វត្តសុភារង្សី ស្ថិតនៅក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដើម្បីធ្វើដំណើរទៅកាន់ទីវត្តអារាមនោះ យើងអាចធ្វើដំណើរពី២ផ្លូវ។ ទីមួយគឺចេញពីទីរួមស្រុកចំការលើទៅទិសខាងកើតរហូតដល់ឃុំមេសរជ្រៃ ហើយបត់ស្ដាំដៃ ឯទីពីរគឺធ្វើដំណើរពីក្រុងកំពង់ចាមទៅកាន់ទីរួមស្រុកស្ទឹងត្រង់ បន្ទាប់មកបត់ឆ្វេងទៅទិសខាងលិចសម្ដៅទៅឃុំមេសរជ្រៃដែរ ហើយបត់ឆ្វេងដៃវិញ (សរុបមកគឺមកពីទិសដៅម្ខាងម្នាក់)។ ចម្ងាយបត់ចូលពីម្ដុំផ្សារមេសរជ្រៃទៅត្បូងនោះប្រមាណជា ៥ គ.ម.។
ទីតាំងព្រះវិហារសព្វថ្ងៃទំនងធ្វើលើគ្រឹះប្រាសាទចាស់ដែលធ្វើពីឥដ្ឋ។ នៅក្នុងទីតាំងវត្តទាំងមូលមានបន្សល់ទុកផ្ដែររចនាបថសម័យមុនអង្គរចំនួន៤ ក្នុងនោះផ្ដែររចនាបថសម្បូណ៌ព្រៃគុកចំនួន៣ និងផ្ដែររចនាបថកំពង់ព្រះចំនួន១។ ប្រសិនបើនៅសល់ផ្ដែរចំនួន៤ យ៉ាងហោចណាស់អាចមានប្រាសាទយ៉ាងតិចមួយ ឬយ៉ាងច្រើន៤ដែរ។ បើតាមផែនទីដែលអ្នកស្រាវជ្រាវបារាំង លោក Lunet de Lajonquiere (1902, p. 300) គូរទុក និងបានសរសេរបញ្ជាក់ថា កាលនោះគាត់ឃើញប្រាសាទឥដ្ឋចំនួន៣ និងគំនរឥដ្ឋច្រើនគំនរទៀត។
ក្រៅពីផ្ដែរទាំង៤ ដែលគេយកទៅតម្រៀបជាមួយមេទ្វារដោយបៀកបិតស៊ីម៉ង់ធ្វើជាអាង (?) នោះ ក៏មានសេសសល់សំណល់ជើងទម្រមួយចំនួន ក្បាលតោសម័យអង្គរមួយ និងបំណែកឥដ្ឋពាសពេញទីធ្លាវត្ត។ ដូច្នេះ តាមការសង្កេតជាបឋមនេះអាចបញ្ជាក់ថាតំបន់នេះថ្វីត្បិតតែស្ថិតនៅតំបន់ខ្ពង់រាប និងជាតំបន់សម្បូណ៌ព្រៃ តែមានសហគមន៍មនុស្សរស់នៅតរហូតមកតាំងពីសម័យមុនអង្គរ។
បន្ថែមពីនេះ និស្សិតបុរាណវិទ្យាជំនាន់ទី១២ ឈ្មោះ ស៊ាង រ៉ូស្សាត ក៏បានសិក្សាស្រាវជ្រាវ និងសរសេរជាសារណាមួយច្បាប់ដោយដាក់ចំណងជើងថា «សូភាស៖ ភូមិសូភាស ខេត្តកំពង់ចាម (បុរាណស្ថាន និងសហគមន៍មនុស្សជុំវិញ)» អំពីទីតាំងនេះដែរ។ សៀវភៅនេះ អាចរកអានបាននៅបណ្ណាល័យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទីតាំងនៅក្រោយសារមន្ទីរជាតិ និងជាប់របងខាងជើងព្រះបរមរាជវាំង។