Monthly Archives: ខែ​ឧសភា 2020

អតីតព្រះវិហារវត្តល្វាទេរ


វត្តល្វាទេរ ស្ថិត​នៅឃុំ​មាន​ជ័យ​ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។ វត្ត​នេះ​ស្ថិត​នៅ​ម្ខាង​ម្នាក់ទន្ល នឹងវត្ត​រកោកោង ស្រុកមុខកំពូល​ ខេត្ត​កណ្ដាល ដែល​ទីតាំង​ទាំង​ពីរ​នេះ​មាន​​ពាក់ព័ន្ធ​នឹង​រឿងព្រេងអំពី «ព្រះបាទ​បក្សីចាំក្រុង»។ ក្នុង​ប្រកាស​នេះ ខ្ញុំ​មិន​មាន​និយាយ​អ្វី​ដល់​រឿង​ព្រេង​នេះ​ទេ ខ្ញុំ​គ្រាន់តែ​បង្ហាញ​រូប និង​ប្រវត្តិ​ត្រួស​ៗ នៃ​ព្រះ​វិហារ​វត្ត​ល្វាទេរ​ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​វិហារ​ថ្មី​មួយ​ទៅ​ហើយ។

ខ្ញុំមិន​បាន​សាក​សួរ​ព្រះសង្ឃ តាអាចារ្យ​ ឬអ្នកភូមិ​ជុំ​វិញ​អំពីប្រវត្តិវត្ត​នេះ​ឡើយ (ជា​ការខ្វះ​ខាត​ដែល​គួរ​តែ​ជៀសវាង)។ តាំង​ពី​ពេល​ខ្ញុំ​ទៅ​ដល់​វត្ត​នេះ​ដំបូង​នៅ​​ចុង​ឆ្នាំ​២០១៣ និង​​ថ្មីៗ​បំផុត​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ (២១ ឧសភា ២០២០) ខ្ញុំ​ចំណាយ​ពេល​បន្តិ​ចបន្តួច​ប៉ុណ្ណោះ​នៅ​វត្ត​នេះ​ ដោយ​គោល​ដៅ​របស់​ខ្ញុំ​គឺទៅ ប្រាសាទ​ព្រះធាតុ​បារាយណ៍​ ឯណោះទេ។ កាល​ខ្ញុំ​ទៅ​ដល់​លើក​ទី២ (២០១៥) ខ្ញុំ​បាន​ថត​រូប​នៅ​ក្នុង​ព្រះ​វិហារ​ចាស់​ខ្លះ ក្រោយ​មក​មាន​គេ​ប្រាប់​ខ្ញុំ​ថា​គេ​នឹង​ត្រៀម​វាយ​ព្រះ​​វិហារ​ចាស់​ចោល​ដោយ​សង់​ព្រះ​​វិហារ​ថ្មី​ជំនួស​វិញ។ ខ្ញុំ​មិន​យល់​បំណង​នេះ​ទាល់តែ​សោះ​នៅពេល​ដែល​ដី​វត្ត​ទំនេរ​នៅ​មាន​ ហេតុ​អ្វី​ក៏​គេ​មិន​រក្សា​របស់​ចាស់? បន្ទាប់មកខ្ញុំ​ឮ​ដំណឹង​ថា​គេ​វាយ​ព្រះ​​វិហារ​នេះ​នៅ​ឆ្នាំ​២០១៦ ខ្ញុំ​មិន​បាន​ទៅ​ទី​នោះ​ទៀត​ទេរហូត​ដល់​ឆ្នាំ​នេះ ទើប​ខ្ញុំ​បាន​ឈៀង​ចូល​ថត​ព្រះវិហារ​ថ្មី​ ដូច​មាន​បង្ហាញ​នៅ​ខាង​ក្រោម​បំផុត។

អក្សរ​លើ​បល្ល័ង្ក

ប្រវត្តិ​តិច​តួច​នៃ​ព្រះ​វិហារ​នេះ​ យើង​អាច​ដឹង​តាម​ព័ត៌មាន​បី។ មួយ​ ​បើ​តាម​អក្សរ​នៅ​លើ​បល្ល័ង្ក​ព្រះ​ក្នុង​ព្រះ​វិហារ​ យើង​អាច​និយាយ​បាន​ថា​ គេ​បញ្ចុះ​សីមា​ព្រះ​វិហារ​នេះនៅឆ្នាំ​១៩៥៤នោះឯង។ ពីរ ដោយ​ជៀសមិន​ផុត ព្រះវិហារ​នេះ​ក៏​​ទទួល​រង​ការ​ខូច​ខាត​ក្នុង​របប​ខ្មែរ​ក្រហម​ដូច​ព្រះ​វិហារ​ដទៃ​ទៀត​ដែរ នៅលើ​ហោ​ជាង​ខាង​កើត​ (រូប​ខាង​ក្រោម) បាន​ចារឹក​អក្សរ​ថា «​លើក​នៅ​ឆ្នាំ​ខាល​នាម​ខ្លា​គ.ស.​១៩៨៦» គឺជាឆ្នាំ​ដែល​គេ​លើក​ដំបូល​ព្រះ​វិហារ​ឡើង​វិញ។ បី ការ​វាយ​ព្រះវិហារ​នេះ​ចោល​នៅ​ឆ្នាំ​២០១៦ ដោយ​កសាង​ព្រះ​វិហារ​ថ្មី​នៅ​លើ​​ទីតាំង​ព្រះ​វិហារ​នេះ។

ព្រះវិហារចាស់ (ថត ២០១៥)

ព្រះវិហារថ្មី (ថត ២០២០)

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: