ចម្លាក់នៅលើផ្ដែរ និងហោជាងប្រាសាទព្រះធាតុបារាយណ៍ត្រូវបានយកតម្រៀបជាឃឿនព្រះវិហារនៅខាងមុខប្រាសាទ។ ចម្លាក់ទាំងនេះស្ថិតនៅក្នុងរចនាបថបាពួននៅសតវត្សទី១១។ លក្ខណៈគួរឱ្យកត់សម្គាល់នៃរចនាបថបាពួន គឺការឆ្លាក់ទេពកថានៅលើផ្ដែរ និងហោជាង ជាភាគច្រើនជាទេពកថាដែលទាក់ទងនឹងព្រះនរាយណ៍។
ចម្លាក់នេះទំនងស្ថិតនៅលើផ្ដែរ (?) ដែលបង្ហាញរូបព្រះឥសូររាំ ដែលគេហៅថា ព្រះនាថរាជ (ស្ដេចរបាំ)។ គេឃើញនៅជុំវិញមានវត្តមានព្រះព្រហ្ម (ខាងឆ្វេង), ព្រះនរាយណ៍ និងព្រះគណេស (ខាងស្ដាំ) និងទេពមួយចំនួនដែលពិបាកសម្គាល់។ នៅខាងឆ្វេងបំផុត ទំនងជា «ពានរមួយ»។
ឯចម្លាក់នេះមានរូបរាងជាហោជាង (រាងត្រីកោណ) ដែលបង្ហាញរូបព្រះភិរុណ (?) ជិះហង្ស។
ចម្លាក់បន្ទាប់គឺចម្លាក់ព្រះនរាយណ៍ផ្ទុំ។ អ្នកស្រុកហៅរូបនេះថាជារូបស្ដេចកនផ្ទុំ។ ចម្លាក់ឈុតនេះដំបូងៗឡើយ គេឆ្លាក់ជារូបព្រះនរាយណ៍ផ្ទុំលើនាគតែម្ដង តែចាប់ពីសតវត្សទី១១មក គេបែជាឃើញព្រះនរាយណ៍ផ្ទុំលើសត្វផ្សេងទៅវិញ។ មានមតិខុសៗគ្នាចំពោះសត្វនេះ អ្នកស្រាវជ្រាវខ្លះគិតថាជាមករ ខ្លះគិតជាគជសីហ៍។
ចម្លាក់នេះទំនងជាឆ្លាក់លើផ្ដែរបង្ហាញឈុតពាលីនិងសុគ្រឹពប្រយុទ្ធគ្នា។ នៅខាងឆ្វេងគេឃើញព្រះរាមបម្រុងនឹងលើធ្នូបាញ់សម្ដៅទៅពាលី (មួយណាពាលី) ឯនៅខាងស្ដាំគេឃើញព្រះលក្ស្មណ៍ និងហនុមានដែលលុតជង្គង់។
នៅលើផ្ដែរមួយទៀត យើងឃើញឈុតមួយដែលឧស្សាហ៍លេចឡើងដែរ គឺឈុតព្រះក្រឹស្ណាលើភ្នំគោវធ៌នជាឆ័ត្រការពារព្យុះភ្លៀងរន្ទះដែលព្រះឥន្ទបង្អុរមកកម្ទេចពួកគង្វាលគោដែលមិនគោរពព្រះអង្គ ហើយទៅគោរពព្រះក្រឹស្ណាវិញ។ យើងឃើញយ៉ាងច្បាស់នូវកាយវិការដ៏អង់អាចនៃព្រះក្រឹស្ណាដែលលើភ្នំដោយដៃតែម្ខាង ហើយឈរតែជើងមួយចំហៀង ឯនៅជុំវិញនោះអ្នកគង្វាលគោទាំងឡាយភ័យខ្លាច និងបន់ស្រន់សូមឱ្យព្យុះភ្លៀនរន្ទះវិនាសផុតបាត់ទៅ។
នៅលើផ្ដែរមួយនេះវិញ ជាឈុតដែលយើងឃើញនៅពាសពេញស្រុកខ្មែរជាចម្លាក់ក្ដី ជាប្រតិមាក្ដី។ អ្នកស្រុកជាធម្មតាហៅរូបនេះថាទាញព្រ័ត្រ។ តាមព័ត៌មានពីអ្នកស្រុកប្រាប់ថា ក្បាលអណ្ដើក (កូម៌) នោះត្រូវគេលួចដាប់នៅទសវត្សន៍ឆ្នាំ១៩៨០។
បន្ទាប់មកយើងឃើញមានផ្ដែរមួយទៀតក្នុងរចនាបថបាខែងឬកោះកេរ (?) ដែលបង្ហាញរូបព្រះឥន្ទគង់លើដំរីព្ធរាវណ។ ផ្ដែរនេះដាច់បាត់អស់មួយផ្នែកធំទៅហើយតែយ៉ាងណាក្ដីយើងអាចនៅមើលឃើញក្បាលដំរីបាន។ ប្រសិនបើផ្ដែរនេះមានទីតាំងដើមនៅទីនេះមែន មានសេចក្ដីថាទីតាំងនេះជាទីសក្ការៈបែបសាសនាតាំងពីដើមសម័យអង្គរមកម៉្លេះ ហើយត្រូវបានពង្រីកឱ្យកាន់តែធំនៅសតវត្សទី១១។
ឯផ្ដែរចុងក្រោយនេះជារូបព្រះនរាយណ៍គង់លើគ្រុឌនៅលើតោមួយដែលឈរជើងពីរនៅចំកណ្ដាលនៃផ្ដែរ។ ផ្ដែរនេះទំនងស្ថិតនៅក្នុងរចនាបថបាខែងឬកោះកេរ? ។
*អរគុណលោក ឡេង ស៊ីរ៉ង់ បេក្ខជនថ្នាក់បណ្ឌិតជំនាញប្រវត្តិសិល្បៈនៃសាកលវិទ្យាល័យសិល្បករ ក្រុងបាងកក ដែលបានជួយកំណត់អត្តសញ្ញាណផ្ដែរទាំងពីរចុងក្រោយ។
អានបន្ថែម៖
- ព្រះនរាយណ៍ផ្ទុំ
- ទសអវតារក្នុងសិល្បៈចម្លាក់ខ្មែរ
- បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ៖ បណ្ដាំពាលី
- បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ៖ ព្រះឥន្ទនៅក្នុងអារ្យធម៌ខ្មែរ