Posts Tagged With: ទសវត្សរ៍ឆ្នាំ១៩៦០

ព័ត៌មាន៖ អតីតជើងឯកប្រណាំងកង់ លុយ សុខុម


យឺន ពន្លក | Publication date 25 June 2010

នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ការ​ប្រកួត​រត់​ប្រណាំង​ទិវា​អូឡាំពិក​អន្តរ​ជាតិ​ដែល ​ទើប​បញ្ចប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ គេ​បាន​សង្កេត​ឃើញ លោក​តា ​លុយ​ សុខុម អតីត​ម្ចាស់​មេ​ដាយ​មាស​កីឡា​ប្រណាំង​កង់​ទសវត្សរ៍ ៦០​ក៏​មាន​វត្ត​មាន​ដែរ ទោះ​បី​ជា​នៅ​ពេល​នេះ លោក​មាន​អាយុ​៧៥​ឆ្នាំ​ទៅ​ហើយ​ក្តី។ ក្នុង​វ័យ​ចំណាស់​ជាង​គេ លោក​តា លុយ សុខុម នៅ​តែ​អាច​រត់​ប្រណាំង​ប្រជែង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៦​ក្នុង​ចំណោម​ កីឡា​ករ កីឡា​ការិនី​ចូល​រួម​ចំនួន​៥០០​នាក់ ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​៣០១៥​ម៉ែត្រ។

លោក លុយ សុខុម មាន​ស្រុក​កំណើត​នៅ​ទី​រួម​ខេត្ត​កំពង់ចាម ក្នុង​គ្រួសារ​មន្ត្រី​រាជ​ការ​នៅ​សម័យ​សង្គម​រាស្ត្រ​និយម ហើយ​លោក​មាន​និស្ស័យ​ចូល​ចិត្ត​លេង​កីឡា​តាំង​ពី​ក្មេង​មក​ដូច​ជា កីឡា​រត់​ចម្ងាយ ហែល​ទឹក និង​ប្រណាំង​កង់​ជា​ដើម​។ លោក​បាន​ចូល​រួម​ក្នុង​សកម្ម​ភាព​កីឡា​តាំង​ពី​ឆ្នាំ​១៩៥៤​មក។ លោក​តា លុយ សុខុម បាន​មាន​ប្រសាសន៍​ថា​៖«​ខ្ញុំ​បាន​ចូល​ហ្វឹក​ហាត់​កីឡា​ជិះ​កង់​ជា​លើក​ដំបូង​នៅ​ឆ្នាំ​១៩៥៣ ក្នុង​ខេត្ត​កំពង់ចាម​ជា​មួយ​លោក​គ្រូ​ឈ្មោះ ប៊ុន​នៅ។​ បន្ទាប់​មក ខ្ញុំ​បាន​ខិត​ខំប្រឹង​ប្រែង​រៀន និង​ហ្វឹកហាត់​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ហើយ​ខ្ញុំ​ក៏​បាន​ជាប់​ជា​កីឡា​ករ ​ប្រណាំង​កង់​ជម្រើស​ជាតិ​នៅ​ក្នុង​ឆ្នាំ​១៩៥៩​ហើយ​ខ្ញុំ​បាន​បន្ត​មក​ហ្វឹក​ហាត់ ​ប្រមូល​ផ្តុំ​គ្នា​ជា​មួយ​កីឡា​ករ​ជម្រើស​ជាតិ​ដទៃ​ទៀត​នៅ​ទី​ក្រុង​ភ្នំពេញ»។

លោក លុយ សុខុម បានមាន​ប្រសាសន៍​រំឭក​ថា នៅ​ឆ្នាំ​១៩៦០ លោក​បាន ចូល​រួម​ការ​ប្រកួត​កីឡា​ជិះ​កង់​ថ្នាក់​ជាតិ និង​បាន​ទទួល​មេ​ដាយ​មាស​ជា​លើក​ដំបូង​ក្នុង​ការ​ប្រណាំង​កង់​ចម្ងាយ​១៧៥​ គីឡូម៉ែត្រ ដោយ​នៅ​ពេល​នោះ សម្តេច​ព្រះ​ករុណា​នរោត្តម​សីហនុ ព្រះ​អង្គ​ប្រទាន​ដោយ​ផ្ទាល់​។

នៅ​ឆ្នាំ​១៩៦១​ លោក​បាន​ចូល​រួម​ការ​ប្រកួត​ប្រណាំង​កង់​ថ្នាក់​អាស៊ី​នៅ​ប្រទេស​ជប៉ុន​។ ក្នុង​ចំណោម​កីឡាករ​ជាង​១០០​នាក់​មក​ពី​គ្រប់​ប្រទេស​នៅ​អាស៊ី​ កីឡាករ​សុខុម ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ​វិញ្ញាសា​ឯកត្ត​ជន​ចម្ងាយ​១៧៤​គីឡូ​ម៉ែត្រ​។

នៅ​ឆ្នាំ​១៩៦២ ​លោក​បាន​ចូល​រួម​ប្រកួត​ប្រណាំង​កង់​លក្ខណៈ​ជា​ក្រុម​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​ក្នុង​ចម្ងាយ​១៧០​គីឡូម៉ែត្រ​ជា​ក្រុម​ដោយ​ពេល​នោះ​ក្រុម​លោក ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤។

នៅ​ឆ្នាំ​១៩៧០​ ដល់​ចុង​ឆ្នាំ​១៩៧៤ ​លោក​ចូល​បម្រើ​ការងារ​នៅ​កង​រាជ​តម្រួត​មាន​តួនាទី​ជា​គ្រូ​បង្ហាត់ កីឡា​អត្ត​ពលកម្ម ​រហូត​ចូល​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ខ្មែរ​ក្រហម​។

ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ​ឆ្នាំ​១៩៧៩ ​លោក​បាន​ភៀស​ខ្លួន​ទៅ​ព្រំ​ដែន​ប្រទេស​កម្ពុជា​-ថៃ ​និង​មាន​វាសនា​បាន​ទៅ​រស់​នៅ​សហ​រដ្ឋ​អាមេរិក​។ ​ការ​រស់​នៅ​លើ​ទឹក​ដី​អាមេរិក​មាន​សេរី​ភាព​គ្រប់​គ្រាន់​មែន​ ប៉ុន្តែ​ដោយ​ក្តី​នឹក​រឭក​ស្រុក​កំណើត​ និង​ទឹក​ចិត្ត​ស្រឡាញ់​វិស័យ​កីឡា ពិសេស​កីឡា​ប្រណាំង​កង់ លោក​ក៏​បាន​វិល​ត្រឡប់​មក​រស់​នៅ​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩៤​។

អតីត​ម្ចាស់​មេ​ដាយ​មាស​កីឡា​ប្រណាំង​កង់​រូប​នេះ​មាន​ប្រសាសន៍​ថា​៖ «សព្វ​ថ្ងៃ ​ខ្ញុំ​មាន​អាយុ​៧៥​ឆ្នាំ តែ​ខ្ញុំ​មាន​សុខ​ភាព​ល្អ អាច​ចូល​រួម​លេង​កីឡា​មហា​ជន​ដើម្បី​សុខភាព​បាន។ ក្នុង​មួយ​ថ្ងៃ​ ខ្ញុំ​ជិះ​កង់​ចម្ងាយ​ពី​៨០ ​ទៅ​១០០​គីឡូម៉ែត្រ​ជា​លក្ខណៈ​ហាត់​ប្រាណ​ ប៉ុន្តែ​បើ​ចង់​ជិះ​ប្រឡង​ប្រណាំង​វិញ លោក​អាច​ជិះ​បាន​ក្នុង​ល្បឿន​ពី​៣៨ ទៅ​៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង»​។ ទោះ​បី​ជា​លោក​មាន​អាយុ​ច្រើន​ដូច​នេះ​ក្តី ប៉ុន្តែ​រូប​លោក​នៅ​តែ​បន្ត​ការ​ប្រណាំង​របស់​លោក​ជានិច្ច។

ទាក់​ទង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​លោក ​លុយ សុខុម ​បាន​ប្រាប់​ថា ​លោក​មាន​ជីវភាព​ធម្មតា​ ដោយ​សារ​មាន​កូន​៤​នាក់​នៅ​ក្រៅ​ប្រទេស​ជួយ​ឧបត្ថម្ភ ហើយ​សព្វ​ថ្ងៃ​លោក​គឺ​ជា គ្រូ​បង្ហាត់​កីឡា​ប្រណាំង​កង់​ស្ម័គ្រ​ចិត្ត​នៅ​មន្ទីរ​អប់រំ យុវ​ជន និង​កីឡា​ខេត្ត​កំពង់ចាម និង​នៅ​ភ្នំពេញ​ផង​ដែរ​៕

ចម្លងទាំងស្រុងពី ភ្នំពេញប៉ុស្តិ៍៖ លុយ សុខុម ម្ចាស់មេដាយមាសប្រណាំងកង់ទសវត្ស​រ៍ឆ្នាំ១៩៦០

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

ព័ត៌មាន៖ អតីតជើងឯកប្រណាំងកង់ យី យុង


ចុះផ្សាយ​នៅ​ថ្ងៃ៖ 21/04/2022 – ដោយ៖ អេង គីមហុង

រក្សាសិទ្ធ៖ ខៀវ សុភ័ក្រ (Kevin Cam)

អតីតកីឡាករជើងឯកប្រណាំងកង់នាទស្សវត្សឆ្នាំ១៩៦០ លោក យី យុង បានបង្ហាញអារម្មណ៍សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍បង្ហាត់បង្រៀនដល់យុវជនជំនាន់ក្រោយដែលស្រឡាញ់វិស័យកីឡាផ្នែកប្រណាំងកង់។​ នៅក្នុងវ័យ៨១ឆ្នាំ លោក យី យុង បានអះអាងថា លោកគ្មានឱកាសព្រោះឱកាសមិនត្រូវបានគេផ្ដល់ឲ្យ គួបផ្សំបញ្ហាសុខភាពដែលបន្សល់ទុកកាលពីអតីតកាល។​ អាជីពរបស់លោកត្រូវបានកប់ទុកចោលតាំងពីឆ្នាំ១៩៧៥ដល់បច្ចុប្បន្ន។ បច្ចុប្បន្នលោកត្រឹមអង្គុយចង់ស្រមៃក្លាយជាគ្រូបង្វឹក តែការពិតនៅឆ្ងាយដោយសារជើងធ្លាប់តែធាក់កង់ ប្រែជាធាក់លែងបាន ដើរក៏លែងរួច ចុងក្រោយនៃជីវិតបានអង្គុយនៅមួយកន្លែង។

ស្ដាប់បទយកការណ៍ទាំងមូល៖ RFI: អតីតជើងឯកប្រណាំងកង់ទស្សវត្ស៦០ លោក យី យុង សោកស្ដាយដែលគ្មានឱកាសចែករំលែកបទពិសោធន៍ដល់យុវជនជំនាន់ក្រោយ

Categories: ព័ត៌មាន | ពាក្យ​គន្លឹះ៖ , , , , | បញ្ចេញមតិ

បង្កើត​វេបសាយ​ឬ​ប្លក់​មិន​គិត​ប្រាក់​មួយ​នៅ WordPress.com.

%d bloggers like this: