Posts Tagged With: ឃុំសូភាស

វត្តសុភារង្សី


វត្តសុភារង្សី ស្ថិតនៅ​ក្នុង​​ឃុំ​សូភាស ស្រុកស្ទឹងត្រង់ ខេត្ត​កំពង់ចាម។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​វត្ត​អារាម​នោះ​ យើង​អាច​ធ្វើ​ដំណើរ​ពី​២​​ផ្លូវ។ ទី​មួយ​គឺ​ចេញ​ពី​ទី​រួម​ស្រុក​ចំការ​លើ​ទៅ​ទិស​ខាង​កើត​​រហូត​ដល់​ឃុំ​មេសរ​ជ្រៃ ហើយ​បត់​ស្ដាំ​ដៃ​ ឯ​ទី​ពីរ​គឺ​ធ្វើ​ដំណើរ​ពី​ក្រុង​កំពង់​ចាម​ទៅ​កាន់​ទី​រួម​ស្រុក​ស្ទឹង​ត្រង់ បន្ទាប់​មក​បត់​ឆ្វេង​ទៅ​ទិស​ខាង​លិច​សម្ដៅ​​ទៅ​ឃុំ​មេសរជ្រៃ​ដែរ ហើយបត់​ឆ្វេង​ដៃ​វិញ (សរុប​មក​គឺមក​ពី​ទិស​ដៅ​ម្ខាង​ម្នាក់)។ ចម្ងាយបត់ចូល​ពី​ម្ដុំ​ផ្សារ​មេសរជ្រៃ​ទៅ​ត្បូង​នោះ​ប្រមាណ​ជា​ ៥ គ.ម.។

ទីតាំង​ព្រះ​វិហារ​សព្វ​ថ្ងៃ​ទំនង​ធ្វើ​លើ​គ្រឹះ​ប្រាសាទ​ចាស់​ដែល​ធ្វើ​ពី​ឥដ្ឋ។ នៅ​ក្នុង​ទីតាំង​វត្ត​ទាំង​មូល​មាន​បន្សល់​ទុក​ផ្ដែរ​រចនាបថ​សម័យ​មុន​អង្គរ​ចំនួន​៤ ក្នុង​នោះ​ផ្ដែរ​រចនាបថ​សម្បូណ៌ព្រៃគុក​ចំនួន៣ និង​ផ្ដែរ​រចនាបថ​កំពង់​ព្រះ​ចំនួន​១។ ប្រសិន​បើ​នៅ​សល់​ផ្ដែរ​ចំនួន​៤​ យ៉ាង​ហោច​ណាស់​អាច​មាន​ប្រាសាទ​យ៉ាង​តិច​មួយ ឬ​យ៉ាង​ច្រើន​៤ដែរ​។ បើ​តាម​ផែន​ទី​ដែល​អ្នក​ស្រាវជ្រាវ​បារាំង​ ​លោក Lunet de Lajonquiere (1902, p. 300) គូរទុក និងបាន​សរសេរ​បញ្ជាក់ថា កាលនោះគាត់ឃើញប្រាសាទឥដ្ឋចំនួន​៣ និងគំនរ​ឥដ្ឋច្រើនគំនរទៀត។

ផ្ដែររចនាបថកំពង់ព្រះ

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (១)

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (២)

ផ្ដែររចនាបថ​សម្បូណ៌ព្រៃគុក (៣)

ក្រៅពីផ្ដែរទាំង៤ ដែលគេយកទៅតម្រៀបជា​មួយ​មេទ្វារ​​ដោយ​បៀក​បិត​ស៊ីម៉ង់​ធ្វើ​ជា​អាង (?) នោះ ក៏មាន​សេស​សល់​សំណល់​ជើង​ទម្រ​មួយ​ចំនួន ក្បាល​តោ​សម័យ​អង្គរ​មួយ​ និង​បំណែក​ឥដ្ឋ​ពាស​ពេញ​ទី​ធ្លា​វត្ត​។ ដូច្នេះ​ តាម​ការ​សង្កេត​​​​ជា​បឋម​នេះ​​អាច​បញ្ជាក់ថាតំបន់​នេះ​ថ្វី​ត្បិត​តែ​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​​ និង​ជាតំបន់​សម្បូណ៌ព្រៃ​ តែ​មាន​សហគមន៍​មនុស្ស​រស់​នៅ​ត​រហូត​មក​តាំង​ពី​សម័យ​មុន​អង្គរ។

បន្ថែម​ពី​នេះ ​និស្សិត​បុរាណ​វិទ្យា​ជំនាន់​ទី១២ ឈ្មោះ​ ស៊ាង រ៉ូស្សាត ​ក៏​បាន​សិក្សា​ស្រាវជ្រាវ និង​សរសេរ​ជា​សារណា​មួយ​ច្បាប់​​​ដោយ​ដាក់​ចំណង​ជើង​ថា «សូភាស៖ ភូមិសូភាស ខេត្តកំពង់ចាម (បុរាណស្ថាន និងសហគមន៍មនុស្សជុំវិញ)» អំពី​ទីតាំង​នេះ​ដែរ។ សៀវភៅ​នេះ​ អាច​រក​អាន​បាន​នៅ​បណ្ណាល័យ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ទីតាំង​នៅ​ក្រោយ​សារមន្ទីរជាតិ និង​ជាប់​របង​ខាង​ជើង​ព្រះ​បរម​រាជវាំង។

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: