អ្នក​កំពង់ចាម

សម្តេច​ព្រះ​ឧត្តម​បញ្ញា ដូង ផង់


សម្តេច​ព្រះ​ឧត្តម​បញ្ញា ដូង ផង់

សម្ដេច​ព្រះ​ឧត្តម​បញ្ញា ដូង ផង់ ប្រសូត្រ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៨កើត​ ខែទុតិយាសាធ សំរិទ្ធិស័ក ព.ស.២៤៧១ គ.ស.១៩៣២ នៅ​ភូមិ​ខ្ពបក្រោម ឃុំ​ស្វាយ​ឃ្លាំង ស្រុកក្រូចឆ្មារ ខេត្ត​កំពង់ចាម។ ជាបុត្រ​របស់​ឧបាសក ជូ ដូង និងឧបាសិកា ញ៉េប នាង ដែល​ជា​ត្រកូលសមាទិដ្ឋិកសិករ​សុទ្ធសាធ។ ព្រះ​អង្គ​មាន​បងប្អូន​បង្កើត​ ៧នាក់ (ប្រុស៤ ស្រី៣) ព្រះអង្គ​ជា​បុត្រ​ច្បង​គេ​បង្អស់។

អាយុ៧ឆ្នាំ បាន​ចូល​ទៅ​សិក្សា​នៅ​វត្ត​បទុមវតី ខ្ពបក្រោម។ អាយុ១២ឆ្នាំ​ បាន​សាង​ព្រះ​ផ្នួស​ក្នុង​សំណាក់​ព្រះ​គ្រូ​ឧបជ្ឈាព្រះនាម ហៀង មោគ ដើម្បី​សិក្សា​រៀន​សូត្រ​ធម៌​អាថ៌​សិក្ខា​វិន័យ។ ព្រះ​ជន្មាយុ​១៧​វស្សា បាន​សិក្សា​ធម្មវិន័យ​ និង​វិបស្សនាធុរៈ​ក្នុង​សំណាក់​ព្រះគ្រូ ហៀង មោគ។ រហូត​ដល់​ជា​ភិក្ខុ​ភាវៈ​នៅ​វត្ត​បទុម​វតី​ ព្រះឧបជ្ឈា​ឱ្យ​នាម​បញ្ញត្ត​ថា ធម្មថេរោ បន្ទាប់​មក​ព្រះ​ភិក្ខុ ដូង ផង់ បាន​បន្ត​សិក្សា​នូវ​វិបស្សនាធុរៈ​រហូត​ធ្វើ​ជា​គ្រូ​ប្រដៅ​ធម៌ (ព្រះគ្រូ​ធម្មាចារ្យ) បង្ហាត់​បង្រៀន​ធម៌​ដល់​ឧបាសក ឧបាសិកា។ ឆ្នាំ១៩៧០ ត្រូវ​ពួកទមិឡ​ឥតសាសនា​ផ្សឹក​ចាក​សិក្ខា​បទ​ ជន្លៀស​ទៅ​នៅ​ខេត្ត​ព្រៃវែង បន្ទាប់​មក​ទៅ​គីឡូ​លេខ​៦ ភ្នំពេញ។

ឆ្នាំ១៩៧៩ បាន​សាង​ផ្នួស​វិញ​នៅ​វត្ត​សន្សំ​កុសល រាជ​ធានីភ្នំពេញ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈា​ព្រះធម្មលិខិត និល មុនី។ ខែកញ្ញា ឆ្នាំ១៩៧៩ ព្រះ​អង្គ​បាន​សាង​ផ្នួស​ម្ដង​ទៀត​ក្នុង​សំណាក់​ព្រះឧបជ្ឈា​ព្រះសង្ឃរាជ ទេព វង្ស​ រួច​​ទៅ​គង់​នៅ​វត្ត​ចេតិយ៍​ថ្មី ក្នុង​ព្រះ​នាម​ជា​ប្រធាន​សង្ឃ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ឆ្នាំ១៩៨៦​ គង់​នៅ​វត្ត​ដើមជ្រៃ ស្រុក​ក្រូចឆ្មារ ​ក្នុង​ឋានៈ​ជា​អនុគុណ​​ខេត្ត​កំពង់ចាម មាន​ព្រះគោរម្យងារ​ជា ព្រះ​គ្រូ​ធម្មាចារ្យ​នន្ទិយោ។ ឆ្នាំ១៩៨៩ គង់​នៅ​វត្ត​ហ្លួង ​រកាខ្មុរ​កណ្ដាល ស្រុក​ក្រូចឆ្មារ។ ឆ្នាំ១៩៩៦ សម្ដេច​បាន​និមន្ត​មក​គង់​នៅ​វត្ត​មហា​នន្ទិយនេរជ្ជរារាម​និវេទ ព្រែកប្រាំង ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល​ រហូត​ដល់​សព្វថ្ងៃ​នេះ។

សមិទ្ធិផល​នានា​ដែល​​កសាង​បាន៖

  • អប់​រំ​បង្រៀន​ព្រះធម៌​ដល់ពុទ្ធ​បរិស័ទ​បាន​រាប់​ពាន់នាក់។
  • កសាង​វត្តសន្ធរស្សី ខ្ពបតាងួន ស្រុក​ស្ទឹងត្រង់ ឆ្នាំ១៩៦៧-១៩៧៣
  • កសាងវត្ត​បុទុមវតី ខ្ពបក្រោម ឆ្នាំ១៩៧៣-១៩៧៥
  • វត្តព្រែកជីក (ព្រែកក្ដាម) ជួលជុល​ព្រះវិហារ ឆ្នាំ១៩៨០-១៩៨១
  • វត្ត​ចេតិយ៍​ថ្មី ជួសជុលព្រះវិហារ ឆ្នាំ១៩៨១-១៩៨៤
  • វត្ត​ដើមជ្រៃ ជួសជុលព្រះវិហារ ឆ្នាំ១៩៨៤-១៩៨៦
  • អនុវិទ្យាល័យរកាខ្មុរ ស្រុកក្រូចឆ្មារ ឆ្នាំ១៩៨៦
  • វត្តហ្លួង រកាខ្មុរ កសាងព្រះវិហារ ឆ្នាំ១៩៨៩
  • វត្ត​ខ្សាច់ប្រឆេះ កសាងព្រះវិហារ ឆ្នាំ១៩៩៣
  • វត្ត​ព្រែកប្រាំង កសាងព្រះវិហារ ឆ្នាំ១៩៩៦

សមណសក្តិ៖

  • ឆ្នាំ១៩៨០-១៩៨៤ ប្រធានសង្ឃ​ស្រុក (អនុគុណ) ស្រុកពញាឮ​ ខេត្ត​កណ្ដាល
  • ឆ្នាំ១៩៨៤-១៩៩៤ អនុគុណស្រុកក្រូចឆ្មារ
  • ឆ្នាំ១៩៩៦ ប្រធានសង្ឃ​វត្ត​ព្រែកប្រាំង
  • ឆ្នាំ១៩៩៩ បានទទួល​ព្រះរាជ​ក្រិត្យ​ នស.រកត. តែងតាំង​ជា​ ព្រះបដិកធម្មរាជា​ គណៈ​ថ្នាក់ចត្វា គណៈមហានិកាយ
  • ឆ្នាំ២០០១ បានទទួល​ព្រះរាជក្រិត្យ នស.រកត. ០៩០១/៣២៩ ចុះថ្ងៃទី១៣ កញ្ញា ឆ្នាំ២០០១ តែងតាំង​ឱ្យ​ឡើង​ជា សម្ដេចព្រះឧត្តម​បញ្ញា​

គ្រឿង​ឥស្សរិយយស៖

  • ព្រះរាជក្រិត្យ​ នស.រកត. ០២០១/០២៨ ចុះថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០០១ បានទទួលឥស្សរិយយស​ មេដាយសុវត្ថារា ថ្នាក់ធិបឌិន្ទ
  • ព្រះរាជក្រិត្យ​ នស.រកត. ១០០១/៣៩៩ ចុះថ្ងៃទី២៩ តុលា ឆ្នាំ២០០១ បានទទួលឥស្សរិយយស​ ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ធិបឌិន្ទ

ដក​ស្រង់​ពីសៀវភៅ៖ ជីវប្រវត្តិ​សម្ដេច​ព្រះ​ឧត្តម​បញ្ញា​ ដូង ផង់ នន្ទិយោ, សៀវភៅ​សមាទានសីល, បោះពុម្ព​លើក​ទី៣ ថ្ងៃស្រុក ១៥កើត ខែពិសាខ ឆ្នាំ​ច ព.ស.២៥៥០ ត្រូវ​នឹង​ថ្ងៃ​ទី១២ ខែឧសភា គ.ស.២០០៦។

Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

នាយមហា គ្រុឌ និទាន​រឿង​រាមកេរ្តិ៍


ខ្សែ​អាត់​សំឡេង​ជា​ CD មាន​រយៈពេល ១០​ ម៉ោង​នេះ គឺ​ជា​ការ​តំណាល​ដំណើរ រឿង​រាមកេរ្តិ៍ របស់​អ្នក​និទាន​ម្នាក់​ គឺ លោក ឈុន គ្រុឌ មាន​ដើម​កំណើត​មក​ពី ភូមិ​ស្ដើង​ជ័យ នៅ​ជិត​ភូមិ​ស្គន់ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ។ គេ​តែង​ហៅ​គាត់​ថា «តា​គ្រុឌ» ឬ «នាយ​មហា​គ្រុឌ» ។ ទេពកោសល្យ​ពិសេស​ក្នុង​ការនិទាន​របស់លោក ធ្វើ​​ឲ្យ​​លោក​មានឈ្មោះ​បោះសំឡេង​ជាងគេ​នៅក្នុង​ប្រទេស តាម​រយៈ​ការនិទាន​តាមវិទ្យុ​ឃោសនា​ការ​ជាតិ តាម​វត្តអារាម និង​តាម​ទី​សាធារណៈ​នានា​ក្នុង​កំឡុង​ទស្សវត្សរ៍ឆ្នាំ ៦០-៧០ ។

ខ្សែអាត់​សំឡេង​ រឿងរាមកេរ្តិ៍ ដែលនិទានដោយ តាគ្រុឌ បើតាមយើង​ដឹង គឺ​ជាប្រភេទ​ឯកសារដ៏កម្រ​តែមួយគត់​ត្រូវបានរក្សា​ទុក​នា សម័យ​បច្ចុប្បន្ន ។ ខ្សែ​អាត់សំឡេង​ទាំងនេះ​ត្រូវបានចងក្រងឡើង​ក្នុង​ស្ថានភាព​ពីរខុសគ្នា ។ មួយផ្នែក​នៃ​ខ្សែអាត់សំឡេង​ត្រូវបាន ចងក្រង​ឡើង​ក្នុង​អំឡុង ឆ្នាំ១៩៦៥ ក្នុង​ស្ទូឌីយូ​វិទ្យុ​ឃោសនាការ​ជាតិខ្មែរ ។ កាលនោះ តាគ្រុឌ បាន​កាន់កម្មវិធី​និទានរឿង​នៅ​ទីនោះ ទើបធ្វើឱ្យ លោក ហ្សាក់ ប្រ៊ុយណេ (Jacques Brunet) អាចរក្សា​ទុកបានមួយច្បាប់ ។ ផ្នែកទីពីរ​នៃខ្សែអាត់សំឡេង​ត្រូវបាន​ចងក្រង ឡើងក្នុង ឆ្នាំ១៩៦៨ តាម​រយៈការ​ស្នើសុំ​របស់ លោក ហ្សាក់ ប្រ៊ុយណេ ដោយ​ឱ្យ តាគ្រុឌ និទាន រឿងរាមកេរ្តិ៍ ដោយ​ផ្ទាល់​នៅមុខ សាធារណជន​ក្នុង ភូមិរកាកោង ។ លោក ហ្សាក់ ប្រ៊ុយណេ ចង់​ធ្វើការ​ប្រៀបធៀប​របៀបនិទាន​ទាំងពីរ​របស់ តាគ្រុឌ ។ ការ​ប្រៀបធៀប​នេះ បង្ហាញ​ឲ្យ​ឃើញថា​បរិយាកាស​នៃសំឡេង​និទាន​មានភាពខុសគ្នា​ជាខ្លាំងនៅ​ក្នុងស្ទូឌីយូ និង​នៅ​មុខសាធារណជន ។

CD ខ្សែអាត់សំឡេង​របស់ តាគ្រុឌ កំពុងនិទាន រឿងរាមកេរ្ដិ៍ នេះ បានផលិត​ក្រោម​គំនិតផ្ដួចផ្ដើម​របស់ លោកបណ្ឌិត អាឡាំង ដានីញ៉ែល (Alain Daniel) មជ្ឈមណ្ឌល​ធនធាន​សោត​​ទស្សន៍​​បុប្ផាណា ក្រោមការ​ជួយឧបត្ថម្ភ​របស់ អង្គការយូណេស្កូ (Unesco) និង គណៈ​កម្មការជាតិ​យូណេស្កូ (Cambodian National Comission for Unesco) ។

  • វគ្គទី១ ទី២ ទី៨ ដល់ ទី២៧ ជាខ្សែ​អាត់សំឡេងថតនៅ​ក្នុង​ស្ទូឌីយោវិទ្យុ​ឃោសនា​ការ​ជាតិខ្មែរ នាឆ្នាំ១៩៦៥ ។
  • វគ្គទី៣ ដល់ វគ្គទី៧ ជាខ្សែ​អាត់សំឡេង​ថតដោយ​ផ្ទាល់នៅ​មុខសាធារណៈជន​ក្នុង​ភូមិរកាកោង នាឆ្នាំ១៩៦៨ ។

***

អត្ថបទ​ដើម ៖ មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា ៖ រាមកេរ្តិ៍​និទាន​ដោយ​ តាគ្រុឌ

Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ព្រឹទ្ធា​ចារ្យ​សិល្ប ព្រីង សាឃន


ព្រឹទ្ធាចារ្យ​​សិល្ប ព្រីង សាឃន (ប្រហែល​ជា​កើត​នៅ​ឆ្នាំ ១៩៣៦ ឬ ១៩៣៧) កើត​នៅ​ ភូមិ​​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខែត្រ​កំពង់ចាម ។ នៅ​ឆ្នាំ ១៩៥៣ លោក​បាន​ចូល​រៀន​ផ្នែក​ល្ខោន​និយាយ​នៅ​អតីត​សាលា​ល្ខោន​ជាតិ ដែល​ក្រោយ​មក​ប្ដូរ​ឈ្មោះ​មក​ជា សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ។ បន្ទាប់​ពី​រៀន​ចប់​ហើយ លោក​បាន​សម្ដែង​នៅ​លើ​ឆាក​ជា​ច្រើន​រឿង តែ​ក្នុង​តំណែង​ជា​តួ​រាយរង​ប៉ុណ្ណោះ ។

នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​ទៅ គាត់​បាន​ត្រឡប់​មក​ភ្នំពេញ​វិញ ដោយ​ប្រកប​អាជីព​ជា​អ្នក​សម្ដែង​​ជា​តួ​រាយរង​ដ​ដែរ ។ តួអង្គ​ដែល​ធ្វើ​ឲ្យ​​ទស្សនិកជន​ស្គាល់​គាត់​ច្បាស់​បំផុត​នោះ គឺ​ការ​សម្ដែង​ជា​ តា​ជូជក ក្នុង​រឿង​ព្រះ​វេស្សន្ដរ នៅ​ឆ្នាំ ១៩៩៣ ។

នៅ​ថ្ងៃ ០៩ មករា ២០១៣ គាត់​បាន​ទទួល​ងារ​ជា​ នាដ​កោសល្យ​វដ្តី យោង​តាម ព្រះរាជ​ក្រឹត្យ ស្ដី​ពី​ប្រព័ន្ធ​មត៌ក​មនុស្ស​រស់ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដើម្បី​ឆ្លើយ​តប​នឹង ការ​លះបង់​ និង​ការ​ពុះ​ពារ​ឥត​ខ្លាច​នឿយ​ហត់ ក្នុង​ការ​​ធ្វើ​ពលិកម្ម​ជា​ច្រើន​បម្រើ​ឲ្យ​វិស័យ​សិល្បៈ​ខ្មែរ និង​ដោយ​ផ្អែក​លើ​តម្លៃ​គុណ​សម្បត្តិ ដូច​ជា ចំណេះ​ដឹង ជំនាញ ទេពកោសល្យ និង​បច្ចេកទេស ស្នាដៃ​ឯក​ ផ្នែក​បេតិកភណ្ឌ​វប្បធម៌​អរូបី ។

បើ​ទោះ​ជា​បច្ចុប្បន្ន​ លោក​ចូល​និវត្តន៍​ក្ដី លោក​នៅ​តែ​ព្យាយាម​ជិះ​ម៉ូតូ​ឌុប​ទៅ​បង្រៀន​សិស្ស​នៅ​ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ដដែរ ។ គាត់​ទទួល​បាន​ មេដាយ​មាស​ការងារ​ ពី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ផង​ដែរ ។

***

អាន​បន្ថែម ៖

  1. The Cambodia Herald: Pring Sokhon pins hopes on new generation of actors
  2. កោះ​សន្តិភាព ៖ សាស្ត្រា​ចារ្យ​ព្រីង សា​ឃន ​ហៅ​តា​ជូ​ជក់​សុខ​ភាព​កាន់​តែ​​ទ្រុឌ​ទ្រោម
Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

កីឡាករ ប៉ែន ផាត


លោក ប៉ែន ផាត អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា កើត​នៅ​​ថ្ងៃ ០៥ ខែ​មេសា ឆ្នាំ ១៩៤៨ នៅ​ភូមិ​ទួល​ថ្ម ស្រុក​ ខែត្រ​​កំពង់ចាម ។ លោក​សព្វ​ថ្ងៃ​រស់​នៅ​ប្រទេស​បារាំង​ជា​មួយ​ភរិយា​ជនជាតិ​ខ្មែរ និង​កូន​ប្រុស​ម្នាក់ ។

Pen-Phath

លោក ប៉ែន ផាត

***

អាន​បន្ថែម ៖

  1. សប្បាយ ៖ ជីវ​ប្រវត្តិ លោក ប៉ែន ផាត
  2. សប្បាយ ៖ លោក ប៉ែន ផាត ជាប់​ជម្រើស​ជាតិ​តាំង​ពី​អាយុ ១៥​ឆ្នាំ
  3. សប្បាយ ៖ ការ​បង្វឹក​កីឡាករ​ខ្មែរ​បារាំង របស់​ លោក ប៉ែន ផាត
Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

លោក ហង្ស ធុនហាក់


hang thun hakលោក ​ហង្ស ធុនហាក់ កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩២៦ នៅ​ភូមិ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខែត្រ​​កំពង់ចាម ។ កាល​​នៅ​​យុវវ័យ​​ គាត់​បាន​​ទៅ​សិក្សា​វិជ្ជា​ល្ខោន​នៅ​ សាលា​នាដកម្ម Sarah Bernard នៅ​ទី​ក្រុង​ប៉ារីស ។ នៅ​ទីនោះ​គាត់​បាន​ចូល​ជា​មួយ​ក្រុម​និស្សិត​មួយ​ក្រុម​ដែល​​គាំ​ទ្រ​ លោក​ កេង​ វ៉ាន់​សាក់ ។ ​គាត់​ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ​​នៅ​ឆ្នាំ ១៩៥១ ដោយ​ចូល​រួម​ជា​មួយ​ លោក សឹង ង៉ុកថាញ់ ដើម្បី​ប្រឆាំង​នឹង​រដ្ឋបាល​អាណានិគម ។ នៅ​ឆ្នាំ ១៩៥៣ គាត់​​បាន​ផ្ដាច់​ខ្លួន​មក​រស់​នៅ​ក្នុង​សង្គម​វិញ ។

គាត់​បាន​និពន្ធ​រឿង​ល្ខោន​ជា​ច្រើន​ដូច​ រឿង​ថ្ម​រាំ និង​​រឿង​កញ្ញា​ចរិយា (កំឡុង​ឆ្នាំ ៥០) ដែល​វាយ​ប្រហារ​​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​រដ្ឋាភិបាល​ពុក​រលួយ​នៅ​សម័យ​នោះ ។ ដោយ​គាត់​មាន​​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​នឹង ម្ចាស់​ក្សត្រិយានី កុសុមៈ រឿង​ល្ខោន​ទាំង​​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​សម្ដែង​ដោយ​គ្មាន​ការ​រារាំង ។

គាត់​​បាន​ទទួល​មេដាយ​អស្សឫទ្ធិ​មុនី​សារភណ្ឌ​ នៅ​ពេល​ដែល​គាត់​​ជា​សមាជិក​ក្រុម​មេ​ប្រយោគ​ ក្នុង​ការ​ប្រលង​ប្រជែង​លើក​ទី ១ ​នៃ​សមាគម​​អ្នក​និពន្ធ​ខ្មែរ ដែល​បាន​ដាក់​នាម​ថា ការ​ប្រលង​ប្រជែង​អក្សរសាស្ត្រ​រង្វាន់ ឥន្ទ្រ​ទេវី សម្រាប់​ឆ្នាំ ១៩៦០ – ១៩៦១ ។

គាត់​បាន​​បង្រៀន​នៅ​ សាលា​ល្ខោន​ជាតិ ហើយ​បាន​ធ្វើ​ជា​សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ចាប់​ពី​ឆ្នាំ ១៩៦៥  ។ គាត់​​បាន​ឡើង​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សហគមន៍ ហើយ​ក្រោយ​មក​បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ ថ្ងៃទី១៧ តុលា ១៩៧២ ដល់​ថ្ងៃ​ទី ១៧ មេសា ១៩៧៣ ។

នៅ​ក្រោយ​ឆ្នាំ​១៩៧០ គាត់​បាន​ដឹក​នាំ​ គណបក្ស​ប្រជាជន (គណបក្ស​សង្គម​និយម) ប៉ុន្តែ​បាន​ទៅ​ចូល​រួម​ជា​មាន​ គណបក្ស​សង្គម​សាធារណរដ្ឋ​ របស់ លោក​ លន់ ណុន វិញ ។ នៅ​ពេល​ដែល​សង្គ្រាម​ស៊ីវិល​កំពុង​ឆាប​ឆេះ គាត់​បាន​ព្យាយាម​ទាក់ទង​ជា​មួយ​នឹង​ សម្ដេច​សីហនុ ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ ហើយ​ក៏​បាន​ទាក់ទង​ជា​មួយ​នឹង​ពួក​ខ្មែរ​ក្រហម​​តាម​រយៈ​ លោក ហ៊ូ យន់ ផង​ដែរ ។ គាត់​ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ក្រោយ​ពេល​ដែល​គាត់​​ព្យាយាម​ការពារ ម្ចាស់​ក្សត្រិយានី កុសុមៈ និង​ដង្ហែ​ទ្រង់​ទៅ​កាន់ ក្រុង​ប៉េកាំង នៅ​ឆ្នាំ១៩៧៣ ។

គាត់​​ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​ពួក​ខ្មែរ​ក្រហម​នៅ​ ថ្ងៃ​ទី១៨ មេសា ១៩៧៥ ក្រោយ​បដិសេធ​មិន​ព្រម​រត់​ចេញ​​ទៅ​ក្រៅ​ប្រទេស ទោះ​ជា​យ៉ាង​ណា​ ភរិយា និង​កូន​ស្រី​របស់​គាត់​ត្រូវ​បាន​ជម្លៀស​ទៅ​ប្រទេស​បារាំង​ដោយ​សុវត្ថិភាព ។

ស្នាដៃ​របស់​គាត់​​រួម​មាន ៖

 ឈ្មោះ  ប្រភេទ កាលបរិច្ឆេទ ផ្សេងៗ
រឿង​ ថ្ម​រាំ ល្ខោន ១៩៥៤ (ភ្នំពេញ)
រឿង​ កញ្ញា​ចរិយា ល្ខោន ១៩៥ ? (ភ្នំពេញ)
រឿង​ ពិសោធន៍​ស្នេហា ល្ខោន ១៩៦៤ (ភ្នំពេញ)
រឿង​ ចោល​សំបុក​ឥត​មេបា ល្ខោន ១៩៦៥ (ភ្នំពេញ)
រឿង ព្រះអាទិត្យ​រះ​ហើយ ល្ខោន ១៩៦៦ (ភ្នំពេញ)
រឿង ចិញ្ចៀន​បញ្ចាំ​ចិត្ត ល្ខោន ១៩៦៩ (ភ្នំពេញ)
រឿង បង​ពុក​ឲ្យ​ហៅ ភាព​យន្ត ១៩៦៦ (ភ្នំពេញ)
រឿង វាសនា ឬ​ការ​កសាង ភាព​យន្ត ១៩៦៦ (ភ្នំពេញ)
រឿង រាត្រី​និម្មិត​នៃ​វស្សាន​រដូវ (A Midsummer Night’s Dream)​ ប្រលោម​លោក​​បក​ប្រែ ១៩៦៨ និពន្ធ​ដោយ William Shakespeare
រឿង អម្ចាស់ (Le Cid) ប្រលោម​លោក​​បក​ប្រែ ១៩៦៩ និពន្ធ​ដោយ​ Pierre Corneille
រឿង ប៉ូលវីហ្សានី (Paul et Virginie) ប្រលោម​លោក​​បក​ប្រែ ??? និពន្ធ​ដោយ Jacques-Henri Bernardin de Saint-Pierre
រឿង រ៉ូមីអូ និងស៊ូលីយែត (Romeo and Juliette) ប្រលោម​លោក​​បក​ប្រែ ១៩៧១ និពន្ធ​ដោយ William Shakespeare
Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

អ្នក​និពន្ធ ជុត ខៃ


​លោក ផ្ជិត ខៃ្យ (អាន​សព្វ​ថ្ងៃ​ថា​ ជុត ខៃ) កើត​នៅ​ថ្ងៃ​ ៣០ តុលា ១៩៤០ នៅ កោះ​សំរោង ​ក្នុង​ខែត្រ​កំពង់ចាម ។ លោក​បាន​រៀន​សូត្រ​នៅ​សាលា​បឋម​សិក្សា​ និង មធ្យម​សិក្សា​នៅ​ទី​រួម​ខែត្រ​កំណើត (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ ក្មេង​វត្ត​សម័យ​បារាំង​ និង ក្មេង​សាលា​បារាំង) ។

នៅ​​ឆ្នាំ ១៩៦៦ លោក​បាន​ចេញ​ពី​វិទ្យាស្ថាន​គរុ​កោសល្យ​ហើយ​បាន​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​​នៅ​អនុវិទ្យាល័យ​ឈូក ក្នុង​ខែត្រ​កំពត ។ ទន្ទឹម​នឹង​មុខ​ងារ​ជា​សាស្ត្រាចារ្យ​ លោក​បាន​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​នីតិសាស្ត្រ រហូត​ដល់​ទទួល​បរិញ្ញាបត្រ​​នៅ​ឆ្នាំ​ ១៩៦៨ ។​ ក្នុង​ឆ្នាំ​ដដែល​នេះ លោក​បាន​​ផ្លាស់​ទៅ​វិទ្យាល័យ​សន្តិភាព​ ក្នុង​ខែត្រ​កំពង់​ស្ពឺ ។ លោក​ក៏​ជា​គ្រូ​បង្រៀន​ភាសា​បារាំង និង ច្បាប់ ហើយ​ក៏​ជា​អ្នក​សរសេរ​អត្ថបទ​​កាសែត​ផង​ដែរ ។

ក្រោយ​ស្ថានការណ៍​ ១៨ មិនា ១៩៧០ លោក​បាន​ជាប់​កំណែន​ក្នុង​កងទ័ព​ផ្នែក​កង​អាវុធហត្ថ​មាន​ងារ​ជា​អនុសេនីយ៍​ឯក​ ហើយ​នៅ​ឆ្នាំ ១៩៧១ លោក​មាន​តួនាទី​ជា​ប្រធាន​ក្រសួង​រដ្ឋបាល​នៃ​តុលាការ​សឹក ។

លោក​បាន​ទទួល​ការ​តែង​តាំង​ជា​ព្រឹទ្ធបុរស​ស្ដីទី​មហាវិទ្យាល័យ​នីតិសាស្ត្រ​ និង សេដ្ឋកិច្ច ​នៅ​​ក្នុង​ឆ្នាំ​សិក្សា ១៩៧៣ ទៅ ១៩៧៤ ។ លោក​រស់​នៅ​យ៉ាង​វេទនា​ក្នុង​របប​ខ្មែរ​ក្រហម​ (អាច​​ស្វែង​រក​អាន​បន្ថែម​ពី​​សៀវភៅ​ កូន​ក្របី​មនោសញ្ចេតនា) ហើយ​បាន​ភៀស​ខ្លួន​ជា​មួយ​គ្រួសារ​មក​ដល់ ​ខៅអ៊ីដាង​ ប្រទេស​ថៃ​ នៅ​ឆ្នាំ ១៩៧៩ ។ លោក​បាន​ទទួល​សិទ្ធិ​ជ្រក​កោន​នយោបាយ​ នៅ​ប្រទេស​បារាំង​ ក្នុង​ឆ្នាំ ១៩៨០ ហើយ​សព្វ​ថ្ងៃ​រស់​នៅ​ជាយ​ក្រុង​ប៉ារីស៍ ។

លោក​ជា​អតីត​អ្នក​និពន្ធ​កាសែត «​នគរ​ធំ» ហើយ​លោក​បាន​ទុក​ស្នាដៃ​នានា​ជា​ប្រលោម​លោក​ផ្ទាល់ខ្លួន​ និង​ ប្រលោម​លោក​បកប្រែ ។

  • ខ្មោច​ព្រាយ​អសុរកាយ (ប្រលោម​លោក, ភ្នំពេញ, ១៩៧៣) ជា​បណ្ដុំ​រឿង​ខ្លី​ៗ អំពី​ជំនឿ​លើ​ខ្មោច​ព្រាយ​បិសាច​របស់​អ្នក​និពន្ធ​ផ្ទាល់ ដែល​សព្វ​ថ្ងៃ​ខ្ញុំ​បាន​ប្រទះ​ឃើញត្រូវ​បាន​បោះពុម្ព​ជា​ផ្នែក​តូច​ហើយ​ដាក់​លក់​ជា​រឿង​​សម្រាប់​កុមារ​ទៅ​វិញ​ ដោយ​អ្នក​បោះ​ពុម្ព​ខ្លះ​មិន​បាន​ដាក់​ឈ្មោះ​អ្នក​និពន្ធ​ (លោក ជុត​ ខៃ) ទាល់​តែ​សោះ ។
  • មេម៉ាយ​​ប្ដី ៥ (ប្រលោម​លោក​, ភ្នំពេញ​, ១៩៧៣)
  • អស្ដង្គត​​នៃ​ប្រជាជាតិ (ជីវប្រវត្តិ​ផ្ទាល់​ខ្លួន, បម្រុង​បោះពុម្ព)
  • បុត្រ​ឆ្នើម​នៃ​សង្គ្រាម​ (Les Centurions de Jean Lartéguy) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
  • ជញ្ជាំង (Le Mur de Jean-Paul Sartre) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)
  • លោក​ឯកអគ្គរដ្ឋទូត (L’Ambassadeur de Morris West) (ប្រលោមលោក​បកប្រែ, ភ្នំពេញ​, ១៩៧១)

ក្រោយ​សតវត្ស​ទី ២០ លោក​បាន​បោះពុម្ព​រឿង​ ក្មេង​វត្ត​សម័យ​បារាំង, សិស្ស​សាលា​បារាំង និង កូន​ក្របី​មនោសញ្ចេតនា (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ SIPAR) រឿង ​វិប្បដិសារី (គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​អង្គរ) និង រឿង​ តើ​ខ្ញុំ​ភូត​ពួក​ខ្មែរ​ក្រហម​យ៉ាង​ម៉េច ជា​ភាសា​បារាំង(Comment J’ai Menti au x Khmers Rouges, Paris, Edition de l’Harmattan, 2004, 309p) ។

រឿង​ ២​ ខ្ញុំ​មិន​ទាន់​ស្គាល់​ការ​បរិច្ឆេទ ៖ រឿង​ ក្រុម​បេរេ​បៃតង (បកប្រែ, គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​នគរធំ) និង រឿង ខ្មោច​កណ្ដាល​ក្រុង​ភ្នំពេញ ជា​ភាសា​បារាំង (Un Fantome au Coeur de Phnom Penh, Edition Serpent a Plumes) ។

«​លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ដ៏​មាន​ទេពកោសល្យ​​មួយ​រូប​ដែល​ចេះ​បញ្ចេញ​គំនិត​ ដោយ​បញ្ចូល​កេរមរតក​ខ្មែរ និង ឥទ្ធិពល​ពី​បស្ចិម​ប្រទេស» [SIPAR]

«លោក​ ជុត ខៃ ជា​អ្នក​និពន្ធ​ខ្មែរ​ទី​ ១ ក្នុង​ដួង​ចិត្ត​ខ្ញុំ ដោយ​សារ​តែ​លោក​បាន​ពិពណ៌នា​អំពី​ខែត្រ​កំពង់​ចាម​​ ស្រុក​កំណើត​នៃ​ខ្ញុំ​ កាល​ពី​អតីតកាល ដោយ​ខ្ញុំ​ចាត់​ទុក​ថា​ជា​ឯកសារ​មួយ​ដ៏​កម្រ» [តា ម៉ាប់]

ទាញ​យក​សៀវភៅ ២ ក្បាល​របស់​លោក ជុត ខៃ ដោយ​គ្រាន់​តែ​ចុច​​លើ​រូប ៖

Categories: អ្នក​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , | 2 មតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: