Author Archives: តា ម៉ាប់

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!

ប្រតិមាព្រះពុទ្ធសាសនានៅភ្នំត្រប់


ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​បំប្លែង​ពីអត្ថបទ​មួយ​ដែល​ខ្ញុំ​សរសេរ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសូរិយា​ ឆ្នាំទី៦ លេខ៣ បោះពុម្ព​ឆ្នាំ​២០២០ ទំព័រ៤១ ដល់៥២។ ចំពោះអត្ថបទមួយដែលមានរំឭកនៅកំណត់យោងលេខមួយ សូមចុច ប្រាសាទភ្នំត្រប់



Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម, សៀវភៅ | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

រូបថតដ្រូន ក្រុង​កំពង់ចាម


ខ្ញុំ​ខាន​សរសេរ​នៅទីនេះ​យូរ​គ្រាន់ដែរ ព្រោះមិនបានទៅស្រុកសោះប្រមាណកន្លះឆ្នាំចុងក្រោយនេះ។ កាលពីអាទិត្យមុន ខ្ញុំសន្សំលុយ​កាក់​សេន​ខ្ញុំ​ទិញ​បាន​ដ្រូន DJI Mini 2 Combo តម្លៃគួរ​សម (អ្នកអានចង់ដឹង​ឆែក​រក​មើល​ខ្លួន​ឯង​ទៅ) ដែល​ខ្ញុំ​ប៉ង​ចង់បាន​តាំងពី​បី​បួន​ឆ្នាំមុន។ ទិញ​បាន​ មិន​ទាន់​ចេះ​ប្រើ​ មិនទាន់ចេះតម្លើង នៅ​ភ័យ​ៗ​ពេល​បង្ហោះម្ដង។ ដោយ​សារ​នៅភ្នំពេញ​ពិបាក​បង្ហោះ (ប្រសិនបើបើក GPS នៅ​កន្លែង​មួយ​ចំនួន​ដ្រូន​វាមិនឡើង​តែ​ម្ដង គឺគេបាន​ចង​ code ជាប់) ដូច្នេះខ្ញុំក៏​ឆ្លៀត​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ដើម្បី​បាន​បង្ហោះ​និង​ថត​រូប​ស្រុក​ភូមិ​ពីលើ​មេឃ​មក។ ផ្លូវឥឡូវស្រួលទៅស្រួល​មក​ទាំង​ផ្លូវ​លេ​ខ៦អា និងផ្លូវ​តាម​មាត់​ទន្លេ​។ ជាទូទៅ​ ខ្ញុំ​ជិះ​តាម​ផ្លូវ​មាត់​ទន្លេ​កាត់​ស្រុក​កង​មាស ដោយ​​បត់​តាម​​កន្លែង​ច្រមុះ​ជ្រូក​រកោរកោង ​ដែល​ចំណេញ​បាន​២០​គ.ម (ចម្ងាយ​សរុប​១០៥គ.ម.) ម៉្យាង​ផ្លូវ​ក៏​ស្ងាត់​ល្អ និង​មាន​វត្ត​ចំណាស់ៗ​មួយ​ចំនួន សម្រាប់អ្នក​បុរាណវិទ្យា​តូច​តាច​ដូច​រូប​ខ្ញុំ​ថត​រូប​ទុក។

និយាយ​ទៅ ទាក់ទង​និងរឿងថត​រូបនេះ ខ្ញុំថត​យូរ​ក្រែល​ដែល​ហើយ​តាំង​ពី​២០១១ (ខ្ញុំមិនចង់​ល្បីអីទោះ ព្រោះសមត្ថភាព​មាន​កម្រិត) ហើយគោល​ដៅ​របស់​ខ្ញុំ​គឺ ប្រាសាទ វត្ត​ ទេសភាព និងអ្នកស្រុក (ខ្ញុំអត់ចេះថត​រូប​ការ​ រូប​បង្ហាញ​ម៉ូត​អីទេ)។ ចំពោះ​ដ្រូន​នេះ​ គឺទិញ​ដើម្បី​ថត​ប្លង់​ប្រាសាទ​ពី​ខាង​លើ​ម្ដង ដើម្បី​បាន​ពិនិត្យ​ប្លង់​ជាក់​ស្ដែង​ដែល​អាច​សម្រួល​ដល់​ការ​សិក្សា (មិនដឹងពេល​ណា​បានសិក្សា​រួច)។ និយាយ​រឿងហ្នឹង ចេះ​តែ​មាន​អ្នក​នេះ​អ្នក​នោះ​មក​សរសើរ​ តែមិនដឹង​គេ​ចង់​បាន​អីឱ្យប្រាកដ ហាហាហា បើ​សរសើរ​ចឹង​ម៉េច​មិនជួយ​ផង ក្រែង​ថា​ស្រលាញ់​វប្បធម៌​ដែរ? ហើយបើ​អត្ថបទវិញសរសេរ​ឡើង​រាប់​រយ​ហើយខ្ញុំ យក​ជា​ការ​មិនកើតទាំងអស់ ចឹងបាន​គ្មាននរណា​គេ​ជួល​សរសេរ​ដាក់ វេបសាយ ល្បីៗ ដើម្បីបានលុយ​ទុក​ដើរ​លេង​ទៀត។ សរុបមកវិញ ចាយលុយ​ខ្លួនឯងទៅ ទើប​មិនឈឺ​ក្បាល​ហាល​ថ្ងៃ ព្រោះ​អ្នក​ខ្លះ​ធ្វើ​សរសើរ​ៗ​នោះ គ្មាន​ទៅ​របេះ​មួយ​រៀល​ចេញ​ទេ។

វត្តបទុមរតនៈដីដុះ

ស្ពានគីហ្ស៊ូណា

អតីតបឹងស្នាយ

ស្ពានកោះប៉ែន

ភូមិរការលើ

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | 1 មតិ

របកគំហើញបុរាណវិទ្យាថ្មី នៅខេត្តកំពង់ចាម


នៅឆ្នាំ ២០០៦ កន្លងមកនេះ គេបានរកឃើញនៅភូមិស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែល ស្ថិតមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញបច្ចុប្បន្ន នូវរូបចម្លាក់មួយចំនួននាសម័យមុនអង្គរ។

ចម្លាក់ទាំងនោះ ធ្វើអំពីសំរិទ្ធិ រួមមាន ព្រះពុទ្ធបដិមាខ្មែរនាសម័យមុនអង្គរ ៥អង្គ និងចម្លាក់ជាលក្ខណៈ ចិនពីរអង្គ។ មួយតំណាងព្រះពោធិសត្វ និងមួយទៀតតំណាងទ្វារបាល ឬអ្នកយាមទ្វារ ស្ថិតក្នុងរជ្ជ កាលសួយ ឬថាំង រវាងស.វទី ៦-៧ នៃគ.ស។

ក្រោយពីការជួសជុលរួចជាស្ថាពរ ចម្លាក់បុរាណទាំងប៉ុន្មានខាងលើនេះ ដែលសព្វថ្ងៃត្រូវបានរក្សាទុក ក្នុងសារមន្ទីរជាតិភ្នំពេញ ឆ្លុះបញ្ចាំងឲ្យយើងឃើញជ្រុងមួយនៃប្រវត្តិសាស្ត្រនៃអតីតព្រះរាជាណាចកម្ពុជា ដែលពីមុនគេពុំសូវដឹង ឮ ឡើយ។បើនិយាយម្យ៉ាងទៀត យើងអាចនិយាយបានថា បុរាណវត្ថុទាំងនោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ចំពោះចំណេះដឹង អំពីទំនាក់ទំនងរវាងខ្មែរ និងចិន នាសម័យមុន អង្គរ ដែលជាភាគច្រើន គេគ្រាន់តែដឹងតាមរយៈសំណេរដៃតែប៉ុណ្ណោះ។

ដូចទើបពោល ចំនួនព្រះបដិមាដែលគេបានរកឃើញ នៅភូមិស្តើងជ័យនោះ មានចំនួនទាំងអស់ ៧ ក្នុងនោះមានពីរជាសិល្បៈចិន ហើយ ៥ទៀត គឺជារបស់ខ្មែរនាសម័យមុនអង្គរ។ ចំពោះការកំណត់ កាលបរិច្ឆេទនៃចម្លាក់ចិន មានការលំបាកបន្តិច ព្រោះរូបទាំងពីរនោះមិនមានអាយុកាលដូចគ្នាទេ។ ព្រោះថា ព្រះរូបមួយដែលតំណាងព្រះពោធិសត្វស្ថិតក្នុងរជ្ជកាលសួយ ពោលគឺនៅស.វទី៦ នៃគ.ស ព្រះបដិមាទីពីរ ដែលជាចម្លាក់ទ្វារបាល មានអាយុកាលតិចជាបន្តិច ព្រោះស្ថិតក្នុងអន្តរកាលរវាង សន្តតិវង្សសួយ និងថាំង ពោលគឺរវាងស.វទី៦ និងទី ៧។

ក្នុងដំណើរបេសកម្មស្រាវជ្រាវខាងបុរាណវិទ្យាមួយទៅកាន់ទីក្រុងមុនអង្គរមួយ នាសម័យនគរភ្នំ ឈ្មោះអ៊ូថង នៅខេត្តសុផាន់បុរី នៅឆ្នាំ ១៩៦៧ លោកប័ស ស៊ឺលីយេ ក៏បានឃើញចម្លាក់ព្រះពោធិ សត្វដូចគ្នា និងចម្លាក់របស់យើងមួយអង្គដែរ ហើយចំពោះលោក ចម្លាក់នេះគឺស្ថិតក្នុងសម័យកាល នៃរាជវង្សសួយ។

រូបភាព ១-៤ : ព្រះពុទ្ធអង្គសំរិទ្ធិ កំពស់ ២៩ស.ម និង កំពស់ ១៤ ស.ម, ព្រះអវលោកេស្វរៈ កំពស់ ១៣ ស.ម និង ស្រីអារ្យមេត្រី កំពស់ ១៧ ស.ម សារមន្ទីរជាតិភ្នំពេញ (ឯកសារ Bunker & Latchford, Khmer Bronzes)

ចំណែកព្រះពុទ្ធបដិមាខ្មែរមុនសម័យអង្គរ យើងឃើញមានរូបសំណាក់ព្រះពុទ្ធអង្គសំរិទ្ធិ៣ (មួយមានកំពស់ ៣៩ស.ម ហើយពីរទៀត កំពស់ ២៩ស.ម និង ១៤ស.ម ដែលស្ថិតក្នុងឥរិយាបថឈរ) និងពីរទៀត ជារូប បែប មហាយាន មួយតំណាងព្រះអវលោកេស្វរៈ (១៣ស.ម) និងមួយទៀត រូបព្រះស្រីអារ្យមេត្រី (កំពស់ ១៧ស.ម)។

ជាអវសាន អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា ដោយសារតែព្រះពុទ្ធបដិមាបុរាណទាំងនោះ ទាំងហិនយាន ទាំងមហា យាន ត្រូវបានរកឃើញនៅទីតាំងតែមួយ យើងអាចសន្និដ្ឋានបានថា ប្រព័ន្ធសាសនាខ្មែរ នា សម័យនោះ ជាជំនឿដែលមានលក្ខណៈសំយោគ។ ម្យ៉ាងវិញទៀត ស្តីពីចំណាស់របស់ព្រះពុទ្ធបដិមា ខ្មែរទាំងនោះ តាមការស្រាវជ្រាវ សិក្សាវិភាគ យើងអាចនិយាយបានថា ចម្លាក់បុរេ ឬមុនអង្គរទាំងនោះ យ៉ាងហោចណាស់ក៏ស្ថិតនៅពាក់កណ្តាលស.វទី ៧ នៃគ.សដែរ៕ (ម.ត្រាណេ)

អត្ថបទដើម៖ ខេមរវិទ្យា៖ របកគំហើញបុរាណវិទ្យាថ្មី នៅខេត្តកំពង់ចាម

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

វត្ត​ពោធិវនារាមស្ពឺ


វត្ត​ពោធិវនារាម​ស្ពឺមានទីតាំងស្ថិតនៅ ភូមិ​ស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្ត​កំពង់ចាម។ វត្ត​នេះ​ទំនងធ្វើលើ​ទីតាំង​ប្រាសាទចាស់ ពីព្រោះយើងឃើញ​មាន​សំណល់​ស៊ុម​ទ្វារ​ជា​ច្រើន និង​ផ្ដែរ​មួយ​ស្ថិត​នៅក្នុង​រចនាបថ​ព្រៃ​ក្មេងផង។ បើ​តាម​រូ​ប​ថត​ចាស់​មួយ​សន្លឹក​ដែល​យើង​មាន (នៅខាង​ក្រោម​បំផុត) កាល​ពី​ដើម​ទីតាំង​នេះ​មាន​ប្រាសាទ​ឥដ្ឋ​ចំនួន​ពីរ។ ចំពោះ​លក្ខណៈ​ប្រាសាទ​ឥដ្ឋ​ចំនួន​ពីរ​បែបនេះ (មិនមែន​បី) យើង​ឃើញ​មាន​នៅ​ច្រើន​កន្លែង​ដែរពោល​នៅ​ ប្រាសាទ​ព្រះធាតុនៅក្នុង​បន្ទាយ​ព្រៃនគរ, ប្រាសាទ​ស្រីនៅ​ស្រុក​កំពង់លែង, ប្រាសាទ​នាង​ខ្មៅ​ខេត្ត​តាកែវ, ប្រាសាទគោកចក និង​ប្រាសាទ​វត្ត​ព្រះ​ឥន្ទ​កោសិយ៍​នៅជិតអង្គរ ។ល។

ព្រះវិហារ​នេះ​មាន​រូបរាង​ស្អាត ឯ​ផ្នែក​ខាង​ក្នុង​មិន​មែន​គំនូរ​ទេ មាន​តែ​គំនូរ​ជា​ផ្កា​បែប​បារាំង​នៅ​ជិត​ក្បាល​សសរ។ នៅ​ផ្នែក​ខាង​ក្នុង​ព្រះវិហារ​នេះ​ក៏​មាន​ចារិក​ដែរ ខ្ញុំ​នឹង​បង្ហាញ​នៅ​ពេល​ក្រោយ​ទៀត​ បើ​មាន​ឱកាស។

នៅខាង​កើត​ព្រះ​វិហារ​មាន​ចេតិយ​មួយ​ដែល​មាន​ចារឹក​ទាំង​ខាង​មុខ​នឹង​ខាង​ក្រោយ តែ​គួរ​ឲ្យ​សោកស្ដាយ​ចារឹក​ខាង​ក្រោយគេលាប​កំបោរ​បាត់​អក្សរ​ទៅហើយ (សូម​មើល​រូប​ខាង​ក្រោម)។ ចំពោះចារឹក​នេះ (នៅផ្នែកខាង​មុខ​នៃចេតិយ) ខ្ញុំ​បាន​ស្រង់​មក​ជា​អក្សរ​សព្វថ្ងៃ​ដែរ៖

ឆ្នាំច នក្សត្រ ឆស័ក ព្រះពុទ្ធសករាជ២៤៧៧ គ្រឹស្តសករាជ១៩៣៥
វត្តពោធីវនារាម ឃុំស្ពឺ ស្ទឹងត្រង់ កំពង់ចាម ព្រះចេតិយនេះ ព្រះ
វិន័យសត្ថាបាឡាត់គណ (អ៊ុក) (គៀត) មានសទ្ធាជ្រះថ្លាបានប្រកាស
ប្រាប់ពួកបណ្ដាជនជាឧបាសក ឧបាសិកា ជើងវត្តទាំងអស់ គឺភូមិស្ពឺ បន្ទាយជ័យ ពែងមាស
ព្រមទាំង​ភិក្ខុ​សាមណេរ​កុមារ​ជាសិស្សានុសិស្ស​ទាំង​ប៉ុន្មាន រួម​គំនិត​គ្នា​កសាង
ក្នុងរាជ​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​មុនីវង្ស ដើម្បី​បដិស្ឋាន​ព្រះពុទ្ធ​រូប​បដិមាការ
ព្រម​ទាំង​ធាតុ​លោកអ្នក​ដ៏​មាន​គុណ មាន​មាតាបិតាជាដើម ដើម្បី​ជា​ទីគោរព​តទៅ
សាងអស់ប្រាក់ចំនួន ១២៨៨ រៀល
***

តាម​រយៈចារឹក​លើ​ចេតិយ​នេះយើង​អាច​ដឹង​ថា​ស្រុក​ចម្ការ​លើ​មិនទាន់​ត្រូវ​បាន​បង្កើត​ទេ​នៅ​ពេល​នោះ នៅពេល​ក្រោយ​ទៀត​ទើប​គេ​​​កាត់​មួយ​ផ្នែក​នៃ​ស្រុក​ស្ទឹង​ត្រង់​ឲ្យ​ក្លាយ​ទៅ​ជា​ស្រុក​ចម្ការ​លើ។ តាម​ឋានន្តរសង្ឃ​មន្ត្រី​សង្ឃ ព្រះបាឡាត់គណមាន​ដំណែងធំ​បន្ទាប់ពីព្រះមេគណខេត្ត។​ ចំពោះព្រះវិន័យសត្ថាអង្គនេះ ព្រះអង្គជាព្រះបាឡាត់គណខេត្តទៀត តែយើងមិនដឹងថាព្រះអង្គគង់នៅវត្ត​នេះ ឬ​ក៏​គង់​នៅ​ទីរួម​ខេត្ត​ តែ​ទំនង​ថា​ព្រះអង្គ​​មាន​ស្រុកកំណើត​នៅទីនេះទើប​មក​កសាង​ចេតិយ​នៅបដិស្ឋានធាតុ​មាតាបិតានៅស្រុកកំណើត។​

រូបប្រាសាទចាស់កាលនៅគង់វង្ស មិនដឹងថតឆ្នាំណា តែប្រហែលកំឡុងដើមសតវត្សរ៍ទី២០៖

លេខបញ្ជី៖ EFEO_CAM12411

Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

អតីតព្រះវិហារវត្តល្វាទេរ


វត្តល្វាទេរ ស្ថិត​នៅឃុំ​មាន​ជ័យ​ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។ វត្ត​នេះ​ស្ថិត​នៅ​ម្ខាង​ម្នាក់ទន្ល នឹងវត្ត​រកោកោង ស្រុកមុខកំពូល​ ខេត្ត​កណ្ដាល ដែល​ទីតាំង​ទាំង​ពីរ​នេះ​មាន​​ពាក់ព័ន្ធ​នឹង​រឿងព្រេងអំពី «ព្រះបាទ​បក្សីចាំក្រុង»។ ក្នុង​ប្រកាស​នេះ ខ្ញុំ​មិន​មាន​និយាយ​អ្វី​ដល់​រឿង​ព្រេង​នេះ​ទេ ខ្ញុំ​គ្រាន់តែ​បង្ហាញ​រូប និង​ប្រវត្តិ​ត្រួស​ៗ នៃ​ព្រះ​វិហារ​វត្ត​ល្វាទេរ​ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​វិហារ​ថ្មី​មួយ​ទៅ​ហើយ។

ខ្ញុំមិន​បាន​សាក​សួរ​ព្រះសង្ឃ តាអាចារ្យ​ ឬអ្នកភូមិ​ជុំ​វិញ​អំពីប្រវត្តិវត្ត​នេះ​ឡើយ (ជា​ការខ្វះ​ខាត​ដែល​គួរ​តែ​ជៀសវាង)។ តាំង​ពី​ពេល​ខ្ញុំ​ទៅ​ដល់​វត្ត​នេះ​ដំបូង​នៅ​​ចុង​ឆ្នាំ​២០១៣ និង​​ថ្មីៗ​បំផុត​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ (២១ ឧសភា ២០២០) ខ្ញុំ​ចំណាយ​ពេល​បន្តិ​ចបន្តួច​ប៉ុណ្ណោះ​នៅ​វត្ត​នេះ​ ដោយ​គោល​ដៅ​របស់​ខ្ញុំ​គឺទៅ ប្រាសាទ​ព្រះធាតុ​បារាយណ៍​ ឯណោះទេ។ កាល​ខ្ញុំ​ទៅ​ដល់​លើក​ទី២ (២០១៥) ខ្ញុំ​បាន​ថត​រូប​នៅ​ក្នុង​ព្រះ​វិហារ​ចាស់​ខ្លះ ក្រោយ​មក​មាន​គេ​ប្រាប់​ខ្ញុំ​ថា​គេ​នឹង​ត្រៀម​វាយ​ព្រះ​​វិហារ​ចាស់​ចោល​ដោយ​សង់​ព្រះ​​វិហារ​ថ្មី​ជំនួស​វិញ។ ខ្ញុំ​មិន​យល់​បំណង​នេះ​ទាល់តែ​សោះ​នៅពេល​ដែល​ដី​វត្ត​ទំនេរ​នៅ​មាន​ ហេតុ​អ្វី​ក៏​គេ​មិន​រក្សា​របស់​ចាស់? បន្ទាប់មកខ្ញុំ​ឮ​ដំណឹង​ថា​គេ​វាយ​ព្រះ​​វិហារ​នេះ​នៅ​ឆ្នាំ​២០១៦ ខ្ញុំ​មិន​បាន​ទៅ​ទី​នោះ​ទៀត​ទេរហូត​ដល់​ឆ្នាំ​នេះ ទើប​ខ្ញុំ​បាន​ឈៀង​ចូល​ថត​ព្រះវិហារ​ថ្មី​ ដូច​មាន​បង្ហាញ​នៅ​ខាង​ក្រោម​បំផុត។

អក្សរ​លើ​បល្ល័ង្ក

ប្រវត្តិ​តិច​តួច​នៃ​ព្រះ​វិហារ​នេះ​ យើង​អាច​ដឹង​តាម​ព័ត៌មាន​បី។ មួយ​ ​បើ​តាម​អក្សរ​នៅ​លើ​បល្ល័ង្ក​ព្រះ​ក្នុង​ព្រះ​វិហារ​ យើង​អាច​និយាយ​បាន​ថា​ គេ​បញ្ចុះ​សីមា​ព្រះ​វិហារ​នេះនៅឆ្នាំ​១៩៥៤នោះឯង។ ពីរ ដោយ​ជៀសមិន​ផុត ព្រះវិហារ​នេះ​ក៏​​ទទួល​រង​ការ​ខូច​ខាត​ក្នុង​របប​ខ្មែរ​ក្រហម​ដូច​ព្រះ​វិហារ​ដទៃ​ទៀត​ដែរ នៅលើ​ហោ​ជាង​ខាង​កើត​ (រូប​ខាង​ក្រោម) បាន​ចារឹក​អក្សរ​ថា «​លើក​នៅ​ឆ្នាំ​ខាល​នាម​ខ្លា​គ.ស.​១៩៨៦» គឺជាឆ្នាំ​ដែល​គេ​លើក​ដំបូល​ព្រះ​វិហារ​ឡើង​វិញ។ បី ការ​វាយ​ព្រះវិហារ​នេះ​ចោល​នៅ​ឆ្នាំ​២០១៦ ដោយ​កសាង​ព្រះ​វិហារ​ថ្មី​នៅ​លើ​​ទីតាំង​ព្រះ​វិហារ​នេះ។

ព្រះវិហារចាស់ (ថត ២០១៥)

ព្រះវិហារថ្មី (ថត ២០២០)

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

ផ្ទឹម​រូប​ចាស់ និង​រូបថ្មី


រូប​ចាស់​ដក​ស្រង់ពី​សៀវភៅ Inventaire descriptif des monuments du Cambodge ភាគ២ សរសេរ​ដោយ លោក Étienne Edmond Lunet de Lajonquière នៅឆ្នាំ១៩០២ ​ឯ​រូបថ្មីជា​កម្មសិទ្ធ​របស់ស្មេរ។

ភ្នំត្រប់

ភ្នំត្រប់ ប៉មកណ្ដាល

ភ្នំជើងព្រៃ (ភ្នំស្រី)

គុកព្រីងជ្រុំ

គុកអំពិលទ្វារ

វត្តស្ពឺ

ហាន់ជ័យ គុកជើង

ហាន់ជ័យ គុកត្បូង

នគរបាជ័យ

ព្រះធាតុព្រះស្រី គុកជើង

ព្រះធាតុព្រះស្រី

ព្រះធាតុបារាយណ៍

ព្រះធាតុបារាយណ៍

ព្រះធាតុបារាយណ៍

ព្រះធាតុបារាយណ៍

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , | 2 មតិ

ប្រាសាទភ្នំត្រប់


ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​បំប្លែង​ពីអត្ថបទ​មួយ​ដែល​ខ្ញុំ​សរសេរ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសូរិយា​ ឆ្នាំទី៦៦ លេខ២ បោះពុម្ព​ឆ្នាំ​២០១៩ ទំព័រ៧៨ ដល់៩២ ។

ខ្ញុំ​ក៏​ធ្លាប់​ដក​ស្រង់​អត្ថបទ​​អំពី​ភ្នំត្រប់ពី​វេបសាយ​​ផ្សេង​ទៀត​យក​មក​ចុះ​ផ្សាយ​នៅ​ទី​នេះ​ដែរ៖

Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម, សៀវភៅ | ពាក្យ​គន្លឹះ៖ , , , , | 1 មតិ

វត្តសុភារង្សី


វត្តសុភារង្សី ស្ថិតនៅ​ក្នុង​​ឃុំ​សូភាស ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​វត្ត​អារាម​នោះ​ យើង​អាច​ធ្វើ​ដំណើរ​ពី​២​​ផ្លូវ។ ទី​មួយ​គឺ​ចេញ​ពី​ទី​រួម​ស្រុក​ចំការ​លើ​ទៅ​ទិស​ខាង​កើត​​រហូត​ដល់​ឃុំ​មេសរ​ជ្រៃ ហើយ​បត់​ស្ដាំ​ដៃ​ ឯ​ទី​ពីរ​គឺ​ធ្វើ​ដំណើរ​ពី​ក្រុង​កំពង់​ចាម​ទៅ​កាន់​ទី​រួម​ស្រុក​ស្ទឹង​ត្រង់ បន្ទាប់​មក​បត់​ឆ្វេង​ទៅ​ទិស​ខាង​លិច​សម្ដៅ​​ទៅ​ឃុំ​មេសរជ្រៃ​ដែរ ហើយបត់​ឆ្វេង​ដៃ​វិញ (សរុប​មក​គឺមក​ពី​ទិស​ដៅ​ម្ខាង​ម្នាក់)។ ចម្ងាយបត់ចូល​ពី​ម្ដុំ​ផ្សារ​មេសរជ្រៃ​ទៅ​ត្បូង​នោះ​ប្រមាណ​ជា​ ៥ គ.ម.។

ទីតាំង​ព្រះ​វិហារ​សព្វ​ថ្ងៃ​ទំនង​ធ្វើ​លើ​គ្រឹះ​ប្រាសាទ​ចាស់​ដែល​ធ្វើ​ពី​ឥដ្ឋ។ នៅ​ក្នុង​ទីតាំង​វត្ត​ទាំង​មូល​មាន​បន្សល់​ទុក​ផ្ដែរ​រចនាបថ​សម័យ​មុន​អង្គរ​ចំនួន​៤ ក្នុង​នោះ​ផ្ដែរ​រចនាបថ​សម្បូណ៌ព្រៃគុក​ចំនួន៣ និង​ផ្ដែរ​រចនាបថ​កំពង់​ព្រះ​ចំនួន​១។ ប្រសិន​បើ​នៅ​សល់​ផ្ដែរ​ចំនួន​៤​ យ៉ាង​ហោច​ណាស់​អាច​មាន​ប្រាសាទ​យ៉ាង​តិច​មួយ ឬ​យ៉ាង​ច្រើន​៤ដែរ​។ បើ​តាម​ផែន​ទី​ដែល​អ្នក​ស្រាវជ្រាវ​បារាំង​ ​លោក Lunet de Lajonquiere (1902, p. 300) គូរទុក និងបាន​សរសេរ​បញ្ជាក់ថា កាលនោះគាត់ឃើញប្រាសាទឥដ្ឋចំនួន​៣ និងគំនរ​ឥដ្ឋច្រើនគំនរទៀត។

ផ្ដែររចនាបថកំពង់ព្រះ

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (១)

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (២)

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (៣)

ក្រៅពីផ្ដែរទាំង៤ ដែលគេយកទៅតម្រៀបជា​មួយ​មេទ្វារ​​ដោយ​បៀក​បិត​ស៊ីម៉ង់​ធ្វើ​ជា​អាង (?) នោះ ក៏មាន​សេស​សល់​សំណល់​ជើង​ទម្រ​មួយ​ចំនួន ក្បាល​តោ​សម័យ​អង្គរ​មួយ​ និង​បំណែក​ឥដ្ឋ​ពាស​ពេញ​ទី​ធ្លា​វត្ត​។ ដូច្នេះ​ តាម​ការ​សង្កេត​​​​ជា​បឋម​នេះ​​អាច​បញ្ជាក់ថាតំបន់​នេះ​ថ្វី​ត្បិត​តែ​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​​ និង​ជាតំបន់​សម្បូណ៌ព្រៃ​ តែ​មាន​សហគមន៍​មនុស្ស​រស់​នៅ​ត​រហូត​មក​តាំង​ពី​សម័យ​មុន​អង្គរ។

បន្ថែម​ពី​នេះ ​និស្សិត​បុរាណ​វិទ្យា​ជំនាន់​ទី១២ ឈ្មោះ​ ស៊ាង រ៉ូស្សាត ​ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ជា​សារណា​មួយ​ច្បាប់​​​ដោយ​ដាក់​ចំណង​ជើង​ថា «សូភាស៖ ភូមិសូភាស ខេត្តកំពង់ចាម (បុរាណស្ថាន និងសហគមន៍មនុស្សជុំវិញ)» អំពី​ទីតាំង​នេះ​ដែរ។ សៀវភៅ​នេះ​ អាច​រក​អាន​បាន​នៅ​បណ្ណាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ទីតាំង​នៅ​ក្រោយ​សារមន្ទីរជាតិ និង​ជាប់​របង​ខាង​ជើង​ព្រះ​បរម​រាជវាំង។

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​នៅ​ភ្នំបាធាយ


កាល​ពី​ម្សិល​មិញ ខ្ញុំ​​បង្ហោះ​រូប​ថត​ទេស​ភាព​ពី​លើ​ភ្នំ​បាធាយ​ ថ្ងៃនេះ ខ្ញុំ​​សូម​បង្ហាញ​​ភស្តុតាង​​នៃ​វត្តមាន​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​ទៅ​ហើយ​នៅ​លើ​ទីតាំង​ភ្នំ​នេះ។ គួរ​បញ្ជាក់​ថា ភ្នំបាធាយ​ជា​ភ្នំ​​​ធំ​មួយ​នៅ​កណ្ដាល​ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ស្ថិត​នៅ​ស្ទើ​ពាក់​កណ្ដាល​ផ្លូវ​ភ្នំពេញ​កំពង់ចាម (៦០ គ.ម. ពីភ្នំពេញ, ៦៥ គ.ម. ទៅ​កំពង់ចាម)។ បើ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ ​យើង​នឹង​ឃើញ​វត្ត​មួយ​នៅ​ខាង​ស្ដាំ​ដៃ​ឈ្មោះ​ វត្ត​គិរី​បុប្ផារាម ស្ថិត​នៅ​ជើង​ភ្នំ​បាធាយ។ យើង​អាច​ឡើង​ភ្នំ​នេះ​ដោយ​​ដើរ​តាម​ជណ្ដើរ​ពី​ជើង​ភ្នំ​ទៅ​ក៏​បាន តែ​បើ​ចង់​ឡើង​ភ្នំ​ដោយ​ម៉ូតូ​ ឬ​ឡាន​​វិញ តោង​ជិះ​បង្ហួស​បន្តិច​នឹង​ឃើញ​ផ្លូវ​ដី​មួយ​នៅ​ខាង​ស្ដាំ​ដៃ បត់​ចូល​ទៅ​ហើយ​ជិះ​រហូត​ដល់​ សាលា​បឋម​សិក្សា​​មួយ ហើយបត់​ស្ដាំ​តាម​ផ្លូវ​ដី និងបេតុង​ឡើង​ទៅ​លើ​ភ្នំ​តែ​ម្ដង។

ពេល​ឡើង​ទៅដល់​ជំរាក់​មួយ យើង​នឹង​ឃើញ​រោង​សំណង់​សក្ការៈ​មួយ​អន្លើ។ ចំណុច​នេះ​មាន​ជណ្ដើរ​ចុះ​ទៅ​ក្រោម​ចំ​ដល់​វត្ត​ ដូច​មាន​និយាយ​នៅ​ខាង​លើ។ នៅ​ត្រង់​ចំណុច​មួយ​ទៀត​នៅ​លើ​ភ្នំ​ គេ​មាន​សង់​ជា​រោង​ពី​ស៊ី​ម៉ង់​ដើម្បី​តម្កល់​ចម្លាក់​ព្រះ​ពុទ្ធ​រូប​​ថ្មី​មួយ​អង្គ និង​ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក​មួយ​ពី​ថ្មភក់។

ផ្ដែរ​រចនាបថ​សំបូរ​ព្រៃគុក

ក្រៅ​ពី​វត្ត​មាន​ផ្ដែរ​ដែល​អាច​បញ្ជាក់​ពី​​អត្ថិភាព​នៃ​ប្រាសាទ​បុរាណ​មួយ​ដែល​សព្វថ្ងៃ​រលំ​បាត់​រូប​រាង​ហើយ​នោះ ទីតាំង​ភ្នំ​នេះ​ក៏​មាន​​ជា​រោង​អ្នកតា រោង​សក្ការៈនានា ក៏​ដូច​ជា​ចេតិយ​ដែរ។ នេះ​ស​បញ្ជាក់​ពី​ជំនឿ​យ៉ាង​មុត​មាំ​របស់​អ្នក​ស្រុក​ដែល​នៅ​តែ​គោរព​ដល់​ភ្នំ​នេះ​តាំង​ពី​ដើម​ត​មក​ដល់​បច្ចុប្បន្ន។

បន្ថែម​ពី​នេះ ​និស្សិត​បុរាណ​វិទ្យា​ជំនាន់​ទី១៩ ឈ្មោះ​ ម៉ុក មករា ​ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ជា​សារណា​មួយ​ច្បាប់​​​ដោយ​ដាក់​ចំណង​ជើង​ថា «ភ្នំបាធាយ ជំនឿ និងកិច្ចប្រតិបត្តិ» អំពី​ទីតាំង​នេះ​ដែរ។ សៀវភៅ​នេះ​ អាច​រក​អាន​បាន​នៅ​បណ្ណាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ទីតាំង​នៅ​ក្រោយ​សារមន្ទីរជាតិ និង​ជាប់​របង​ខាង​ជើង​ព្រះ​បរម​រាជវាំង។

Categories: កម្រង​រូបភាព, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ទេសភាព​ពី​ភ្នំបាធាយ


រូប​ថត​ខាង​ក្រោម​នេះ​ ខ្ញុំ​ថត​តាំង​ពី​ខែ​មិថុនា​ឆ្នាំ​២០១៧​មក​ម៉្លេះ កាល​នោះ​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ ក៏​ឈៀង​ឡើង​ភ្នំ​បាធាយ​ ហើយ​ផ្ដិត​យក​រូប​ថត​​ទាំង​នេះ​តែ​ម្ដង។

Categories: កម្រង​រូបភាព | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: