ផ្សេងៗ

រូបថតដ្រូន ក្រុង​កំពង់ចាម


កាល​ពី​ពីរ​ខែ​មុន បាន​ទៅស្រុក​ហើយ​បង្ហោះ​ដ្រូន​ម្ដង​ដែរ (អាច​អាននៅទីនេះ​បាន)។ ខែ​នេះ​ទៅម្ដង​ទៀត ប្លង់​ក៏​មិន​ខុស​គ្នា​ដែរ គ្រាន់តែ​ហ៊ាន​បង្ហោះ​ខ្ពស់​ជាង​មុន (ឡើងជិត​ដល់​កម្ពស់​៥០០​ម៉ែត្រ) និង​ហោះ​លើ​ផ្ទៃ​ទន្លេ​តែម្ដង។

ស្ពានគីហ្ស៊ូណា និងក្រុងកំពង់ចាម

ស្ពានកោះប៉ែន

វត្តដីដុះ ផ្សារ៧មករា និងភូមិរកា

ក្រោយផ្សារ៧មករា

វីដេអូបិទឆាក៖

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

រូបថតដ្រូន ក្រុង​កំពង់ចាម


ខ្ញុំ​ខាន​សរសេរ​នៅទីនេះ​យូរ​គ្រាន់ដែរ ព្រោះមិនបានទៅស្រុកសោះប្រមាណកន្លះឆ្នាំចុងក្រោយនេះ។ កាលពីអាទិត្យមុន ខ្ញុំសន្សំលុយ​កាក់​សេន​ខ្ញុំ​ទិញ​បាន​ដ្រូន DJI Mini 2 Combo តម្លៃគួរ​សម (អ្នកអានចង់ដឹង​ឆែក​រក​មើល​ខ្លួន​ឯង​ទៅ) ដែល​ខ្ញុំ​ប៉ង​ចង់បាន​តាំងពី​បី​បួន​ឆ្នាំមុន។ ទិញ​បាន​ មិន​ទាន់​ចេះ​ប្រើ​ មិនទាន់ចេះតម្លើង នៅ​ភ័យ​ៗ​ពេល​បង្ហោះម្ដង។ ដោយ​សារ​នៅភ្នំពេញ​ពិបាក​បង្ហោះ (ប្រសិនបើបើក GPS នៅ​កន្លែង​មួយ​ចំនួន​ដ្រូន​វាមិនឡើង​តែ​ម្ដង គឺគេបាន​ចង​ code ជាប់) ដូច្នេះខ្ញុំក៏​ឆ្លៀត​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ដើម្បី​បាន​បង្ហោះ​និង​ថត​រូប​ស្រុក​ភូមិ​ពីលើ​មេឃ​មក។ ផ្លូវឥឡូវស្រួលទៅស្រួល​មក​ទាំង​ផ្លូវ​លេ​ខ៦អា និងផ្លូវ​តាម​មាត់​ទន្លេ​។ ជាទូទៅ​ ខ្ញុំ​ជិះ​តាម​ផ្លូវ​មាត់​ទន្លេ​កាត់​ស្រុក​កង​មាស ដោយ​​បត់​តាម​​កន្លែង​ច្រមុះ​ជ្រូក​រកោរកោង ​ដែល​ចំណេញ​បាន​២០​គ.ម (ចម្ងាយ​សរុប​១០៥គ.ម.) ម៉្យាង​ផ្លូវ​ក៏​ស្ងាត់​ល្អ និង​មាន​វត្ត​ចំណាស់ៗ​មួយ​ចំនួន សម្រាប់អ្នក​បុរាណវិទ្យា​តូច​តាច​ដូច​រូប​ខ្ញុំ​ថត​រូប​ទុក។

និយាយ​ទៅ ទាក់ទង​និងរឿងថត​រូបនេះ ខ្ញុំថត​យូរ​ក្រែល​ដែល​ហើយ​តាំង​ពី​២០១១ (ខ្ញុំមិនចង់​ល្បីអីទោះ ព្រោះសមត្ថភាព​មាន​កម្រិត) ហើយគោល​ដៅ​របស់​ខ្ញុំ​គឺ ប្រាសាទ វត្ត​ ទេសភាព និងអ្នកស្រុក (ខ្ញុំអត់ចេះថត​រូប​ការ​ រូប​បង្ហាញ​ម៉ូត​អីទេ)។ ចំពោះ​ដ្រូន​នេះ​ គឺទិញ​ដើម្បី​ថត​ប្លង់​ប្រាសាទ​ពី​ខាង​លើ​ម្ដង ដើម្បី​បាន​ពិនិត្យ​ប្លង់​ជាក់​ស្ដែង​ដែល​អាច​សម្រួល​ដល់​ការ​សិក្សា (មិនដឹងពេល​ណា​បានសិក្សា​រួច)។ និយាយ​រឿងហ្នឹង ចេះ​តែ​មាន​អ្នក​នេះ​អ្នក​នោះ​មក​សរសើរ​ តែមិនដឹង​គេ​ចង់​បាន​អីឱ្យប្រាកដ ហាហាហា បើ​សរសើរ​ចឹង​ម៉េច​មិនជួយ​ផង ក្រែង​ថា​ស្រលាញ់​វប្បធម៌​ដែរ? ហើយបើ​អត្ថបទវិញសរសេរ​ឡើង​រាប់​រយ​ហើយខ្ញុំ យក​ជា​ការ​មិនកើតទាំងអស់ ចឹងបាន​គ្មាននរណា​គេ​ជួល​សរសេរ​ដាក់ វេបសាយ ល្បីៗ ដើម្បីបានលុយ​ទុក​ដើរ​លេង​ទៀត។ សរុបមកវិញ ចាយលុយ​ខ្លួនឯងទៅ ទើប​មិនឈឺ​ក្បាល​ហាល​ថ្ងៃ ព្រោះ​អ្នក​ខ្លះ​ធ្វើ​សរសើរ​ៗ​នោះ គ្មាន​ទៅ​របេះ​មួយ​រៀល​ចេញ​ទេ។

វត្តបទុមរតនៈដីដុះ

ស្ពានគីហ្ស៊ូណា

អតីតបឹងស្នាយ

ស្ពានកោះប៉ែន

ភូមិរការលើ

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | 2 មតិ

បញ្ជី​អំពី​ប្រាសាទ​បុរាណ និង​ទីតាំង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​កំណើត


នេះជាតារាងរៀបរាប់ឈ្មោះប្រាសាទបុរាណ និងទីតាំងមួយចំនួនដែលមានតម្លៃជាប្រវត្តិសាស្ត្រនៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ការដែលធ្វើនេះមិនមែនគ្មានហេតុទេ ដែលខិតខំប៉ុន្មានឆ្នាំមកនេះ បង្កើត​ប្លុកនេះឡើងជាពិសេសចំពោះ ខេត្តកំពង់ចាម ក៏ដោយសារជាស្រុកកំណើត ទោះឃ្លាតឆ្ងាយប៉ុណ្ណា យូរប៉ុណ្ណា ក៏​អារម្មណ៍នឹករលឹកអនុស្សាវរីយ៍នានារាប់មិនអស់តាំងពីមិនទាន់ដឹងក្ដី​មក ហាក់ប្រាកដនៅនឹងភ្នែក។

7 5

Categories: ផ្សេងៗ, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

ទឹកទន្លេមេគង្គឡើងខ្លាំង


ប៉ុន្មាន​ថ្ងៃ​នេះ​​ដោយ​សារ​ទទួល​ឥទ្ធិពល​ពី​ខ្យល់​ព្យុះ​នៅ​ប្រទេសជិតខាង បណ្ដាល​ឲ្យ​ភ្លៀង​ធ្លាក់​ជា​រៀង​រាល់​ថ្ងៃ ទើប​ទឹក​ទន្លេ​មេគង្គ​​បាន​ឡើង​យ៉ាង​ខ្លាំង ។ មួយ​រយៈ​នេះ មាន​ភ្លៀង​តិច ឬ​ច្រើន​​រៀង​រាល់​ល្ងាច ។

ម្សិល​មិញ​ក្រោយ​ពី​ភ្លៀង​រាំង​ ខ្ញុំ​បាន​ជិះ​ម៉ូតូ​ដើរ​លេង​ផង និង​រក​មើល​ថត​រូប​ផង ។ ជិះ​ទៅ​ដល់​មុខ​វត្ត​ជ្រោយ​ថ្ម ឃើញ​គេ​បេះ​ត្រី​ចេញ​ពី​សំណាញ់​ក្រោយ​ពី​នាំ​គ្នា​ចុះ​ដង​ តែ​ឃើញ​មិន​បាន​ច្រើន​ប៉ុន្មាន​នោះ​ទេ ។ ត្រី​នៅ​ពេល​ឥឡូវនេះ​ឡើង​ថ្លៃ​ហើយ ខ្សត់​ទៀត ។ ងាក​ទៅ​មើល​កោះ​ប៉ែន​វិញ ឃើញ​តែ​លឹមៗ រក​កល់​តែ​នឹង​លិច​ចូល​ទៅ​ក្នុង​ទន្លេ​មេគង្គ​ដែល​ពង្រីក​ខ្លួន​យ៉ាង​មហិមា​នេះ ។ ដំណឹង​ល្អ​សម្រាប់​អ្នក​រស់​នៅ​កោះ​នោះ គឺ​មាន​គម្រោង​សាងសង់​ស្ពាន​​បេតុង​មួយ​សម្រាប់​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​កោះ​ផង​ដែរ ។

Categories: ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | 5 មតិ

កំពង់ចាម កំពង់ចិត្ត


ខ្លឹម​សារ​នៃ​បទ​ចម្រៀង​នេះ ​គឺ​ជា​ប្រវត្តិ​ស្នេហា​មួយ​របស់ លោក ម៉ា ឡៅពី​ ក្នុង​ខណៈ​លោក​បំពេញ​ងារ​ជា​ចៅហ្វាយស្រុក​កំពង់សៀម ខែត្រ​កំពង់ចាម ទសវត្ស​​ឆ្នាំ​១៩៦៥ ក្នុង​​របប​សង្គម​រាស្ត្រ​និយម ។

ក្នុង​សៀវភៅ «ថ្ងៃ​លិច​ឯ​នាយ​សមុទ្ទ» ភាគ​១ របស់​ លោក សេង តារា បាន​បង្ហាញ​ត្រួស​ៗ​ថា ក្នុង​ងារ​ជា​ចៅហ្វាយ​ស្រុក និង​ទម្លាប់​របស់​កវី​ផង​នោះ លោក ម៉ា ឡៅពី តែងតែ​ដើរ​គ្រប់​​ច្រក​ល្ហក​​ទាំង​អស់​ក្នុង​កិច្ច​អង្កេត​មើល​ជីវភាព​ប្រជាជន​ផង និង​និស្ស័យ​ស្រឡាញ់​​ងប់ងុល​នឹង​​សម្រស់​ធម្មជាតិ​ផង​ ។

ក្នុង​ថ្ងៃ​មួយ វេលា​ដែល​​លោក​​ដើរ​​តាម​បណ្ដោយ​​ដង​ទន្លេ​មេគង្គ ស្រាប់​តែ​លោក​ប្រទះ​ឃើញ​នារី​ក្រមុំ​ម្នាក់​ចងពុង​​បង់​ក្រមា​​គ្រប​សាច់​ស្មា​ដ៏​​ទ្រលុក​ទ្រលន់​​របស់​​នាង​កំពុង​ដើរ​​ចុះ​​ច្រាំង​​ទន្លេ​ក្នុង​​បំណង​​ងូត​ទឹក​ ។ ភ្លាម​​នោះ កវី​យើង​​ទច់​​ដំណើរ​​ទៅ​មុខ​​លែង​​រួច ហើយ​ក៏​រលាស់​​ខ្លួន​ចូល​ក្នុង​គុម្ពោត​ព្រៃ​ក្បែរ​​ទន្លេ ចាំ​លួច​គយ​គន់​នាង​​ពី​ចម្ងាយ​​មិន​ឲ្យ​​ដឹង​ខ្លួន​ឡើយ ហើយ​ស្រមៃ​​វែង​ឆ្ងាយ​​តែ​​ម្នាក់​ឯង ។

នេះ​ជា​ប្រវត្តិ​​ដែល​​ចេញ​​ពី​ថ្លើម​ប្រមាត់​​របស់​កវី​សេក​មាស ម្ចាស់​ស្រុក​កំពង់សៀម​ ដែល​បាន​បង្ហើរ​សំឡេង​​ដំបូង​ដោយ ​លោក សុះ ម៉ាត់ ជា​ចង្វាក់ បូឡេរ៉ូ ក្នុង​ឆ្នាំ ១៩៦៥ ។ តែ​ដោយ​​បទ​នេះ​ចំណាស់​ពេក ហើយ​ឧបករណ៍​ថត​សម័យ​នោះ​មិន​សូ​វ​ទំនើប លោក ម៉ា ឡៅពី បាន​ប្រគល់​បទ​​នេះ​ឲ្យ លោក ស៊ីន ស៊ីសាមុត រៀប​រាប់​ជា​ថ្មី​ក្នុង​ឆ្នាំ ១៩៧២ ដែល​បន្សល់​ទុក​ឲ្យ​មនុស្ស​គ្រប់​គ្នា​បាន​​ស្ដាប់​សព្វ​ថ្ងៃ​នេះ ។

បទ​នេះ​និពន្ធ​ទំនុក​ដោយ លោក ម៉ា ឡៅពី អ្នក​និពន្ធ​បទ​ភ្លេង​​ប្រហែល​ជា លោក សុះ ម៉ាត់ និង​ច្រៀង​នៅ​ឆ្នាំ ​១៩៦៥​ និង​ច្រៀង​ឡើង​វិញ​ដោយ​ លោក ស៊ីន ស៊ីសាមុត នៅ​ឆ្នាំ ១៩៧២ ។

I. ពេល​បង​ឃើញ​អូន​នាង​ចុះ​ងូតទឹក ស្មារតី​រៀម​ភ្លឹក​ព្រោះ​ចាញ់​សម្រស់ អូន​អ្ហើយ​អូន​ល្អ​លើស​គេ​ទាំង​អស់ បង​ចង់​ស្គាល់​ឈ្មោះ តើ​ពីរោះ​យ៉ាង​ណា ?

II. រាង​រាវ​ស្ទាវ​តូច​ដូច​កិន្នរី ឆោម​ឆើត​ពិសី​គន់​គាប់​នេត្រា ដំណើរ​ល្វត​ល្វន់​គន់​មាន​លក្ខណា រៀម​ស្លុត​ចិន្ដា​ឃើញ​ផ្កា​ល្អ​ឯក ។

R. ឱ! កំពង់ចាម​កំពង់​ចិត្ត​អើយ រៀម​សូម​កៀក​កើយ​កែវ​កុំ​ប្រកែក បើ​អូន​ប្រកាន់​ទ្រូង​បង​នឹង​បែក កែវ​កុំ​ប្រកែក​ទទួល​បង​ទៅ ។

III. បង​សូម​ផ្ញើ​ប្រាណ​នឹង​ស្ងួន​ពិសី បង​សូម​ថ្នម​បី​ស្រស់​ស្រី​ពាលពៅ ព្រលប់​អូន​គេង​ស្ដាប់​ភ្លេង​កើយ​ភ្លៅ បង​បំពេ​ពៅ​លុះ​សូន្យ​សង្ខារ ។

ទស្សនា​ ក៏​ដូច​ជា​ស្ដាប់​បទ​ចម្រៀង​នៅ​ខាង​ក្រោម ៖

បទ​នេះ​ក៏​បាន​ច្រៀង​ឡើង​វិញ​ដែរ​ដោយ​ លោក កែវ សារ៉ាត់

ថ្មីៗនេះ នាយខេម ក៏បានយកបទនេះមកច្រៀងឡើងវិញដែរ

ប្រភព​ដើម ៖ កំណាព្យ​ស្នេហ៍​មាស​ ៖ កំពង់ចាម​កំពង់​ចិត្ត​

Categories: ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | 6 មតិ

បណ្ដាំ​ភ្នំបាធាយ (ចម្រៀងទាវឯក)


គម្រប​ឌីស​សម្លេង

គម្រប​​ថាស​​សំឡេង

ខែត្រ​​កំពង់ចាម ដែល​គេ​គ្រប់​គ្នា​តែង​តែ​និយាយ​ថា​ ជា​ទឹក​ដី​កំណើត​ស្នេហា​​ជូរចត់​របស់​ទុំទាវ ដែល​លេច​រូបរាង​ឡើង​ដោយ​ល្អ​ឯក​ក្រោម​ទឹក​ព្រះហស្ត ព្រះ​បុទុមត្ថេរ ងួន សោម ចៅអធិការ​វត្ត​កំព្រៅ ស្រុក​ស៊ីធរកណ្ដាល ខែត្រ​ព្រៃវែង ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ​ ក៏​មាន​បទ​ចម្រៀង​មួយ​ចំនួន​តែង​ឡើង​អំពី​ខែត្រ​នេះ​ដែរ តួ​យ៉ាង​ដូច​ជា​បទ​ចម្រៀង​ខាង​ក្រោម​​ដោយ​ច្រៀង​ដោយ លោក​ស្រី រស់ សេរីសុទ្ធា

បទ​នេះ​មាន​ចំណង​ជើង​ថា បណ្ដាំ​ភ្នំ​បាធាយ តែ​មនុស្ស​ម្នា​ភាគ​ច្រើន​ហៅ​បទ​នេះ​ថា ចម្រៀង​ទាវឯក​ ទៅវិញ ។ បទ​នេះ​និពន្ធ​ទំនុក​ដោយ លោក ម៉ា ឡៅពី និពន្ធ​បទភ្លេង​ដោយ លោក ស៊ីន ស៊ីសាមុត និង​សម្រួល​តន្ត្រី​ដោយ លោក ហាស សាឡន

I. ហូ….! ហូ……! ហូ…….! ហូ…..!ៗ ឱ​! ស្ពាន​ជីលា​(1) ណាត់​គ្នា​ថ្ងៃ​ស្អែក ចម្រៀង​ទា​វឯក​​ច្រៀង​ស្រែក​ផ្ដែផ្ដាំ​ត្រែង​ត្រស់(2) ឱ​! ភ្នំ​បាធាយ(3) ​រៀប​រាយ​ពី​ក្ដី​ស្រណោះ ធម្មជាតិ​ក្រៀមក្រោះ​រស់​បាន​ដោយ​ទឹក​សន្សើម ។

II. សារិកា​សួរ​មែក​​​សេក​សួរ​បង្គង ទាវ​សូម​ផ្ដាំ​ផង​បង​អើយ​កុំ​ភ្លេច​រឿង​ដើម ​ខ្ញុំ​នឹក​ប្រុស​ថ្លៃ​​រាល់​ថ្ងៃ​ស្ទើរ​ផុត​ដង្ហើម បើ​បង​ស្អប់​ខ្ពើម​សូម​ឆ្លើយ​តប​វិញ​កុំ​ខាន ។

R. យល់​ថ្នល់កែង(4) ថ្នល់​កំបែង​​(5) បែកពាង(6) យល់​សាឡាង​(7) រាយរៀង​ចាំ​ទទួល​ប្រាណ​ប្រៀប​ដូច​ជា​សត្វ​ដើរ​ខំ​គេច​ព្រាន ពុំ​ឃើញ​ដាន​ទុក​នៅ​ជា​សញ្ញា បង​កុំ​ស្មាន​ថា​អូន​បែរ​បែក​ចិន្ដា ប្រាថ្នា​ស្ម័គ្រ​ជំពាក់​ចិត្ត​ថ្មី​ណា​ស្នេហ៍ ។

III. ផាហ៊ុម​ទាវ​ឯក​ទុក​ចែក​ឲ្យ​បង គ្រាន់​ទុក​ទ្រាប់​ខ្នង​ជាប់​ខ្លួន​ទៅ​បាន​ជា​កេរ្តិ៍ បើ​បង​ភ្លេច​អូន​អូន​ស៊ូ​តែ​នៅ​ទំនេរ មិន​ហ៊ាន​ឲ្យ​គេ​ថែ​រ​ទេ​ព្រោះ​មិន​ដូច​បង ។

ទស្សនា​ ក៏​ដូច​ជា​ស្ដាប់​បទ​ចម្រៀង​នៅ​ខាង​ក្រោម ៖

***

  1. ជីលា ៖ ​បច្ចុប្បន្ន​ហៅ​ថា ជាលា ជា​ឃុំ​មួយ​នៃ​ស្រុក​បាធាយ​ដែល​មាន ៥ ភូមិ ។
  2. ត្រស់ ៖ ស្ពាន​ត្រស់​​ដែល​ជា​ «តំបន់​លិច​ទឹក ទន្លេ​មេគង្គ-ទន្លេ​សាប» ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សារៈសំខាន់​ក្នុង​ការ​ប្រើប្រាស់​ហើយ​​ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ស្ដី​​ពី​ការ​គ្រប់គ្រង​អាង​ទន្លេ ។ (ព័ត៌មាន​បន្ថែម​ដោយ លី កល្យាណ)
  3. ភ្នំ​បាធាយ ៖ ភ្នំ​មួយ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ខាង​ស្ដាំ​ដៃ​ ពី​ទិស​ដៅ ភ្នំពេញ-កំពង់ចាម ។ ភ្នំ​នេះ​​មាន​កម្ពស់​ប្រហែល​ជា ៥០ ទៅ ៦០ ម៉ែត្រ ។
  4. ថ្នល់កែង ៖ ចំណុច​​ផ្លូវ​​បំបែក​ជា​ ៣ មួយ​ទៅ​​ភ្នំពេញ​ មួយ​ទៅ​​ព្រែក​ក្ដាម និង​មួយ​ទៀត​ទៅ​​កំពង់ចាម ។
  5. ថ្នល់​កំ​បែង ៖ រក​មិនទាន់​ឃើញ ។
  6. បែកពាង ៖ ភូមិ​មួយ​នៃ​ ឃុំ​ជាលា ។
  7. សាឡាង ៖ សាឡាង​ព្រែក​ក្ដាម ។
Categories: ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , , , | 23 មតិ

Home Sweet Home


 

គ្មាន​អ្វី​សប្បាយ​ជាង​បាន​ទៅ​ផ្ទះ​នោះ​ទេ ! ជា​ពិសេស​បាន​ទៅ​ជួប ម៉ែ​ឪ​ និង ប្អូន​​ប្រុស​ខ្ញុំ ហើយ​ម៉្យាង​វិញ​ទៀត​នោះ​ គឺ​ចំណេញ​ជា​ខ្លាំង​ពេល​មក​ភ្នំពេញ​វិញ 😀 😀 😀 (ប្រាកដ​ជា​ឥត​បាយ​ផ្ទះ​មួយ​អាទិត្យ​តែ​ម្ដង) ។

ឡាន​ចេញ​ដំណើរ​ពេល​ថ្ងៃ​ត្រង់ រសៀល​បន្តិច​ប្រាកដ​ជា​ដល់ ពេល​ល្ងាច​ដើរ​លួច​ថត​រូប​គេ​ឯង​តាម​មាត់​ទន្លេ (ប្រហែល​ជា​ខ្សត់​មនុស្ស​ក៏​មិន​ដឹង ព្រោះ​គេ​អាច​ទៅ​ស្រុក​កំណើត​អស់​ហើយ) ។

ព្រឹក​ថ្ងៃ​អាទិត្យ​ បើ​ខ្ញុំ​អា​ច​ងើប​រួច​ពី​ម៉ោង ៤ ខ្ញុំ​នឹង​ទៅ​ថត​រូប​គេ​បោះ​បាយ​បិណ្ឌ​​ឲ្យ​ណា​ណី​ម្ដង ព្រោះ​ថាប្រើ DSLR នឹង​ថត​បាន​តែ​ពន្លឺ​ភ្លើង​ស្រាល​ៗ ចេញ​ពី​ចុង​ធូប ហើយ​វិល​ចុះ​វិល​ឡើង​ជុំ​វិញ​វិហារ (ទំនង​គួរ​ខ្លាច) ។

តាម​លោក​ Googgle បាន​បង្ហាញ​ថា បើ​ឡាន​ខ្ញុំ​ត្រូវ​ជិះ​បើក​កាត់​តាម​ព្រែក​ក្ដាម ចម្ងាយ​ផ្លូវ​គឺ ១២៦ គ.ម និង​ត្រូវ​ចំណាយ​ពេល​អស់ ២ ម៉ោង ១៦ នាទី ។ តាម​គិត​ទៅ លោក Googgle គាត់​គិត​ថា​ផ្លូវ​ស្រុក​ខ្មែរ​ ដូច​ផ្លូវ​ស្រុក​អាគាំង​តែ​ម្ដង ។ 😀

Categories: ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , , , | 7 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: