អត្ថបទដើម៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ៖ របរធ្វើឆ្អឹងធូបនៅស្រុកមេមត់
សៀវភៅកំពង់ចាម និម្មិតរូបនៃឥស្សរភាព
សៀវភៅ កំពង់ចាម៖ និម្មិតរូបនៃឥស្សរភាព ត្រូវបានរៀបរៀង និងចងក្រងដោយ លោក ធុច ផាត អតីតអភិបាលក្រុងកំពង់ចាម។ ខ្ញុំមិនមានព័ត៌មានអ្វីអំពីលោកនោះទេ ព្រោះត្បិតជាអ្នកកំពង់ចាមមែនតែខ្ញុំមិនដែលដឹងរាក់ជ្រៅរឿងការងាររដ្ឋបាលខេត្តនោះទេ។
ជាចៃដន្យ ខ្ញុំប្រទះឃើញសៀវភៅនេះនៅតូបលក់សៀវភៅមួយនៅក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ។ ជាធម្មតា សៀវភៅដែលទាក់ទងនឹង «ខេត្តកំពង់ចាម» ខ្ញុំទិញភ្លាមដោយមិនចាំបាច់អាន ព្រោះ «កំពង់ចាម» ជាស្រុកកំណើត តិចឬច្រើនក៏គង់ដឹងព័ត៌មានពីទីដែលចិញ្ចឹមសាមីខ្លួនតាំងពីក្មេងវ័យ។ ខ្ញុំព្យាយាមជារឿយៗ រកមើលព័ត៌មាន សៀវភៅ អត្ថបទនានាដែលទាក់ទងអំពីស្រុកកំណើតមិនឱ្យដាច់នោះទេ។ សង្ឃឹមថាអ្នកកំពង់ចាមផ្សេងទៀត ជួយការងារនេះឱ្យចម្រើនទៅមុខបានវែងឆ្ងាយ។
ចំពោះសៀវភៅនេះគ្មានបញ្ជាក់ថ្ងៃបោះពុម្ព ចំនួនសៀវភៅបោះពុម្ព គ្រឹះស្ថានបោះពុម្ពនោះទេ បើទោះក្នុងអារម្ភកថាសរសេរថាថ្ងៃទី៥ សីហា ២០១៤ ក្ដីតែប្រហែលជាថ្ងៃចាប់ផ្ដើមសរសេរទេ។ សៀវភៅនេះទំនងជាបោះចម្លងនៅរោងពុម្ពណាមួយក្នុងចំនួនតិចក្បាល។ ខ្ញុំសុំបង្ហាញជំពូកនានានៃសៀវភៅនេះតាមលំដាប់ តែខ្ញុំមិនអាចចម្លងសេចក្ដីទាំងស្រុងនៃសៀវភៅនេះមកបង្ហាញបានទេ ព្រោះវាខុសនឹងច្បាស់កម្មសិទ្ធបញ្ញា។ សៀវភៅនេះមានសរុបចំនួន ១០៥ទំព័រ។
ឈ្មោះជំពូក | ទំព័រ |
---|---|
អារម្ភកថា | i |
អត្តសញ្ញាណនៃខេត្តកំពង់ចាម | ទំព័រ ០១ |
អំពីការវិវត្តន៍នៃស្ថានភាពប្រវត្តិសាស្ត្រខ្លះៗដែលពាក់ព័ន្ធនឹងខេត្តកំពង់ចាម | ទំព័រ ០៣ |
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ពីសម័យអាណានិគមនិយមបារាំងមកដល់បច្ចុប្បន្ន | ទំព័រ ១៧ |
អំពីទិដ្ឋភាពភូមិសាស្ត្រ និងសង្គមខ្លះៗរបស់ខេត្តកំពង់ចាម | ទំព័រ ៥២ |
ស្ថានភាពរបស់ក្រុងកំពង់ចាម | ទំព័រ ៧៣ |
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០១៣ | ទំព័រ ៧៧ |
កំពង់ចាម និម្មិតរូបនៃឥស្សរភាព | ទំព័រ ៨៥ |
កម្រងរូបភាពអនុស្សាវរីយ៍ខេត្តកំពង់ចាម | ទំព័រ ៩០ (១) |
ឯកសារពិគ្រោះ | ទំព័រ ១០២ (១) |
ព័ត៌មាន៖ វត្តព្រះធាតុបាស្រីមានបារមីពូកែតាំងពីសម័យសង្គ្រាម
ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧
ខេត្តត្បូងឃ្មុំ៖ វត្តព្រះធាតុបាស្រី ដែលមានទីតាំងនៅភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ក្នុងនោះមានប្រាសាទបុរាណមួយដែលត្រូវបានសាងសង់ក្នុងអំឡុងសតវត្សទី៨មានឈ្មោះ «ប្រាសាទបាស្រី» ដែលល្បីពូកែស័ក្ដិសិទ្ធិ។ ទោះបីជាក្នុងសម័យសង្គ្រាមអតីតកាលសត្រូវបានបំផ្លោងគ្រាប់កាំភ្លើងធំចូលមកដើម្បីកំទេចទីអារាម តែគ្រាប់ទាំងនោះបានហោះធ្លាក់ផុតទៅទីឆ្ងាយ មកដល់សព្វថ្ងៃនេះត្រូវបានពលរដ្ឋដែលមានជំនឿ តែងតែនាំគ្នាជិះម៉ូតូ និងរថយន្តទៅបួងសួងសុំសេចក្តីសុខថែមទៀតផង។
លោកតាអាចារ្យវត្ត ឈិន ឆន អាយុ៧០ឆ្នាំ មានប្រសាសន៏ឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ ថា៖ «ជារៀងរាល់ព្រឹកគាត់តែងតែមកជួយរៀបចំ និងមើលការខុសត្រូវនៅត្រង់រោង លោកតាកុវេរោ និងលោកតាវេស្សវន្ត ក្បែរត្រង់ច្រកក្លោងទ្វារចូលវត្តនោះដោយសារតែមានការស្រលាញ់ និងព្រះពុទ្ធសាសនាហើយក្រោមការដឹកនាំរបស់ព្រះចៅអធិការវត្តព្រះនាម កែវ យ៉េន កំពុងតែយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធិផលនានាជាច្រើនក្នុងទីអារាម»។ លោកតាមានប្រសាសន៏បន្តថា៖ «ក្រោយមកទៀត គេបានកសាងប្រាសាទនេះឡើងធ្វើអំពីថ្ម ពីលើប្រាសាទចាស់ដោយមានជីកគ្រឹះចូលក្នុងដីជំរៅ៣ម៉ែត្រ នៅបាតប្រាសាទមានដាក់ភ្លេងពិណពាទ្យ១សម្រាប់ ហើយកាលនៅជំនាន់ដើមមានបារមីពូកែ ឲ្យតែនៅថ្ងៃសិល្ប៏នោះគេមានឮសូរសម្លេងភ្លេងពិណពាទ្យចេញពីប្ារសាទបាស្រីនោះ ហើយនៅខាងក្រោមជំរៅលើសពី៣ម៉ែត្រមានរន្ធពស់ដែលនៅថែរក្សា ហេតុដូច្នេះហើយរាល់ថ្ងៃត្រង់ច្រកចូលខាងក្រោយមានធ្វើរូបសំណាក់ពស់២គូរតំណាង»។
លោក កង ចន្ធីរិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ ប្រាប់ឲ្យដឹងដែរថា៖ «ប្រាសាទព្រះធាតុបាស្រីនេះត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី៨ ដំណាលនឹងហ្លួងព្រះស្តេចកន ដែលមានឈ្មោះដើមថា «ប្រាសាទសរីរៈធាតុ» ដែលតម្កល់ធាតុព្រះពុទ្ធ។ ក្រោយមកត្រូវបានគេសាងសង់ព្រះវិហារពីលើប្រសាទបុរាណបុរាណនេះហើយនឹងមានប្រាសាទតូចៗចំនួន៣ទៀតក្នុងនោះមានប្រាសាទព្រះវិហារគុក ទួលប្រាសាទលោកតាអង្គ្រង់ភ្លើង លោកយាយក្រុងឆេះ។ ជាមួយនោះដែរមន្ទីរបានទាក់ទងទៅក្រសួងវប្បធម៌ដើម្បីធ្វើការជួសជុលប្រសាទបុរាណ»៕
ចម្លងចេញទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ វត្តព្រះធាតុបាស្រីមានបារមីពូកែតាំងពីសម័យសង្គ្រាម(មានវីដេអូ)
ខ្លោងទ្វារវត្តមង្គលសត្ថារាមឃ្លោយ (២០១៨)
កាលពីម្សិលមិញ ឬម្សិលម៉្ងៃ (២៤ ឬ២៥ វិច្ឆិកា) ខ្លោងទ្វារវត្តមង្គលសត្ថារាម ហៅវត្តឃ្លោយត្រូវវាយកម្ទេចរាបដល់ដី ក្រោមហេតុផលពង្រីកផ្លូវ (sic)។ វត្តឃ្លោយមានទីតាំងនៅភូមិ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ តាមដែលដឹងមកខ្លោងទ្វារនេះសង់នៅទសវត្សឆ្នាំ៥០ ឬ៦០ បើគិតមកដល់ឥឡូវក៏ចំណាស់លើសកន្លះសតវត្សហើយ គួរត្រូវរក្សាទុក។ ខ្លោងទ្វារនេះក៏មានក្បាច់រចនាស្អាតគួរឱ្យកត់សម្គាល់ដែរ។ គួរឱ្យសោកស្ដាយខ្ញុំមិនដែលបានចូលថតរូបខ្លោងទ្វារនេះទុកទាល់តែសោះ នេះហើយនៅជិតពេក… គួរចងចាំនឹងរៀនពីមេរៀននេះ អ្វីដែលនៅជិតៗត្រូវប្រញ៉ាប់រក្សាទុកតាមមធ្យោបាយនានាដែលអាចធ្វើទៅបាន។ ទាំងរូប និងវីដេអូខាងក្រោម ខ្ញុំយកមកពីគណនីហ្វេសប៊ុកដូចមានភ្ជាប់នៅខាងក្រោម។
បើចង់ពង្រីកផ្លូវមែន ជម្រើសមានច្រើនជាងនេះ! តែឥឡូវបើជ្រុលហើយ សង្ឃឹមអស់លោកសង់ខ្លោងទ្វារថ្មីឱ្យដូចខ្លោងទ្វារចាស់។
មើលវីដេអូ៖
ប្រភពដើម៖ Facebook: Sokhum Drummer
រកបានរូបមួយចំនួនពី Google Maps:
ព័ត៌មាន៖ អគ្គីភ័យនៅមហោស្រពព្រះសីហមុនី កំពង់ចាម (២០១៨)
កំពង់ចាម ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨
សាលមហោស្រពព្រះសីហមុនី ខេត្តកំពង់ចាម ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាមរងការឆេះអស់មួយចំហៀងកាលពីវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។ ស្នងការដ្ឋាននគរបាលខេត្តបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង និងកម្លាំងនគរបាលក្រុងកំពង់ចាម និងកម្លាំងអន្តរាគមន៍នគរបាលខេត្តកំពង់ចាមជាច្រើននាក់ ជួយសម្រួលចរាចរណ៍និងប្រតិបត្តិការជួយពន្លត់បានទាន់ពេលវេលាមិនឱ្យប៉ះពាល់ដល់ទីតាំងផ្សេងនោះទេ ហើយក៏មិនមានរបួសដែរក្រោមវត្តមាន លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមដែលបានទៅដល់កន្លែងកើតហេតុផងដែរ។
មូលហេតុត្រូវបានគេបន្ទោសថាមកពីទុស្សេចរន្តអគ្គិសនី។ ទីតាំងសាលមហោស្រព ព្រះសីហមុនីខេត្តកំពង់ចាមគ្រប់គ្រងដោយ ឈ្មោះ យ៉េន សារិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាមខេត្តកំពង់ចាម ។
សម្ភារៈខូចខាតៈឆេះកៅអី ដែកពូកចំនួន៨៥ ស្មើរ១០% ឆេះ និងខូចខាតពិដានម្នាងសិលាខាងលើទាំងស្រុង១០០% ឆេះជញ្ជាំងកាំម្ញីមួយចំហៀងទាំងស្រុង ឆេះទ្វារឈើចេញចូលចំនួន២សន្លឹក។ មិនដឹងថាត្រូវចំណាយប៉ុន្មានសម្រាប់ជួសជុល ឬក៏លក់ចោលដូចសាលមហោស្រពទន្លេរបាសាក់ កេរ្តិ៍សម្តេចឪដែលរងការឆេះដែរតែមិនជួសជុលនោះឡើយ៕
ប្រភពដើម៖ ចម្លងទាំងស្រុកពីវេបសាយ មាតុភូមិ៖ ឆេះមហោស្រពខេត្តកំពង់ចាមអស់មួយចំហៀងមិនដឹងថាជួសជុលឬលក់ដូចមហោស្រពទន្លេរបាសាក់នោះទេ?
អត្ថបទដូចគ្នានៅសារព័ត៌មានដទៃទៀត៖
ព័ត៌មាន៖ បាក់ច្រាំងមាត់ទន្លេ (២០១៨)
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីស្រុតច្រាំងទន្លេ ស្រុតជណ្ដើរចុះអូប័រ និងស្រុតសួនច្បារម្ដុំរូបសំណាកដំរី មានទទឹង៤ម៉ែត្របណ្ដោយប្រមាណ១៥០ម៉ែត្រ ស្ថិតនៅភូមិ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
រូបភាព និងព័ត៌មានពី Facebook: Bong Makara
កាលពីឆ្នាំ២០១៤ ក៏មានករណីបាក់ច្រាំងម្ដងដែរនៅក្រុងកំពង់ចាម សូមអាន៖ ភ្នំពេញប៉ុស្តិ៍៖ អ្នកកំពង់ចាមកំពុងប្រឈមនឹងការបាក់ច្រាំងទន្លេ
ព័ត៌មាន៖ ប្រវត្តិស្ពានឫស្សីនៅខេត្តកំពង់ចាម
ថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖ សុខ សូត្រប្រាថ្នា
ស្ពានឫស្សី ឬស្ពានប្រដឹស នៅខេត្តកំពង់ចាម ដែលធ្វើសម្រាប់ឆ្លងកាត់ទន្លេមេគង្គ ពីក្រុងកំពង់ចាម ទៅកាន់ទឹកដីកោះមួយចំនួនរួមមានកោះប៉ែន កោះមិត្ត កោះព្រលូង កោះសូទិន ជាដើម។ ស្ពានមួយនេះ បានផ្ដល់ប្រយោជន៍ជាច្រើនសម្រាប់ប្រជាពលរដ្ឋដីកោះ និងដីគោក អាចឆ្លងកាត់ទៅវិញទៅមក ម្យ៉ាងប្រយោជន៍មួយផ្នែកទៀត គឺអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តទៀតផង។
តើស្ពានឫស្សី ឬស្ពានប្រដឹសនេះ មានប្រវត្តិយ៉ាងដូចម្ដេចខ្លះ?
ស្ពានឫស្សី ដែលមើលទៅមានប្រវែងដាច់កន្ទុយភ្នែក សម្រាប់ផ្សារភ្ជាប់រវាងប្រជាពលរដ្ឋដីគោក និងពលរដ្ឋរស់នៅដីកោះ ក្នុងទឹកដីខេត្តកំពង់ចាម។ ស្ពាននេះ មានប្រវែងជិត ១ពាន់ម៉ែត្រ កសាងឡើងសម្រាប់ឆ្លងកាត់នៅរដូវប្រាំង ហើយរដូវវស្សាត្រូវជំនួសដោយទូកដ ឬសាឡាង។ ស្ពានឫស្សី មិនត្រឹមតែសម្រាប់ភ្ជាប់ពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន ដើម្បីសម្រួលដល់ពលរដ្ឋរស់នៅទឹកដីស្រុកកំពង់សៀម និងស្រុកកោះសូទិន ប៉ុណ្ណោះទេ ប៉ុន្តែវាជួយដល់អ្នកទេសចរធ្វើដំណើរឆ្លងកាត់ទន្លេមេគង្គនៅរដូវប្រាំង ទៅលេងនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ទៀតផង។
ម្ចាស់កំពង់ចម្លងកោះប៉ែន លោក យ៉ុង អូន មានប្រសាសន៍ថា ស្ពានឫស្សីនេះ ត្រូវបានអ្នកស្រុកបង្កើតឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមក។ លោកបន្តថា មូលហេតុនាំឱ្យខ្មែរជំនាន់នោះបង្កើតឡើង ព្រោះទីតាំងឆ្លងកាត់ពីក្រុងកំពង់ចាម ទៅកាន់ដីកោះ គឺអាចឆ្លងទូកបានតែនៅរដូវវស្សាប៉ុណ្ណោះ រីឯរដូវប្រាំង មានខ្សាច់ដុះកាន់តែច្រើន ធ្វើឱ្យទូកមិនអាចបើកឆ្លងកាត់បាន។ លោកបន្តថា មូលហេតុនេះហើយដែលនាំឱ្យខ្មែរជំនាន់នោះបង្កើតជាគំនិតច្នៃប្រឌិត ដោយប្រើឫស្សីធ្វើជាស្ពានបែបនេះឡើង៖ «នៅឆ្នាំ១៩៦០ ប្លាយហ្នឹង វាមានលក្ខណៈទ្រង់ទ្រាយតូចដោយសារប្រដឹសនេះ វាធ្វើជំនួសទូកដ ព្រោះថា ទឹកស្រកទៅវាចម្លងទូកអត់កើត»។ លោកបន្ថែមទៀតថា ស្ពានឫស្សី ឬស្ពានប្រដឹស មិនមានវត្តមានឡើយនៅក្នុងសម័យខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យទេ ហើយស្ពាននេះ ចាប់មានកំណើតឡើងវិញនៅក្រោយរបបនេះដួលរលំនៅឆ្នាំ១៩៧៩។
ស្ពានឫស្សី មានប្រវែងប្រមាណ ៨០០ ទៅ ៩០០ម៉ែត្រ។ ស្ពាននេះ ធ្វើឡើងអំពីឫស្សីក្រង ឬត្បាញភ្ជាប់គ្នា ព្រមទាំងមានជន្ទល់ ឬជើងស្ពានយ៉ាងញឹកស្អេកប្រៀបដូចជើងសត្វក្អែប ហើយចងភ្ជាប់គ្នាដោយខ្សែលួស។ ស្ពានប្រដឹស ត្រូវចំណាយឫស្សីប្រមាណ ៤ម៉ឺនដើម ហើយឫស្សីទាំងនោះជារៀងរាល់ឆ្នាំម្ចាស់កំពង់ចម្លងត្រូវទិញឫស្សីព្រៃ ពីខេត្តក្រចេះ។ តាមបណ្ដោយស្ពាននៅពេលយប់ មានដាក់ជាអំពូលភ្លើងមួយៗ ដើម្បីបំភ្លឺដល់អ្នកធ្វើដំណើរផងដែរ។
លោក យ៉ុង អូន បញ្ជាក់ថា នៅពេលរដូវវស្សាចូលមកដល់ ស្ពានឫស្សីនេះ ត្រូវបានលោករុះរើទុកសម្រាប់ប្រើប្រាស់ឆ្នាំក្រោយទៀត ប៉ុន្តែលោកត្រូវទិញឫស្សីថ្មីចំនួន ៣ម៉ឺនដើមបន្ថែមជារៀងរាល់ឆ្នាំ។ លោកថា ស្ពាននេះចាប់ផ្ដើមកសាងនៅខែវិច្ឆិកា និងខែធ្នូ ហើយដាក់ប្រើប្រាស់នៅខែមករា រហូតដល់ខែមិថុនា ទើបត្រូវរុះរើចេញវិញ ព្រោះជារដូវទឹកឡើង ហើយត្រូវជំនួសដោយទូកដដឹកអ្នកដំណើរឆ្លងកាត់ទន្លេមេគង្គវិញ។ លោកឱ្យដឹងថា ទឹកប្រាក់ចំណាយលើការទិញឫស្សី និងការកសាងស្ពានឡើង គឺត្រូវចំណាយអស់ទឹកប្រាក់ចំនួន ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ លោកបញ្ជាក់អំពីអត្ថប្រយោជន៍ស្ពានឫស្សីដូច្នេះថា៖ «ឆ្លងទូក ខែទូកឆ្លងទម្រាំបាន វាយឺត ហើយវារតេតរតូត មានការធ្លាក់ទឹកធ្លាក់អ៊ីចឹងទៅ។ ចំណែកស្ពានប្រដឹសនេះ ឆ្លងទៅដោយរហ័ស ទាន់ចិត្ត ហើយចង់ទៅថ្មើរណាទៅថ្មើរហ្នឹង»។
ចំពោះតម្លៃឆ្លងកាត់ស្ពានមួយលើកសម្រាប់មនុស្សម្នាក់ ៤០០រៀល កង់ ១គ្រឿង ២០០រៀល ម៉ូតូ ១គ្រឿង ៥០០រៀល រទេះសេះ និងសេះ ២.០០០រៀល រថយន្តធុនមធ្យម ១ម៉ឺនរៀល រថយន្តធុនតូចតម្លៃ ៦.០០០រៀល។ ចំណែកមន្ត្រីរាជការ និងសិស្សសាលាមិនយកតម្លៃមនុស្សឆ្លងកាត់ទេ ប៉ុន្តែត្រូវបង់ថ្លៃកង់ ឬម៉ូតូ ក្នុងពេលធ្វើដំណើរម្តងៗ។
ទាក់ទងស្ពានឫស្សីនេះដែរ គេហទំព័របរទេសមួយឈ្មោះ ឌីស្ទីណេសិន ធិប (Destination Tips) ដែលនិយាយអំពីស្ពានដែលគួរឱ្យខ្លាចបំផុតនៅលើពិភពលោកទាំង ១៥ ក្នុងនោះ ក៏មានស្ពានឫស្សីនៅខេត្តកំពង់ចាម ផងដែរ ដោយភ្ជាប់ជាមួយរូបភាព។ ប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពានយ៉ាងច្រើនកុះករ អាចទំនងជារូបភាពពលរដ្ឋឆ្លងកាត់នៅរដូវបុណ្យឆ្នាំខ្មែរ។
លោក យ៉ុង អូន បញ្ជាក់ថា តាំងពីពេលលោកទទួលសិទ្ធិវិនិយោគ ព្រមទាំងជំនាន់មុនៗ លោកទៅទៀតនោះ ការធ្វើដំណើរឆ្លងកាត់លើស្ពានឫស្សី គឺមិនធ្លាប់មានអ្នកគ្រោះថ្នាក់ឡើយ ហើយខាងលោកតែងដើរពិនិត្យស្ថានភាពស្ពានរហូត។ ម្ចាស់អាជីវកម្មកំពង់ចម្លងរូបនេះទទួលបានសិទ្ធិវិនិយោគពីរដ្ឋកាលពីឆ្នាំ២០០៤ ហើយនឹងបញ្ចប់អាណត្តិរបស់ខ្លួននៅឆ្នាំ២០១៩ ខាងមុខ។ ស្ពានប្រដឹស នឹងមិនសូវមានអ្នកឆ្លងកាត់ដូចមុនទៀតទេ បន្ទាប់ពីមានស្ពានថ្មនៅក្បែរនោះកសាងរួច។
ជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋរស់នៅដីគោក និងដីកោះ តែងធ្វើដំណើរឆ្លងកាត់ស្ពានឫស្សី ទៅមក រួមមានសិស្សសាលាមករៀននៅក្រុងកំពង់ចាម អ្នកភូមិដឹកកសិផលកសិកម្មដូចជា ថ្នាំជក់ ពោត ល្ង និងផ្លែឈើហូបផ្លែមកលក់នៅក្រុងកំពង់ចាម ជាដើម។ ម្ចាស់អាជីវកម្មកំពង់ចម្លងដដែលអះអាងថា តម្លៃមានក្នុងតារាងកំណត់ច្បាស់លាស់ ដោយមិនអាចយកលើសបានទេ ប៉ុន្តែពលរដ្ឋធ្វើដំណើរខ្លះលើកឡើងថា តម្លៃជាក់ស្ដែងអាចខុសគ្នា ១០០ ឬ ២០០រៀលដែរ។ ទោះបីជាបែបនេះក្តី ប្រជាពលរដ្ឋនៅឃុំកោះមិត្ត មួយរូប លោក ហង្ស ស៊ីផាត មានប្រសាសន៍ថា ពួកគាត់រស់នៅលើដីកោះ មិនសោកស្ដាយឡើយនៅពេលស្ពាននេះ ត្រូវបានបាត់បង់ ពីព្រោះអ្នកភូមិចង់បានស្ពានថ្ម ដើម្បីធ្វើដំណើរ ពីព្រោះវាងាយស្រួលជាងឆ្លងស្ពានឫស្សី និងមានសុវត្ថិភាពជាង។ លោកថា បើនៅរដូវវស្សាផង ការធ្វើដំណើរកាន់តែពិបាកសម្រាប់ពលរដ្ឋឆ្លងកាត់ទៅមកថែមទៀត៖ «អ្នកស្រុកអ្នកភូមិចង់បានស្ពានថ្ម ព្រោះវាងាយ ហើយវាធូរថវិកា ហើយវាបើបានផលិតនៅក្នុងស្រុកគេ មកទិញដល់កន្លែង»។ ប្រភពដដែលចង់ឱ្យអាជ្ញាធរខេត្តពន្លឿនការកសាងស្ពានថ្ម ឱ្យបានឆាប់រហ័ស ដើម្បីបង្កភាពងាយស្រួល និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។ តាមគម្រោងស្ពានថ្ម ដែលភ្ជាប់ពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន ដែលមានប្រវែងជាង ១ពាន់ម៉ែត្រ នឹងកសាងបញ្ចប់នៅឆ្នាំ២០១៧។ ស្ពានថ្មថ្មីនោះ គឺមានឈ្មោះថា ស្ពានកំពង់ឆៃវ៉ាត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោក ស៊ាន សុគុន មានប្រសាសន៍ថា បើទោះបីជាស្ពានថ្មថ្មីនឹងជំនួសការធ្វើដំណើរលើស្ពានឫស្សីក៏ដោយ ប៉ុន្តែគម្រោងស្ពានឫស្សីនឹងត្រូវកសាងឡើងនៅរដូវប្រាំងដដែល ពីព្រោះដើម្បីទាក់ទាញភ្ញៀវទេសចរ ធ្វើដំណើរពីក្រុងកំពង់ចាម ទៅកាន់រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន។
ជាមួយគ្នានេះ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម លោក ជីម លាវ បញ្ជាក់ថា អាជ្ញាធរនៅតែកសាងស្ពានឫស្សីនេះដដែល ពីព្រោះវាជាស្ពានប្រពៃណី ម្យ៉ាងជាស្ពានប្រវត្តិសាស្ត្រប្រចាំខេត្តមួយនេះផង។ លោកបន្តថា ស្ពានឫស្សី បានជួយឱ្យប្រជាពលរដ្ឋដីកោះ និងពលរដ្ឋដីគោក មានទំនាក់ទំនងល្អជាមួយគ្នា ហើយស្ពាននេះមិនដែលបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទេ ប៉ុន្តែជាចំណែកមួយទាក់ទាញភ្ញៀវទេសចរណ៍ផង៖ «គេទៅលេងសមុទ្រកំពង់សោម គេមកងូតទឹកសាបទៀត ប៉ុន្តែនៅឆ្នេរខ្សាច់កោះប៉ែននេះ គេងូតទឹកហើយ មិនបាច់ងូតទឹកសាបទៀតទេ ព្រោះទឹកស្អាតល្អណាស់»។ ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រជាជនដីកោះ អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា ខាងអាជ្ញាធរខេត្តបានជំរុញឱ្យកង វិស្វកម្មទាំងនោះ ពន្លឿនការសាងសង់ស្ពានថ្មថ្មី ឱ្យបានឆាប់រហ័ស។ លោកអះអាងថា តាមគម្រោងស្ពានថ្មថ្មី នឹងអាចដាក់សម្ពោធនៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាឆ្នាំ២០១៧ ពីព្រោះបច្ចុប្បន្នស្ពានថ្មនេះ កសាងសម្រេចបានប្រមាណ ៧០ភាគរយហើយ៕
ចម្លងទាំងស្រុងពីវេបសាយ វិទ្យុអាស៊ីសេរី៖ ប្រវត្តិស្ពានឫស្សីនៅខេត្តកំពង់ចាម
សម្តេចព្រះឧត្តមបញ្ញា ដូង ផង់
សម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ ប្រសូត្រនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែទុតិយាសាធ សំរិទ្ធិស័ក ព.ស.២៤៧១ គ.ស.១៩៣២ នៅភូមិខ្ពបក្រោម ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ជាបុត្ររបស់ឧបាសក ជូ ដូង និងឧបាសិកា ញ៉េប នាង ដែលជាត្រកូលសមាទិដ្ឋិកសិករសុទ្ធសាធ។ ព្រះអង្គមានបងប្អូនបង្កើត ៧នាក់ (ប្រុស៤ ស្រី៣) ព្រះអង្គជាបុត្រច្បងគេបង្អស់។
អាយុ៧ឆ្នាំ បានចូលទៅសិក្សានៅវត្តបទុមវតី ខ្ពបក្រោម។ អាយុ១២ឆ្នាំ បានសាងព្រះផ្នួសក្នុងសំណាក់ព្រះគ្រូឧបជ្ឈាព្រះនាម ហៀង មោគ ដើម្បីសិក្សារៀនសូត្រធម៌អាថ៌សិក្ខាវិន័យ។ ព្រះជន្មាយុ១៧វស្សា បានសិក្សាធម្មវិន័យ និងវិបស្សនាធុរៈក្នុងសំណាក់ព្រះគ្រូ ហៀង មោគ។ រហូតដល់ជាភិក្ខុភាវៈនៅវត្តបទុមវតី ព្រះឧបជ្ឈាឱ្យនាមបញ្ញត្តថា ធម្មថេរោ បន្ទាប់មកព្រះភិក្ខុ ដូង ផង់ បានបន្តសិក្សានូវវិបស្សនាធុរៈរហូតធ្វើជាគ្រូប្រដៅធម៌ (ព្រះគ្រូធម្មាចារ្យ) បង្ហាត់បង្រៀនធម៌ដល់ឧបាសក ឧបាសិកា។ ឆ្នាំ១៩៧០ ត្រូវពួកទមិឡឥតសាសនាផ្សឹកចាកសិក្ខាបទ ជន្លៀសទៅនៅខេត្តព្រៃវែង បន្ទាប់មកទៅគីឡូលេខ៦ ភ្នំពេញ។
ឆ្នាំ១៩៧៩ បានសាងផ្នួសវិញនៅវត្តសន្សំកុសល រាជធានីភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាព្រះធម្មលិខិត និល មុនី។ ខែកញ្ញា ឆ្នាំ១៩៧៩ ព្រះអង្គបានសាងផ្នួសម្ដងទៀតក្នុងសំណាក់ព្រះឧបជ្ឈាព្រះសង្ឃរាជ ទេព វង្ស រួចទៅគង់នៅវត្តចេតិយ៍ថ្មី ក្នុងព្រះនាមជាប្រធានសង្ឃស្រុកពញាឮ ខេត្តកណ្ដាល។ ឆ្នាំ១៩៨៦ គង់នៅវត្តដើមជ្រៃ ស្រុកក្រូចឆ្មារ ក្នុងឋានៈជាអនុគុណខេត្តកំពង់ចាម មានព្រះគោរម្យងារជា ព្រះគ្រូធម្មាចារ្យនន្ទិយោ។ ឆ្នាំ១៩៨៩ គង់នៅវត្តហ្លួង រកាខ្មុរកណ្ដាល ស្រុកក្រូចឆ្មារ។ ឆ្នាំ១៩៩៦ សម្ដេចបាននិមន្តមកគង់នៅវត្តមហានន្ទិយនេរជ្ជរារាមនិវេទ ព្រែកប្រាំង ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល រហូតដល់សព្វថ្ងៃនេះ។
សមិទ្ធិផលនានាដែលកសាងបាន៖
- អប់រំបង្រៀនព្រះធម៌ដល់ពុទ្ធបរិស័ទបានរាប់ពាន់នាក់។
- កសាងវត្តសន្ធរស្សី ខ្ពបតាងួន ស្រុកស្ទឹងត្រង់ ឆ្នាំ១៩៦៧-១៩៧៣
- កសាងវត្តបុទុមវតី ខ្ពបក្រោម ឆ្នាំ១៩៧៣-១៩៧៥
- វត្តព្រែកជីក (ព្រែកក្ដាម) ជួលជុលព្រះវិហារ ឆ្នាំ១៩៨០-១៩៨១
- វត្តចេតិយ៍ថ្មី ជួសជុលព្រះវិហារ ឆ្នាំ១៩៨១-១៩៨៤
- វត្តដើមជ្រៃ ជួសជុលព្រះវិហារ ឆ្នាំ១៩៨៤-១៩៨៦
- អនុវិទ្យាល័យរកាខ្មុរ ស្រុកក្រូចឆ្មារ ឆ្នាំ១៩៨៦
- វត្តហ្លួង រកាខ្មុរ កសាងព្រះវិហារ ឆ្នាំ១៩៨៩
- វត្តខ្សាច់ប្រឆេះ កសាងព្រះវិហារ ឆ្នាំ១៩៩៣
- វត្តព្រែកប្រាំង កសាងព្រះវិហារ ឆ្នាំ១៩៩៦
សមណសក្តិ៖
- ឆ្នាំ១៩៨០-១៩៨៤ ប្រធានសង្ឃស្រុក (អនុគុណ) ស្រុកពញាឮ ខេត្តកណ្ដាល
- ឆ្នាំ១៩៨៤-១៩៩៤ អនុគុណស្រុកក្រូចឆ្មារ
- ឆ្នាំ១៩៩៦ ប្រធានសង្ឃវត្តព្រែកប្រាំង
- ឆ្នាំ១៩៩៩ បានទទួលព្រះរាជក្រិត្យ នស.រកត. តែងតាំងជា ព្រះបដិកធម្មរាជា គណៈថ្នាក់ចត្វា គណៈមហានិកាយ
- ឆ្នាំ២០០១ បានទទួលព្រះរាជក្រិត្យ នស.រកត. ០៩០១/៣២៩ ចុះថ្ងៃទី១៣ កញ្ញា ឆ្នាំ២០០១ តែងតាំងឱ្យឡើងជា សម្ដេចព្រះឧត្តមបញ្ញា
គ្រឿងឥស្សរិយយស៖
- ព្រះរាជក្រិត្យ នស.រកត. ០២០១/០២៨ ចុះថ្ងៃទី០១ កុម្ភៈ ឆ្នាំ២០០១ បានទទួលឥស្សរិយយស មេដាយសុវត្ថារា ថ្នាក់ធិបឌិន្ទ
- ព្រះរាជក្រិត្យ នស.រកត. ១០០១/៣៩៩ ចុះថ្ងៃទី២៩ តុលា ឆ្នាំ២០០១ បានទទួលឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ
ដកស្រង់ពីសៀវភៅ៖ ជីវប្រវត្តិសម្ដេចព្រះឧត្តមបញ្ញា ដូង ផង់ នន្ទិយោ, សៀវភៅសមាទានសីល, បោះពុម្ពលើកទី៣ ថ្ងៃស្រុក ១៥កើត ខែពិសាខ ឆ្នាំច ព.ស.២៥៥០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា គ.ស.២០០៦។
ព័ត៌មាន៖ ភាពអស្ចារ្យនៃភ្នំបែកពាង
ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០១៨ ដោយ៖ យ៉ាន់ ចាត់ថេត
ខេត្តកំពង់ចាម ៖ ភ្នំបែកពាងនៅជាប់នឹងផ្លូវជាតិលេខ៦ ក្នុងភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ដែលមានថ្មមួយផ្ទាំងធំនៅលើភ្នំ ដែលមានសណ្ឋានដូចក្បាលដំរី ។ ហើយជារៀងរាល់ថ្ងៃពុទ្ធបរិស័ទចំណុះជើងវត្តដិល រួមនឹងចៅអធិការវត្តបានរៀបចំបុណ្យដារភ្នំ បានធ្វើឡើងរាល់ឆ្នាំមិនដែលអាក់ខាននោះទេ ដើម្បីបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ។
លោកតាដែលជាចាស់ទុំម្នាក់ឈ្មោះ គង់ ងួន អាយុ៨២ឆ្នាំ មានផ្ទះនៅជិតជើងភ្នំខាងលើ មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ឧសភា ២០១៨ ថា គាត់បានកើតនៅក្នុងភូមិភ្នំបែកពាងនេះតែម្តង កាលគាត់នៅពីកុមារភាពលំនៅឋានមានតែចំនួន២ខ្នងប៉ុណ្ណោះគឺផ្ទះឪពុកម្តាយរបស់គាត់ និងផ្ទះម្តាយមីង ដែលពីសម័យមុនមានសំបូរទៅដោយដើមឈើធំៗ ហើយខ្ពស់មានម្លប់ត្រឈឹងត្រឈៃដុះនៅជុំវិញភ្នំ ជាមួយនោះថែមទាំងសំបូរសត្វព្រៃមានខ្លា ដំរី និងប្រភេទសត្វផ្សេងៗទៀតជាច្រើន។ នៅពេលព្រលប់ ត្រូវដុតភ្លើងគប់នៅក្បែរផ្ទះមួយយប់ទល់ភ្លឺ ដើម្បីការពារកុំឲ្យសត្វខ្លាចូលមក។
លោកតាបានរំលឹកថា កាលពីជំនាន់ស្តេចមុនៗពេលដែលមកកសាងសមិទ្ធផលនៅលើភ្នំដិល លុះពេលទំនេរ ស្តេចទ្រង់បានយាងមកភ្នំបែកពាងនេះ ជាមួយនឹងពលបរិវារដើម្បីបរបាញ់សត្វព្រៃជាការកំសាន្តផងដែរ។ បើតាមប្រវត្តិភ្នំបែកបែកពាងនេះ ឫហៅភ្នំតាកៅ ដោយមានដំរីដេញជល់គ្នារត់ទៅរត់មកត្រង់ចំណុចភ្នំជាលា ហើយរត់មកដល់ខាងកើតភ្នំក៏ជាន់ពាងចាមបែកអស់ ក៏គេហៅថាភ្នំបែកពាងមកដល់សព្វថ្ងៃនេះ។
ដោយសារតែប្រទេសកម្ពុជាឆ្លងកាត់ភ្លើងសង្គ្រាមក្នុងសម័យលន់ នល់ ព្រៃឈើនៅជុំវិញភ្នំត្រូវបានកាប់បំផ្លាញ និងមកដល់របបប្រល័យពូជសាសន៍ប៉ុលពត អស់ទាំងព្រៃ និងសត្វ ហើយសត្វបានរត់ចេញទៅឆ្ងាយៗអស់ ។ នៅលើភ្នំមិនមានការកសាងអ្វីនោះទេ តែកាលពីដើមឲ្យតែដល់ពេលរដូវបុណ្យដារភ្នំ ចាស់ៗតែងតែនាំគ្នាប្រឹងដើរឡើងទៅលើភ្នំទាំងលំបាកដើម្បីបួងសួងសុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ។ ប៉ុន្តែមកដល់សព្វថ្ងៃនេះ ពេលដែលត្រូវធ្វើបុណ្យដារភ្នំ ដោយមានការដឹកនាំពីព្រះចៅអធិការវត្តភ្នំដិល រួមនឹងពុទ្ធបរិស័ទនាំគ្នាប្រារព្ធធ្វើតែនៅជើងភ្នំរាល់ឆ្នាំមិនដែលអាក់ខានម្តងណាទេ ។ ហើយមូលហេតុដែលមិនឡើងទៅលើភ្នំនោះ ដោយសារតែពិបាកឡើង មិនមានជណ្តើរឡើង អ្នកភូមិចង់បានជណ្តើរថ្មឡើងទៅលើភ្នំណាស់ តែមិនមានបច្ច័យសម្រាប់សាងសង់ ។ តាមការសង្កេតនៅថ្ងៃចុងសប្តាហ៍គាត់តែងតែឃើញមានជនជាតិបារាំងជាច្រើននាក់នាំគ្នាមកដាក់ខ្សែពួឡើងទៅលើភ្នំកំសាន្តលេងផងដែរ ។
លោកជួន សុផាត ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តវិញមានប្រសាសន៍ឲ្យដឹងដែរថា ទាក់ទងទៅនឹងរឿងប្រវត្តិភ្នំបែកពាង ខាងលើ មន្ទីរមិនទាន់មានឯកសារណាមួយច្បាស់លាស់នៅឡើយ ។ តែលោកគ្រោងនឹងចាត់ឲ្យមន្ត្រីវប្បធម៌ចុះស្រាវជ្រាវ ដោយសួរចាស់ទុំនៅទីនោះដើម្បីចងក្រងជាសៀវភៅសម្រាប់ទុកជាឯកសារផងដែរ ៕
ចម្លងចេញទាំងស្រុងពីវេបសាយ កោះសន្តិភាព៖ ភាពអស្ចារ្យនៃភ្នំបែកពាងទាក់ទាញរហូតដល់ភ្ញៀវបរទេសមកទស្សនាយ៉ាងច្រើន
ផ្នូរខ្មោចសម័យលោហៈនៅតំបន់ដីក្រហម
***
អត្ថបទដើម ៖ បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ផ្នូរខ្មោចសម័យលោហៈនៅតំបន់ដីក្រហម
អានបន្ថែម៖ ស្ថានីយបុរេប្រវត្តិសាស្ត្រនៅតំបន់ដីក្រហម