វត្តពោធិវនារាមស្ពឺមានទីតាំងស្ថិតនៅ ភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។ វត្តនេះទំនងធ្វើលើទីតាំងប្រាសាទចាស់ ពីព្រោះយើងឃើញមានសំណល់ស៊ុមទ្វារជាច្រើន និងផ្ដែរមួយស្ថិតនៅក្នុងរចនាបថព្រៃក្មេងផង។ បើតាមរូបថតចាស់មួយសន្លឹកដែលយើងមាន (នៅខាងក្រោមបំផុត) កាលពីដើមទីតាំងនេះមានប្រាសាទឥដ្ឋចំនួនពីរ។ ចំពោះលក្ខណៈប្រាសាទឥដ្ឋចំនួនពីរបែបនេះ (មិនមែនបី) យើងឃើញមាននៅច្រើនកន្លែងដែរពោលនៅ ប្រាសាទព្រះធាតុនៅក្នុងបន្ទាយព្រៃនគរ, ប្រាសាទស្រីនៅស្រុកកំពង់លែង, ប្រាសាទនាងខ្មៅខេត្តតាកែវ, ប្រាសាទគោកចក និងប្រាសាទវត្តព្រះឥន្ទកោសិយ៍នៅជិតអង្គរ ។ល។
ព្រះវិហារនេះមានរូបរាងស្អាត ឯផ្នែកខាងក្នុងមិនមែនគំនូរទេ មានតែគំនូរជាផ្កាបែបបារាំងនៅជិតក្បាលសសរ។ នៅផ្នែកខាងក្នុងព្រះវិហារនេះក៏មានចារិកដែរ ខ្ញុំនឹងបង្ហាញនៅពេលក្រោយទៀត បើមានឱកាស។
នៅខាងកើតព្រះវិហារមានចេតិយមួយដែលមានចារឹកទាំងខាងមុខនឹងខាងក្រោយ តែគួរឲ្យសោកស្ដាយចារឹកខាងក្រោយគេលាបកំបោរបាត់អក្សរទៅហើយ (សូមមើលរូបខាងក្រោម)។ ចំពោះចារឹកនេះ (នៅផ្នែកខាងមុខនៃចេតិយ) ខ្ញុំបានស្រង់មកជាអក្សរសព្វថ្ងៃដែរ៖
វត្តពោធីវនារាម ឃុំស្ពឺ ស្ទឹងត្រង់ កំពង់ចាម ព្រះចេតិយនេះ ព្រះ
វិន័យសត្ថាបាឡាត់គណ (អ៊ុក) (គៀត) មានសទ្ធាជ្រះថ្លាបានប្រកាស
ប្រាប់ពួកបណ្ដាជនជាឧបាសក ឧបាសិកា ជើងវត្តទាំងអស់ គឺភូមិស្ពឺ បន្ទាយជ័យ ពែងមាស
ព្រមទាំងភិក្ខុសាមណេរកុមារជាសិស្សានុសិស្សទាំងប៉ុន្មាន រួមគំនិតគ្នាកសាង
ក្នុងរាជព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្ស ដើម្បីបដិស្ឋានព្រះពុទ្ធរូបបដិមាការ
ព្រមទាំងធាតុលោកអ្នកដ៏មានគុណ មានមាតាបិតាជាដើម ដើម្បីជាទីគោរពតទៅ
សាងអស់ប្រាក់ចំនួន ១២៨៨ រៀល
តាមរយៈចារឹកលើចេតិយនេះយើងអាចដឹងថាស្រុកចម្ការលើមិនទាន់ត្រូវបានបង្កើតទេនៅពេលនោះ នៅពេលក្រោយទៀតទើបគេកាត់មួយផ្នែកនៃស្រុកស្ទឹងត្រង់ឲ្យក្លាយទៅជាស្រុកចម្ការលើ។ តាមឋានន្តរសង្ឃមន្ត្រីសង្ឃ ព្រះបាឡាត់គណមានដំណែងធំបន្ទាប់ពីព្រះមេគណខេត្ត។ ចំពោះព្រះវិន័យសត្ថាអង្គនេះ ព្រះអង្គជាព្រះបាឡាត់គណខេត្តទៀត តែយើងមិនដឹងថាព្រះអង្គគង់នៅវត្តនេះ ឬក៏គង់នៅទីរួមខេត្ត តែទំនងថាព្រះអង្គមានស្រុកកំណើតនៅទីនេះទើបមកកសាងចេតិយនៅបដិស្ឋានធាតុមាតាបិតានៅស្រុកកំណើត។
រូបប្រាសាទចាស់កាលនៅគង់វង្ស មិនដឹងថតឆ្នាំណា តែប្រហែលកំឡុងដើមសតវត្សរ៍ទី២០៖