Monthly Archives: ខែ​មីនា 2023

ព័ត៌មាន៖ អ្នកភូមិស្រែ​ស្ពៃ​ចាប់​យក​អាជីព​លក់​​ត្រសក់​ចាវ​​ និង​ឆៃប៉ូវ


អ្នកស្រី ​វួ​ង សុភា

០៩ ខែ មីនា ឆ្នាំ ២០២៣ ម៉ោង ១៥:៥១

ខេត្ត​ត្បូងឃ្មុំ​ ៖ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ស្រែ​ស្ពៃ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ បាន​ចាប់​យក​អាជីព​ធ្វើ​ត្រសក់​ចាវ និងឆៃប៉ូវ​ផ្អែម​លក់​​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ​តាម​រយៈ​មុខរបរ​នេះ​ក៏​បាន​ជួយ​ឱ្យ​កូន​ទៅ​រៀន​នៅ​សាកលវិទ្យាល័យ​ភ្នំពេញ ​និង​បាន​ចេញ​ការងារ​ធ្វើ​សមរម្យ​ផង​ដែរ​។

អ្នកស្រី ​វួ​ង សុភា អាយុ​៥០ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ នា​ព្រឹក​ថ្ងៃ​ទី​០៨ ​មីនា ​ឆ្នាំ​២០២៣ ថា ដើមដំបូង​ កាលពី​ពេល​ដែល​គាត់​នៅ​តូច​ឪពុក​ម្ដាយ​ចេះ​ធ្វើ​ត្រសក់ចាវ​ និង​ឆៃប៉ូវ​ផ្អែម ដោយ​ធ្វើ​ម្ដង​ៗ​ប្រមាណ​ជា១០​គីឡូ​ទុក​សម្រាប់​ហូប​ក្នុង​គ្រួសារ​មិន​មានការ​លក់ដូ​អ្វី​នោះ​ទេ​។ អ្នកស្រី​ សុភា បាន​រៀបរាប់​ទាំង​ញញឹម​បន្ត​ទៀត​ថា ក្រោយមក​​គាត់​បាន​ទទួល​ការ​បង្ហាត់បង្រៀន​ពី​ឪពុក​ម្ដាយ​ឱ្យ​ចេះ​ធ្វើ​របស់​ទាំងនេះ​សម្រាប់​ទុក​ទទួលទាន។ មក​ដល់​សព្វថ្ងៃ​គាត់​ក៏​បាន​បែកគំនិត​ពង្រីក​មុខរបរ​នេះ​ឲ្យ​កាន់តែ​ធំ​ឡើង​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែល​មាន​គ្នា​ចំនួន​៧នាក់​។​ ចំពោះ​ត្រសក់​គឺ ​បាន​ប្រមូល​ទិញ​ពី​តាម​ចំការ​មួយ​ចំនួន​ដែល​គេ​ដាំ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ មួយ​គីឡូ​ក្រាម​តម្លៃ​១៣០០រៀល ហើយ​យក​មក​ត្រាំ​ទឹកអំបិល​នៅ​ក្នុង​អាង​រួច​ស្រង់​ហាលថ្ងៃ ពេល​ដែល​ស្រពោន​អាច​លក់​បាន​មួយ​គីឡូ​តម្លៃ​៣០០០ ទៅ ​៣៥០០រៀល​។​ ចំពោះ​អ្នក​ដែល​មក​ទិញ​គឺ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ និង​រថយន្ត​ឆ្លងកាត់​ផ្លូវថ្នល់​មុខ​ផ្ទះ​របស់​គាត់​។​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ តាម​រយៈ​អ្នក​ដែល​មក​ទិញ​យក​ទៅ​ទទួលទាន​ឃើញ​ថា ​មាន​រសជាតិ​ឆ្ងាញ់​ធ្វើ​ឲ្យ​របស់​ដែល​គាត់​ផលិត​បាន​ទាំង​ពីរ​ប្រភេទ​នេះ​មាន​ម៉ូយ​កម្ម​ង់​ទិញ​មក​ពី​តាម​បណ្ដា​ខេត្ត​រាជ​ធានី​ក្នុង​នោះ​ មាន​ដូច​ជា កំពង់សោម រាជធានី​ភ្នំពេញ ប៉ោយ​ប៉ែ​តជាប់​ព្រំដែន​ថៃ ​ព្រមទាំង​ខេត្ត​មួយ​ចំនួន​ទៀត​ពោល​គឺ​ស្ទើរ​គ្រប់​ខេត្ត​តែ​ម្ដង​។ សម្រាប់​ត្រសក់​ចាវ​ដាក់​ក្នុង​ក្រឡ​អាច​លក់​បាន​តម្លៃ​១​ម៉ឺន​រៀល ​ទៅ ១៥០០០​រៀល ឆៃប៉ូវ​ផ្អែម​អាច​លក់​បាន​មួយ​គីឡូ​តម្លៃ​៨០០០​រៀល ​តាម​ប្រភេទ​សើម ​ឬ​ស្ងួត​។

អ្នកស្រី ​វួ​ង សុភា បញ្ជាក់​ឲ្យ​ដឹង​ថា មុខរបរ​នេះ​គឺ​ពិតជា​ហត់​ដូច្នេះ​ត្រូវ​តែ​មានការ​អត់ធ្មត់​។ ​នៅ​ក្នុង​ឆ្នាំ​២០២៣​ អំបិល​ធ្លាប់​ទិញ​មួយ​កា​រ៉ុ​ង​តម្លៃ១៧០០០រៀល ឥឡូវ​ឡើង​ដល់​២៩០០០​រៀល ដោយសារ​តែ​កត្តា​អំបិល​ឡើងថ្លៃ​គាត់​ទទួល​ការ​ចំណេញ​តិច​។ ទោះជា​យ៉ាងណា​ក៏​ដោយ ​គឺ​មិន​ឱ្យ​បាត់បង់​មុខរបរ​នេះ​ទេ ពេល​អនាគត​ចាស់​ទៅ​គឺ​ ចង់​ផ្ទេរ​របស់​នេះ​ទៅ​ឲ្យ​កូន​ៗ​ មិនដឹង​ថា​ តើ​មានកូន​ណា​មួយ​ស្ម័គ្រចិត្ត​នឹង​បន្ត​របស់​នេះ​ដើម្បី​ដោះស្រាយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ ជា​ច្រើន​ឆ្នាំ​មក​ហើយ​គាត់​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​ជំរុញ​ឲ្យ​កូនប្រុស​ច្បង​ម្នាក់​បាន​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នៅ​អូរ​រាំង​ឪ​នឹង​បាន​បន្ត​ការ​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ​នៅ​រាជធានី​ភ្នំពេញ មក​ដល់​សព្វថ្ងៃ​កូនប្រុស​រូប​នោះ​បាន​ចេញ​ធ្វើការ​ហើយ​ និង​បាន​ជួយ​សម្រាល​បន្ទុកគ្រួសារ​បាន​មួយ​កម្រិត​ផង​ដែរ​។

ចម្លងទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ អ្នកភូមិស្រែស្ពៃចាប់យកអាជីពលក់ត្រសក់ចាវ និងឆៃប៉ូវ

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: