Monthly Archives: ខែសីហា 2021

រូបថតដ្រូន ក្រុង​កំពង់ចាម


ខ្ញុំ​ខាន​សរសេរ​នៅទីនេះ​យូរ​គ្រាន់ដែរ ព្រោះមិនបានទៅស្រុកសោះប្រមាណកន្លះឆ្នាំចុងក្រោយនេះ។ កាលពីអាទិត្យមុន ខ្ញុំសន្សំលុយ​កាក់​សេន​ខ្ញុំ​ទិញ​បាន​ដ្រូន DJI Mini 2 Combo តម្លៃគួរ​សម (អ្នកអានចង់ដឹង​ឆែក​រក​មើល​ខ្លួន​ឯង​ទៅ) ដែល​ខ្ញុំ​ប៉ង​ចង់បាន​តាំងពី​បី​បួន​ឆ្នាំមុន។ ទិញ​បាន​ មិន​ទាន់​ចេះ​ប្រើ​ មិនទាន់ចេះតម្លើង នៅ​ភ័យ​ៗ​ពេល​បង្ហោះម្ដង។ ដោយ​សារ​នៅភ្នំពេញ​ពិបាក​បង្ហោះ (ប្រសិនបើបើក GPS នៅ​កន្លែង​មួយ​ចំនួន​ដ្រូន​វាមិនឡើង​តែ​ម្ដង គឺគេបាន​ចង​ code ជាប់) ដូច្នេះខ្ញុំក៏​ឆ្លៀត​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ដើម្បី​បាន​បង្ហោះ​និង​ថត​រូប​ស្រុក​ភូមិ​ពីលើ​មេឃ​មក។ ផ្លូវឥឡូវស្រួលទៅស្រួល​មក​ទាំង​ផ្លូវ​លេ​ខ៦អា និងផ្លូវ​តាម​មាត់​ទន្លេ​។ ជាទូទៅ​ ខ្ញុំ​ជិះ​តាម​ផ្លូវ​មាត់​ទន្លេ​កាត់​ស្រុក​កង​មាស ដោយ​​បត់​តាម​​កន្លែង​ច្រមុះ​ជ្រូក​រកោរកោង ​ដែល​ចំណេញ​បាន​២០​គ.ម (ចម្ងាយ​សរុប​១០៥គ.ម.) ម៉្យាង​ផ្លូវ​ក៏​ស្ងាត់​ល្អ និង​មាន​វត្ត​ចំណាស់ៗ​មួយ​ចំនួន សម្រាប់អ្នក​បុរាណវិទ្យា​តូច​តាច​ដូច​រូប​ខ្ញុំ​ថត​រូប​ទុក។

និយាយ​ទៅ ទាក់ទង​និងរឿងថត​រូបនេះ ខ្ញុំថត​យូរ​ក្រែល​ដែល​ហើយ​តាំង​ពី​២០១១ (ខ្ញុំមិនចង់​ល្បីអីទោះ ព្រោះសមត្ថភាព​មាន​កម្រិត) ហើយគោល​ដៅ​របស់​ខ្ញុំ​គឺ ប្រាសាទ វត្ត​ ទេសភាព និងអ្នកស្រុក (ខ្ញុំអត់ចេះថត​រូប​ការ​ រូប​បង្ហាញ​ម៉ូត​អីទេ)។ ចំពោះ​ដ្រូន​នេះ​ គឺទិញ​ដើម្បី​ថត​ប្លង់​ប្រាសាទ​ពី​ខាង​លើ​ម្ដង ដើម្បី​បាន​ពិនិត្យ​ប្លង់​ជាក់​ស្ដែង​ដែល​អាច​សម្រួល​ដល់​ការ​សិក្សា (មិនដឹងពេល​ណា​បានសិក្សា​រួច)។ និយាយ​រឿងហ្នឹង ចេះ​តែ​មាន​អ្នក​នេះ​អ្នក​នោះ​មក​សរសើរ​ តែមិនដឹង​គេ​ចង់​បាន​អីឱ្យប្រាកដ ហាហាហា បើ​សរសើរ​ចឹង​ម៉េច​មិនជួយ​ផង ក្រែង​ថា​ស្រលាញ់​វប្បធម៌​ដែរ? ហើយបើ​អត្ថបទវិញសរសេរ​ឡើង​រាប់​រយ​ហើយខ្ញុំ យក​ជា​ការ​មិនកើតទាំងអស់ ចឹងបាន​គ្មាននរណា​គេ​ជួល​សរសេរ​ដាក់ វេបសាយ ល្បីៗ ដើម្បីបានលុយ​ទុក​ដើរ​លេង​ទៀត។ សរុបមកវិញ ចាយលុយ​ខ្លួនឯងទៅ ទើប​មិនឈឺ​ក្បាល​ហាល​ថ្ងៃ ព្រោះ​អ្នក​ខ្លះ​ធ្វើ​សរសើរ​ៗ​នោះ គ្មាន​ទៅ​របេះ​មួយ​រៀល​ចេញ​ទេ។

វត្តបទុមរតនៈដីដុះ

ស្ពានគីហ្ស៊ូណា

អតីតបឹងស្នាយ

ស្ពានកោះប៉ែន

ភូមិរការលើ

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | 2 មតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: