Posts Tagged With: កំពង់ចាម

ប្រកាស៖ ការបង្កើត និងលុបចោលភូមិ នៃខេត្តកំពង់​ចាម ​(២០២៣)


Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

រូបថតដ្រូន ក្រុង​កំពង់ចាម


កាល​ពី​ពីរ​ខែ​មុន បាន​ទៅស្រុក​ហើយ​បង្ហោះ​ដ្រូន​ម្ដង​ដែរ (អាច​អាននៅទីនេះ​បាន)។ ខែ​នេះ​ទៅម្ដង​ទៀត ប្លង់​ក៏​មិន​ខុស​គ្នា​ដែរ គ្រាន់តែ​ហ៊ាន​បង្ហោះ​ខ្ពស់​ជាង​មុន (ឡើងជិត​ដល់​កម្ពស់​៥០០​ម៉ែត្រ) និង​ហោះ​លើ​ផ្ទៃ​ទន្លេ​តែម្ដង។

ស្ពានគីហ្ស៊ូណា និងក្រុងកំពង់ចាម

ស្ពានកោះប៉ែន

វត្តដីដុះ ផ្សារ៧មករា និងភូមិរកា

ក្រោយផ្សារ៧មករា

វីដេអូបិទឆាក៖

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | បញ្ចេញមតិ

រូបថតដ្រូន ក្រុង​កំពង់ចាម


ខ្ញុំ​ខាន​សរសេរ​នៅទីនេះ​យូរ​គ្រាន់ដែរ ព្រោះមិនបានទៅស្រុកសោះប្រមាណកន្លះឆ្នាំចុងក្រោយនេះ។ កាលពីអាទិត្យមុន ខ្ញុំសន្សំលុយ​កាក់​សេន​ខ្ញុំ​ទិញ​បាន​ដ្រូន DJI Mini 2 Combo តម្លៃគួរ​សម (អ្នកអានចង់ដឹង​ឆែក​រក​មើល​ខ្លួន​ឯង​ទៅ) ដែល​ខ្ញុំ​ប៉ង​ចង់បាន​តាំងពី​បី​បួន​ឆ្នាំមុន។ ទិញ​បាន​ មិន​ទាន់​ចេះ​ប្រើ​ មិនទាន់ចេះតម្លើង នៅ​ភ័យ​ៗ​ពេល​បង្ហោះម្ដង។ ដោយ​សារ​នៅភ្នំពេញ​ពិបាក​បង្ហោះ (ប្រសិនបើបើក GPS នៅ​កន្លែង​មួយ​ចំនួន​ដ្រូន​វាមិនឡើង​តែ​ម្ដង គឺគេបាន​ចង​ code ជាប់) ដូច្នេះខ្ញុំក៏​ឆ្លៀត​ជិះ​ម៉ូតូ​ទៅ​ស្រុក​កំណើត​ដើម្បី​បាន​បង្ហោះ​និង​ថត​រូប​ស្រុក​ភូមិ​ពីលើ​មេឃ​មក។ ផ្លូវឥឡូវស្រួលទៅស្រួល​មក​ទាំង​ផ្លូវ​លេ​ខ៦អា និងផ្លូវ​តាម​មាត់​ទន្លេ​។ ជាទូទៅ​ ខ្ញុំ​ជិះ​តាម​ផ្លូវ​មាត់​ទន្លេ​កាត់​ស្រុក​កង​មាស ដោយ​​បត់​តាម​​កន្លែង​ច្រមុះ​ជ្រូក​រកោរកោង ​ដែល​ចំណេញ​បាន​២០​គ.ម (ចម្ងាយ​សរុប​១០៥គ.ម.) ម៉្យាង​ផ្លូវ​ក៏​ស្ងាត់​ល្អ និង​មាន​វត្ត​ចំណាស់ៗ​មួយ​ចំនួន សម្រាប់អ្នក​បុរាណវិទ្យា​តូច​តាច​ដូច​រូប​ខ្ញុំ​ថត​រូប​ទុក។

និយាយ​ទៅ ទាក់ទង​និងរឿងថត​រូបនេះ ខ្ញុំថត​យូរ​ក្រែល​ដែល​ហើយ​តាំង​ពី​២០១១ (ខ្ញុំមិនចង់​ល្បីអីទោះ ព្រោះសមត្ថភាព​មាន​កម្រិត) ហើយគោល​ដៅ​របស់​ខ្ញុំ​គឺ ប្រាសាទ វត្ត​ ទេសភាព និងអ្នកស្រុក (ខ្ញុំអត់ចេះថត​រូប​ការ​ រូប​បង្ហាញ​ម៉ូត​អីទេ)។ ចំពោះ​ដ្រូន​នេះ​ គឺទិញ​ដើម្បី​ថត​ប្លង់​ប្រាសាទ​ពី​ខាង​លើ​ម្ដង ដើម្បី​បាន​ពិនិត្យ​ប្លង់​ជាក់​ស្ដែង​ដែល​អាច​សម្រួល​ដល់​ការ​សិក្សា (មិនដឹងពេល​ណា​បានសិក្សា​រួច)។ និយាយ​រឿងហ្នឹង ចេះ​តែ​មាន​អ្នក​នេះ​អ្នក​នោះ​មក​សរសើរ​ តែមិនដឹង​គេ​ចង់​បាន​អីឱ្យប្រាកដ ហាហាហា បើ​សរសើរ​ចឹង​ម៉េច​មិនជួយ​ផង ក្រែង​ថា​ស្រលាញ់​វប្បធម៌​ដែរ? ហើយបើ​អត្ថបទវិញសរសេរ​ឡើង​រាប់​រយ​ហើយខ្ញុំ យក​ជា​ការ​មិនកើតទាំងអស់ ចឹងបាន​គ្មាននរណា​គេ​ជួល​សរសេរ​ដាក់ វេបសាយ ល្បីៗ ដើម្បីបានលុយ​ទុក​ដើរ​លេង​ទៀត។ សរុបមកវិញ ចាយលុយ​ខ្លួនឯងទៅ ទើប​មិនឈឺ​ក្បាល​ហាល​ថ្ងៃ ព្រោះ​អ្នក​ខ្លះ​ធ្វើ​សរសើរ​ៗ​នោះ គ្មាន​ទៅ​របេះ​មួយ​រៀល​ចេញ​ទេ។

វត្តបទុមរតនៈដីដុះ

ស្ពានគីហ្ស៊ូណា

អតីតបឹងស្នាយ

ស្ពានកោះប៉ែន

ភូមិរការលើ

Categories: កម្រង​រូបភាព, ផ្សេងៗ | ពាក្យ​គន្លឹះ៖ , , | 2 មតិ

សៀវភៅកំពង់ចាម និម្មិតរូបនៃឥស្សរភាព


កំពង់ចាម និម្មិតរូបនៃឥស្សរភាព

សៀវភៅ កំពង់ចាម៖ និម្មិតរូបនៃឥស្សរភាព ត្រូវបាន​រៀប​រៀង​ និង​ចង​ក្រង​ដោយ​ លោក ធុច ផាត អតីត​អភិបាល​ក្រុង​កំពង់ចាម។ ខ្ញុំមិន​មាន​ព័ត៌មាន​អ្វី​អំពី​លោក​នោះ​ទេ ព្រោះត្បិតជាអ្នកកំពង់ចាម​មែនតែខ្ញុំមិនដែល​ដឹងរាក់ជ្រៅរឿង​ការងារ​រដ្ឋបាល​ខេត្ត​នោះទេ។

ជា​ចៃដន្យ ខ្ញុំប្រទះ​ឃើញ​សៀវភៅ​នេះ​នៅ​តូប​លក់​សៀវភៅ​មួយ​នៅ​ក្រោយ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ។ ជាធម្មតា សៀវភៅ​ដែល​ទាក់​ទង​នឹង​ «ខេត្ត​កំពង់ចាម» ខ្ញុំទិញ​ភ្លាម​ដោយ​មិន​ចាំ​បាច់​អាន ព្រោះ​ «កំពង់ចាម» ជាស្រុកកំណើត តិច​ឬ​ច្រើនក៏គង់ដឹង​ព័ត៌មាន​ពី​ទី​ដែល​ចិញ្ចឹម​សាមី​ខ្លួនតាំង​ពី​ក្មេង​វ័យ។ ខ្ញុំព្យាយាម​ជារឿយៗ រកមើលព័ត៌មាន សៀវភៅ អត្ថបទនានា​ដែល​ទាក់ទង​អំពីស្រុកកំណើត​មិនឱ្យដាច់នោះទេ។ សង្ឃឹមថា​អ្នក​កំពង់ចាម​ផ្សេង​ទៀត ជួយការងារ​នេះ​ឱ្យចម្រើនទៅមុខ​បាន​វែង​ឆ្ងាយ។

ចំពោះ​សៀវភៅនេះ​គ្មាន​បញ្ជាក់ថ្ងៃបោះពុម្ព ចំនួនសៀវភៅ​បោះពុម្ព គ្រឹះស្ថានបោះពុម្ពនោះទេ បើទោះក្នុងអារម្ភកថាសរសេរ​ថាថ្ងៃទី៥ សីហា ២០១៤​ ក្ដីតែប្រហែលជា​ថ្ងៃចាប់ផ្ដើមសរសេរ​ទេ។ សៀវភៅ​នេះ​ទំនង​ជា​បោះ​ចម្លង​នៅ​រោង​ពុម្ព​ណា​មួយ​ក្នុង​ចំនួន​តិច​ក្បាល​​។ ខ្ញុំ​សុំ​បង្ហាញ​ជំពូក​នានា​នៃ​សៀវភៅ​នេះ​តាម​លំដាប់ តែ​ខ្ញុំមិន​អាច​ចម្លង​សេ​ចក្ដី​ទាំង​ស្រុង​នៃ​សៀវភៅនេះ​មក​បង្ហាញ​បាន​ទេ ព្រោះ​វា​ខុស​នឹង​ច្បាស់​កម្មសិទ្ធបញ្ញា។ សៀវភៅ​នេះ​មាន​សរុប​ចំនួន ១០៥ទំព័រ។

ឈ្មោះជំពូក ទំព័រ
អារម្ភកថា i
អត្តសញ្ញាណ​នៃ​ខេត្ត​កំពង់ចាម ទំព័រ ០១
អំពីការ​វិវត្តន៍​នៃ​ស្ថានភាព​ប្រវត្តិសាស្ត្រ​ខ្លះៗ​ដែល​ពាក់ព័ន្ធ​នឹង​ខេត្ត​កំពង់ចាម ទំព័រ ០៣
ថ្នាក់​ដឹក​នាំ​ខេត្ត​កំពង់ចាម ពី​សម័យ​អាណានិគម​និយម​បារាំង​មក​ដល់​បច្ចុប្បន្ន ទំព័រ ១៧
អំពី​ទិដ្ឋ​ភាព​ភូមិសាស្ត្រ និង​សង្គម​ខ្លះៗរបស់​ខេត្ត​កំពង់ចាម ទំព័រ ៥២
ស្ថានភាព​របស់​ក្រុង​កំពង់ចាម ទំព័រ ៧៣
ព្រះរាជពិធី​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ២០១៣ ទំព័រ ៧៧
កំពង់ចាម​ និម្មិត​រូប​នៃ​ឥស្សរភាព ទំព័រ ៨៥
កម្រង​រូប​ភាព​អនុស្សាវរីយ៍​ខេត្ត​កំពង់ចាម ទំព័រ ៩០ (១)
ឯកសារពិគ្រោះ ទំព័រ ១០២ (១)
Categories: សៀវភៅ | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ព័ត៌មាន៖ អគ្គីភ័យ​នៅ​មហោស្រពព្រះសីហមុនី កំពង់ចាម ​(២០១៨)


កំពង់ចាម ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨​

​សាល​មហោស្រពព្រះ​សីហមុនី​ ខេត្តកំពង់ចាម ស្ថិតក្នុង​ភូមិ​ទី​១៥ សង្កាត់​កំពង់ចាមរ​ងការ​ឆេះ​អស់​មួយ​ចំហៀង​កាលពី​វេលា​ម៉ោង​៦​ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨​។​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រើ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង ​និងកម្លាំងនគរបាល​ក្រុង​កំពង់ចាម ​និង​កម្លាំង​អន្តរាគមន៍​នគរបាល​ខេត្តកំពង់ចាមជាច្រើន​នាក់ ជួយ​សម្រួល​ចរាចរណ៍​និង​ប្រតិបត្តិ​ការជួយ​ពន្លត់​បាន​ទាន់ពេលវេលា​មិន​ឱ្យ​​ប៉ះពាល់​ដល់ទី​តាំង​ផ្សេង​នោះទេ ហើយក៏​មិនមាន​របួស​ដែរ​ក្រោម​វត្តមាន លោក គួច ចំរើន អភិបាលនៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ដែល​បាន​ទៅដល់​កន្លែងកើតហេតុ​ផងដែរ​។

មូលហេតុ​ត្រូវបាន​គេ​បន្ទោស​ថា​មកពី​ទុស្សេ​ចរន្តអគ្គិសនី​។​ ទីតាំងសាល​មហោស្រព ព្រះ​សីហមុនី​ខេត្តកំពង់ចាម​​គ្រប់គ្រង​ដោយ ឈ្មោះ យ៉េន សារិទ្ធ ភេទ​ប្រុស អាយុ៥៧​ឆ្នាំ នៅ​ភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម ។​

​សម្ភារៈ​ខូច​ខាតៈ​ឆេះ​កៅអី ដែក​ពូក​ចំនួន​៨៥ ស្មើរ​១០% ឆេះ និងខូចខាត​ពិ​ដាន​ម្នាងសិលា​ខាងលើ​ទាំងស្រុង​១០០% ឆេះជញ្ជាំង​កាំ​ម្ញី​មួយ​ចំហៀង​ទាំងស្រុង​ ឆេះ​ទ្វារ​ឈើ​ចេញចូល​ចំនួន២​សន្លឹក​។ ​​មិនដឹងថា​ត្រូវ​ចំណាយ​ប៉ុន្មាន​សម្រាប់​ជួសជុល​ ឬក៏​លក់​ចោល​ដូច​សាល​មហោស្រព​ទន្លេរ​បាសាក់ ​កេ​រ្តិ៍​សម្តេចឪ​ដែល​រង​ការឆេះ​ដែរ​តែ​មិន​ជួសជុល​នោះឡើយ​៕

ប្រភពដើម៖ ចម្លងទាំងស្រុកពីវេបសាយ មាតុភូមិ៖ ឆេះ​មហោស្រព​ខេត្តកំពង់ចាម​អស់​មួយ​ចំហៀង​មិនដឹងថា​ជួសជុល​ឬ​លក់​ដូច​មហោស្រព​ទន្លេរ​បាសាក់​នោះទេ​?

អត្ថបទ​ដូចគ្នានៅសារព័ត៌មានដទៃទៀត៖

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ព័ត៌មាន៖ ប្រវត្តិ​ស្ពាន​ឫស្សី​នៅ​ខេត្ត​កំពង់ចាម


ថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ៖ សុខ សូត្រប្រាថ្នា

ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស នៅ​ខេត្ត​កំពង់ចាម ដែល​ធ្វើ​សម្រាប់​ឆ្លងកាត់​ទន្លេ​មេគង្គ ពី​ក្រុង​កំពង់ចាម ទៅ​កាន់​ទឹក​ដី​កោះ​មួយ​ចំនួន​រួមមាន​កោះ​ប៉ែន កោះ​មិត្ត កោះ​ព្រលូង កោះសូទិន ជាដើម។ ស្ពាន​មួយ​នេះ បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​ដី​កោះ និង​ដី​គោក អាច​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក ម្យ៉ាង​ប្រយោជន៍​មួយ​ផ្នែក​ទៀត គឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ទៀត​ផង។

តើ​ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស​នេះ មាន​ប្រវត្តិ​យ៉ាង​ដូច​ម្ដេច​ខ្លះ?

ស្ពាន​ឫស្សី ដែល​មើល​ទៅ​មាន​ប្រវែង​ដាច់​កន្ទុយ​ភ្នែក សម្រាប់​ផ្សារភ្ជាប់​រវាង​ប្រជាពលរដ្ឋ​ដីគោក និង​ពលរដ្ឋ​រស់​នៅ​ដី​កោះ ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម។ ស្ពាន​នេះ មាន​ប្រវែង​ជិត ១​ពាន់​ម៉ែត្រ កសាង​ឡើង​សម្រាប់​ឆ្លង​កាត់​នៅ​រដូវប្រាំង ហើយ​រដូវវស្សា​ត្រូវ​ជំនួស​ដោយ​ទូកដ ឬ​សាឡាង។ ស្ពាន​ឫស្សី មិន​ត្រឹមតែ​សម្រាប់​ភ្ជាប់​ពី​ក្រុង​កំពង់ចាម ទៅកាន់​កោះ​ប៉ែន ដើម្បី​សម្រួល​ដល់​ពលរដ្ឋ​រស់​នៅ​ទឹកដី​ស្រុក​កំពង់សៀម និង​ស្រុក​កោះសូទិន ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជួយ​ដល់​អ្នក​ទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេ​មេគង្គ​នៅ​រដូវ​ប្រាំង ទៅ​លេង​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ទៀត​ផង។

ម្ចាស់​កំពង់ចម្លង​កោះ​ប៉ែន លោក យ៉ុង អូន មាន​ប្រសាសន៍​ថា ស្ពាន​ឫស្សី​នេះ ត្រូវ​បាន​អ្នក​ស្រុក​បង្កើត​ឡើង​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម​មក។ លោក​បន្ត​ថា មូលហេតុ​នាំ​ឱ្យ​ខ្មែរ​ជំនាន់​នោះ​បង្កើត​ឡើង ព្រោះ​ទីតាំង​ឆ្លង​កាត់​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​ដី​កោះ គឺ​អាច​ឆ្លង​ទូក​បានតែ​នៅ​រដូវវស្សា​ប៉ុណ្ណោះ រី​ឯ​រដូវ​ប្រាំង មាន​ខ្សាច់​ដុះ​កាន់​តែ​ច្រើន ធ្វើ​ឱ្យ​ទូក​មិន​អាច​បើក​ឆ្លង​កាត់​បាន។ លោក​បន្ត​ថា មូលហេតុ​នេះ​ហើយ​ដែល​នាំ​ឱ្យ​ខ្មែរ​ជំនាន់​នោះ​បង្កើត​ជា​គំនិត​ច្នៃប្រឌិត ដោយ​ប្រើ​ឫស្សី​ធ្វើ​ជា​ស្ពាន​បែប​នេះ​ឡើង៖ «នៅ​ឆ្នាំ​១៩៦០ ប្លាយ​ហ្នឹង វា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ដោយសារ​ប្រដឹស​នេះ វា​ធ្វើ​ជំនួស​ទូក​ដ ព្រោះ​ថា ទឹក​ស្រក​ទៅ​វា​ចម្លង​ទូក​អត់​កើត»។ លោក​បន្ថែម​ទៀត​ថា ស្ពាន​ឫស្សី ឬ​ស្ពាន​ប្រដឹស មិន​មាន​វត្តមាន​ឡើយ​នៅ​ក្នុង​សម័យ​ខ្មែរក្រហម ឬ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ទេ ហើយ​ស្ពាន​នេះ ចាប់​មាន​កំណើត​ឡើង​វិញ​នៅ​ក្រោយ​របប​នេះ​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩។

​ស្ពាន​ឫស្សី មាន​ប្រវែង​ប្រមាណ ៨០០ ទៅ ៩០០​ម៉ែត្រ។ ស្ពាន​នេះ ធ្វើ​ឡើង​អំពី​ឫស្សីក្រង ឬ​ត្បាញ​ភ្ជាប់​គ្នា ព្រមទាំង​មាន​ជន្ទល់ ឬ​ជើង​ស្ពាន​យ៉ាង​ញឹកស្អេក​ប្រៀប​ដូច​ជើង​សត្វ​ក្អែប ហើយ​ចង​ភ្ជាប់​គ្នា​ដោយ​ខ្សែលួស។ ស្ពាន​ប្រដឹស ត្រូវ​ចំណាយ​ឫស្សី​ប្រមាណ ៤​ម៉ឺន​ដើម ហើយ​ឫស្សី​ទាំង​នោះ​ជា​រៀងរាល់​ឆ្នាំ​ម្ចាស់​កំពង់​ចម្លង​ត្រូវ​ទិញ​ឫស្សីព្រៃ ពី​ខេត្ត​ក្រចេះ។ តាម​បណ្ដោយ​ស្ពាន​នៅ​ពេល​យប់ មាន​ដាក់​ជា​អំពូល​ភ្លើង​មួយៗ ដើម្បី​បំភ្លឺ​ដល់​អ្នក​ធ្វើ​ដំណើរ​ផង​ដែរ។

លោក យ៉ុង អូន បញ្ជាក់​ថា នៅ​ពេល​រដូវវស្សា​ចូល​មក​ដល់ ស្ពាន​ឫស្សី​នេះ ត្រូវ​បាន​លោក​រុះរើ​ទុក​សម្រាប់​ប្រើប្រាស់​ឆ្នាំ​ក្រោយ​ទៀត ប៉ុន្តែ​លោក​ត្រូវ​ទិញ​ឫស្សី​ថ្មី​ចំនួន ៣​ម៉ឺន​ដើម​បន្ថែម​ជា​រៀងរាល់​ឆ្នាំ។ លោក​ថា ស្ពាន​នេះ​ចាប់​ផ្ដើម​កសាង​នៅ​ខែ​វិច្ឆិកា និង​ខែ​​ធ្នូ ហើយ​ដាក់​ប្រើប្រាស់​នៅ​ខែ​មករា រហូត​ដល់​ខែ​មិថុនា ទើប​ត្រូវ​រុះរើ​ចេញ​វិញ ព្រោះ​ជា​រដូវ​ទឹក​ឡើង ហើយ​ត្រូវ​ជំនួស​ដោយ​ទូកដ​ដឹក​អ្នក​ដំណើរ​ឆ្លង​កាត់​ទន្លេ​មេគង្គ​វិញ។ ​លោក​ឱ្យ​ដឹង​ថា ទឹក​ប្រាក់​ចំណាយ​លើ​ការ​ទិញ​ឫស្សី និង​ការ​កសាង​ស្ពាន​ឡើង គឺ​ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន ៦​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ លោក​បញ្ជាក់​អំពី​អត្ថប្រយោជន៍​ស្ពាន​ឫស្សី​ដូច្នេះ​ថា៖ «ឆ្លង​ទូក ខែ​ទូក​ឆ្លង​ទម្រាំ​បាន វា​យឺត ហើយ​វា​រតេតរតូត មាន​ការ​ធ្លាក់​ទឹក​ធ្លាក់​អ៊ីចឹង​ទៅ។ ចំណែក​ស្ពាន​ប្រដឹស​នេះ ឆ្លង​ទៅ​ដោយ​រហ័ស ទាន់​ចិត្ត ហើយ​ចង់​ទៅ​ថ្មើរ​ណា​ទៅ​ថ្មើរ​ហ្នឹង»។

ចំពោះ​តម្លៃ​ឆ្លង​កាត់​ស្ពាន​មួយ​លើក​សម្រាប់​មនុស្ស​ម្នាក់ ៤០០​រៀល កង់ ១​គ្រឿង ២០០​រៀល ម៉ូតូ ១​គ្រឿង ៥០០​រៀល រទេះ​សេះ និង​សេះ ២.០០០​រៀល រថយន្ត​ធុន​មធ្យម ១​ម៉ឺន​រៀល រថយន្ត​ធុន​តូច​តម្លៃ ៦.០០០​រៀល។ ចំណែក​មន្ត្រី​រាជការ និង​សិស្ស​សាលា​មិន​យក​តម្លៃ​មនុស្ស​ឆ្លង​កាត់​ទេ ប៉ុន្តែ​ត្រូវ​បង់​ថ្លៃ​កង់ ឬ​ម៉ូតូ ក្នុង​ពេល​ធ្វើ​ដំណើរ​ម្តងៗ។

ទាក់ទង​ស្ពាន​ឫស្សី​នេះ​ដែរ គេហទំព័រ​បរទេស​មួយ​ឈ្មោះ ឌីស្ទីណេសិន ធិប (Destination Tips) ដែល​និយាយ​អំពី​ស្ពាន​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នៅ​លើ​ពិភពលោក​ទាំង ១៥ ក្នុង​នោះ ក៏​មាន​ស្ពាន​ឫស្សី​នៅ​ខេត្ត​កំពង់ចាម ផង​ដែរ ដោយ​ភ្ជាប់​ជាមួយ​រូបភាព។ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​យ៉ាង​ច្រើន​កុះករ អាច​ទំនង​ជា​រូបភាព​ពលរដ្ឋ​ឆ្លង​កាត់​នៅ​រដូវ​បុណ្យ​ឆ្នាំ​ខ្មែរ។

លោក យ៉ុង អូន បញ្ជាក់​ថា តាំង​ពី​ពេល​លោក​ទទួល​សិទ្ធិ​វិនិយោគ ព្រម​ទាំង​ជំនាន់​មុនៗ លោក​ទៅ​ទៀត​នោះ ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​លើ​ស្ពាន​ឫស្សី គឺ​មិន​ធ្លាប់​មាន​អ្នក​គ្រោះថ្នាក់​ឡើយ ហើយ​ខាង​លោក​តែង​ដើរ​ពិនិត្យ​ស្ថានភាព​ស្ពាន​រហូត។ ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​រូប​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​កាល​ពី​ឆ្នាំ​២០០៤ ហើយ​នឹង​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៩ ខាង​មុខ។ ស្ពាន​ប្រដឹស នឹង​មិន​សូវ​មាន​អ្នក​ឆ្លងកាត់​ដូច​មុន​ទៀត​ទេ បន្ទាប់​ពី​មាន​ស្ពានថ្ម​នៅ​ក្បែរ​នោះ​កសាង​រួច។

ជា​រៀងរាល់​ថ្ងៃ ប្រជាពលរដ្ឋ​រស់​នៅ​ដីគោក និង​ដី​កោះ តែង​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ឫស្សី ទៅ​មក រួម​មាន​សិស្ស​សាលា​មក​រៀន​នៅ​ក្រុង​កំពង់ចាម អ្នក​ភូមិ​ដឹក​កសិផល​កសិកម្ម​ដូចជា ថ្នាំជក់ ពោត ល្ង និង​ផ្លែឈើ​ហូប​ផ្លែ​មក​លក់​នៅ​ក្រុង​កំពង់ចាម ជាដើម។ ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​ដដែល​អះអាង​ថា តម្លៃ​មាន​ក្នុង​តារាង​កំណត់​ច្បាស់លាស់ ដោយ​មិន​អាច​យក​លើស​បាន​ទេ ប៉ុន្តែ​ពលរដ្ឋ​ធ្វើ​ដំណើរ​ខ្លះ​លើក​ឡើង​ថា តម្លៃ​ជាក់ស្ដែង​អាច​ខុស​គ្នា ១០០ ឬ ២០០​រៀល​ដែរ។ ទោះបីជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះ​មិត្ត មួយ​រូប លោក ហង្ស ស៊ីផាត មាន​ប្រសាសន៍​ថា ពួកគាត់​រស់​នៅ​លើ​ដី​កោះ មិន​សោកស្ដាយ​ឡើយ​នៅ​ពេល​ស្ពាន​នេះ ត្រូវ​បាន​បាត់បង់ ពីព្រោះ​អ្នក​ភូមិ​ចង់បាន​ស្ពាន​ថ្ម ដើម្បី​ធ្វើ​ដំណើរ ពីព្រោះ​វា​ងាយស្រួល​ជាង​ឆ្លង​ស្ពាន​ឫស្សី និង​មាន​សុវត្ថិភាព​ជាង។ លោក​ថា បើ​នៅ​រដូវវស្សា​ផង ការ​ធ្វើ​ដំណើរ​កាន់តែ​ពិបាក​សម្រាប់​ពលរដ្ឋ​ឆ្លងកាត់​ទៅមក​ថែមទៀត៖ «អ្នក​ស្រុក​អ្នកភូមិ​ចង់​បាន​ស្ពានថ្ម ព្រោះ​វា​ងាយ ហើយ​វា​ធូរ​ថវិកា ហើយ​វា​បើ​បាន​ផលិត​នៅ​ក្នុង​ស្រុក​គេ មក​ទិញ​ដល់​កន្លែង»។ ប្រភព​ដដែល​ចង់​ឱ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​កសាង​ស្ពានថ្ម ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​បង្ក​ភាព​ងាយស្រួល និង​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។ តាម​គម្រោង​ស្ពានថ្ម ដែល​ភ្ជាប់​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​កោះ​ប៉ែន ដែល​មាន​ប្រវែង​ជាង ១​ពាន់​ម៉ែត្រ នឹង​កសាង​បញ្ចប់​នៅ​ឆ្នាំ​២០១៧។ ស្ពាន​ថ្ម​ថ្មី​នោះ គឺ​មានឈ្មោះ​ថា ស្ពាន​កំពង់​ឆៃវ៉ាត។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម លោក ស៊ាន សុគុន មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​ស្ពានថ្ម​ថ្មី​នឹង​ជំនួស​ការ​ធ្វើ​ដំណើរ​លើ​ស្ពាន​ឫស្សី​ក៏ដោយ ប៉ុន្តែ​គម្រោង​ស្ពាន​ឫស្សី​នឹង​ត្រូវ​កសាង​ឡើង​នៅ​រដូវ​ប្រាំង​ដដែល ពីព្រោះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ធ្វើ​ដំណើរ​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន។

ជាមួយ​គ្នា​នេះ អភិបាល​រង​ខេត្ត​និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ចាម លោក ជីម លាវ បញ្ជាក់​ថា អាជ្ញាធរ​នៅ​តែ​កសាង​ស្ពាន​ឫស្សី​នេះ​ដដែល ពីព្រោះ​វា​ជា​ស្ពាន​ប្រពៃណី ម្យ៉ាង​ជា​ស្ពាន​ប្រវត្តិសាស្ត្រ​ប្រចាំ​ខេត្ត​មួយ​នេះ​ផង។ លោក​បន្ត​ថា ស្ពាន​ឫស្សី បាន​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ដី​កោះ និង​ពលរដ្ឋ​ដី​គោក មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ហើយ​ស្ពាន​នេះ​មិន​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​ទេ ប៉ុន្តែ​ជា​ចំណែក​មួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង៖ «គេ​ទៅ​លេង​សមុទ្រ​កំពង់សោម គេ​មក​ងូត​ទឹក​សាប​ទៀត ប៉ុន្តែ​នៅ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​នេះ គេ​ងូត​ទឹក​ហើយ មិន​បាច់​ងូតទឹក​សាប​ទៀត​ទេ ព្រោះ​ទឹក​ស្អាត​ល្អ​ណាស់»។ ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​ប្រជាជន​ដី​កោះ អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​ថា ខាង​អាជ្ញាធរ​ខេត្ត​បាន​ជំរុញ​ឱ្យ​កង វិស្វកម្ម​ទាំង​នោះ ពន្លឿន​ការ​សាងសង់​ស្ពានថ្ម​ថ្មី ឱ្យ​បាន​ឆាប់​រហ័ស។ លោក​អះអាង​ថា តាម​គម្រោង​ស្ពានថ្ម​ថ្មី នឹង​អាច​ដាក់​សម្ពោធ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ​២០១៧ ពីព្រោះ​បច្ចុប្បន្ន​ស្ពានថ្ម​នេះ កសាង​សម្រេច​បាន​ប្រមាណ ៧០​ភាគ​រយ​ហើយ៕

ចម្លងទាំង​ស្រុង​ពី​វេបសាយ​ វិទ្យុអាស៊ីសេរី៖ ប្រវត្តិ​ស្ពាន​ឫស្សី​នៅ​ខេត្ត​កំពង់ចាម

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

បញ្ជី​អំពី​ប្រាសាទ​បុរាណ និង​ទីតាំង​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​កំណើត


នេះជាតារាងរៀបរាប់ឈ្មោះប្រាសាទបុរាណ និងទីតាំងមួយចំនួនដែលមានតម្លៃជាប្រវត្តិសាស្ត្រនៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ការដែលធ្វើនេះមិនមែនគ្មានហេតុទេ ដែលខិតខំប៉ុន្មានឆ្នាំមកនេះ បង្កើត​ប្លុកនេះឡើងជាពិសេសចំពោះ ខេត្តកំពង់ចាម ក៏ដោយសារជាស្រុកកំណើត ទោះឃ្លាតឆ្ងាយប៉ុណ្ណា យូរប៉ុណ្ណា ក៏​អារម្មណ៍នឹករលឹកអនុស្សាវរីយ៍នានារាប់មិនអស់តាំងពីមិនទាន់ដឹងក្ដី​មក ហាក់ប្រាកដនៅនឹងភ្នែក។

7 5

Categories: ផ្សេងៗ, រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , , , | បញ្ចេញមតិ

កំណត់ហេតុ ​ស្ដី​ពី​ស្គរ​មហោរធឹក​មួយ នៅ​ខេត្ត​កំពង់ចាម​


មុន ​ឥណ្ឌូ​រូបនីយកម្ម បុព្វការី​ជន​ខ្មែរ​បាន​ស្គាល់​វឌ្ឍនភាព​គ្រប់​វិស័យ​រួច​ទៅ​ហើយ ដូច​មាន​ ​វិស័យ​សិប្បកម្ម ស្ថាបត្យកម្ម ជា​ភស្តុតាង​ស្រាប់​ ។ បន្ថែម​ជា​មួយ​នេះ​ដែរ ពួកគេ​ក៏​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ខាង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង​ខាង ជាពិសេស ប្រទេស​ចិន​ មុន​ការ​បង្កើត​ រដ្ឋ​ហ្វូ​-​ណន នា​ដើម​សតវត្ស​ទី ១ នៃ​គ​.​ស​ ។​

រូបភាព ១-២ : រូប​ដកស្រង់​ចេញពី​កោះ​សន្តិភាព ថ្ងៃ​ទី ០៤-០៥ ខែ​ធ្នូ ឆ្នាំ ២០១០

យោង​តាម​ការសិក្សា​ស្រាវជ្រាវ​ខាង​បុរាណ​វិទ្យា យើង​បាន​ដឹង​ថា មានការ​នាំចូល​ពី​ ប្រទេស​ចិន នូវ​របស់​ប្រើប្រាស់​មួយ​ចំនួន ដូចជា ​ស្គរ​មហោរធឹក និង​ថ្មយក់​ សម្រាប់​ធ្វើ​គ្រឿងអលង្ការ​ជាដើម ចូល​មក​ក្នុង​ដែនដី​សុវណ្ណ​ភូមិ​ ។ សូម​បញ្ជាក់​ថា តាម​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ សុវណ្ណ​ភូមិ​ នៅ​ទី​នេះ គឺ​សំដៅ ​ប្រទេស​ហ្វូ​-​ណន ឬ​អតីត​ទឹកដី​កម្ពុជា ប្រទេស​ភូមា អតីត​ទឹកដី​មន ប្រទេស​ចម្ប៉ា ជ្រោយ​ម៉ាឡាយូ និង​ប្រទេស​ឥណ្ឌូណេស៊ី ដោយហេតុថា​ប្រទេស​ថៃ ឬ ឡាវ​/​លាវ និង​ប្រទេស​វៀតណាម​ខាងត្បូង មិនទាន់​ចាប់​បដិសន្ធិ​​ក្នុង​ទឹកដី​ខ្មែរ​បុរាណ​នៅឡើយ​ទេ ​។

ថ្មីៗ​នេះ នៅ​លើ​ទួល​មួយ​ ចម្ងាយ​ប្រហែល​ជាមួយ​គីឡូម៉ែត្រ​ពី ​ភូមិ​ពាម ឃុំ​ព្រែក​ក្របៅ ស្រុក​កង​មាស ខេត្ត​កំពង់ចាម ក្នុង​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា គេ​បាន​រក​ឃើញ​នូវ​ស្គរ​មហោរធឹក​មួយ ។ សូម​ជម្រាប​ថា ស្គរ​នេះ ធ្វើ​ពី​សំរឹទ្ធ ដែល​មាន​ទម្ងន់​ប្រមាណ​ជា ៤​គីឡូក្រាម (Cf. សូម​មើល ​កោះ​សន្តិភាព ​ថ្ងៃ​ទី ០៤-០៥ ខែ​ធ្នូ ឆ្នាំ ២០១០) ជា​ភស្តុតាង​ជាក់​ស្ដែង​មួយ​បង្ហាញ​ឲ្យ​ដឹង​នូវ​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​ រវាង​ខ្មែរ និង​ចិន​យ៉ាង​ប្រាកដ ។

សូម​ជម្រាប​ថា ពី​មុនគេ​ធ្លាប់​រក​ឃើញ​នូវ​​ស្គរ ឬ​បំណែក​ស្គរ​មហោរធឹក​មួយ​ចំនួន នៅ​លើ​ទឹកដី​នៃ ​ព្រះរាជាណាចក្រ​​កម្ពុជា ​បច្ចុប្បន្ន ដូច​នៅ​ ខេត្ត​ព្រៃវែង ខេត្ត​បន្ទាយមានជ័យ​ជាដើម តែ​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ស្គរ​ប្រភេទ​នេះ ដែល​មាន​រូបរាង​ពេញ ត្រូវ​បាន​ជួបប្រទះ​នៅ​លើ​​ទឹកដី​ ខេត្ត​កំពង់ចាម​ ៕

ដោយ ៖ ម. ត្រាណេ

អត្ថបទ​ដើម ៖ CEN : កំណត់ហេតុ ​ស្ដីពី​ស្គរ​មហោរធឹក​មួយ នៅ​ខេត្ត​កំពង់ចាម​

អាន​បន្ថែម ៖

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ពី​ទន្លេមេគង្គ


ក្រៅ​ពី​អត្ថបទ​ រក​ឃើញ​កាំភ្លើងធំ​បុរាណ​នៅ​មេមត់ ដែល​ខ្ញុំ​បាន​ចម្លង​ទាំង​ស្រុង​ពី​ គេហ​ទំព័រ Cambodia Research ខ្ញុំ​បាន​ប្រទះ​ឃើញ​ មតិ​មួយ​នៃ លោកគ្រូ​ខ្ញុំ គឺ​លោក​សាស្ត្រាចារ្យ​ វង់.សុធារ៉ា ដែល​បង្រៀន​​ផ្នែក​ប្រវត្តិសាស្ត្រ​​​នៅ​មហាវិទ្យាល័យ ។ លោក​បាន​មាន​មតិ​ក្នុង​អត្ថបទ ៖ ខ្មែរ​ធ្លាប់​បាន​ផលិត​កាំភ្លើង​ធំ​តាំង​ពី​អំឡុង​សតវត្ស​ទី​ ១៤ ? ថា ៖

ខ្ញុំ​ទើប​តែ​រក​ឃើញ​សំណៅ​ដើម ​កាសែត​កម្ពុជា​ ​ឆ្នាំ​ទី​១៩​​ លេខ​៤០០៥​ ចេញ​ផ្សាយ ​ថ្ងៃ​សុក្រ​ ទី​២៧​ ខែ​មីនា​ ឆ្នាំ​១៩៥៩​ ​ទំព័រ​១​ច និង​​ទី៤​ច​ ​និង​កាសែត​មាតុភូមិ​ ​ឆ្នាំ​ទី​៧​ ​លេខ​៦៥៦​ ចេញ​ផ្សាយ​ ថ្ងៃ​សៅរ៍​ ទី​២៨​​ ខែ​មីនា ​ឆ្នាំ​១៩៥៩​ ទំព័រ​ទី​១គ​ ​និង​ទី២គ​ ​មាន​ចុះ​ផ្សាយ​ពី​ការ​រក​ឃើញ​កាំភ្លើង​ធំ​បុរាណ​ចំនួន​ ៣​ដើម​ ​​ពី​បាត​ទន្លេ​មេគង្គ​​ក្នុង​ខេត្ត​កំពង់​ចាម​ ​គឺ​តូច​១​ដើម​ ​និង​ធំ​២​ដើម​ដែល​មាន​ចារឹក​អក្សរ​នៅ​លើ​​កាណុង​នោះ​ ។​ ​កាណុង​ធំ​ទី​១​ ​មាន​ចារ​អក្សរ​ថា​ «ចៅ​ស្រី​រាជនុកូល​ ​ចាសុបតាស​»​ ​ឱកហ្លួង​​បាន​នរាជ ​ព.ស.​២២៣៩​ ​និង​កាណុង​ទី២​ ​មាន​អក្សរ​ថា​ ​«ចៅស្រី​រាជនុកូល​ ​ចាតុបតាស»​ ​ឱកសែន​រាជ​ ព.ស.​២២៣៩​ ។ ​បើ​តាម​​​កាល​បរិច្ឆេទ​នេះ​ ​គួរ​តែ​កាណុង​កាំភ្លើង​ទាំង​ពីរ​ត្រូវ​គេ​ផលិត​នៅ​ឆ្នាំ​១៦៩៦​ ​ក្នុង​រាជ្យ​ព្រះបាទ​ជយជេដ្ឋាទី៣​ ។​ ​ប៉ុន្តែ​ ​ខ្ញុំ​នៅ​តែ​សង្ស័យ​ចំពោះ​ការ​អាន​តួលេខ​កាល​បរិច្ឆេទ​នេះ​ ​ដោយ​សារ​​មាន​បញ្ហា​ពីរ​ដែល​ត្រូវ​ពិចារណា​។​ ​ទី១​ ​កាល​បរិច្ឆេទ​លើ​កាណុង​នេះ​ ​គួរ​តែ​ចារឹក​ជា​​មហាសករាជ​ ​មិន​មែន​ជា​ពុទ្ធ​សករាជ​ទេ​,​ ​ទី​២​ ​បើ​គេ​ប្រើ​មហាសករាជ​​មែន​ ​គឺ​ឆ្នាំ​១៦១៨ ហើយ​ជា​ទូទៅ​អ្នក​អាន​​សម្រាប់​យក​មក​ចុះ​កាសែត​អាច​​អាន​ច្រឡំ​ ​ដោយសារ​​លេខ​៧​ ​មាន​រូបរាង​ស្រដៀង​គ្នា​នឹង​លេខ​៦​ ។ ​បើ​ដូច្នោះ​មែន​ ​កាណុង​កាំភ្លើង​ធំ​ទាំង ​២​នេះ​ ​គួរ​តែ​កសាង​ក្នុង​ជំនាន់​កាំភ្លើង​ធំ​​​ដែល​ លោក​ ធុយ​.ចាន់​ធួន​ ​និង​ លោក អ៊ុំ​.​វុន​ ​បាន​លើក​យក​មក​បង្ហាញ​នេះ​​ដែរ​។ ​គួរ​ឲ្យ​ស្ដាយ​​ ​ដែល​សព្វ​ថ្ងៃ​ ​យើង​មិន​ដឹង​ថា​ កាំភ្លើង​នោះ​នៅ​ទី​ណា​​។

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , | 2 មតិ

​វប្បធម៌​មេមត់​


ប្លង់នៃភូមិមូលលេខ ១៥ នៅក្រែក កំពង់ចាម (Cf. Dega, 1996-1997)

ប្លង់នៃភូមិមូលលេខ ១៥ នៅក្រែក កំពង់ចាម (Cf. Dega, 1996-1997)

ប្រសូត​ឡើង ក្នុង​សម័យ​វប្បធម៌​ថ្ម​រំលីង ទីប្រជុំជន​បុរាណ​ដែល​មាន​ឈ្មោះថា ភូមិ​មូល ឬ បន្ទាយ​គូ​នោះ គឺជា​ភស្តុតាង​នៃ​ការ​លេច​ឡើង​នៃ​ទីក្រុង​ដំបូងបង្អស់​របស់​ប្រជាជន​ខ្មែរ ដែល​ស្ថិតនៅ​តំបន់​ដីក្រហម​ក្នុង​ ខែត្រ​កំពង់ចាម នៅ​ខែត្រ​សៀមរាប នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម​និង​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន ។ ផ្សេង​ពី​ទីតាំង​ទាំងនោះ យើង​ក៏​ឃើញ​មាន​ទីប្រជុំជន​រាង​ជា​ភូមិ​មូល​នៅ​ប្រទេស​ថៃ យ៉ាង​ច្រើន​កុះករ​ដែរ​ពិសេស នៅ​ក្នុង​តំបន់​ខ្ពង់រាប​នគររាជ​សីមា ។​

ក្នុង​សម័យកាល​ដំបូង​ដែល​វប្បធម៌​មេមត់​បាន​ផ្ដើម​ឡើង​នោះ គឺ​ចាប់ពី ៤០០០ ឆ្នាំមុន​គ​.​ស ដល់​ដើម​សម័យ​ប្រវត្តិសាស្ត្រ ទីប្រជុំជន​ទាំងនោះ​មាន​រាង​មូល ឬក៏​ជា​រង្វង់​ៗ  ហើយ​លក្ខណៈ​ទូទៅ នៃ​ទីប្រជុំជន ទាំងនោះ គឺ​មាន​កំពែង ធ្វើ​អំពី​ដី​លើក កម្ពស់​ប្រហែលជា​ពីរ​ម៉ែត្រ ពី​ផ្ទៃដី​ធម្មជាតិ ។ កំពែង​មាន​ទទឹង​ប្រមាណ​ជា ៣ ទៅ ៥​ម៉ែត្រ រីឯ​ជម្រៅ ប្រហែលជា ៤​ម៉ែត្រ ពី​ខ្នង​នៃ​កំពែង ទៅ​បាត​គូ​ទឹក ដែល​ហ៊ុមព័ទ្ធ​នៅ​ផ្នែក​ខាងក្នុង នៃ​កំពែង​សម្រាប់​ការពារ​សុវត្ថិភាព ។ លទ្ធផល​នៃ ការស្រាវជ្រាវ​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ភូមិ​មូល នីមួយៗ មាន​អង្កត់ផ្ចិត​ប្រហែល​ពី ១៥០ ទៅ ២០០ ម៉ែត្រ ដែល​ជូន​កាល​ធំ​លើស​នេះ​ក៏​មាន​ ។ ម្យ៉ាង​វិញទៀត​កំពែង​តែង​តែ​មាន​ច្រក​កាត់​ផ្ដាច់​មួយ​ដែល​ជា​ច្រក​ចេញ​ចូល ក្នុង​ភូមិ​ទាំងនោះ ដែល​សុទ្ធសឹងតែ​ជា​ដី​ទួល ។

គំនូរនៃភូមិមូល ៥២/៦២ នៅសារមន្ទីរជាតិភ្នំពេញ

គំនូរនៃភូមិមូល ៥២/៦២ នៅសារមន្ទីរជាតិភ្នំពេញ

ការ​ធ្វើ​កំណាយ ខាង​បុរាណ​វិទ្យា​នៅ​ភូមិ​មូល នៅ​ចម្ការ​កៅស៊ូ​ក្រែក ជាពិសេស​ស្ថានីយ ឡូត៍​លេខ ៦២២ / ៥២ បាន​បង្ហាញ នូវ​ចំណេះ​ចេះដឹង​ថ្មី​មួយ​ចំនួន​ពាក់ព័ន្ធ ទៅ​នឹង​វប្បធម៌​មេមត់ យ៉ាង​ប្រាកដ​ដូចជា​របស់​ប្រើប្រាស់​ធ្វើ​អំពី​ថ្ម ដូចជា ពូថៅ​ដៃ កងដៃ​ថ្ម រំលីង​កុលាលភាជន៍ ធ្វើ​អំពី​ដី​ដុត ព្រមទាំង​វត្ថុ​ផ្សេងទៀត​មួយ​ចំនួន ។
យ៉ាងណាក៏ដោយ វត្តមាន​នៃ​ការសិក្សា​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ទីប្រជុំជន​នា សម័យ​បុរេ​ប្រវត្តិសាស្ត្រ ទាំងនោះ ដែល​ជា​សណ្ឋាន​នៃ​ទីក្រុង​ខ្មែរ​ដំបូង មុន​ពេល​ដែល​ត្រូវ​បាន​ជំនួស ដោយ​បុរី ឬ ទីក្រុង​បែប​ឥណ្ឌា មាន​រាង​មូល ហើយ​មាន​ជម្រាល ពី​ទី​ខ្ពស់ ពី​ទិស​អាគ្នេយ៍ ចុះទៅ​ទិស​ពាយ័ព្យ ដែល​ជា​ច្រក​ចូល ។ ផ្ទៃរាប​បរិវេណ នៅ​ខាងក្នុង ដែល​ជា​​លំនៅ​ស្ថាន គឺ​ទាប​ជាង​ដី​ធម្មជាតិ ប្រហែលជា ១​ម៉ែត្រ​តែប៉ុណ្ណោះ​ ដែល​នៅ​ហ៊ុមព័ទ្ធ​ជុំវិញ ។

លក្ខណៈ​ដ៏​ពិសេស​មួយទៀត នៃ​ស្ថានីយ ​ឡូត៍​៦២ / ៥២ គឺ​នៅ​ទី​នេះ អង្កត់ផ្ចិត​នៃ​ភូមិ​មូល មាន​ប្រវែង​ប្រមាណ​ជា ១៥០ ម៉ែត្រ ហើយ​ទទឹង​នៃ​គូ​ទឹក កន្លែង​ខ្លះ​អាច​​មាន​ប្រវែង រហូតដល់ ២៥ ម៉ែត្រ ប៉ុន្តែ​មិន​មាន​ទឹក​ដក់​ទេ ។ បើសិនជា​គេ​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កំពែង​វិញ គេ​នឹង​ឃើញ​ថា មាន​កម្ពស់​ប្រមាណ​ជា ៥​ម៉ែត្រ ពី​គូ​ទឹក​ហើយ ក៏​ប្រហែលជា ២​ម៉ែត្រ​ដែរ បើ​ប្រៀបធៀប ទៅ​នឹង​ផ្ទៃដី​ធម្មជាតិ​ដែល​ស្ថិតនៅ​ជុំវិញ​នោះ ។​

ភូមិមូលលេខ ១៥ ចំការកៅស៊ូក្រែក (ថត ១៩៩៦

ភូមិមូលលេខ ១៥ ចំការកៅស៊ូក្រែក (ថត ១៩៩៦)

ភូមិមូលលេខ ១៣ ក្រែក (ថត ១៩៩៦)

ភូមិមូលលេខ ១៣ ក្រែក (ថត ១៩៩៦)

ភូមិមូលនៅភូមិត្រមែង, ក្លាយទៅជាចំការ ឃុំទ្រមូង, ស្រុកមេមត់ (ថត ១៩៩៦)​

ភូមិមូលនៅភូមិត្រមែង, ក្លាយទៅជាចំការ ឃុំទ្រមូង, ស្រុកមេមត់ (ថត ១៩៩៦)​

​ខាង​លើ​នេះ​គឺជា ទិន្នន័យ​មកពី​ការ​កំណាយ​តាម​វិធីសាស្ត្រ និស្សិត​នៃ​មហាវិទ្យាល័យ ជំនាន់​ទី ៦ នៃ​សកល​វិទ្យាល័យ ភូមិន្ទ​វិចិត្រ​សិល្បៈ កន្លងមក​ ៕

ដោយ ៖  ម. ត្រាណេ

***

ប្រភពដើម CEN : វប្បធម៌​មេមត់​នៅ​ខេត្ត​កំពង់ចាម

Categories: រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: