Monthly Archives: ខែកញ្ញា 2019

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​នៅ​ភ្នំបាធាយ


កាល​ពី​ម្សិល​មិញ ខ្ញុំ​​បង្ហោះ​រូប​ថត​ទេស​ភាព​ពី​លើ​ភ្នំ​បាធាយ​ ថ្ងៃនេះ ខ្ញុំ​​សូម​បង្ហាញ​​ភស្តុតាង​​នៃ​វត្តមាន​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​ទៅ​ហើយ​នៅ​លើ​ទីតាំង​ភ្នំ​នេះ។ គួរ​បញ្ជាក់​ថា ភ្នំបាធាយ​ជា​ភ្នំ​​​ធំ​មួយ​នៅ​កណ្ដាល​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ស្ថិត​នៅ​ស្ទើ​ពាក់​កណ្ដាល​ផ្លូវ​ភ្នំពេញ​កំពង់ចាម (៦០ គ.ម. ពីភ្នំពេញ, ៦៥ គ.ម. ទៅ​កំពង់ចាម)។ បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​យើង​នឹង​ឃើញ​វត្ត​មួយ​នៅ​ខាង​ស្ដាំ​ដៃ​ឈ្មោះ​ វត្ត​គិរី​បុប្ផារាម ស្ថិត​នៅ​ជើង​ភ្នំ​បាធាយ។ យើង​អាច​ឡើង​ភ្នំ​នេះ​ដោយ​​ដើរ​តាម​ជណ្ដើរ​ពី​ជើង​ភ្នំ​ទៅ​ក៏​បាន តែ​បើ​ចង់​ឡើង​ភ្នំ​ដោយ​ម៉ូតូ​ ឬ​ឡាន​​វិញ តោង​ជិះ​បង្ហួស​បន្តិច​នឹង​ឃើញ​ផ្លូវ​ដី​មួយ​នៅ​ខាង​ស្ដាំ​ដៃ បត់​ចូល​ទៅ​ហើយ​ជិះ​រហូត​ដល់​ សាលា​បឋម​សិក្សា​​មួយ ហើយបត់​ស្ដាំ​តាម​ផ្លូវ​ដី និងបេតុង​ឡើង​ទៅ​លើ​ភ្នំ​តែ​ម្ដង។

ពេល​ឡើង​ទៅដល់​ជំរាក់​មួយ យើង​នឹង​ឃើញ​រោង​សំណង់​សក្ការៈ​មួយ​អន្លើ។ ចំណុច​នេះ​មាន​ជណ្ដើរ​ចុះ​ទៅ​ក្រោម​ចំ​ដល់​វត្ត​ ដូច​មាន​និយាយ​នៅ​ខាង​លើ។ នៅ​ត្រង់​ចំណុច​មួយ​ទៀត​នៅ​លើ​ភ្នំ​ គេ​មាន​សង់​ជា​រោង​ពី​ស៊ី​ម៉ង់​ដើម្បី​តម្កល់​ចម្លាក់​ព្រះ​ពុទ្ធ​រូប​​ថ្មី​មួយ​អង្គ និង​ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​មួយ​ពី​ថ្មភក់។

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក

ក្រៅ​ពី​វត្ត​មាន​ផ្ដែរ​ដែល​អាច​បញ្ជាក់​ពី​​អត្ថិភាព​នៃ​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​រូប​រាង​ហើយ​នោះ ទីតាំង​ភ្នំ​នេះ​ក៏​មាន​​ជា​រោង​អ្នកតា រោង​សក្ការៈនានា ក៏​ដូច​ជា​ចេតិយ​ដែរ។ នេះ​ស​បញ្ជាក់​ពី​ជំនឿ​យ៉ាង​មុត​មាំ​របស់​អ្នក​ស្រុក​ដែល​នៅ​តែ​គោរព​ដល់​ភ្នំ​នេះ​តាំង​ពី​ដើម​ត​មក​ដល់​បច្ចុប្បន្ន។

បន្ថែម​ពី​នេះ ​និស្សិត​បុរាណ​វិទ្យា​ជំនាន់​ទី១៩ ឈ្មោះ​ ម៉ុក មករា ​ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ជា​សារណា​មួយ​ច្បាប់​​​ដោយ​ដាក់​ចំណង​ជើង​ថា «ភ្នំបាធាយ ជំនឿ និងកិច្ចប្រតិបត្តិ» អំពី​ទីតាំង​នេះ​ដែរ។ សៀវភៅ​នេះ​ អាច​រក​អាន​បាន​នៅ​បណ្ណាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ទីតាំង​នៅ​ក្រោយ​សារមន្ទីរជាតិ និង​ជាប់​របង​ខាង​ជើង​ព្រះ​បរម​រាជវាំង។

Categories: កម្រង​រូបភាព, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ទេសភាព​ពី​ភ្នំបាធាយ


រូប​ថត​ខាង​ក្រោម​នេះ​ ខ្ញុំ​ថត​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧​មក​ម៉្លេះ កាល​នោះ​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ ក៏​ឈៀង​ឡើង​ភ្នំ​បាធាយ​ ហើយ​ផ្ដិត​យក​រូប​ថត​​ទាំង​នេះ​តែ​ម្ដង។

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: