
វត្តនៅលើភ្នំជីលា
ខ្ញុំបានចេញដំណើរពីភ្នំពេញនៅថ្ងៃទី ១១ ដើម្បីមកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ព.ស. ២៥៥៧ នៅឯស្រុកកំណើត ។ ខ្ញុំចាប់ចេញដំណើរនៅម៉ោង ១១ ព្រឹក ដោយជិះតាមផ្លូវជាតិលេខ ៥ ។ ប្រហែលជាម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ខ្ញុំបានមកដល់ស្ពានព្រែកក្ដាម (Made in China) ដែលកំពុងឃើញមានជួលជុលជាបណ្ដើរៗ ។
ម៉ោងប្រហែលជា ១ ខ្ញុំបានមកដល់ ភ្នំជីលាចរចា ។ ខ្ញុំបានសួរអ្នកស្រុកជិតនោះរក ប្រាសាទនៅលើភ្នំចរចា តែគាត់មិនបានដឹងនោះទេ ។ គាត់បានប្រាប់ឲ្យខ្ញុំសាកឡើងលើភ្នំជីលា ដែលមានវត្តមួយស្ថិតនៅលើកំពូលភ្នំ (ភ្លេចឈ្មោះវត្តដូចគេលុប) ។
ភ្នំជីលា មានកម្ពស់ប្រហែលជា ៣០ ទៅ ៤០ ម៉ែត្រ ប៉ុណ្ណោះ ដោយឡើងតាមជណ្ដើរ ក៏ប៉ុន្តែក៏មានផ្លូវជិះវាងឡើងដល់លើកំពូលភ្នំដែរដោយឆ្វែលតាមចង្កេះភ្នំចម្ងាយប្រហែលជា ១ គ.ម៉. ។ ភ្នំនេះមានផ្ទៃរាបស្មើ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ខ្ញុំដើម្បីនិងពិនិត្យទេសភាពតំបន់នៅជុំវិញនោះ ។ ទេសភាពមើលពីលើភ្នំជីលានេះពិតជាស្រស់ត្រកាលណាស់ បើទោះជាផ្ទៃមេឃមានសភាពក្ដៅហែង បូករួមនឹងវាលស្រែដែលសល់តែគល់ជញ្ជ្រាំងក្ដី ។
បន្ទាប់ពីសាកសួរព្រះសង្ឃរក ប្រាសាទនៅលើភ្នំចរចា និងទទួលបានព័ត៌មានលម្អិតរួចមក ខ្ញុំក៏បានថ្វាយបង្គំលាព្រះអង្គដើម្បីទៅមើលប្រាសាទនៅឲ្យជាក់នឹងភ្នែកតែម្ដង ។ ផ្លូវចូលទៅកាន់ប្រាសាទនោះស្ថិតនៅខាងឆ្វេងដៃ (ទិសដៅ ភ្នំពេញ – កំពង់ចាម) ដោយត្រូវជិះក្រោមផ្ទាំងថ្មដ៏ធំមួយនៅជើង ភ្នំបែកពាង ដែលជាភ្នំថ្មដុះ ។ ខ្ញុំបានជិះចូលដោយសន្សឹមៗ និងបានចូលទៅសួររកផ្លូវទៅកាន់ ប្រាសាទនៅលើភ្នំចរចា ពីបងៗ ទាហានមួយក្រុមដែលកំពុងពិសាសុរា ។ បងៗ ទាំងនោះដែលមានសន្ដានចិត្តល្អបានបញ្ជាក់ប្រាប់ខ្ញុំថា ពិតជាមាន ប្រាសាទនៅលើភ្នំចរចា មែន ក៏ប៉ុន្តែត្រូវសុំអនុញ្ញាតពីមេបញ្ជាការកងវរសេនាតូចដែលឈរជើងនៅទីនោះសិន ។ ខ្ញុំក៏បានជិះបន្តចូលទៅទៀត ដោយចូលទៅដល់ក្នុងបន្ទាយតែម្ដង និងមើលឃើញប្រាសាទដែលស្ថិតនៅលើកូនភ្នំកម្ពស់ប្រហែលជា ២០ ម៉. ប៉ុណ្ណោះ ប៉ុន្តែគួរឲ្យសោកស្ដាយគេមិនបានអនុញ្ញាតឲ្យខ្ញុំឡើងទៅមើលប្រាសាទនោះទេ ដោយមូលហេតុ មានការសំខាន់ ។
ខ្ញុំចាកចេញមកវិញទាំងសោកស្ដាយព្រោះបានឃើញប្រាសាទនៅនឹងមុខទៅហើយ ។ ខ្ញុំបានឆៀងចូលលាបងៗ ទាហានដែលបានប្រាប់ផ្លូវខ្ញុំនោះ មុននឹងបន្តដំណើរទៅកាន់ស្រុកកំណើត ។ ដោយនឹកស្ដាយពេក ក្រោយពីជិះមកតាមផ្លូវជាតិបានប្រហែលជា ១ គ.ម៉. ខ្ញុំព្យាយាមរកមើលប្រាសាទនោះពីចម្ងាយ ជាភព្វល្អប្រាសាទនោះស្ថិតនៅចម្ងាយល្មមនិងអាចមើលឃើញបាន (ខ្ញុំធ្លាប់ជិះតាមផ្លូវជាតិនេះរាប់សិបដងហើយ ក៏ប៉ុន្តែមិនដែលចាប់ភ្លឹកនឹកដល់ថាមានប្រាសាទនេះសោះ) ។
ខ្ញុំក៏បានទាញយកកាម៉េរ៉ាសំណព្វចិត្តខ្ញុំដើម្បីថតរូបប្រាសាទនេះពីចម្ងាយ ។ បើទោះជាមិនបានឡើងទៅមើលដល់ជិតជាក់នឹងភ្នែកក្ដី ខ្ញុំនៅតែមានអារម្មណ៍រីករាយជាអនេកដែលឃើញប្រាសាទនេះនៅឈរជ្រងោៗ ហើយសង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងមានភព្វបានឡើងទៅឃើញប្រាសាទនេះដោយផ្ទាល់ភ្នែក និងបានប៉ះកាន់ថ្មបុរាណដ៏សក្ដិសិទ្ធិទាំងនេះ ។

រូបបង្រួម ថតពីផ្លូវជាតិ
អានបន្ថែមមូលហេតុដែលខ្ញុំដឹងថាមានប្រាសាទនៅលើភ្នំចរចា ៖ ប្រាសាទលើភ្នំចរចា
Like this:
ចូលចិត្ត កំពុងផ្ទុក...