ខ្ញុំខានសរសេរនៅទីនេះយូរគ្រាន់ដែរ ព្រោះមិនបានទៅស្រុកសោះប្រមាណកន្លះឆ្នាំចុងក្រោយនេះ។ កាលពីអាទិត្យមុន ខ្ញុំសន្សំលុយកាក់សេនខ្ញុំទិញបានដ្រូន DJI Mini 2 Combo តម្លៃគួរសម (អ្នកអានចង់ដឹងឆែករកមើលខ្លួនឯងទៅ) ដែលខ្ញុំប៉ងចង់បានតាំងពីបីបួនឆ្នាំមុន។ ទិញបាន មិនទាន់ចេះប្រើ មិនទាន់ចេះតម្លើង នៅភ័យៗពេលបង្ហោះម្ដង។ ដោយសារនៅភ្នំពេញពិបាកបង្ហោះ (ប្រសិនបើបើក GPS នៅកន្លែងមួយចំនួនដ្រូនវាមិនឡើងតែម្ដង គឺគេបានចង code ជាប់) ដូច្នេះខ្ញុំក៏ឆ្លៀតជិះម៉ូតូទៅស្រុកកំណើតដើម្បីបានបង្ហោះនិងថតរូបស្រុកភូមិពីលើមេឃមក។ ផ្លូវឥឡូវស្រួលទៅស្រួលមកទាំងផ្លូវលេខ៦អា និងផ្លូវតាមមាត់ទន្លេ។ ជាទូទៅ ខ្ញុំជិះតាមផ្លូវមាត់ទន្លេកាត់ស្រុកកងមាស ដោយបត់តាមកន្លែងច្រមុះជ្រូករកោរកោង ដែលចំណេញបាន២០គ.ម (ចម្ងាយសរុប១០៥គ.ម.) ម៉្យាងផ្លូវក៏ស្ងាត់ល្អ និងមានវត្តចំណាស់ៗមួយចំនួន សម្រាប់អ្នកបុរាណវិទ្យាតូចតាចដូចរូបខ្ញុំថតរូបទុក។
និយាយទៅ ទាក់ទងនិងរឿងថតរូបនេះ ខ្ញុំថតយូរក្រែលដែលហើយតាំងពី២០១១ (ខ្ញុំមិនចង់ល្បីអីទោះ ព្រោះសមត្ថភាពមានកម្រិត) ហើយគោលដៅរបស់ខ្ញុំគឺ ប្រាសាទ វត្ត ទេសភាព និងអ្នកស្រុក (ខ្ញុំអត់ចេះថតរូបការ រូបបង្ហាញម៉ូតអីទេ)។ ចំពោះដ្រូននេះ គឺទិញដើម្បីថតប្លង់ប្រាសាទពីខាងលើម្ដង ដើម្បីបានពិនិត្យប្លង់ជាក់ស្ដែងដែលអាចសម្រួលដល់ការសិក្សា (មិនដឹងពេលណាបានសិក្សារួច)។ និយាយរឿងហ្នឹង ចេះតែមានអ្នកនេះអ្នកនោះមកសរសើរ តែមិនដឹងគេចង់បានអីឱ្យប្រាកដ ហាហាហា បើសរសើរចឹងម៉េចមិនជួយផង ក្រែងថាស្រលាញ់វប្បធម៌ដែរ? ហើយបើអត្ថបទវិញសរសេរឡើងរាប់រយហើយខ្ញុំ យកជាការមិនកើតទាំងអស់ ចឹងបានគ្មាននរណាគេជួលសរសេរដាក់ វេបសាយ ល្បីៗ ដើម្បីបានលុយទុកដើរលេងទៀត។ សរុបមកវិញ ចាយលុយខ្លួនឯងទៅ ទើបមិនឈឺក្បាលហាលថ្ងៃ ព្រោះអ្នកខ្លះធ្វើសរសើរៗនោះ គ្មានទៅរបេះមួយរៀលចេញទេ។
Pingback: First month of piloting a drone | តាម៉ាប់ យាយម៉ាប់
Pingback: រូបថតដ្រូន ក្រុងកំពង់ចាម | កំពង់ចាម កំពង់ចិត្ត