Posts Tagged With: ជើងព្រៃ

របកគំហើញបុរាណវិទ្យាថ្មី នៅខេត្តកំពង់ចាម


នៅឆ្នាំ ២០០៦ កន្លងមកនេះ គេបានរកឃើញនៅភូមិស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែល ស្ថិតមិនឆ្ងាយប៉ុន្មានពីទីក្រុងភ្នំពេញបច្ចុប្បន្ន នូវរូបចម្លាក់មួយចំនួននាសម័យមុនអង្គរ។

ចម្លាក់ទាំងនោះ ធ្វើអំពីសំរិទ្ធិ រួមមាន ព្រះពុទ្ធបដិមាខ្មែរនាសម័យមុនអង្គរ ៥អង្គ និងចម្លាក់ជាលក្ខណៈ ចិនពីរអង្គ។ មួយតំណាងព្រះពោធិសត្វ និងមួយទៀតតំណាងទ្វារបាល ឬអ្នកយាមទ្វារ ស្ថិតក្នុងរជ្ជ កាលសួយ ឬថាំង រវាងស.វទី ៦-៧ នៃគ.ស។

ក្រោយពីការជួសជុលរួចជាស្ថាពរ ចម្លាក់បុរាណទាំងប៉ុន្មានខាងលើនេះ ដែលសព្វថ្ងៃត្រូវបានរក្សាទុក ក្នុងសារមន្ទីរជាតិភ្នំពេញ ឆ្លុះបញ្ចាំងឲ្យយើងឃើញជ្រុងមួយនៃប្រវត្តិសាស្ត្រនៃអតីតព្រះរាជាណាចកម្ពុជា ដែលពីមុនគេពុំសូវដឹង ឮ ឡើយ។បើនិយាយម្យ៉ាងទៀត យើងអាចនិយាយបានថា បុរាណវត្ថុទាំងនោះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ចំពោះចំណេះដឹង អំពីទំនាក់ទំនងរវាងខ្មែរ និងចិន នាសម័យមុន អង្គរ ដែលជាភាគច្រើន គេគ្រាន់តែដឹងតាមរយៈសំណេរដៃតែប៉ុណ្ណោះ។

ដូចទើបពោល ចំនួនព្រះបដិមាដែលគេបានរកឃើញ នៅភូមិស្តើងជ័យនោះ មានចំនួនទាំងអស់ ៧ ក្នុងនោះមានពីរជាសិល្បៈចិន ហើយ ៥ទៀត គឺជារបស់ខ្មែរនាសម័យមុនអង្គរ។ ចំពោះការកំណត់ កាលបរិច្ឆេទនៃចម្លាក់ចិន មានការលំបាកបន្តិច ព្រោះរូបទាំងពីរនោះមិនមានអាយុកាលដូចគ្នាទេ។ ព្រោះថា ព្រះរូបមួយដែលតំណាងព្រះពោធិសត្វស្ថិតក្នុងរជ្ជកាលសួយ ពោលគឺនៅស.វទី៦ នៃគ.ស ព្រះបដិមាទីពីរ ដែលជាចម្លាក់ទ្វារបាល មានអាយុកាលតិចជាបន្តិច ព្រោះស្ថិតក្នុងអន្តរកាលរវាង សន្តតិវង្សសួយ និងថាំង ពោលគឺរវាងស.វទី៦ និងទី ៧។

ក្នុងដំណើរបេសកម្មស្រាវជ្រាវខាងបុរាណវិទ្យាមួយទៅកាន់ទីក្រុងមុនអង្គរមួយ នាសម័យនគរភ្នំ ឈ្មោះអ៊ូថង នៅខេត្តសុផាន់បុរី នៅឆ្នាំ ១៩៦៧ លោកប័ស ស៊ឺលីយេ ក៏បានឃើញចម្លាក់ព្រះពោធិ សត្វដូចគ្នា និងចម្លាក់របស់យើងមួយអង្គដែរ ហើយចំពោះលោក ចម្លាក់នេះគឺស្ថិតក្នុងសម័យកាល នៃរាជវង្សសួយ។

រូបភាព ១-៤ : ព្រះពុទ្ធអង្គសំរិទ្ធិ កំពស់ ២៩ស.ម និង កំពស់ ១៤ ស.ម, ព្រះអវលោកេស្វរៈ កំពស់ ១៣ ស.ម និង ស្រីអារ្យមេត្រី កំពស់ ១៧ ស.ម សារមន្ទីរជាតិភ្នំពេញ (ឯកសារ Bunker & Latchford, Khmer Bronzes)

ចំណែកព្រះពុទ្ធបដិមាខ្មែរមុនសម័យអង្គរ យើងឃើញមានរូបសំណាក់ព្រះពុទ្ធអង្គសំរិទ្ធិ៣ (មួយមានកំពស់ ៣៩ស.ម ហើយពីរទៀត កំពស់ ២៩ស.ម និង ១៤ស.ម ដែលស្ថិតក្នុងឥរិយាបថឈរ) និងពីរទៀត ជារូប បែប មហាយាន មួយតំណាងព្រះអវលោកេស្វរៈ (១៣ស.ម) និងមួយទៀត រូបព្រះស្រីអារ្យមេត្រី (កំពស់ ១៧ស.ម)។

ជាអវសាន អ្វីដែលគួរឲ្យកត់សម្គាល់ គឺថា ដោយសារតែព្រះពុទ្ធបដិមាបុរាណទាំងនោះ ទាំងហិនយាន ទាំងមហា យាន ត្រូវបានរកឃើញនៅទីតាំងតែមួយ យើងអាចសន្និដ្ឋានបានថា ប្រព័ន្ធសាសនាខ្មែរ នា សម័យនោះ ជាជំនឿដែលមានលក្ខណៈសំយោគ។ ម្យ៉ាងវិញទៀត ស្តីពីចំណាស់របស់ព្រះពុទ្ធបដិមា ខ្មែរទាំងនោះ តាមការស្រាវជ្រាវ សិក្សាវិភាគ យើងអាចនិយាយបានថា ចម្លាក់បុរេ ឬមុនអង្គរទាំងនោះ យ៉ាងហោចណាស់ក៏ស្ថិតនៅពាក់កណ្តាលស.វទី ៧ នៃគ.សដែរ៕ (ម.ត្រាណេ)

អត្ថបទដើម៖ ខេមរវិទ្យា៖ របកគំហើញបុរាណវិទ្យាថ្មី នៅខេត្តកំពង់ចាម

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , | បញ្ចេញមតិ

ប្រាសាទ​គុក​អំពិលទ្វារ


ប្រាសាទ​គុក​អំពិល​ទ្វារ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីធ្លា​ វត្ត​ប្រាសាទ​មង្គល ភូមិ​ស្ល​ក្រាម ឬ​ភូមិ​កកោះ ឃុំ​សំពង​ជ័យ ស្រុក​ជើង​ព្រៃ​ ខែត្រ​កំពង់ចាម ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៦០ ចម្ងាយ​ប្រមាណ ១៧ គ.ម៉. ខាង​ជើង​​ផ្សារ​ព្រៃ​ទទឹង ​ ។ ប្រាសាទ​នេះ​មាន ៖

  1. ប៉ម​ ៣ រាង​បួន​ជ្រុង​ស្មើ ធ្វើ​ពី​ឥដ្ឋ​ សង់​លើ​ខឿន​តែ​មួយ បែរ​មុខ​ទៅ​កើត​ រត់​ជួរ​ជើង-ត្បូង ។ តួ​ប៉ម​កណ្ដាល​ធំ​ជាង​គេ មាន​ទ្វារ​បញ្ឆោត​ធ្វើ​អំពី​ឥដ្ឋ​នៅ​ទិស​សំខាន់​ផ្សេងៗ ទៀត ។ នៅ​ជុំវិញ​មាន​កំពែង​​ថ្ម​បាយ​ក្រៀម​ មាន​ខ្លោង​ទ្វារ​នៅ​ខាង​កើត ។
  2. កំពែង​ថ្ម​បាយ​ក្រៀម ។
  3. ខ្លោង​ទ្វារ​កំពែង​ពី​ខាង​កើត ។ (CISARK : 27-Aug-2009)

កាល​ពី​ខ្ញុំ​បាន​ទៅ​ដល់​ទីតាំង​ ប្រាសាទ​គុក​អំពិល​ទ្វារ នេះ​ នៅ​ខែ​ធ្នូ ឆ្នាំ ២០១៣ ខ្ញុំ​បាន​ប្រទះ​ឃើញ​នៅ​សល់​ប្រាង្គ​តែ​មួយ​ប៉ុណ្ណោះ ដែល​ជា​ប្រាង្គ​កណ្ដាល​ មិន​ដូច​អ្វី​​ដែល​ឯកសារ​បាន​អះអាង​នោះ​ឡើយ ក៏​ប៉ុន្តែ​​ខ្ញុំ​មិន​បាន​ដឹង​ថា​ប្រាង្គ​ឆ្វេង​ ស្ដាំ​ដួល​រលំ​តាំង​ពី​ពេល​ណា​នោះ​ទេ ។ ម៉្យាង​វិញ​ទៀត ខ្ញុំ​ឃើញ​មាន​ការ​កែកុន​ជា​ច្រើន​ ដូច​ជា​ការ​សាង​សង់​​រោង​ស៊ីម៉ង់​មាន​ដំបូល​ស្រួច​គ្រប​ពី​លើ, ការ​សាងសង់​​សត្វ​តំណាង​ឆ្នាំ​ទាំង ១២ នៅ​ជុំ​វិញ​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ និង ការ​ចាក់​ដី​បំពេញ​​ក្នុង​​បរិវេណ​កំពែង ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត​ជា​ខ្លាំង ។ ថ្វី​ត្បិត​តែ​ជា​ទី​សក្ការ​បូជា ដែល​គួរ​ថែ​រក្សា ក៏​ប៉ុន្តែ​មិន​គួរ​ឲ្យ​មាន​ការ​កែ​កុន​ ឬ​សាង​សង់​បន្ថែម​ពី​លើ​នោះ​ទេ ដែល​ធ្វើ​ឲ្យ​បាត់​បង់​សភាព​ដើម ដែល​កំពុង​តែ​ខូច​ខាត​ស្រាប់​នោះ​ទេ ។

ប្រាង្គ​ដែល​នៅ​សល់​តែ ១ មាន​ចម្លាក់​ផ្ដែរ​​ដែល​នៅ​ល្អ​ស្អាត ជា​រូប​មនុស្ស​ជិះ​ដំរី (ប្រហែល​ជា​ព្រះ​ឥន្ទ) ដែល​ជួយ​ឲ្យ​យើង​អាច​សន្និដ្ឋាន​បាន​ថា ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ក្នុង​រចនាបថ​ កោះកេរ្តិ៍ ។

អំពិល០៨

Categories: រមណីយដ្ឋាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

​ផលិតផល​ពី​ខែត្រ​កំពង់ចាម (២)


-ត-

ពោតក្រហម

ពោត (corn)

ពោត (corn)

ខែត្រ​កំពង់ចាម មាន​ផលិតផល​ពោត​ក្រហម​ច្រើន​បង្គួរ​បន្ទាប់​ពី​ ខែត្រ​បាត់ដំបង ​និង​ ខែត្រប៉ៃលិន ភាគ​ច្រើន​គេ​ដាំ​​នៅ​រដូវ​វស្សា ។ ខែត្រ​កំពង់ចាម មាន​រោងចក្រ​កែ​ច្នៃ​ចំណីសត្វ​ខ្នាត​មធ្យម មួយ​កន្លែង ​និង​តូច​ៗ ២-៣ កន្លែង​ទៀត​ ដែល​មាន​សមត្ថភាព​ទទួល​យក​ពោត​មក​កែច្នៃ​​ប្រមាណ​ជា ៥,០០០-៦,០០០ តោន/ឆ្នាំ ។

– ទំហំ​ផលិតកម្ម ផ្ទៃ​ដី​ដាំដុះ ៩,៦១៤ ហ.ត​ , បរិមាណ​ផល​ពោត ៤៨,១៥៥ តោន/​ឆ្នាំ ។

– ទីផ្សារ រោងចក្រ​កែ​ច្នៃ​ក្នុង​ស្រុក​ និង​នាំ​ចេញ​ទៅ ប្រទេសវៀតណាម ។

ទំនាក់​ទំនង​ពាណិជ្ជកម្ម ៖ Green Feed Cambodia ផ្លូវជាតិលេខ៧ ភូមិ​អណ្តូងជា ​ឃុំជីរោ២ ស្រុក​ត្បូងឃ្មុំ​ ខែត្រកំពង់ចាម ។ ទំនាក់ទំនង ​កញ្ញា ​ហួរ ​ធីតា / ​លេខទូរស័ព្ទ ០១២ ៣៩០ ៣៩៨ ។  អ៊ីមែល horthyda@yahoo.com

***

ដំឡូងមី

ដំឡូងមី (cassava)

ដំឡូងមី (cassava)

ផលិតផល​ដំឡូង​មី​ភាគ​ច្រើន​មាន​ដាំដុះ​នៅ ស្រុក​មេមត់ ​ស្រុក​តំបែរ ​និង​ស្រុក​ត្បូងឃ្មុំ ។ ការ​ដាំ​ដុះ​ធ្វើ​តាម​​លក្ខណៈ គ្រួសារ​ដែល​មាន​ផ្ទៃ​ដី​ជា​មធ្យមពី ១០ ហិកតារ/គ្រួសារ។

– ទំហំ​ផលិតកម្ម ផ្ទៃ​ដី​ដាំ​ដុះ​មាន ៦២,៣០០ហ.ត ​, បរិមាណ​ផលដំឡូង​មី ១,០០៦,៨១៤ តោន/ឆ្នាំ ។

-​ ទីផ្សារ លក់​អោយ​ក្រុមហ៊ុន​ក្នុង​ស្រុក​សម្រាប់​កែ​ច្នៃ​ជា​ផលិតផល​ផ្សេង និង​នាំ​ចេញ​ទៅ ប្រទេស​វៀតណាម ។

– រដូវ​ប្រមូល​ផល ខែ​វិច្ឆិកា​ ដល់ ខែ​មីនា ។

ទំនាក់ទំនង​ពាណិជ្ជកម្ម ៖

  1. អាជីវករ​ប្រមូល​ទិញ ភូមិ​វាល​កណ្តៀង ​ឃុំជប់ ​ស្រុក​ត្បូងឃ្មុំ ​ខែត្រ​កំពង់ចាម ទំនាក់​ទំនង​លោក ​វិញ ​ជាង ​លេខទូរស័ព្ទ ០១២ ៩៣៣ ៧៣៧ ។ អ៊ីមែល v.cheang_ricemill@yahoo.com
  2. ក្រុមហ៊ុនផលិតម្គេដំឡូងមី ​TTY ស្រុក​ត្បូងឃ្មុំ​ ខែត្រ​កំពង់ចាម​ ទំនាក់ទំនង ​លោក ​ឡុង​ សារ៉ុម / ​លេខទូរស័ព្ទ ០៩៩ ៩៩១ ៤៥៧ អ៊ីមែល ttcroffice@camshin.com.kh សមត្ថភាព​ផលិត ៧០០ តោន/ថ្ងៃ ​ព្រោះ​មាន​ពីរ​ខ្សែ​សង្វាក់​ផលិតកម្ម។

***

ស្វាយចន្ទី

ស្វាយចន្ទី (cashew nut)

ស្វាយចន្ទី (cashew nut)

ខែត្រ​កំពង់ចាម​ មាន​ការ​ដាំដុះ​ស្វាយចន្ទី ភាគ​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ខែត្រ​នានា​ទូទាំង​ប្រទេស។ កសិករ​មាន ​ចម្ការ​ស្វាយចន្ទី ផ្ទាល់ខ្លួន​ពី ១-២ ហ.ត ​ហើយ​មួយ​ចំនួន​ទៀត​មាន​រហូត​ដល់ ១០០-១,០០០ ហ.ត ​ភាគច្រើន​មាននៅ ស្រុក​ជើងព្រៃ ​ស្រុក​ស្ទឹងត្រង់ ​ឃុំ​សន្លប់​ ស្រុក​ត្បូងឃ្មុំ​ និង​​ ស្រុក​មេមត់ ។ កសិករបានប្រើប្រាស់ពូជ២ប្រ​ភេទ គឺ​​ពូជ​ក្នុង​ស្រុក​ផ្ដល់​ទិន្នផល ៥០០-៧០០ គ.ក្រ/ហ.ត ​និង​ពូជ​ទំនើប​ផ្ដល់​ទិន្នផល ១.៣-១.៣៥ តោន/ហ.ត ។

ទំហំ​ផលិតកម្ម ផ្ទៃ​ដី​ដាំ​ដុះ ២៤,៤៨២ ហ.ត ​, ទិន្នផល​ទទួល​បាន ១៧,២០០ តោន/ឆ្នាំ ។

ទីផ្សារ វៀតណាម ។

រដូវ​ប្រមូល​ផល កុម្ភៈ-ឧសភា។

ទំនាក់​ទំនង​ពាណិជ្ជកម្ម ៖

  1. អាជីវករប្រមូលទិញ ភូមិ​ជ្រៃបិទមាស ​ឃុំ​សួង ​ស្រុក​ត្បូងឃ្មុំ​ ខែត្រ​កំពង់ចាម ទំនាក់ទំនង​ លោកស្រី​ ហុង ​លី / ​លោក ​បេង ​ស្រុយ / ​លោក ​ឆៃ​ ស៊្រុន​ ។ លេខទូរស័ព្ទ  ០១២ ៥៧៦ ៩៩៧ / ០១២ ៧៧៦ ៩៦៦ / ០១២ ៥១៩ ៤៩៦ ។
  2. ក្រុមហ៊ុន Agro-star ភូមិស្គន់ ​ឃុំសូទេព ​ស្រុកជើងព្រៃ ​ខេត្តកំពង់ចាម​ ទំនាក់ទំនង ​លោក ​វ៉ា​រុត សាន ​លេខទូរស័ព្ទ ០១២ ៣៦៣ ៨៤៣
  3. សមាគម​ស្វាយចន្ទី​ស្ពឺ ឃុំស្ពឺ​ ស្រុកស្ទឹងត្រង់ ​ខេត្តកំពង់ចាម ​ទំនាក់ទំនង លោក​ គង់ ​ឡាយ​ឆេង លេខ​​ទូរស័ព្ទ ០៩២ ៩៣៩ ៦១៧

***

(នៅមានត)

Categories: ផលិតផល | ពាក្យ​គន្លឹះ៖ , , , , , | បញ្ចេញមតិ

ផែនទីបុរាណខែត្រ​ជើងព្រៃ


នេះ​ជា​ផែនទី​បុរាណ​នៃ​ខែត្រ​ជើង​ព្រៃ ដែល​សព្វ​ថ្ងៃ​ក្លាយ​ទៅ​ជា​ស្រុក​មួយ​​នៃ​ ខែត្រ​កំពង់ចាម ។

Categories: កម្រង​រូបភាព, រឿង​រ៉ាវ​អំពី​ខែត្រ​កំពង់ចាម | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.

%d bloggers like this: