យឺន ពន្លក | Publication date 25 June 2010
នៅក្នុងព្រឹត្តិការណ៍ការប្រកួតរត់ប្រណាំងទិវាអូឡាំពិកអន្តរជាតិដែល ទើបបញ្ចប់កាលពីពេលថ្មីៗនេះ គេបានសង្កេតឃើញ លោកតា លុយ សុខុម អតីតម្ចាស់មេដាយមាសកីឡាប្រណាំងកង់ទសវត្សរ៍ ៦០ក៏មានវត្តមានដែរ ទោះបីជានៅពេលនេះ លោកមានអាយុ៧៥ឆ្នាំទៅហើយក្តី។ ក្នុងវ័យចំណាស់ជាងគេ លោកតា លុយ សុខុម នៅតែអាចរត់ប្រណាំងប្រជែងទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោម កីឡាករ កីឡាការិនីចូលរួមចំនួន៥០០នាក់ ក្នុងវិញ្ញាសារត់ចម្ងាយ៣០១៥ម៉ែត្រ។
លោក លុយ សុខុម មានស្រុកកំណើតនៅទីរួមខេត្តកំពង់ចាម ក្នុងគ្រួសារមន្ត្រីរាជការនៅសម័យសង្គមរាស្ត្រនិយម ហើយលោកមាននិស្ស័យចូលចិត្តលេងកីឡាតាំងពីក្មេងមកដូចជា កីឡារត់ចម្ងាយ ហែលទឹក និងប្រណាំងកង់ជាដើម។ លោកបានចូលរួមក្នុងសកម្មភាពកីឡាតាំងពីឆ្នាំ១៩៥៤មក។ លោកតា លុយ សុខុម បានមានប្រសាសន៍ថា៖«ខ្ញុំបានចូលហ្វឹកហាត់កីឡាជិះកង់ជាលើកដំបូងនៅឆ្នាំ១៩៥៣ ក្នុងខេត្តកំពង់ចាមជាមួយលោកគ្រូឈ្មោះ ប៊ុននៅ។ បន្ទាប់មក ខ្ញុំបានខិតខំប្រឹងប្រែងរៀន និងហ្វឹកហាត់អស់ពីកម្លាំងកាយចិត្ត ហើយខ្ញុំក៏បានជាប់ជាកីឡាករ ប្រណាំងកង់ជម្រើសជាតិនៅក្នុងឆ្នាំ១៩៥៩ហើយខ្ញុំបានបន្តមកហ្វឹកហាត់ ប្រមូលផ្តុំគ្នាជាមួយកីឡាករជម្រើសជាតិដទៃទៀតនៅទីក្រុងភ្នំពេញ»។
លោក លុយ សុខុម បានមានប្រសាសន៍រំឭកថា នៅឆ្នាំ១៩៦០ លោកបាន ចូលរួមការប្រកួតកីឡាជិះកង់ថ្នាក់ជាតិ និងបានទទួលមេដាយមាសជាលើកដំបូងក្នុងការប្រណាំងកង់ចម្ងាយ១៧៥ គីឡូម៉ែត្រ ដោយនៅពេលនោះ សម្តេចព្រះករុណានរោត្តមសីហនុ ព្រះអង្គប្រទានដោយផ្ទាល់។
នៅឆ្នាំ១៩៦១ លោកបានចូលរួមការប្រកួតប្រណាំងកង់ថ្នាក់អាស៊ីនៅប្រទេសជប៉ុន។ ក្នុងចំណោមកីឡាករជាង១០០នាក់មកពីគ្រប់ប្រទេសនៅអាស៊ី កីឡាករសុខុម ទទួលបានចំណាត់ថ្នាក់លេខ៤ វិញ្ញាសាឯកត្តជនចម្ងាយ១៧៤គីឡូម៉ែត្រ។
នៅឆ្នាំ១៩៦២ លោកបានចូលរួមប្រកួតប្រណាំងកង់លក្ខណៈជាក្រុមនៅប្រទេសឥណ្ឌូណេស៊ី ក្នុងចម្ងាយ១៧០គីឡូម៉ែត្រជាក្រុមដោយពេលនោះក្រុមលោក ទទួលបានចំណាត់ថ្នាក់លេខ៤។
នៅឆ្នាំ១៩៧០ ដល់ចុងឆ្នាំ១៩៧៤ លោកចូលបម្រើការងារនៅកងរាជតម្រួតមានតួនាទីជាគ្រូបង្ហាត់ កីឡាអត្តពលកម្ម រហូតចូលក្នុងរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។
ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ លោកបានភៀសខ្លួនទៅព្រំដែនប្រទេសកម្ពុជា-ថៃ និងមានវាសនាបានទៅរស់នៅសហរដ្ឋអាមេរិក។ ការរស់នៅលើទឹកដីអាមេរិកមានសេរីភាពគ្រប់គ្រាន់មែន ប៉ុន្តែដោយក្តីនឹករឭកស្រុកកំណើត និងទឹកចិត្តស្រឡាញ់វិស័យកីឡា ពិសេសកីឡាប្រណាំងកង់ លោកក៏បានវិលត្រឡប់មករស់នៅកម្ពុជាវិញនៅឆ្នាំ១៩៩៤។
អតីតម្ចាស់មេដាយមាសកីឡាប្រណាំងកង់រូបនេះមានប្រសាសន៍ថា៖ «សព្វថ្ងៃ ខ្ញុំមានអាយុ៧៥ឆ្នាំ តែខ្ញុំមានសុខភាពល្អ អាចចូលរួមលេងកីឡាមហាជនដើម្បីសុខភាពបាន។ ក្នុងមួយថ្ងៃ ខ្ញុំជិះកង់ចម្ងាយពី៨០ ទៅ១០០គីឡូម៉ែត្រជាលក្ខណៈហាត់ប្រាណ ប៉ុន្តែបើចង់ជិះប្រឡងប្រណាំងវិញ លោកអាចជិះបានក្នុងល្បឿនពី៣៨ ទៅ៤៥គីឡូម៉ែត្រក្នុងមួយម៉ោង»។ ទោះបីជាលោកមានអាយុច្រើនដូចនេះក្តី ប៉ុន្តែរូបលោកនៅតែបន្តការប្រណាំងរបស់លោកជានិច្ច។
ទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃលោក លុយ សុខុម បានប្រាប់ថា លោកមានជីវភាពធម្មតា ដោយសារមានកូន៤នាក់នៅក្រៅប្រទេសជួយឧបត្ថម្ភ ហើយសព្វថ្ងៃលោកគឺជា គ្រូបង្ហាត់កីឡាប្រណាំងកង់ស្ម័គ្រចិត្តនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម និងនៅភ្នំពេញផងដែរ៕
ចម្លងទាំងស្រុងពី ភ្នំពេញប៉ុស្តិ៍៖ លុយ សុខុម ម្ចាស់មេដាយមាសប្រណាំងកង់ទសវត្សរ៍ឆ្នាំ១៩៦០