រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម

អតីតព្រះវិហារវត្តល្វាទេរ


វត្តល្វាទេរ ស្ថិត​នៅឃុំ​មាន​ជ័យ​ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម។ វត្ត​នេះ​ស្ថិត​នៅ​ម្ខាង​ម្នាក់ទន្ល នឹងវត្ត​រកោកោង ស្រុកមុខកំពូល​ ខេត្ត​កណ្ដាល ដែល​ទីតាំង​ទាំង​ពីរ​នេះ​មាន​​ពាក់ព័ន្ធ​នឹង​រឿងព្រេងអំពី «ព្រះបាទ​បក្សីចាំក្រុង»។ ក្នុង​ប្រកាស​នេះ ខ្ញុំ​មិន​មាន​និយាយ​អ្វី​ដល់​រឿង​ព្រេង​នេះ​ទេ ខ្ញុំ​គ្រាន់តែ​បង្ហាញ​រូប និង​ប្រវត្តិ​ត្រួស​ៗ នៃ​ព្រះ​វិហារ​វត្ត​ល្វាទេរ​ដែល​សព្វ​ថ្ងៃ​ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​វិហារ​ថ្មី​មួយ​ទៅ​ហើយ។

ខ្ញុំមិន​បាន​សាក​សួរ​ព្រះសង្ឃ តាអាចារ្យ​ ឬអ្នកភូមិ​ជុំ​វិញ​អំពីប្រវត្តិវត្ត​នេះ​ឡើយ (ជា​ការខ្វះ​ខាត​ដែល​គួរ​តែ​ជៀសវាង)។ តាំង​ពី​ពេល​ខ្ញុំ​ទៅ​ដល់​វត្ត​នេះ​ដំបូង​នៅ​​ចុង​ឆ្នាំ​២០១៣ និង​​ថ្មីៗ​បំផុត​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ (២១ ឧសភា ២០២០) ខ្ញុំ​ចំណាយ​ពេល​បន្តិ​ចបន្តួច​ប៉ុណ្ណោះ​នៅ​វត្ត​នេះ​ ដោយ​គោល​ដៅ​របស់​ខ្ញុំ​គឺទៅ ប្រាសាទ​ព្រះធាតុ​បារាយណ៍​ ឯណោះទេ។ កាល​ខ្ញុំ​ទៅ​ដល់​លើក​ទី២ (២០១៥) ខ្ញុំ​បាន​ថត​រូប​នៅ​ក្នុង​ព្រះ​វិហារ​ចាស់​ខ្លះ ក្រោយ​មក​មាន​គេ​ប្រាប់​ខ្ញុំ​ថា​គេ​នឹង​ត្រៀម​វាយ​ព្រះ​​វិហារ​ចាស់​ចោល​ដោយ​សង់​ព្រះ​​វិហារ​ថ្មី​ជំនួស​វិញ។ ខ្ញុំ​មិន​យល់​បំណង​នេះ​ទាល់តែ​សោះ​នៅពេល​ដែល​ដី​វត្ត​ទំនេរ​នៅ​មាន​ ហេតុ​អ្វី​ក៏​គេ​មិន​រក្សា​របស់​ចាស់? បន្ទាប់មកខ្ញុំ​ឮ​ដំណឹង​ថា​គេ​វាយ​ព្រះ​​វិហារ​នេះ​នៅ​ឆ្នាំ​២០១៦ ខ្ញុំ​មិន​បាន​ទៅ​ទី​នោះ​ទៀត​ទេរហូត​ដល់​ឆ្នាំ​នេះ ទើប​ខ្ញុំ​បាន​ឈៀង​ចូល​ថត​ព្រះវិហារ​ថ្មី​ ដូច​មាន​បង្ហាញ​នៅ​ខាង​ក្រោម​បំផុត។

អក្សរ​លើ​បល្ល័ង្ក

ប្រវត្តិ​តិច​តួច​នៃ​ព្រះ​វិហារ​នេះ​ យើង​អាច​ដឹង​តាម​ព័ត៌មាន​បី។ មួយ​ ​បើ​តាម​អក្សរ​នៅ​លើ​បល្ល័ង្ក​ព្រះ​ក្នុង​ព្រះ​វិហារ​ យើង​អាច​និយាយ​បាន​ថា​ គេ​បញ្ចុះ​សីមា​ព្រះ​វិហារ​នេះនៅឆ្នាំ​១៩៥៤នោះឯង។ ពីរ ដោយ​ជៀសមិន​ផុត ព្រះវិហារ​នេះ​ក៏​​ទទួល​រង​ការ​ខូច​ខាត​ក្នុង​របប​ខ្មែរ​ក្រហម​ដូច​ព្រះ​វិហារ​ដទៃ​ទៀត​ដែរ នៅលើ​ហោ​ជាង​ខាង​កើត​ (រូប​ខាង​ក្រោម) បាន​ចារឹក​អក្សរ​ថា «​លើក​នៅ​ឆ្នាំ​ខាល​នាម​ខ្លា​គ.ស.​១៩៨៦» គឺជាឆ្នាំ​ដែល​គេ​លើក​ដំបូល​ព្រះ​វិហារ​ឡើង​វិញ។ បី ការ​វាយ​ព្រះវិហារ​នេះ​ចោល​នៅ​ឆ្នាំ​២០១៦ ដោយ​កសាង​ព្រះ​វិហារ​ថ្មី​នៅ​លើ​​ទីតាំង​ព្រះ​វិហារ​នេះ។

ព្រះវិហារចាស់ (ថត ២០១៥)

ព្រះវិហារថ្មី (ថត ២០២០)

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

ប្រាសាទភ្នំត្រប់


ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​បំប្លែង​ពីអត្ថបទ​មួយ​ដែល​ខ្ញុំ​សរសេរ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​កម្ពុជសូរិយា​ ឆ្នាំទី៦៦ លេខ២ បោះពុម្ព​ឆ្នាំ​២០១៩ ទំព័រ៧៨ ដល់៩២ ។

ខ្ញុំ​ក៏​ធ្លាប់​ដក​ស្រង់​អត្ថបទ​​អំពី​ភ្នំត្រប់ពី​វេបសាយ​​ផ្សេង​ទៀត​យក​មក​ចុះ​ផ្សាយ​នៅ​ទី​នេះ​ដែរ៖

Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម, សៀវភៅ | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ប្រាសាទព្រះធាតុបារាយណ៍


ប្រាសាទព្រះធាតុបារាយណ៍​មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត​កំពង់ចាម។ ដើម្បីធ្វើ​ដំណើរ​ពីប្រាសាទ​នេះ (ដោយ​ចេញ​ពី​ក្រុង​ភ្នំពេញ) គេត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦អា ហើយ​ឆ្លង​ស្ពាន​ព្រែក​តា​មាក់​ទៅ​ត្រើយ​ខាង​កើត បន្ទាប់​មក​បត់​ឆ្វេង​ស្រប​តាម​បណ្ដោយ​មាត់​ទន្លេ។ ត្រូវ​ធ្វើ​ដំណើរ​រហូត​តាម​ផ្លូវ​កៅស៊ូ​និង​ផ្លូវ​បេតុង​រហូត​ដល់​ទីរួម​ស្រុក​ស្រីសន្ធរ គឺទីប្រជុំជន​ព្រែកពោធិ៍។ បន្ត​ដំណើរ​ទៅ​ទៀត​ប្រមាណ​ជា​ ៨គីឡូម៉ែត្រ​​ទៅ​ដល់​ផ្សារ​ព្រែក​ដំបូក ដែល​មាន​វត្ត​កោះកែវនៅ​ខាងឆ្វេងដៃ និងវត្ត​ប្រាសាទ​វដ្ដី​នៅខាង​ស្ដាំ​ដៃ។ បន្ទាប់​មក​ត្រូវ​បត់​តាម​ផ្លូវ​ដី​នៅ​មុខ​វត្ត​ប្រាសាទ​វដ្ដី​ហើយធ្វើ​ដំណើរ​ប្រមាណ​ ៧គីឡូម៉ែត្រ​ទៀត​មុននឹង​ទៅ​ដល់​ឃុំ​បារាយណ៍ ឯប្រាសាទ​ព្រះ​ធាតុ​បារាយណ៍​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ ១គីឡូម៉ែត្រ​ខាង​ត្បូង​ឃុំ​នេះ។

ប្រាសាទនេះ​សព្វ​ថ្ងៃនៅ​សល់​ប្រាង្គ​មួយ​ធ្វើ​ពី​ថ្មភក់ និង​ថ្មបាយក្រៀម។ ប្រាង្គ​នេះ​មា​នទ្វារ​ចូលពី​ពីរ​ទិស​ គឺ​ខាង​កើតនិងខាង​លិច (គេសន្ធប់​ទ្វារ​ខាង​លិច​នឹង​ឥដ្ឋ) ឯទ្វារ​ខាង​ជើងនិងត្បូង​ជា​ទ្វារ​បញ្ឆោត។ គេសង្ស័យ​ថា​ប្រាសាទ​នេះ​មាន​ប្រាង្គ​បី​ពីព្រោះគេ​ឃើញ​មាន​សំណល់​ចម្លាក់​ផ្ដែរនិងហោជាង​ជា​ច្រើន​ដែល​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ថ្មី។ តាម​រយៈក្បាច់​ចម្លាក់ទាំង​ប៉ុន្មាននេះ​ អាច​នាំឱ្យគិត​ថា​ប្រាសាទ​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ក្នុង​រចនាបថ​បាពួន។ ក្រោយ​មក​ប្រហែល​អាច​នៅ​សតវត្ស​ទី១៤ ឬ​១៥ គេបាន​កែប្រែ​ប្រាសាទ​នេះ​ដោយ​​លើក​ដី​ធ្វើ​លាន​មួយ​ទ្រវែង​នៅ​ខាង​មុខ​ប្រាសាទ ហើយ​យក​ផ្ដែ​និង​ហោជាង​មក​តម្រៀប​ជុំ​វិញ ធ្វើ​ជា​ឃឿន​ព្រះ​វិហារ​តែ​ម្ដង។ លាន​បែប​នេះ​ អ្នក​ស្រាវជ្រាវ​ប្រើពាក្យ​ថា Buddhist Terrace។​ ​បើពិនិត្យ​ឱ្យ​ច្បាស់លាស់​ជាង​នេះ​ទៀត យើង​នៅ​តែ​ឃើញ​ការសាងសង់ព្រះវិហារ​នៅ​មុខ​ប្រាសាទ​បុរាណ​មាន​​ពាសពេញ​ប្រទេស​កម្ពុជា​។ ​មាន​ឧទាហរណ៍​​សន្ធឹកសន្ធាប់​ដូចជានៅប្រាសាទ​នគរបាជ័យ ខេត្ត​កំពង់ចាម, ប្រាសាទ​រកាជន្លឹង ខេត្ត​កណ្ដាល, ប្រាសាទភូមិប្រាសាទ ខេត្ត​កំពង់ធំ, ប្រាសាទ​ចេតិយ​ខេត្ត​សៀមរាប, ប្រាសាទឯកភ្នំខេត្ត​បាត់ដំបង ជាដើម។

And here I quote:
«នៅក្បែរទីទួលនោះផ្នែកខាងជើងមានទួលឧកញ៉ាតន។ នៅមិនឆ្ងាយពីនោះប៉ុន្មានមានទួលឧកញ៉ាភក្តី នៅផ្នែកខាងក្រោយទួលព្រះធាតុចម្ងាយ ប្រហែល ៥០០ម៉ែត្រ មានទួលបុរាណមួយគេហៅថាទួលបាសាន។ នៅខាងមុខទួលព្រះធាតុនេះមានស្លាកស្នាមទន្លេអុំ ដែលមានឈ្មោះថា ទន្លេអុំ​បុរស និងទន្លេអុំស្ត្រី ហើយនៅចំកណ្តាលមានវាលមួយ ជាវេទិកាសម្រាប់ស្តេចគង់ទត។ បន្ទាប់ពីទន្លេអុំនោះទៅ មានវាលប្រណាំងសេះដែលមាននៅស្លាកស្នាមជាលំអានៗ។ នៅតាមស្រែជុំវិញទួលព្រះធាតុនោះនៅពេលដែលអ្នកស្រុកធ្វើ ការភ្ជួររាស់ដីស្រែ ពួកគាត់បានប្រទះឃើញបំណែកនៃបំពង់លូបង្ហូរទឹក។ នៅក្បែរទួលព្រះធាតុនោះមានទួលមួយដែលមានលក្ខណៈជាកន្លែងឡឥដ្ឋបុរាណខ្នាតធំមួយ នៅផ្នែកខាងមុខឆៀងខាងជើងនៃទួលព្រះធាតុនោះមានស្រះទឹកធំមួយបានបន្សល់ទុកតាំងពីសម័យព្រះបាទពញាយ៉ាតមកម៉្លេះ។ ទាំងអស់នេះជាសក្ខីភាពបញ្ជាក់ថាជារាជធានីបុរាណ។»

សូមបញ្ជាក់ថាការដកស្រង់​ខាង​លើ​នេះ​ គ្រាន់តែចង់រក្សា​ទិន្នន័យ​អំពី​ទីតាំង​ និងឈ្មោះទួល​នៅជុំវិញតែប៉ុណ្ណោះ ចំពោះពាក្យដែល​គេ​និយាយ​ត​គ្នា​មក​ថាទីតាំង​នេះ​ជា​ទីតាំង​រាជធានីរបស់ព្រះបាទពញាយ៉ាត និង​ក្រោយ​មក​ស្ដេចកន ត្រូវ​ការ​ការស្រាវជ្រាវបន្ថែម ហើយ​នោះ​ជា​អ្វី​ដែល​ក្រុម​អ្នកបុរាណវិទ្យាខ្មែរ អូស្ត្រាលី និងជប៉ុនកំពុង​តែ​រុករក។ គម្រោងស្រាវជ្រាវនេះ​បាន​ធ្វើ​ការ​ស្រាវជ្រាវ​អស់​រយៈពេល​៤​ឆ្នាំ​​មក​ហើយ​នៅ​អតីតរាជធានីលង្វែក (២០១៦ដល់២០១៩) ហើយគេនឹងបន្តស្រាវជ្រាវរយៈពេល​៣​ឆ្នាំ​ទៀតដោយ​ចាប់ផ្ដើមនៅ​ទីតាំង​នេះ​នៅ​ឆ្នាំ​នេះ (២០១៩) ហើយនឹង​អាច​ទៅ​ទីតាំង​នៅ​ម្ដុំ​វត្ត​ស៊ីធរ​នៅ​ឆ្នាំ​​ក្រោយៗ។ សំណួរ​ចម្បង​គឺ តើទីតាំង​នេះ​ពិត​ជា​ទីតាំង​រាជធានី​របស់ព្រះបាទ​ពញាយ៉ាត​ពេល​ដែលព្រះអង្គ​ចាក​ចេញ​ពី​ក្រុង​អង្គរ​នៅ​ឆ្នាំ១៤៣១​មែនឬយ៉ាងណា?​ ចំពោះ​របាយការណ៍​អំពី​ការ​សិក្សា​ទាំង​ប៉ុន្មាន​ សូមរង់ចាំ​ការ​បោះពុម្ពផ្សាយ​នៅ​រយៈពេល​ប៉ុន្មានឆ្នាំ​ខាង​មុខ​ទៀត។

ខ្ញុំ​បាន​ទៅ​ដល់​ទីតាំង​នេះពីរដង។ លើក​ទី១​នៅ​ចុង​ឆ្នាំ​២០១៣ និង​លើក​ទី២ កាលពី​ថ្ងៃអាទិត្យ​ទី១២ ខែឧសភា ឆ្នាំ២០១៩។ កាល​ពី​លើក​ទី១​នោះ ខ្ញុំ​ទៅ​ដោយឯក​ឯង ដោយ​មាន​លោក​តា​អាចារ្យវត្ត​បារាយណ៍​ព្រះជីវ៍ធំជូនទៅ ឯ​លើក​ទី២​នេះ ទៅក្នុង​លក្ខណៈផ្លូវការ​ដោយ​​រួម​ជា​មួយ​សាស្ត្រាចារ្យ និង​បុគ្គលិក​សកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​នាំ​និស្សិត​​បុរាណវិទ្យា និង​ស្ថាបត្យកម្ម​ទៅ​សិក្សា​ស្វែង​យល់​ពីការកំណាយ​បែប​បុរាណវិទ្យា និង​គោល​បំណង​នៃ​គម្រោង​សិក្សា​នេះ។

រូបថត​នៅ​ខែធ្នូឆ្នាំ២០១៣

រូបថតថ្ងៃ១២ខែឧសភា២០១៩

[ខ្ញុំនឹងបង្ហាញ​ចម្លាក់​នៅប្រាសាទ​នេះ​នៅ​ប្រកាស​ក្រោយ]

សូមអាន៖

Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , , | 1 មតិ

គណៈសង្ឃនៃខេត្តកំពង់ចាម (១៩៦១)


ខាង​ក្រោម​នេះ​ជា​តារាង​នៃ​ឋានន្តរមន្ត្រីសង្ឃ​នៃ​ខេត្ត​កំពង់ចាមនៅឆ្នាំ១៩៦១៖

ឋានន្តរមន្ត្រីសង្ឃ ងារជា
មេគណខេត្តកំពង់ចាម ព្រះនាគមុនី
បាឡាត់គណ ព្រះបាឡាត់​នាគសត្ថា
អនុគណតាមស្រុកនិមួឃៗ ងារជា
កំពង់សៀម ព្រះគ្រូសំវរមុនី
ស្រុកជើងព្រៃ ព្រះគ្រូសង្ឃរក្ខវិញ្ញូ
ស្រុកកោះសូទិន ព្រះគ្រូវិទូទីបបាល
ស្រុកត្បូងឃ្មុំ ព្រះគ្រូមធុរធម្មរង្សី
ស្រុកក្រូចឆ្មារ ព្រះគ្រូសិរីវិសាល
ស្រុកមេមត់ ព្រះគ្រូវិសុទ្ធធម្មបាល
ស្រុកស្ទឹងត្រង់ ព្រះគ្រូវិសាលធម្មទស្សី
ស្រុកស្រីសន្ធរ ព្រះគ្រូសិរីវិជ្ជា
ស្រុកកងមាស ព្រះគ្រូបញ្ញារង្សី
ស្រុកចំការលើ ព្រះគ្រូសិរីធម្មរក្ខិត
***

ដកស្រង់ពី៖ សម្ដេចព្រះមហាសុមេធាធិបតី «របៀប​ការ​គ្រប់​គ្រង​គណៈសង្ឃ​ក្នុង​ប្រទេស​កម្ពុជា» ផ្សាយ​ក្នុងទស្សនាវដ្ដី​ពន្លឺពុទ្ធចក្រ,ទស្សនាវដ្ដីប្រចាំត្រីមាស នៃពុទ្ធិកសមាគម មជ្ឈមណ្ឌលកម្ពុជារដ្ឋ ចេញផ្សាយថ្ងៃទី០១ ខែមករា គ.ស.១៩៦១

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

របរធ្វើឆ្អឹងធូបនៅស្រុកមេមត់


អត្ថបទដើម៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ៖ របរធ្វើឆ្អឹងធូបនៅស្រុកមេមត់

Categories: ផលិតផល, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ខ្លោងទ្វារវត្តមង្គលសត្ថារាមឃ្លោយ (២០១៨)


កាល​ពី​ម្សិល​មិញ ឬ​ម្សិលម៉្ងៃ (២៤ ឬ២៥ វិច្ឆិកា) ខ្លោងទ្វារ​វត្ត​មង្គលសត្ថារាម​ ហៅវត្ត​ឃ្លោយត្រូវ​វាយ​កម្ទេចរាបដល់ដី ក្រោម​ហេតុ​ផល​ពង្រីក​ផ្លូវ (sic)។ វត្ត​ឃ្លោយ​មាន​ទីតាំង​នៅ​ភូមិ ឃុំមៀន ស្រុកព្រៃឈរ ខេត្ត​កំពង់ចាម ។ តាមដែលដឹងមកខ្លោងទ្វារនេះសង់នៅទសវត្សឆ្នាំ៥០ ឬ៦០ បើគិតមកដល់ឥឡូវក៏ចំណាស់លើស​កន្លះសតវត្ស​ហើយ គួរ​ត្រូវ​រក្សា​ទុក​។ ខ្លោងទ្វារ​នេះ​ក៏​មាន​ក្បាច់​រចនា​ស្អាត​គួរឱ្យកត់សម្គាល់ដែរ។ គួរឱ្យសោកស្ដាយខ្ញុំមិនដែល​បាន​ចូល​ថត​រូប​ខ្លោង​ទ្វារ​នេះ​ទុក​ទាល់​តែ​សោះ នេះហើយនៅជិតពេក… គួរ​ចង​ចាំ​នឹង​រៀន​ពី​មេរៀន​នេះ អ្វី​ដែល​នៅ​ជិតៗត្រូវ​ប្រញ៉ាប់​រក្សា​ទុក​តាម​មធ្យោបាយ​នានា​ដែល​អាច​ធ្វើ​ទៅបាន។ ទាំងរូប និងវីដេអូ​ខាង​ក្រោម​ ខ្ញុំ​យក​មក​ពីគណនី​ហ្វេសប៊ុក​ដូច​មាន​ភ្ជាប់នៅខាង​ក្រោម។

បើចង់​ពង្រីក​ផ្លូវ​មែន ជម្រើសមានច្រើនជាងនេះ! តែឥឡូវបើជ្រុលហើយ សង្ឃឹមអស់លោកសង់ខ្លោងទ្វារថ្មីឱ្យដូចខ្លោងទ្វារចាស់។

មើលវីដេអូ៖

ប្រភពដើម៖ Facebook: Sokhum Drummer

រកបាន​រូប​មួយ​ចំនួនពី Google Maps:

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ផ្នូរ​ខ្មោច​សម័យ​លោហៈ​នៅ​តំបន់​ដី​ក្រហម


***

អត្ថបទដើម ៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ​ផ្នូរ​ខ្មោច​សម័យ​លោហៈ​នៅ​តំបន់​ដី​ក្រហម

អាន​បន្ថែម៖ ស្ថានីយ​បុរេ​ប្រវត្តិសាស្ត្រ​នៅ​តំបន់​ដី​ក្រហម

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ចេតិយព្រះចៅអធិការវត្តភ្នំហាន់ជ័យ


នៅ​លើ​ភ្នំ​ហាន់ជ័យ ជុំវិញ​ព្រះ​វិហារ​មាន​ចេតិយ​មួយ​ចំនួន ក្នុង​នោះ​មាន​ចេតិយ​បី​ជា​ចេតិយ​អតីត​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​នេះ។ ខ្ញុំ​សូម​បង្ហាញ​រូប​ចេតិយ និង​ចារឹក​ថ្មី​ដែល​គេ​ធ្វើ​ប្រថាប់​លើ​តួ​ចេតិយ​តែ​ម្ដង។

គួរ​បញ្ជាក់ថា ចេតិយ​ចាស់​ជាង​គេ​នោះ​ត្រូវ​បាន​សាង​សង់​តំណាល​នឹង​ ខ្លោងទ្វារខាង​កើត នៃ​ព្រះ​វិហារ។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ចារឹក​លើ​ខ្លោងទ្វារវិហារវត្តជ័យគីរី


វត្ត​ជ័យ​គីរី ឬ​ហៅ​តាម​ទម្លាប់​ថា វត្ត​ភ្នំ​ហាន់​ជ័យ ស្ថិត​នៅ​​តាម​បណ្ដោយ​ដង​ទន្លេ​មេគង្គ ចម្ងាយ​ប្រមាណ​ ២០​គីឡូម៉ែត្រ​ខាង​ជើង​ក្រុង​កំពង់​ចាម។ ក្នុង​ប្លុក​នេះ ធ្លាប់​មាន​អត្ថបទ​មួយ​ចំនួន​អំពី​ភ្នំ​នេះ​​​ដែរ ដោយ​ដក​ស្រង់​មក​ពី​ប្រភព​នានា ដូច្នេះ​ខ្ញុំ​មិន​និយាយ​វែង​ឆ្ងាយ​អ្វី​ទាក់ទង​នឹង​រឿង​នេះ​​ទៀត​ទេ។ ក្នុង​ប្រកាស​នេះ ខ្ញុំ​សូម​បង្ហាញ​ពី​ចារឹក​មួយ​នៅ​ផ្នែក​ខាង​លិច​នៃ​ខ្លោង​ទ្វារ​ខាង​កើត​ នៃ​វិហារ​វត្ត​ជ័យ​គិរី​នេះ​​ឯង។ រូប​ថត​ និង​អត្ថបទ​ជា​សំណេរ​បុរាណ (សំណេរ​តាម​និយាយ) នេះ​ ថត និង​ចម្លង​ជា​ថ្មី​ដោយ​លោក ហ៊ុន ឈុន​តេង។ ឯ​សំណេរ​បច្ចុប្បន្ន​ដែល​ខ្ញុំ​សរសេរ​នេះ ក៏​ទទួល​បាន​ការ​ជួយ​តម្រែ​តម្រង់​ពី​លោក​ដែរ។

រូបថត និងអត្ថបទ៖ ហ៊ុន ឈុនតេង

សំណេរ​បច្ចុប្បន្ន

វត្តភ្នំមានជ័យគិរីមង្គលឧត្តម

៙ថ្ងៃអាទិត្យ ១១រោជ ខែជេស្ឋ នៅក្នុងវស្សានរដូវ ឆ្នាំជូត នក្សត្រ ឆស័ក សិរីសុភមស្តុវរៈមង្គលាជ័យាតិរេក ព្រះពុទ្ធសករាជព្រះសាសនាកន្លងបានហើយ ២៤៦៧ ព្រះវស្សា សល់​ខាន​​នៅ ២៥២៣ ព្រះវស្សាសិរី ក៏​​ជួប​ចប់​គ្រប់​គ្រាន់​ជួន​ជា ៥ពាន់ព្រះវស្សា ស្រេចបរិបូណ៌ហោង៕៙៚ លោកគ្រូចៅអធិការ (កើត) និងភិក្ខុ សាមណេរ ឧបាសក ជើងវត្តឆ្ងាយជិត ខ្មែរចិន មានចិត្តសទ្ធាកសាង ព្រះចេតិយតម្កល់ព្រះពុទ្ធរូប និងព្រះធាតុព្រះឧប្បជ្ឈាព្រះនាម​ឈ្មោះ (ហង់) និង​ក្លោង​ទ្វារ​តាំង​ថ្វាយ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះសង្ឃ ព្រះរតនត្រៃ កែវ​ទាំង​បី ខ្ញុំ​សូម​ប្រាថ្នា​​ឱ្យ​បាន​សេចក្ដី​សុខ​សម្រេច​មគ្គផល​ដល់​សម្បត្តិ​សួគ៌​ និព្វាន បច្ចយោ ហោន្តុ។​៚

ពន្យល់​ពាក្យ

  • ថ្ងៃ​ចាប់​រាប់​ពី​ថ្ងៃអាទិត្យ, ១ = អាទិត្យ, ២ = ចន្ទ…
  • ᧡ គឺ ១កើត,᧢ គឺ ២កើត​…
  • ᧱ គឺ ១រោជ, ᧲ គឺ ២រោជ…
  • ខែ​ចាប់​រាប់​ពីខែ​មិគសិរ, ១ = មិគសិរ, ២ = បុស្ស…
  • ពុទ្ធសករាជ ២៤៦៧ ត្រូវ​នឹងគ្រឹស្តសករាជ ១៩២៣
  • សិរីសុភមស្តុវរៈមង្គលាជ័យាតិរេក ជាពាក្យ​ប្រារព្ធ​ដែល​គេ​ឃើញ​មាន​ជា​ហូរ​ហែ​​នៅ​លើ​ចារឹក​នៅ​សម័យ​កណ្ដាល
  • សួរ នេះ​ជា​សំណេរ​នៃ​ពាក្យ «សួគ៌» ត្បិតថា​សព្វថ្ងៃ​យើង​សរសេរ​តាម​សំណេរដើម (ស្វគ៌, ដូរ ្វ ទៅជា ួ) ក៏​យើង​នៅ​តែ​​និយាយ និង​អានថា /សួ/ ដូច្នេះ​ហើយ​ទើប​ពេល​នោះ​ គេ​សរសេរ​តាម​និយាយ។ ខ្មែរ​នៅ​សុរិន្ទ្រ គាត់នៅ​បញ្ចេញ​សំឡេង​ /រ/ នៅឡើយ។
  • ន្យីពានអ្នក នេះ​ជា​សំណេរ​នៃ​ពាក្យ «និព្វាន» នេះ​ឯង តែ​ថែម​ «អ្នក» ដើម្បី​បញ្ចេញ​ខ្យល់​ដូច​ក្នុង​ភាសា​បាលី​ដែល​បញ្ចប់​ដោយ «ន»។ តាមសំណេរ គេគួរអានជា /នី-ពាន-នៈ/ មិនមែន /និ-ពា-នៈ/ ទេ។ វាបង្ហាញឲ្យឃើញពីការប្រែប្រួលអំណាន «និព្វាន» ខុសពីបាលី បាលីអានជា /និព-ពា-នៈ/
  • និព្វាន បច្ចយោ ហោន្តុ៖ ដោយអំណាចនៃធម្មទាននេះ សូមបានជាបច្ច័យសម្រេចដល់ព្រះនិព្វានទៅហោង!!!

***

អានបន្ថែម៖

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | 6 មតិ

ភ្នំត្រប់


***

អត្ថបទដើម ៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ភ្នំត្រប់

អានបន្ថែម ៖ ប្រាសាទវត្តប្រើសមាស

Categories: រមណីយដ្ឋាន, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | 1 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: