សឹក​ចាក​សិក្ខា​បទ​ ជន្លៀស​ទៅ​នៅ​ខេត្ត​ព្រៃវែង បន្ទាប់​មក​ទៅ​គីឡូ​លេខ​៦ ភ្នំពេញ។

ឆ្នាំ១៩៧៩ បាន​សាង​ផ្នួស​វិញ​នៅ​វត្ត​សន្សំ​កុសល រាជ​ធានីភ្នំពេញ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈា​ព្រះធម្មលិខិត និល មុនី។ ខែកញ្ញា ឆ្នាំ១៩៧៩ ព្រះ​អង្គ​បាន​សាង​ផ្នួស​ម្ដង​ទៀត​ក្នុង​សំណាក់​ព្រះឧបជ្ឈា​ព្រះសង្ឃរាជ ទេព វង្ស​ រួច​​ទៅ​គង់​នៅ​វត្ត​ចេតិយ៍​ថ្មី ក្នុង​ព្រះ​នាម​ជា​ប្រធាន​សង្ឃ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ឆ្នាំ១៩៨៦​ គង់​នៅ​វត្ត​ដើមជ្រៃ ស្រុក​ក្រូចឆ្មារ ​ក្នុង​ឋានៈ​ជា​អនុគុណ​​ខេត្ត​កំពង់ចាម មាន​ព្រះគោរម្យងារ​ជា ព្រះ​គ្រូ​ធម្មាចារ្យ​នន្ទិយោ។ ឆ្នាំ១៩៨៩ គង់​នៅ​វត្ត​ហ្លួង ​រកាខ្មុរ​កណ្ដាល ស្រុក​ក្រូចឆ្មារ។ ឆ្នាំ១៩៩៦ សម្ដេច​បាន​និមន្ត​មក​គង់​នៅ​វត្ត​មហា​នន្ទិយនេរជ្ជរារាម​និវេទ ព្រែកប្រាំង ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ រហូត​ដល់​សព្វថ្ងៃ​នេះ។

សមិទ្ធិផល​នានា​ដែល​​កសាង​បាន៖

  • អប់​រំ​បង្រៀន​ព្រះធម៌​ដល់ពុទ្ធ​បរិស័ទ​បាន​រាប់​ពាន់នាក់។
  • កសាង​វត្តសន្ធរស្សី ខ្ពបតាងួន ស្រុក​ស្ទឹងត្រង់ ឆ្នាំ១៩៦៧-១៩៧៣
  • កសាងវត្ត​បុទុមវតី ខ្ពបក្រោម ឆ្នាំ១៩៧៣-១៩៧៥
  • វត្តព្រែកជីក (ព្រែកក្ដាម) ជួលជុល​ព្រះវិហារ ឆ្នាំ១៩៨០-១៩៨១
  • វត្ត​ចេតិយ៍​ថ្មី ជួសជុលព្រះវិហារ ឆ្នាំ១៩៨១-១៩៨៤
  • វត្ត​ដើមជ្រៃ ជួសជុលព្រះវិហារ ឆ្នាំ១៩៨៤-១៩៨៦
  • អនុវិទ្យាល័យរកាខ្មុរ ស្រុកក្រូចឆ្មារ ឆ្នាំ១៩៨៦
  • វត្តហ្លួង រកាខ្មុរ កសាងព្រះវិហារ ឆ្នាំ១៩៨៩
  • វត្ត​ខ្សាច់ប្រឆេះ កសាងព្រះវិហារ ឆ្នាំ១៩៩៣
  • វត្ត​ព្រែកប្រាំង កសាងព្រះវិហារ ឆ្នាំ១៩៩៦

សមណសក្តិ៖

  • ឆ្នាំ១៩៨០-១៩៨៤ ប្រធានសង្ឃ​ស្រុក (អនុគុណ) ស្រុកពញាឮ​ ខេត្ត​កណ្ដាល
  • ឆ្នាំ១៩៨៤-១៩៩៤ អនុគុណស្រុកក្រូចឆ្មារ
  • ឆ្នាំ១៩៩៦ ប្រធានសង្ឃ​វត្ត​ព្រែកប្រាំង
  • ឆ្នាំ១៩៩៩ បានទទួល​ព្រះរាជ​ក្រិត្យ​ នស.រកត. តែងតាំង​ជា​ ព្រះបដិកធម្មរាជា​ គណៈ​ថ្នាក់ចត្វា គណៈមហានិកាយ
  • ឆ្នាំ២០០១ បានទទួល​ព្រះរាជក្រិត្យ នស.រកត. ០៩០១/៣២៩ ចុះថ្ងៃទី១៣ កញ្ញា ឆ្នាំ២០០១ តែងតាំង​ឱ្យ​ឡើង​ជា សម្ដេចព្រះឧត្តម​បញ្ញា​

គ្រឿង​ឥស្សរិយយស៖

  • ព្រះរាជក្រិត្យ​ នស.រកត. ០២០១/០២៨ ចុះថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០០១ បានទទួលឥស្សរិយយស​ មេដាយសុវត្ថារា ថ្នាក់ធិបឌិន្ទ
  • ព្រះរាជក្រិត្យ​ នស.រកត. ១០០១/៣៩៩ ចុះថ្ងៃទី២៩ តុលា ឆ្នាំ២០០១ បានទទួលឥស្សរិយយស​ ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ធិបឌិន្ទ

ដក​ស្រង់​ពីសៀវភៅ៖ ជីវប្រវត្តិ​សម្ដេច​ព្រះ​ឧត្តម​បញ្ញា​ ដូង ផង់ នន្ទិយោ, សៀវភៅ​សមាទានសីល, បោះពុម្ព​លើក​ទី៣ ថ្ងៃស្រុក ១៥កើត ខែពិសាខ ឆ្នាំ​ច ព.ស.២៥៥០ ត្រូវ​នឹង​ថ្ងៃ​ទី១២ ខែឧសភា គ.ស.២០០៦។

Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: